អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមប្រឹក្សាសន្តិសុខប្រជុំបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយរឿងអ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

រហូត​មកទល់នេះ នៅតែគ្មានដំណោះស្រាយ​ណាមួយទាំងអស់ រវាងរុស្ស៊ី និង​ក្រុម​ប្រទេស​លោក​ខាងលិច ទាក់ទិន​នឹង​សំណុំរឿងអ៊ុយក្រែន។ មានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពី​លទ្ធភាព​នៃការ​បើកការវាយប្រហារ​ឈ្លានពាន ពីសំណាក់រុស្ស៊ី មក​លើអ៊ុយក្រែន។ នៅថ្ងៃចន្ទនេះ ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការសហប្រជាជាតិ នឹងបើក​ការប្រជុំបន្ទាន់​មួយ ក្រោម​ការស្នើសុំពីសហរដ្ឋអាមេរិក ដើម្បី​និយាយជាមួយ​ភាគីរុស្ស៊ី ឲ្យ​យល់ព្រម​ដកថយ ហើយ​ចរចាគ្នាតាមផ្លូវការទូត។​

ប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្រុងគាវ ចូលរួមហាត់សមកាន់កាំភ្លើងប្រយុទ្ធ​ការពារជាតិ ដោយ​មានការ​បង្ហាញពីទាហានអ៊ុយក្រែន។ ថ្ងៃទី៣០ មករា ២០២២
ប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្រុងគាវ ចូលរួមហាត់សមកាន់កាំភ្លើងប្រយុទ្ធ​ការពារជាតិ ដោយ​មានការ​បង្ហាញពីទាហានអ៊ុយក្រែន។ ថ្ងៃទី៣០ មករា ២០២២ AP - Efrem Lukatsky
ផ្សាយពាណិជ្ជកម្ម

ស្តាប់ តែមិនចាញ់បោកពាក្យកុហករបស់រុស្ស៊ី​

កិច្ចប្រជុំបន្ទាន់នៅ​ក្រុម​ប្រឹក្សាសន្តិសុខ នៅថ្ងៃទី​៣១មករា គឺសហរដ្ឋអាមេរិក ជាអ្នកស្នើ។ បើតាមការបញ្ជាក់ពីលោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការ​សហប្រជាជាតិ ​កម្មវត្ថុនៃកិច្ចប្រជុំនេះ គឺធ្វើយ៉ាងណាបញ្ចុះបញ្ចូល ឲ្យ​រុស្ស៊ីស្តាប់ហេតុផលសមាជិកទាំង​១៤ផ្សេងទៀត នៃក្រុមប្រឹក្សានេះ ហើយ​ឈានទៅដកថយកម្លាំងទ័ព ចេញពី​ព្រំដែនអ៊ុយក្រែន​។

នៅតាមកញ្ចក់ទូរទស្សន៍ ABC កាលពីយប់ថ្ងៃអាទិត្យ​ម្សិលមិញ មន្ត្រីទូតអាមេរិករូបនេះ បាន​លើកឡើងថា រុស្ស៊ីអាចព្យាយាមរារាំងមិន​ឲ្យ​កិច្ចប្រជុំនេះអាងដំណើរការទៅបាន។ ក៏ប៉ុន្តែលោក​ស្រីបានអះអាងថា សមាជិក​ទាំង១៤ផ្សេងទៀត មានការមូលមតិគ្នាល្អ ដើម្បី​បើកការប្រជុំនេះ ហើយ​អង្គុយស្តាប់អំណះអំណាងរបស់រុស្ស៊ី។ គេនឹងស្តាប់អំណះអំណាងរបស់រុស្ស៊ីដោយ​ប្រុង​ប្រយ័ត្ន តែមិនឲ្យ​ធ្លាក់ចាញ់បោកពាក្យ​កុហកឃោសនា ពីសំណាក់រុស្ស៊ីបានឡើយ។ លោកស្រី​អគ្គរដ្ឋទូតអាមេរិក លើកឡើងថា នៅក្នុង​ពេលប្រជុំនេះ រុស្ស៊ីប្រាកដជានឹង​ឆ្លើយ​បដិសេធ ដោយ​​មិន​ខ្មាសមាត់ ថាគ្មាន​បំណងឈ្លានពានអ៊ុយក្រែន ហើយ​ថាគេចោទខ្លួន​ដោយ​អយុត្តិធម៌។ តែ​លោក​ស្រី​អះអាងថា អាេមរិករួមជាមួយសម្ព័ន្ធមិត្ត នឹងរួមគ្នាបង្ហាញការពិតនៅ​ចំពោះមុខ ឲ្យរុស្ស៊ីទទួលស្គាល់។​

ដូចយើងបានដឹងហើយ ប៉ុន្មានខែចុងក្រោយនេះ រុស្ស៊ីត្រូវបាន​អ៊ុយក្រែន និង​ក្រុម​ប្រទេសលោកខាងលិច ចោទថាបាន​បញ្ជូន​ចល័តទ័ព ប្រមាណ​១សែននាក់ និងគ្រឿងសព្វាវុធផង នៅតាមបណ្តោយ​ព្រំដែន ដើម្បី​រៀបគម្រោងវាយ​ប្រហារអ៊ុយក្រែន។ រុស្ស៊ីបាន​ប្រកែក ថាគ្មានគម្រោងនេះទេ តែទន្ទឹមនឹងនេះរុស្ស៊ីបាន​ទាមទារឲ្យ​អាមេរិក និងអូតង់​ត្រូវ​តែឈប់រើស​សមាជិកថ្មីបន្ថែម ជាក់ស្តែង​គឺ​មិន​ត្រូវ​ឲ្យ​អ៊ុយក្រែន ចូលជាសមាជិកអូតង់តែម្តង។

កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាេមរិក និងរុស្ស៊ី នៅក្រុងហ្សឺណែវ កាលពីសប្តាហ៍មុន​មិនបានលទ្ធផលទេ ដោយអាមេរិក បាន​ឆ្លើយ​ជាលាយ​លក្ខណ៍អក្សទៅរុស្ស៊ីហើយ ថាអាមេរិក​មិនអាចធ្វើតាមការទាមទារ​របស់រុស្ស៊ីបានជាដាច់ខាត។ អ៊ុយក្រែនប្រទេសឯករាជ្យ ដែលមានសិទ្ធិជ្រើសរើស ចូលក្នុងក្រុម​សម្ព័ន្ធមិត្តមួយណា ជារឿងរបស់អ៊ុយក្រែន។

សង្កត់ដោយ​ទណ្ឌកម្មសេដ្ឋកិច្ច

ជំហានបន្ទាប់ទៀត គឺត្រូវតែដាក់សំពាធលើរុស្ស៊ី តាមរយៈទណ្ឌកម្មសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ បើតាម​ការលើកឡើងពីមន្ត្រីទូត ដែលស្និទនឹងសំណុំរឿងនេះ អាមេរិក និង​អង់គ្លេស កំពុងតែពិចារណា ដាក់ទណ្ឌកម្មទៅលើ​បណ្តាញបំពង់បង្ហូរឧស្ម័នរុស្ស៊ី Nord Stream 2 និង​ការ​ដករុស្ស៊ីមិន​ឲ្យ​អាចប្រើប្រាស់ប្រព័ន្ធទូទាត់សាច់ប្រាក់ និង​ប្រតិបត្តិការធនាគារអន្តរជាតិ ដែលប្រើ​ប្រាស់​ប្រាក់ដុល្លារ។

រដ្ឋាភិបាលអង់គ្លេសលើកឡើងថា ត្រូវតែវាយឲ្យចំណុចសំខាន់ៗ ដែលប៉ះពាល់ដោយ​ផ្ទាល់ទៅលើ​ក្រុម​បក្សពួក​មនុស្ស​មានអំណាច នៃរដ្ឋាភិបាលរុស្ស៊ីតែម្តង។​ ដូចគ្នា​ដែរ នៅអាមេរិកវិញ សមាជិក​​សភា​២នាក់ បានអះអាងកាលពីថ្ងៃម្សិលមិញទេ សភាខុនហ្ក្រេស​អាមេរិក កំពុងតែឈានទៅ​អនុម័តគម្រោងច្បាប់ថ្មី​មួយ ដែលកំណត់ចែងពីទណ្ឌកម្មសេដ្ឋកិច្ច ទៅលើ​រុស្ស៊ី។

លោក Bob Menendez ប្រធានគណកម្មការកិច្ចការអន្តរជាតិ នៃ​ព្រឹទ្ធសភាអាមេរិក បាននិយាយ​នៅតាម​ទូរទស្សន៍​ CNN ថាកាលៈទេសៈពេលនេះ គឺអាេមរិក រួមទាំងសម្ព័ន្ធមិត្ត មិនត្រូវចាញ់បោក​រុស្ស៊ីបានទេ កុំឲ្យ​ប្រវត្តិសាស្ត្រជាន់ដាន ដូចនៅជំនាន់មុនសង្គ្រាមលោក​លើកទី​២ ដែល​អ៊ីត្លែ បានបោកប្រាស់បំភ័ន្តភ្នែកសម្ព័ន្ធមិត្ត​ នៅក្នុងកិច្ចព្រមព្រៀងទីក្រុងមុយនីឆ។ ព្រឹទ្ធសមាជិកអាមេរិក​រូបនេះអះអាងថា ទោះបានអ៊ុយក្រែនមួយហើយ ក៏រុស្ស៊ីមិនស្កប់ស្កល់ដែរ រុស្ស៊ីនឹងបន្ត​លេបត្របាក់បន្តទៀត បើគ្រប់គ្នាមិនពួត​កម្លាំងគ្នាទប់នៅពេលនេះទេនោះ។​

ក្រុមបញ្ចឹមលោក​លើកកម្លាំងទ័ពទៅជួយអ៊ុយក្រែន​

ជាការពិត ត្រឹមទណ្ឌកម្មសេដ្ឋកិច្ចមិនគ្រប់គ្រាន់ទេ។ ក្រុមប្រទេសលោកខាងលិច ត្រូវតែរួមគ្នា ប្រុងជើង ដើម្បី​ទប់ទល់ជាមួយ​រុស្ស៊ី ក្នុង​ករណីមានការវាយ​ប្រហារមកលើអ៊ុយក្រែនមែន។ ជាក់ស្តែង រដ្ឋភិបាលអង់គ្លេស នឹង​ស្នើទៅកាន់អូតង់ ថាខ្លួន​នឹងបញ្ជូន​កម្លាំងទ័ពទៅ អ៊ុយក្រែន។ ជាសំណើ ដែលធ្វើឲ្យ​អូតង់ ក៏ដូចជារដ្ឋាភិបាលអ៊ុយក្រែន មានការកក់ក្តៅនិងសប្បាយចិត្ត។

លោកស្រី Anita Anand រដ្ឋមន្ត្រីក្រសួងការពារជាតិ​កាណាដា ក៏ទើបតែទៅដល់ទីក្រុងគាវ នៅថ្ងៃអាទិត្យ​ម្សិលមិញ។ លោកស្រីបានអះអាងថា កាណាដា នឹងបញ្ជូន​ជំនួយសម្ភារៈ និង​កម្លាំងទ័ពកាណាដា ​ទៅភាគ​ខាងលិច​​អ៊ុយក្រែន​ ដើម្បី​ត្រៀម​កម្លាំងទប់ទល់ ក្នុងករណី​មាន​ការឈ្លានពាន។ ជាមួយគ្នានេះដែរ កាណាដា បានប្រកាស​ប្រមូលបុគ្គលិក​ការទូតដែលមិនចាំបាច់ ឲ្យ​ចេញ​ពីអ៊ុយក្រែន​ ជាបណ្តោះអាសន្នសិន​។​

នៅសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសបារាំង រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ រួមទាំងលោករដ្ឋមន្ត្រីប៉ូឡូញផង នឹងទៅជួបប្រជុំនៅទីក្រុងគាវ ដែរ ដើម្បីគូសវាស ផែនការជួយ​អ៊ុយក្រែនក្នុងការការពារខ្លួន។ ដូច្នេះយើងឃើញថា ក្រុម​សម្ព័ន្ធមិត្តលោក​ខាងលិច មិនទុកអ៊ុយក្រែនចោលទេ ហើយ​ខំប្រឹង​រកវិធីជួយ។ កាលពីថ្ងៃសុក្រ លោក​ Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសអំពាវនាវ ឲ្យ​រុស្ស៊ី​ដកថយ​ទ័ព ហើយ​ងាកមកចរចាគ្នា ។ តែទន្ទឹមនឹងនេះ​លោក​ក៏បាន​សូមកុំឲ្យ​ក្រុម​សម្ព័ន្ធមិត្តលោកខាងលិច បង្កការ​ភ័យជ្រួលច្របល់ពេកដែរ ទាក់ទិននឹងលទ្ធភាពដែលថារុស្ស៊ីលើកទ័ពមកឈ្លានពានអ៊ុយក្រែន​ ក្នុង​ពេលឆាប់ៗនោះ។

យ៉ាងណាក៏ដោយ បើតាម​ការលើកឡើង របស់​លោកស្រី Victoria Nuland អនុ​រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ដែល​បាននិយាយនៅតាមទូរទស្សន៍ CBS កាលពីថ្ងៃម្សិលមិញ គឺថា ភាគីរុស្ស៊ីបានបង្ហាញសញ្ញាខ្លះៗហើយ ថាចង់បន្តការចរចា ដែលអាមេរិក និងអូតង់​បានស្នើ។ មន្ត្រីអាមេរិករូបនេះ បញ្ជាក់ថា ក្នុងសប្តាហ៍នេះ លោកអង់តូនី ប្លីងកិន អាចនឹងជួប​និយាយគ្នាជាមួយលោក ស៊ែរហ្កី ឡារ៉ូវ ជាថ្មីម្តងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ