អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

OMS/WHO ៖ អឺរ៉ុបអាចនឹងងើបចេញពី​វិបត្តិជំងឺឆ្លងកូវីដ១៩ ក្នុងពេលឆាប់ៗ​នេះ​ហើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បច្ចុប្បន្ននេះ កូវីដ​អូមីក្រុង កំពុងតែឆ្លងរាលដាលខ្លាំងណាស់ នៅតាមបណ្តាប្រទេសអឺរ៉ុប។ តែយ៉ាងណា អ្វីដែលអាជ្ញាធរសុខាភិបាលបាន​សង្កេតឃើញ គឺកម្រិតគ្រោះថ្នាក់ដល់សុខភាព នៃកូវីដអូមីក្រុង គឺមិនសូវជាធ្ងន់ធ្ងរឡើយ។ ជាមួយនឹង​ចំនួន​អ្នកឆ្លងច្រើន ដែលអាចបង្កើតជាប្រព័ន្ធការពារខ្លួមរួម ព្រមទាំងទំហំនៃការចាក់វ៉ាក់សាំង ធំទូលំទូលាយ​ផងនេោះ ប្រទេសអឺរ៉ុប អាចនឹងងើបចេញពីវិបត្តិជំងឺឆ្លងកូវីដ​១៩ នៅក្នុងពេលដ៏ឆាប់នេះហើយ។ នេះបើផ្អែកតាម​ការសន្និដ្ឋាន របស់​មន្ត្រីជំនាញ​ នៃអង្គការ​សុខភាព​ពិភពលោក។

មនុស្សដើរឆ្លងផ្លូវ មហាវិថីហ្សង់អេលីហ្សេ ក្រុងប៉ារីស ថ្ងៃទី ២៨ ធ្នូ ២០២១
មនុស្សដើរឆ្លងផ្លូវ មហាវិថីហ្សង់អេលីហ្សេ ក្រុងប៉ារីស ថ្ងៃទី ២៨ ធ្នូ ២០២១ AP - Thibault Camus
ផ្សាយពាណិជ្ជកម្ម

កូវីដ​អូមីក្រុង ចូលវាយលុកសព្វ ពេញអឺរ៉ុប

បើតាមការពន្យល់ របស់​លោក ​Hans Kluge អគ្គនាយក​ប្រចាំអឺរ៉ុប នៃអង្គការសុខភាពពិភពលោក គឺមាន​ហេតុផលចំបងមួយ ដែលធ្វើឲ្យ​គេសង្ឃឹម នោះគឺទំហំនៃការឆ្លងរាលដាលកូវីដ​អូមីក្រុង ចូលសព្វនៅក្នុង​សង្គម។ ដូចយើងបានដឹងកន្លងមកហើយ កូវីដ​អូមីក្រុង ឆ្លងលឿនខ្លាំងណាស់ តែមិនសូវគ្រោះថ្នាក់ខ្លាំងទេដល់សុខភាព។ នៅបារាំង ប៉ុន្មានសប្តាហ៍មកនេះ ករណីឆ្លងថ្មីបន្ថែម​ប្រចាំថ្ងៃ មានពី ៣០ ទៅ ៤០ម៉ឺននាក់ ជារៀងរាល់ថ្ងៃឯណោះ តែចំនួន​ករណីឈឺធ្ងន់​នៅមន្ទីរពេទ្យគឺនៅនឹង។

យោងតាមអ្នកជំនាញ នៃអង្គការសុខភាពពិភពលោក នៅរវាងដើមខែមីនាខាងមុខនេះ កូវីដ​អូមីក្រុង នឹងគ្របដណ្តប់ទៅលើ​ប្រជាជនអឺរ៉ុប យ៉ាងហោច ៦០%។ យ៉ាងណាមិញ យោងតាម​ទីភ្នាក់ងារសុខាភិបាលអឺរ៉ុប នៅក្នុង​ប្រទេសទាំង២៧នៃសហភាពអឺរ៉ុប រួមទាំង​អ៊ីស្លង់ និងន័រវ៉េសផង ដែលកូវីដ​អូមីក្រុងចាប់ផ្តើម​វាយលុក​ពីចុងខែ​វិច្ឆិកាមក គឺមកទល់ពេល​នេះ កូវីដអូមីក្រុងបានក្លាយ​ជា​មេរោគ ដែលគ្របដណ្តប់ភាគច្រើនលើសលប់​រួចទៅហើយ។

អ្នកជំនាញជឿថា ទំហំនៃការគ្របដណ្តប់លើសលប់ ចូលសព្វក្នុង​សង្គមនេះ នឹងបង្កើតជា​ប្រព័ន្ធការពារខ្លួនរួម ហើយ​បូកផ្សំជាមួយនឹងទំហំនៃការចាក់វ៉ាក់សាំងទូលំទូលាយផងដែរ។ បន្ថែមពីនេះទៀត ចាប់ពីខែមីនាទៅ សីតុណ្ហភាព​នឹងឡើងក្តៅមកវិញ។ ជាទូទៅ ជំងឺឆ្លងគឺវាមានរលកឆ្លងក្នុងមួយ​រយៈធំ ទៅតាម​រដូវកាលរបស់វា។ គឺកត្តារួមផ្សំទាំងអស់នេះហើយ ដែលធ្វើឲ្យអ្នកជំនាញ​នៃអង្គការសុខភាពពិភពលោក ហ៊ានអះអាងថា អឺរ៉ុបនឹងងើបផុតពី​វិបត្តិកូវីដ​១៩ក្នុងពេលឆាប់ៗនេះ។

យ៉ាងណាមិញ នៅអាហ្វ្រិកខាងត្បូង ដែល​ប្រទេស​ផ្ទុះការឆ្លងរាលដាលកូវីដ​អូមីក្រុង មុនគេបង្អស់នោះ ក៏គេបានសង្កេតឃើញសន្ទុះវិជ្ជមាននេះដែរ ដោយថាសប្តាហ៍កន្លងមកនេះ ករណីឆ្លងថ្មីប្រចាំថ្ងៃ បាន​ចាប់​ផ្តើមធ្លាក់ចុះហើយ។ ដូចគ្នាដែរ​ នៅសហរដ្ឋអាមេរិក លោក Anthony Fauci អ្នកជំនាញ​សុខភាព​នៃសេតវិមាន ក៏បាន​លើកឡើងកាលពីថ្ងៃអាទិត្យ​ម្សិលមិញ ថាស្ថានការណ៍កំពុងតែបត់ទៅរកច្រកចេញហើយ​។

កូវីដ១៩ អាចនឹងត្រលប់មកវិញនៅចុងឆ្នាំ

ទោះជាយ៉ាងនេះក្តី វាគ្រាន់តែជាក្តីសង្ឃឹម នៃការ​​ងើបដកដង្ហើម មួយរយៈប៉ុណ្ណោះ។ លោក Hans Kluge បាន​សន្និដ្ឋានថា រលកឆ្លងរាលដាលថ្មី អាចនឹងត្រលប់មកវិញ នៅរវាងចុងឆ្នាំ​២០២២នេះ នៅអឺរ៉ុប។ តែទន្ទឹមគ្នានេះ​ អ្នកជំនាញរូបនេះ ជឿថា ទោះរលកឆ្លងរាលដាលកូវីដអាចត្រលប់មក​វិញមែន តែក៏អាចមិនជាធ្ងន់ធ្ងរខ្លាំងនោះដែរ។

លោក​បានក្រឿនរំលឹកថា ត្រូវតែបន្តការប្រុងប្រយ័ត្នទៀត ព្រោះមេរោគនេះ គេនៅមិនទាន់អាចចាត់ទុកវាបាន ថាជាមេរោគអង់ដេមីក ដូចមេរោគគ្រុនផ្តាសាយនោះដែរ។ ពាក្យ​ថាមេរោគជំងឺឆ្លងអង់ដេមីក មានន័យថា គឺគេអាចប៉ាន់ស្មាន​ដឹងមុន។ ដោយ​ឡែក ជាមួយកូវីដ គឺគេមិនអាចស្មានទុកមុនបានទេ។ ទំរង់​មេរោគបំប្លែងខ្លួនថ្មីណាមួយទៀត អាចនឹងលេចចេញមក​ ធ្វើ​ឲ្យ​ប្រែប្រួលក៏ថាបាន​ដែរ។

ហេតុដូច្នេះហើយ បាន​ជាអ្នកជំនាញ​ នៅតែទាញសញ្ញាអាសន្ន ឲ្យ​មានការប្រុង​ប្រយ័ត្ន ពីសំណាក់អាជ្ញាធររដ្ឋាភិបាល និង​ជាពិសេសគឺប្រជាពលរដ្ឋម្នាក់ៗតែម្តង ឲ្យមានស្មារតីទទួលខុសត្រូវ រៀងៗខ្លួន។ អាទិភាពចំបង គឺការពារអ្នកដែលងាយរងគ្រោះ ដូចជាមនុស្សចាស់ជរាជាដើម។ ហើយ​មួយវិញទៀត កម្រិតទំហំនៃការចាក់វ៉ាក់សាំង នៅក្នុង​តំបន់អឺរ៉ុបទាំងមូល ដែលមាន​ដល់ទៅ​៥៣ប្រទេសនោះ គឺមិនដូចគ្នាទេ។ ប្រទេសខ្លះមានប្រជាជនប្រមាណ​៩០%វាចាក់វ៉ាក់សាំងគ្រប់ដូស រីឯប្រទេសខ្លះទៀត មានត្រឹមតែ​២០%ផង។

ដូច្នេះ ប្រជាពលរដ្ឋ ត្រូវចូលរួមជាមួយអាជ្ញាធរ អនុវត្តគោលនយោបាយ​សាធារណៈ ដើម្បី​ការពារធ្វើយ៉ាងណាឲ្យ​មានលំនឹង កុំឲ្យ​ប្រព័ន្ធសុខាភិបាល ​ត្រូវរង​រលកបោកជន់ជោរខ្លាំង នៃករណី​អ្នកជំងឺកូវីដដែលឈឺធ្ងន់ធ្ងរ ព្រោះថាស្ថានភាពបែបនេះ គឺវាធ្វើប៉ះពាល់ដល់ អ្នកជំងឺផ្សេងៗទៀត ដូចជាជម្ងឺមហារីកជាដើម ដែលត្រូវការការយកចិត្តទុកដាក់ ព្យាបាលពីគ្រូពេទ្យ​ដែរ។

បារាំងអនុវត្តកាតព្វកិច្ច បង្ហាញ​លិខិតបញ្ជាក់ចាក់វ៉ាក់សាំង

ដោយឡែកនៅបារាំង ចាប់ពីថ្ងៃចន្ទទី​២៤មករានេះទៅ ច្បាប់ថ្មីកំណត់ពីកាតព្វកិច្ច បង្ហាញលិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំង បានចូលជាធរមានហើយ។ អ្វីដែលជាការប្រែប្រួលនោះ គឺថា ពីមុន នៅបារាំងមនុស្ស​ម្នា អាចបង្ហាញលិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំង ឬក៏លទ្ធផលតេស្តអវិជ្ជមានក៏បាន។

ក៏ប៉ុន្តែចាប់ពីពេលនេះទៅ ដើម្បីអាចចូលទៅក្នុងទីតាំងសាធារណៈមួយចំនួនធំ ដូចជាបារ ហាងកាហ្វេ ភោជនីយដ្ឋាន រោងកុន រោងល្ខោន ឬក៏ក្នុង​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវឆ្ងាយទាំងអស់ គឺ​ត្រឹមលទ្ធផលតេស្តអវិជ្ជមាន លែងគ្រប់គ្រាន់ទៀតហើយ។ មនុស្សចាប់ពីអាយុ១៦ឆ្នាំទៅ គឺត្រូវតែបង្ហាញ​ក្រដាសបញ្ជាក់ថា ខ្លួនបានចាក់វ៉ាក់សាំង។

អ្វីដែលជាកម្ម​វត្ថុរបស់រដ្ឋាភិបាលបារាំង គឺជំរុញឲ្យ​ប្រជាជនបារាំង ដែលនៅរារាំង ត្រូវប្រញ៉ាប់ទៅចាក់វ៉ាក់សាំង។ តែទន្ទឹមនឹងនេះ មានមតិខ្លះលើកឡើងថា សម្រាប់អ្នកដែលប្រឆាំងវ៉ាក់សាំងតាំងតែពីដំបូងមកនោះ គឺគេមិនជឿថាច្បាប់ថ្មីនេះ នឹងធ្វើឲ្យ​ពួកគេប្តូរចិត្តនោះឡើយ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលបានប្រកាសនូវការបន្ធូរបន្ថយ​វិធានការមួយចំនួន ចាប់ពីថ្ងៃទី ២កុម្ភៈទៅ ដោយប្រជាជនលែងត្រូវចាំបាច់ពាក់ម៉ាសនៅខាងក្រៅទៀតហើយ ហើយតាមសហគ្រាស ក្រុមហ៊ុននានា ក៏លែងមាន​កាតព្វកិច្ចឲ្យ​បុគ្គលិកធ្វើការពីផ្ទះដែរ។ បន្ទាប់មកទៀត ចាប់ពីថ្ងៃទី​១៦កុម្ភៈ រង្គសាល ឌីស្កូតែក នឹងត្រូ​វអនុញ្ញាតឲ្យ​បើកទ្វារទទួលភ្ញៀវឡើងវិញ អតិថិជនទូទៅ ក៏អាចឈរពិសារភេសជ្ជៈ នៅ​បញ្ជរកុងទ័រហាងនានា បានឡើងវិញដែរ។

ការបន្ធូរបន្ធយទាំងអស់នេះ គឺបន្ទាប់ពី​រដ្ឋាភិបាលសង្កេតឃើញថា ស្ថានការណ៍មិនគ្រោះថ្នាក់ខ្លាំង។ ហើយមួយវិញទៀត គឺដើម្បី​បើក​ផ្លូវ ឲ្យ​យុទ្ធនាការឃោសនាពបោះឆ្នោត អាចប្រព្រឹត្តិទៅ​តាម​សម្រួលដែរ ពុំនោះទេ គណបក្ស​លោក​ម៉ាក្រុង ប្រាកដជាត្រូវគេចោទថា លេងខ្សែលើ រិតត្បិតការជួប​ជុំឃោសនា របស់​បក្សផ្សេងទៀត មិនខានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ