អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សាហ៊ែល៖ ភាពរកាំរកូស​រវាង​របបសិក​ម៉ាលី និង​​កងទ័ព​សម្ព័ន្ធមិត្ត​អឺរ៉ុប កំពុងតែ​បំផ្លាញ​បេសកកម្ម​​​បោស​សំអាត​ភេរវកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

បេសកម្ម​​បោសសំអាតក្រុមភេរវកម្ម​ជីហាតអ៊ីស្លាម នៅតំបន់​សាហ៊ែលអាហ្វ្រិក កំពុងតែជួបភាពរង្គោះរង្គើរយ៉ាងខ្លាំង បន្ទាប់ពី​មានភាព​ចម្រូងចម្រាស ជាមួយ​នឹង​របបសិកម៉ាលី។ កងទ័ពសម្ព័ន្ធមិត្ត​អឺរ៉ុប ដែលដឹកនាំដោយ​កងទ័ពបារាំង បាន​លើកឡើងនូវ​ឧបសគ្គ និង​ការបង្កបញ្ហាជាច្រើន ពី​សំណាក់​​របបសិក​ម៉ាលី ដើម្បី​រារាំងបេសកកម្មនេះ។ ដោយ​យោងលើហេតុ​ផលនេះ ក្រុមកងទ័ពសម្ព័ន្ធមិត្ត នឹងរួមគ្នាពិចារណារយៈពេល​២សប្តាហ៍ ដើម្បី​សម្រេចថាត្រូវធ្វើយ៉ាងណាបន្តទៀត ជាមួយ​នឹងបេសកកម្ម​បោសសំអាតក្រុមជីហាត នៅតំបន់សាហ៊ែលនេះ។

ទាហានបារាំងចេញដំណើរ​ទៅបំពេញបេសកកម្ម​ Barkhane នៅតំបន់ Gao ប្រទេសម៉ាលី ដែលជាប្រតិបត្តិការរួមបោសសំអាតក្រុម​ជីហាតភេរវកម្ម នៅតំបន់​សាហ៊ែល។ ថ្ងៃទី ៩ មិថុនា ២០២១
ទាហានបារាំងចេញដំណើរ​ទៅបំពេញបេសកកម្ម​ Barkhane នៅតំបន់ Gao ប្រទេសម៉ាលី ដែលជាប្រតិបត្តិការរួមបោសសំអាតក្រុម​ជីហាតភេរវកម្ម នៅតំបន់​សាហ៊ែល។ ថ្ងៃទី ៩ មិថុនា ២០២១ AP - Jerome Delay
ផ្សាយពាណិជ្ជកម្ម

របបសិកម៉ាលីបង្ហាញការប្រឆាំងកាន់ខ្លាំងឡើង នឹងវត្តមានរបស់កងទ័ពសម្ព័ន្ធមិត្តអឺរ៉ុប

រឿងរកាំរកូសនោះគឺមានច្រើនណាស់ ដែលធ្វើឲ្យ​ភាគីកងទ័ពសម្ព័ន្ធមិត្ត​អឺរ៉ុប ដឹកនាំដោយបារាំង កាន់តែក្តៅស្លឹកត្រចៀក និង​ដល់កខ្លាំង។ ចំណោទធំបំផុតនោះ គឺកងទ័ព​បារាំង បាន​ សង្កេត​ឃើញ​ថា របបសិកម៉ាលី ដែល​បានធ្វើរដ្ឋប្រហារជាថ្មីម្តងទៀត កាលពីខែឧសភា ឆ្នាំមុននោះ បាន​បង្ហាញ​អាកប្បកិរិយាជំទាស់ មិនសប្បាយចិត្ត នឹង​បេសកកម្ម​របស់​កងទ័ពសម្ព័ន្ធមិត្តអឺរ៉ុប​ កាន់តែខ្លាំងឡើងៗ។​

កងទ័ពម៉ាលី បានធ្វើរដ្ឋប្រហារម្តងហើយ​ម្តងទៀត រុញច្រានការស្តារស្ថិរភាពនយោបាយ​ម៉ាលី ឲ្យ​កាន់តែស្ថិតនៅឆ្ងាយ​ទៅៗ។ របបសិកនេះ មិនព្រម​គោរពការសន្យារបស់ខ្លួន ដែលត្រូវរៀបចំការ​​បោះឆ្នោត​​នៅខែក្រោយ​នេះទេ។ ការបដិសេធមិនរៀបចំការបោះឆ្នោតនេះ ក៏ត្រូវបាន​សហគមសហប្រតិបត្តិការ​សេដ្ឋកិច្ចអាហ្វ្រិកខាងលិច CEDEAO ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុលើម៉ាលីដែរ។

កាលពីថ្ងៃសុក្រទី​២៩៨មករា លោក Jean Yves Le Drian រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង បាន​និយាយ​ដោយ​​ប្រើពាក្យ​ធ្ងន់ៗថា របបសិកដែលគ្រប់គ្រងម៉ាលីនាពេលបច្ចុប្បន្ននេះ គឺជារបបខុសច្បាប់។ លោក​បាន​បន្ថែមថា បរិបទនយោបាយ​ និង​សន្តិសុខផ្ទៃក្នុងម៉ាលី កំពុងតែ​បង្កការលំបាកកាន់តែខ្លាំងឡើងៗ មកលើ​ប្រតិបត្តិការ​ដឹកនាំដោយ​កងទ័ព​បារាំង ដែលបារាំងបានចុះកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាល​ម៉ាលីមុន។

ម្ចាស់ផ្ទះគេមិនស្វាគមន៍

រឿងរ៉ាវចុងក្រោយ​មួយទៀត ដែល​ធ្វើ​ឲ្យ​កងទ័ពសម្ព័ន្ធមិត្តអឺរ៉ុប មិនសប្បាយចិត្ត គឺបន្ទាប់​ពីរបប​សិក​​ម៉ាលី បានប្រកាសបណ្តេញ​កងទ័ព ប្រទេស​ដាណឺម៉ាក​។ កងទ័ពដាណឺម៉ាក ទើបតែបានសម្រេចបញ្ជូនកម្លាំង ចំនួន​៨០០នាក់​ ទៅ​ចូលរួមក្នុង​ប្រតិបត្តិការ​TAKUBA ដើម្បីប្រយុទ្ធប្រឆាំងនឹង​ក្រុមជីហាត​ភេរវកម្ម ​នៅសាហ៊ែល។ តែ​របបសិកម៉ាលី បាន​អះអាងថា ទង្វើនេះជាការ​មិនគោរពអធិបតេយ្យភាពខ្លួន។ ដោយឡែក សម្រាប់បារាំង ក៏ដូចជាក្រុមសម្ព័ន្ធមិត្តអឺរ៉ុប វាគឺជាអ្វីដែល​មាន​​កំណត់​ ​នៅក្នុង​កិច្ចព្រមព្រៀងជាមួយ​រដ្ឋាភិបាល​ម៉ាលីមុន ពោលគឺគេផ្តល់សិទ្ធិ​ឲ្យ​បារាំង ជាអ្នកដឹកនាំកងកម្លាំងសម្ព័ន្ធមិត្តអឺរ៉ុប។

លោកស្រី Trine Bramsen រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក​បាន​ប្រកាសថា បើ​ម្ចាស់ផ្ទះគេមិនស្វាគមន៍​ គឺកងទ័ពដាណឺម៉ាកនឹងមិនទៅថោកចចែសចង់​នៅ​នោះទេ។ ដាណឺម៉ាកនឹង​ដកកម្លាំង​ទ័ពចេញមកវិញ ដោយ​មានការព្រមព្រៀងពីសភាដាណឺម៉ាក។

សហការជាមួយទាហានស៊ីឈ្នួលរុស្ស៊ី​ ដើម្បីបន្តក្តាប់អំណាច

ជាច្រើនខែមកហើយ ដែលបារាំង បាន​លើកឡើងថា របបសិកម៉ាលី បានបើកដៃ អញ្ជើញក្រុមកងទ័ពស៊ីឈ្នួលរុស្ស៊ី ឈ្មោះក្រុម Wagner ឲ្យ​មកធ្វើប្រតិបត្តិការនៅ​ម៉ាលី ប្រជែងជាមួយ​កងទ័ពសម្ព័ន្ធមិត្តអឺរ៉ុប។ យោងតាម​ប្រភពពីកងទ័ពបារាំង គឺ​បច្ចុប្បន្ននេះ មានទាហានស៊ីឈ្នួលរបស់ក្រុម​ Wagner យ៉ាងហោច៦០០នាក់ហើយ ដែលកំពុងធ្វើ​ប្រតិបត្តិការនៅម៉ាលី។ ប្រភពដដែលនេះបន្ថែមថា មិនយូរទេ កម្លាំងនេះនឹងឡើងដល់ខ្ទង់ជាងពាន់នាក់ ពោលគឺស្មើ​ពាក់​កណ្តាលនៃកម្លាំងកងទ័ពបារាំង ដែល​មាន​ប្រមាណតែ​២៥០០នាក់ទេ នៅទូទាំងតំបន់​សាហ៊ែល​​។

យ៉ាងណាមិញ លោករដ្ឋមន្ត្រីការបរទេសដាណឺម៉ាក បាន​លើកឡើងថា អ្វីដែលរបបសិកម៉ាលីកំពុងតែធ្វើនាពេលនេះ គឺបង្កបញ្ហា បង្កភាពរញ៉េរញ៉ៃ ធ្វើ​ឲ្យ​កងទ័ពសម្ព័ន្ធមិត្តអឺរ៉ុបពិបាកធ្វើការ ខឹងទ្រាំលែងបាន ហើយដកទ័ពចេញពីម៉ាលី។ របបសិកនេះ ចង់បើកទ្វារទូលាយ ឲ្យ​តែក្រុមទាហានស៊ីឈ្នួល​របស់រុស្ស៊ីទេ ដើម្បី​អាចបន្តកាន់អំណាចនៅម៉ាលីតទៅទៀត។ របបសិក​ម៉ាលី មិនពេញចិត្ត​​​ប្រទេសអឺរ៉ុប ព្រោះដោយសារតែប្រទេសអឺរ៉ុបទាមទារឲ្យ​របបសិកនេះ រៀបចំការ​បោះឆ្នោត​​ដោយសេរី ដើម្បីឲ្យ​ប្រជាជនម៉ាលី អាច​មានសិទ្ធិជ្រើសរើស​តែងតែង​តាំង​រដ្ឋាភិបាលស៊ីវីល ដោយស្របច្បាប់។ ផ្ទុយទៅវិញ សម្រាប់​រុស្ស៊ីវិញ គឺ​គេ​មិនខ្វល់ថារបបនេះ ជារបបសិកខុស​ច្បាប់អ្វីទេ។ ហេតុដូច្នេះហើយ​បានជារបបសិកម៉ាលី ចង់សហការជាមួយ​ក្រុមទាហានស៊ីឈ្នួល​រុស្ស៊ី ជាជាងជាមួយ​កងទ័ពសម្ព័ន្ធមិត្តអឺរ៉ុប។

ដកកម្លាំងទៅប្រមូលផ្តុំនៅប្រទេសមួយទៀត ដើម្បីបន្តបេសកកម្ម​

​កាលពីព្រឹកថ្ងៃទី ២៩មករា​ លោកស្រី Florence Parly រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង បានលើកឡើងថា កងទ័ពសម្ព័ន្ធមិត្ត មិនអាចមានៈនៅម៉ាលីទៀតបានទេ ប្រសិន​បើរបបសិកម៉ាលី នៅតែប្រកាន់ជំហរ អាកប្បកិរិយាក្រអឺតក្រទម ជំទាស់ ដាក់ឧបសគ្គមកលើ​បេសកកម្មនេះ។

ដោយឡែក រដ្ឋមន្ត្រីការបរទេសម៉ាលី បានថ្លែងនៅវិទ្យុបារាំងអន្តរជាតិ RFI ថាម៉ាលី ក៏កំពុងពិចារណាដែរ ដោយ​មិន​ចោលជំរើសណាមួយទាំងអស់ ទាំងជម្រើសបញ្ជាឲ្យ​ដកទ័ព។ តំណាងរដ្ឋាភិបាលម៉ាលីរូបនេះ បានអះអាងថា កិច្ចព្រមព្រៀងដែលបារាំងបាន​ចុះជាមួយ​រដ្ឋាភិបាល​ម៉ាលីមុន គឺមាន​ចំណុចខ្លះផ្ទុយនឹង​រដ្ឋធម្មនុញ្ញម៉ាលី បំពានអធិបតេយ្យម៉ាលី។ ដូច្នេះ ត្រូវតែសើរើ កិច្ចព្រមព្រៀងនេះម្តងទៀត។

តែយ៉ាងណា សម្រាប់ពេលនេះ ភាគីអឺរ៉ុប​មិនទាន់និយាយ​អំពី​ពាក្យថា ដកទ័ពចេញពីម៉ាលីនោះ​ទេ។ ក្រុមប្រទេសសម្ព័ន្ធមិត្ត នឹងពិគ្រោះយោបល់គ្នា រយៈពេល​២សប្តាហ៍ ដើម្បី​ពិចារណា ថា​ត្រូវ​ធ្វើ​យ៉ាងណា។ ក៏ប៉ុន្តែ ការដកទ័ពចេញពីសាហ៊ែលទាំងស្រុង វាអាចជាការបរាជ័យ​ និងជារឿងអាម៉ាសសម្រាប់​បារាំង។ មួយវិញទៀត​ក្រុមជីហាតភេរវកម្មអ៊ីស្លាម នៅតែធ្វើសកម្មភាព មិនទាន់ចុះ​ថយទេ។ អស្ថិរភាពតំបន់សាហ៊ែល នឹងរុញច្រានជនភៀសខ្លួន​បន្ថែមទៀតមកអឺរ៉ុប ទៅថ្ងៃ​ខាងមុខ។ យោងតាមប្រភពច្បាស់ការ បាន​ឲ្យដឹងថា សម្ព័ន្ធមិត្តអឺរ៉ុប អាចដកចេញពីម៉ាលី ដោយ​យក​កម្លាំងទៅប្រមូល​ផ្តុំ​ នៅ​ប្រទេសនៅប្រទេសមួយទៀតជាប់នោះ ដើម្បីបន្តបេសកកម្មនេះ​។

វត្តមានកងទ័ពបារាំងនៅម៉ាលី ក៏កំពុងតែត្រូវបានមតិសាធារណៈបារាំង ជំទាស់និងចោទសួរដែរ។​ ចាប់តាំងពី​ឆ្នាំ​២០១៣ បារាំងបានចំណាយប្រាក់ប្រមាណ​១០០០លានអឺរ៉ូ និង​មានទាហានស្លាប់ចំនួន​៥៣នាក់​នៅសាហ៊ែល។ តែចុងបញ្ចប់ ម៉ាលីមិនត្រឹមតែមិនដឹងគុណទេ គឺបែជា​រករឿងចោទប្រកាន់ ចង់ដេញកងទ័ពបារាំងថែមទៀត។ តែយ៉ាងណា ក្នុងនាមបារាំង ជា​ប្រធានដឹកនាំសហភាពអឺរ៉ុប​ ក្នុងអំឡុងពេលនេះផង គឺបារាំងចង់សម្រេចដោយរួមសហការជាមួយ​ប្រទេសអឺរ៉ុប។ បារាំងមិនចង់សម្រេចតែម្នាក់ឯង ដូចក្នុងករណីអាមេរិកធ្វើនៅអាហ្វហ្កានីស្ថាននោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ