អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការធ្លាក់ថយចុះនៃ​ពពួកសត្វ​កំពុង​ធ្វើ​ឲ្យ​រុក្ខជាតិ​ប្រឈម​នឹង​ការរលាយផុតពូជ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការសិក្សាចុះផ្សាយ​ក្នុង​ទស្សនាវដ្តីវិទ្យាសាស្រ្ត​មួយ​បាន​បង្ហាញ​ថា ការធ្លាក់ថយចុះ​នៃ​ចំនួន​សត្វ ​កំពុងគំរាមកំហែង ធ្វើ​ឲ្យ​រុក្ខជាតិប្រឈម​នឹង​ការរលាយផុតពូជនៅលើ​ផែនដី។ តាម​ការសិក្សា​របស់​សកលវិទ្យាល័យ Riceចុះផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣​មករា ការស្លាប់​ផុតពូជ សត្វនិង​រុក្ខជាតិ​អាចជះផលអាក្រក់ដល់​ប្រព័ន្ធអេកូសាស្រ្ត ដែលចាំបាច់​សម្រាប់ការរស់រាន​មានជីវិត​របស់​មនុស្ស​នៅលើ​ផែនដី​។ តើ​សត្វនិង​រុក្ខជាតិ​នឹង​ត្រូវ​ស្លាប់បាត់បង់ ផុតពូជអស់ ៧៥% ដែល​នឹង​ត្រូវ​រាប់បញ្ចូល​ក្នុង​ហេតុការណ៍​ស្លាប់​រង្គាល​ផុតពូជ​លើ​កទី​៦​នៃ​ប្រវត្តិសាស្រ្ត​របស់ភពផែនដី​ដែរឬទេ?

សត្វធ្វើអន្តោប្រវេសន៍​ដែលគេ​ថតបាន​នៅប្រទេស​អ៊ីស្រាអែល​នៅខែ​ធ្នូ​ឆ្នាំ ២០២១
សត្វធ្វើអន្តោប្រវេសន៍​ដែលគេ​ថតបាន​នៅប្រទេស​អ៊ីស្រាអែល​នៅខែ​ធ្នូ​ឆ្នាំ ២០២១ REUTERS - AMIR COHEN
ផ្សាយពាណិជ្ជកម្ម

ការសិក្សា​មួយ​របស់​សកលវិទ្យាល័យRice ក្នុង​រដ្ឋ​តិចសាស់​របស់​អាមេរិក ដែល​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្រ្ត​នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ​បាន​បង្ហាញ​ពីការជាប់ទាក់ទង​ប្រទាក់ក្រឡាគ្នា​រវាង​ការរលាយផុតពូជសត្វ ហើយនិង​ការរស់រាន​មានជីវិត​របស់​រុក្ខជាតិ ព្រៃឈើនៅលើ​ផែនដី។

នេះជាលើកទី១ ដែលមាន​ការសិក្សា​ពីបញ្ហា​ប្រឈម​របស់​រុក្ខជាតិ ព្រៃឈើ​នៅក្នុង​ពិភពលោក​ទាំងមូល។ ឆ្លើយនឹង​សំណួរថា តើ​រុក្ខជាតិ​រងគ្រោះថ្នាក់ ឈាន​ទៅដល់​ការរលត់ផុតពូជ យ៉ាងម៉េច​នៅពេល​សត្វត្រូវ​រលាយផុតពូជនោះ។ ការសិក្សា​របស់​សកលវិទ្យាល័យអាមេរិក ផ្តោត​សំខាន់​ខ្លាំង​ទៅលើ​ពពួកសត្វ​ដែល​ដើរតួនាទី​ក្នុងការ ពង្រាយ ពាំនាំ​គ្រាប់ ឬ​លំអង​ទៅកាន់​ទីឆ្ងាយ​ពីកន្លែង​ដើម​របស់​វា។ គេ​ដឹង​ថា ពាក់កណ្តាលនៃ​រុក្ខជាតិ​លើ​ផែនដី​ត្រូវការសត្វ សម្រាប់​ពានាំ គ្រាប់ផ្លែឈើ ឬ​លំអង​ផ្កាទៅព្រួស ដុះ ចាក់ឬស ទៅ​កន្លែងឆ្ងាយៗ។

ប៉ុន្តែ ​អ្នកស្រាវជ្រាវរបស់​សកលវិទ្យាល័យ​អាមេរិក ព្រួយបារម្ភថា រុក្ខជាតិ​នឹង​អាច​ប្រឈម​នឹង​ការ​រលាយផុតពូជ ព្រោះថា ពពួកសត្វ​ដែលជា​អ្នកពាំនាំ​យកគ្រាប់ លំអង មួយចំនួន​ធំ​បាន​ផ្លាស់ទីពីតំបន់​ក្តៅ ​ទៅកាន់​កន្លែង​ដែល​មាន​អាកាសធាតុ​ត្រជាក់​ជាងមុន។ ការធ្លាក់ថយចុះ​នៃ​ពពួកសត្វ​ដែល​ជាអ្នកនាំយកគ្រាប់ផ្លែឈើ លំអង បានធ្វើ​ឲ្យរុក្ខជាតិ​​ព្រៃឈើមានការលំបាកក្នុងការរក្សា​លំនឹង ចាក់ឬសរបស់ខ្លួន សម្រាប់​ទប់ទល់​នឹង​ការប្រែប្រួលអាកាសធាតុ។ នៅត្រង់​ចំណុចនេះ ការប្រែប្រួល​អាកាសធាតុជាដើមហេតុចំបង។ ជាក់ស្តែង សត្វស្លាប និង​ថនិកសត្វ ដែល​ធ្លាប់​តែជាអ្នកពាំនាំ ហើរ​នាំគ្រាប់ លំអង​ទៅ​កន្លែង​ឆ្ងាយ បាន​បាត់​បង់​ជំរក ឬស្លាប់រាល ដោយសា​រគ្រោះមហន្តរាយអាកាសធាតុ ដូចជា ភ្លើងឆេះព្រៃ។ គ្មាន​ព្រៃ គ្មានជំរកចំនួន​សត្វ​ថយចុះ។ ដោយសារ​តែ​ចំនួន​សត្វ​ស្លាប​និង​ថនិកសត្វ ចេះតែ​ថយចំនួន សមត្ថភាព​របស់រុក្ខជាតិ ដើមឈើ​ដើម្បី​សម្របខ្លួន​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​ក៏បានថយចុះ ៦០%​។ នេះបើតាម​ការសិក្សា​របស់​សកលវិទ្យាល័យ RICE។ បើ​សិន​និន្នាការនេះ​ចេះតែ​នៅបន្ត នោះ គេ​បារម្ភថា រុក្ខជាតិ​មួយចំនួន​នឹង​រលាយផុតពូជ បាត់មុខ​ពី​ផែនដី​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

ការសិក្សា​ស្តីពីគ្រោះថ្នាក់ គំរាមកំហែង​ដល់​ការរលាយ​ផុតពូជរុក្ខជាតិ​ព្រៃឈើ​ត្រូវ​បាន​ចុះផ្សាយ​នៅតែ​មួយថ្ងៃ​ក្រោយ ដែល​ការសិក្សា​របស់​ក្រុមបារាំង អាមេរិក​បាន​រកឃើញ តួលេខ​ដ៏គួរឲ្យបារម្ភ មួយនោះ គឺ​តាមពិត ចំនួន​សត្វ​ដែល​ស្លាប់បាត់បង់​ផុតពូជពីប្រព័ន្ធអេកូសាស្រ្ត នៅប៉ុន្មាន​ទសវត្សរ៍ គឺ​មាន​ច្រើន​ជាង​ការគណនា​កន្លងមក។

នៅត្រង់ចំណុច​នេះ ការសិក្សា​បាន​បង្ហាញ​ថា ​​នៅ​ប៉ុន្មានទសវត្សរ៍​ទៀតប៉ុណ្ណោះ ចំនួន​សត្វ​ដែល​អាច​រលាយផុតពូជ​បាត់មុខ​ពីផែនដី អាច​មាន​ចន្លោះ ពី​១០ ទៅ ២០ភាគរយ ពោល​គឺ​មិនមែន៣%​នោះទេ។ ការសិក្សា​កន្លងមក​របស់​សហភាពអន្តរជាតិ​អភិរក្ស​សត្វព្រៃ បាន​ព្រមាន​ថា នឹង​មាន​សត្វប្រមាណ ៣%​នៅលើ​ផែនដី​ដែលស្ថិតក្នុង​បញ្ជី​ក្រហម​ប្រឈម​នឹង​ការលាយផុតពូជពីផែនដី។ ប៉ុន្តែ តាមការសិក្សា​ចុងក្រោយចុះផ្សាយ​នៅថ្ងៃ​ពុធ ចំនួន​នេះ វា​អាច​កើនឡើង​២០% បើសិន​គេ​រាប់ទាំងសត្វ​ដែល​គ្មាន​ឆ្អឹង ដូចជា​ខ្យង មេអំបៅ​ ឃ្មុំ ដែលតាមពិត​ដើរតួនាទីសំខាន់ក្នុងការធានាការរស់រានមានជីវិត​របស់​ប្រព័ន្ធជីវចម្រុះ។ មនុស្ស​អាច​​រស់ ដកដង្ហើម មានចំណីអាហារ​ក៏ដោយសារ​ជីវចម្រុះនេះ។ បើសិន​​ពពួកសត្វ​ទាំងនោះ ត្រូវ​រលាយ​ផុតពូជ នោះកុំ​ថា ឡើយ​រុក្ខជាតិដែលត្រូវការជំនួយ​ពីសត្វ​ទាំងអស់នោះ សូម្បី​តែ​មនុស្ស​ក៏មិនអាច​រស់បាន ពោល​គឺ​នឹង​អាច​ឈាន​ទៅ​រលាយផុតពូជនឹងគេ​ដែរហើយ។

មនុស្សអ្នកបង្កើតបញ្ហា មនុស្សអ្នកដោះស្រាយបញ្ហា

សម្រាប់អ្នកវិទ្យាសាស្រ្ត បើសិន​បញ្ហា​បង្កឡើង​ដោយ​ធម្មជាតិ នោះគេ​មិនអាច​ធ្វើ​អ្វីបាននោះទេ។ ប៉ុន្តែ​រហូតមកដល់ពេលនេះ ការប្រែប្រួលអាកាសធាតុ ការធ្លាក់ថយចុះ​នៃ​ចំនួន​សត្វ រុក្ខជាតិ មួយផ្នែកគឺ​បង្កឡើង​ដោយ​ស្នាដៃ​ សកម្មភាព​មនុស្ស។ ដូច្នេះ មនុស្ស​ដែលជាអ្នកបង្កបញ្ហា ប្រាកជា​អាចដោះស្រាយ​បញ្ហាបានហើយ។ ដំណោះស្រាយ​ដំបូង គ្មានអ្វីពីការ​ដែលមនុស្ស​ត្រូវ​ផ្លាស់ប្តូរ​របៀបរស់នៅ ការគិតគូរ​ដល់​បរិស្ថាន ធម្មជាតិ ផែនដីនោះទេ។

ការកាត់បន្ថយ​ការបំពុល បរិស្ថាន ការឈប់​លោភលន់ កាប់បំផ្លាញ​ព្រៃឈើ​ដែលជា​សំបុកជំរករបស់​សត្វ ការឈប់​ប្រើ​ជីគីមី ដើម្បី​គ្រាន់តែ​ចង់បានផលកសិកម្ម​ហូរហៀរ។ ទាំងនោះជា​ដំណោះស្រាយមួយជំហាន​ដែលអាច​ជួយទប់ទល់​ល្បឿន​នៃ​ការរលាយផុតពូជ​របស់​សត្វ​និង​រុក្ខជាតិ​នៅលើផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ