អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន៖ ករណី​ឆ្លង​កូវីដ​​ស្ទុះឡើង ខណៈ​កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក​រដូវរងារ​ខិតជិត​មកដល់ រីឯ​សេដ្ឋកិច្ច​​​ក៏​​រង​សំពាធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅបាំងតែប្រមាណ២សប្តាហ៍ទៀតប៉ុណ្ណោះ គឺនឹងដល់ថ្ងៃ បើកសម្ភោធកម្ម​វិធី​ប្រកួតកីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង។ ជាកម្មវិធីដែលនឹងមាន​ក្រុម​គណៈប្រតិភូកីឡា រាប់ពាន់នាក់ មកពីទូទាំងពិភពលោកចូលរួម។ ស្ថានការណ៍​ឆ្លងរាលដាលកូវីដ គឺជាអ្វី​ដែល​អាជ្ញាធរចិនព្រួយបារម្ភបំផុត ខណៈដែលកម្មវិធីនេះខិតជិតមកដល់។ យ៉ាងណាមិញ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានករណីស្ទុះឡើងវិញ នូវការឆ្លងរាលដាល​ក្នុងស្រុក នៅតាមទីក្រុងធំៗមួយចំនួន ដោយ​ក្នុងនោះមានករណី​កូវីដ​អូមីក្រុងមួយករណីផងដែរ នៅក្នុង​ទីក្រុងប៉េកាំងតែម្តង។​ ជាមួយគ្នានេះ សេដ្ឋកិច្ចចិន ក៏បាន​បង្ហាញ​សញ្ញាធ្លាក់ចុះខ្លះៗ ដោយសារតែវិធានការបិទខ្ទប់ដ៏តឹងតែង បណ្តាល​មកពី​វិបត្តិកូវីដនេះ។

ស្ត្រីចិនពាក់ម៉ាស ថតរូបជាមួយ​ស្លាកសញ្ញា​ កម្មវិធីកីឡាអូឡាំពិករដូវរងារក្រុងប៉េកាំង ២០២២ ។ ក្រុងប៉េកាំង ថ្ងៃទី​១២ មករា ២០២២
ស្ត្រីចិនពាក់ម៉ាស ថតរូបជាមួយ​ស្លាកសញ្ញា​ កម្មវិធីកីឡាអូឡាំពិករដូវរងារក្រុងប៉េកាំង ២០២២ ។ ក្រុងប៉េកាំង ថ្ងៃទី​១២ មករា ២០២២ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

បើទោះបីជាករណីរកឃើញវិជ្ជមានថ្មីៗ នាប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុង​ប្រទេសចិន វាមាន​កម្រិត​តិច​តួចក្តី បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀត ដូចនៅអឺរ៉ុបជាដើម ក៏ប៉ុន្តែករណីស្ទុះឆ្លងជាថ្មីនៅប្រទេសចិននេះ គឺវាចាប់ផ្តើមខ្ពស់ខ្លាំងណាស់ បើប្រៀបធៀបពីឆ្នាំ​២០២០មក។ជាងនេះទៀត ដូចយើងដឹងហើយ ថារដ្ឋាភិបាលចិន បានអនុវត្ត​វិធានការ « កូវីដសូន្យ » ដែលមាន​ន័យថា មិនឲ្យ​មានសូម្បីតែមួយករណី គឺត្រូវតែតាមដានឲ្យជាប់ស្អិតជាប្រចាំ តាមរយៈការបិទខ្ទប់ ការធ្វើ​តេស្តទ្រង់ទ្រាយធំ និងវិធានការខ្លាំង ផ្សេងៗទៀត។ តែទោះជាវិធានការដ៏តឹងតែងបែបនេះក្តី ការឆ្លងរាលដាល ក្នុងស្រុកនៅតែបន្តមាន​។

ជាក់ស្តែងនៅក្រុងស៊ីអាន ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេបានរកឃើញករណីវិជ្ជមានថ្មីចំនួន​ប្រមាណ​២០០០នាក់។ គេបានធ្វើតេស្ត លើ​ប្រជាជនទាំង​១៣លាននាក់នៅទីក្រុងនេះ។ ទីក្រុងទាំងមូលត្រូវបិទខ្ទប់ ប្រជាជន​អាចចេញ​ក្រៅ​ រៀងរាល់៣ដងប៉ុណ្ណោះ ដើម្បីទិញទំនិញចាំបាច់។ នៅខេត្តហឺណាន គិតចាប់ពីចុងខែ​ធ្នូមក គេបានរកឃើញករណីវិជ្ជមានថ្មី ចំនួន​២៥០នាក់។ អាជ្ញាធរក៏បានចេញវិធានការធ្វើតេស្តទ្រង់ទ្រាយធំ លើ​ប្រជាជនជាង​១០លាននាក់ នៅក្រុង ចេងជូ ព្រមទាំងបិទខ្ទប់សង្កាត់មួយចំនួន​ផងដែរ។ នៅក្រុង​ឆិនចិន ខេត្តគ័ងទុងវិញ គេបានរកឃើញករណី​កូវីដ​អូមីក្រុងមួយករណី កាលពីថ្ងៃអាទិត្យ​ម្សិលមិញ  និងអូមីក្រុង​មួយករណីទៀតនៅក្រុងជូហៃ ជាប់ម៉ាកាវ។

អូមីក្រុងចូលដល់ប៉េកាំង

នៅក្រុងប៉េកាំងវិញ គេក៏បានរកឃើញករណីវិជ្ជមានកូវីដ​អូមីក្រុងមួយករណីដែរ។ ស្រ្តីដែលមានផ្ទុកកូវីដ​អូមីក្រុងនៅប៉េកាំងនោះ ត្រូវបាន​គេដឹងថា​ មិនបានចេញទៅក្រៅប្រទេស ឬក៏ពាក់ព័ន្ធនឹងករណី​អូមីក្រុងណាផ្សេងទៀតដែរ នេះបើផ្អែកតាមអាជ្ញាធរសុខាភិបាលចិន។ ដូច្នេះ គឺវាអាចជាករណីឆ្លងក្នុងស្រុក ដែលមានន័យថា កូវីដ​អូមីក្រុង កំពុងតែចល័តនៅក្រុងប៉េកាំងរួចទៅហើយ។ ភ្លាមៗនោះ គេបានចាប់ផ្តើមធ្វើតេស្តលើមនុស្សចំនួន​ប្រមាណ​១៣០០០នាក់។ ទីតាំងទេសចរណ៍មួយចំនួនធំនៅប៉េកាំង ត្រូវបិទទ្វារ​។

ហើយ​ករណី គួរឲ្យ​បារម្ភមួយទៀតនោះ គឺ​ ការឆ្លងរាលដាលនៅក្រុងធានជីង ដែលស្ថិតនៅចំងាយ​តែ១០០គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងប៉េកាំង។ នៅធានជីង គេបានរកឃើញអ្នកវិជ្ជមានចំនួន​ជាង​៣០០ករណី ក្នុង​សប្តាហ៍កន្លងទៅនេះ ដោយ​ក្នុងនោះមាន​ករណី​អូមីក្រុងផងដែរ។ ជាសរុបនៅថ្ងៃចន្ទនេះ គេបានរកឃើញករណីវិជ្ជមានថ្មីបន្ថែមចំនួន ២២៣ករណី នៅទូទាំង​​ប្រទេសចិន ដោយ​ក្នុង​នោះ៨០ករណីនៅក្រុងធានជីង។

« រង្វង់សុវត្ថិភាព​បិទជិត »

ក្រុមកីឡាករខ្លះ បានចាប់ផ្តើមមកដល់ទីក្រុងប៉េកាំងហើយ ដើម្បីត្រៀមហ្វឹកហាត់ រងចាំថ្ងៃប្រកួត ដែលនឹងចាប់ផ្តើម នៅថ្ងៃទី៤កុម្ភៈ។ ការព្រួយបារម្ភ ពីបញ្ហាឆ្លងរាលដាលកូវីដនេះ គឺមិនមែន​តែការឆ្លងក្នុងស្រុកទេ គឺរួមទាំងករណីឆ្លងតាមរយៈដំណើរមកដល់ របស់​ក្រុមគណៈប្រតិភូកីឡាបរទេសនេះទៀត។

ហេតុដូច្នេះហើយ បានជាអាជ្ញាធរចិន បានដាក់ចេញនូវ វិធានការរួមមួយចំនួន ដែលគេហៅឈ្នោះថា « រង្វង់សុវត្ថិភាព​បិទជិត »។ ពោលគឺការ​ចែកខណ្ឌ ប្រជាជនចិនទូទៅ មិនឲ្យ​ប៉ះពាល់ ប្រាស្រ័យជាមួយ​ ក្រុមគណៈប្រតិភូ កីឡាករបរទេសទាំងអស់ ដែលមកចូលរួមក្នុង​កម្មវិធីប្រកួត និងរួមទាំងបុគ្គលិក ដែលធ្វើការក្នុងដំណើរកម្មវិធីប្រកួត មានទាំង​អ្នកធ្វើម្ហូប អ្នកបោសសំអាត អ្នកបើកបរដឹកជញ្ជូនកីឡាករ និង​ក្រុមអ្នកស្មគ្រចិត្តជាដើម ។ល។ ជាងនេះទៀត អ្នកដែលចូលមកក្នុងរង្វង់សុវត្ថិភាពបិទជិតនេះ គឺត្រូវតែបានចាក់វ៉ាក់សាំង ឬក៏ត្រូវតែ​ធ្វ​ើចត្តាឡីស័ក ចំនួន​២១ថ្ងៃ នៅពេលមកដល់ក្រុងប៉េកាំង។

បន្ថែមពីនេះ អាជ្ញាធរចិន បានចាត់វិធានការ​កាត់ផ្តាច់ ទំនាក់ទំនងចេញចូល រវាងក្រុងប៉េកាំង ជាមួយ​នឹងតំបន់ផ្សេងៗទៀត មិនថាតាមផ្លូវគោក ផ្លូវដែក ឬផ្លូវអាកាស។ នៅតាមទីក្រុងមួយចំនួន ដែលមានការហក់ឡើងនូវការឆ្លងរាលដាល គឺប្រជាជនមិនអាចចេញពីទីក្រុងបានទេ។ ហើយ​បើចង់ចូលមកក្រុងប៉េកាំង គឺកាន់តែលំបាកថែមទៀត ដោយត្រូវតែមានលទ្ធផលតេស្តអវិជ្ជមាន​ ទាំងមុន និង​ក្រោយ​ពេលមកដល់។ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ​ អាជ្ញាធរចិនបាន​អំពាវនាវ មិន​ឲ្យ​ប្រជាជនក្រុងប៉េកាំង ធ្វើដំណើរចេញពីក្រុងទេ។ ស្ថានការណ៍ទាំងនេះ កំពុងតែធ្វើឲ្យ​អាជ្ញាធរចិន មាន​ការប្រុងប្រយ័ត្នខ្លាំងណាស់ ខ្លាចក្រែងទប់ការឆ្លងរាលដាលមិនឈ្នះ នៅក្នុងអំឡុងពេល​ប្រកួតកីឡាអូឡាំពិក។

សេដ្ឋកិច្ចចិនរងសំពាធខ្លាំង

យោងតាមតួលេខ​ផ្លូវការ ក្នុងឆ្នាំ​២០២១ ចំណូលដុលក្នុងស្រុក PIB របស់ចិន បានមានកំណើនចំនួន​ ៨.១%។ បើទោះបីជាកំណើននេះ ល្អលើសពីការរំពឹងទុកមែន តែអ្នកវិភាគជាច្រើន បានទទួលស្គាល់ថា សេដ្ឋកិច្ចចិនកំពុងរងសំពាធខ្លាំងណាស់។ វិធានការបិទខ្ទប់ « កូវីដសូន្យ » ដែលរដ្ឋាភិបាលចិន បានបន្តអនុវត្តនោះ បាននឹងកំពុងតែសង្កត់សេដ្ឋកិច្ចឲ្យមានការលំបាក។ មិនត្រឹមតែលំបាកផ្នែកសេដ្ឋកិច្ចទេ ផ្នែកសង្គមកិច្ចក៏​លំបាកខ្លាំងណាស់ដែរ។

វិស័យ​មួយចំនួនដែលជួប​បញ្ហាខ្លាំងបំផុតនោះ គឺវិស័យ​ក​ំសាន្ត វិស័យទេសចរណ៍ ភោជ្ជនីយដ្ឋាន សណ្ឋាគារ និងវិស័យដឹកជញ្ជូនជាដើម។ ​វិស័យទាំងនេះ ជួបការខាតបង់ច្រើនណាស់ មិនទាន់ងើបឡើងវិញ ឲ្យ​បានស្មើកម្រិតមុនមា​នវិបត្តិកូវីដទេ។ ជាងនេះទៀត សន្ទុះសេដ្ឋកិច្ចចិន ត្រូវពើបប្រទះនឹងបញ្ហា តម្លៃវត្ថុធាតុដើនឡើងថ្លៃ បូកបន្ថែមនឹងបញ្ហាអស្ថិរភាពក្នុងវិស័យអចនទ្រព្យថែមទៀត ដូចយើងបានដឹងកន្លងមកហើយ ជាមួយនឹងការដួលរលំ នៃអាណាចក្រក្រុមហ៊ុន​ Evergrande។

នៅព្រឹកថ្ងៃចន្ទនេះ លោក Ning Jizhe មន្ត្រីការិយាល័យ​ស្ថិតិជាតិចិន បានទទួលស្គាល់ថា សេដ្ឋកិច្ច​ចិន​បច្ចុប្បន្ន កំពុងរងសំពាធពី៣ផ្នែកធំៗ ទីមួយ​គឺ ការធ្លាក់ចុះនៃ​ការបញ្ជាទិញ ទាំងក្នុងនិងក្រៅស្រុក ទី២ គឺបញ្ហា​កកស្ទះ រអាក់រអួលផ្នែកបណ្តាញ​ផ្គត់ផ្គង់ ហើយទី​៣នោះ គឺកម្មវត្ថុសេដ្ឋកិច្ចដែលត្រូវកែតម្រូវបញ្ចុះឲ្យ​នៅទាប។

ការប្រើប្រាស់ក្នុងស្រុកចិន មានសន្ទុះតិចបំផុត កាលពីខែធ្នូកន្លងទៅ។ ជាមួយនឹងការបិទខ្ទប់​ទីក្រុងធំៗ​នាពេលថ្មីៗនេះ គឺវានឹង​បន្ថែមការលំបាកទៀត ទៅលើវិស័យសេវាកម្ម បដិសណ្ឋារកិច្ច និងវិស័យដឹកជញ្ជូនធ្វើដំណើរ។ នេះបើផ្អែកតាមការវិភាគ របស់លោកស្រី Yue Su អ្នកជំនាញនៅ​ Economist Intelligence Unit (EIU)។

ភាពមិនប្រាកដប្រជា ផ្នែកសេដ្ឋកិច្ច និងបញ្ហាសង្គមទាំងនេះ ក៏ជាផ្នែកមួយ ធ្វើឲ្យ​ប្រជាជនចិន មិនយកកូនដែរ។ តួលេខអត្រាកំណើតទារក បានធ្លាក់ចុះខ្លាំង។ កាលពីឆ្នាំ២០២០ មាន ៨.៥២ ក្នុងចំណោមប្រជាជន​១០០០​នាក់ ​តែនៅឆ្នាំ​២០២១ ធ្លាក់មកត្រឹមតែ ៧.៥២ទេ។ លោក Zhiwei Zhang នៅការិយាល័យ Pinpoint Asset Management បានលើកឡើងថា ការធ្លាក់ចុះអត្រាកំណើតទារកនេះ គឺបង្ហាញថា កូវីដក៏​បានមកវាយបំបាក់អនាគតយុវជន ដែលជា​សរសរទ្រូង នៃសេដ្ឋកិច្ចចិន​ទៅថ្ងៃអនាគត​​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ