អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកស៊ី ជីនពីង និង​លោកពូទីន ពង្រឹង​សម្ព័ន្ធ​ភាព​យុទ្ធសាស្ត្រ​ ដើម្បី​​ប្រជែង​ជាមួយ​​អាមេរិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងឱកាសកម្មវិធីបើកសម្ពោធកីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រទី៤កុម្ភៈ លោកប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន បានអញ្ជើញទៅជាកិត្តិយស ក្រោមការ​អញ្ជើញ​របស់​លោក​​ប្រធានាធិបតី​ចិន ​ខណៈ​ដែល​​សហរដ្ឋអាមេរិក​ឯណោះ បាន​ធ្វើពហិកាការទូត មិនចូលរួមកម្មវិធី​នេះ។ វត្តមាន​ដ៏ស្និទ្ធស្នាលរបស់​លោកពូទីន និង លោកស៊ី ជីនពីង នាពេលនេះ ត្រូវបាន​អ្នកវិភាគ​ជាច្រើន យល់ឃើញថា គឺជាការពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រ រវាងចិន និង​រុស្ស៊ី ដែលមហាអំណាចទាំង២នេះ មានសត្រូវរួមតែមួយ គឺសហរដ្ឋអាមេរិក។ តើការចាប់ពួតដៃគ្នា រវាងចិននិងរុស្ស៊ី អាចបង្កឧបសគ្គ និងការលំបាកអ្វីខ្លះ ដល់សហរដ្ឋអាមេរិក ក៏ដូចជាក្រុមប្រទេសលោកខាងលិចជាទូទៅ?

លោកពូទីន និង​លោកស៊ី ជីនពីង ជួបគ្នានៅប៉េកាំង ថ្ងៃទី៤ កុម្ភៈ ២០២២
លោកពូទីន និង​លោកស៊ី ជីនពីង ជួបគ្នានៅប៉េកាំង ថ្ងៃទី៤ កុម្ភៈ ២០២២ Alexei Druzhinin Sputnik/AFP
ផ្សាយពាណិជ្ជកម្ម

សត្រូវរបស់សត្រូវយើង គឺជាមិត្តរបស់យើង

នៅក្នុងពិភពលោកយើងបច្ចុប្បន្ននេះ នរណាក៏ដឹងដែរ ថាចិននិង​រុស្ស៊ី ជាមហាអំណាចសេដ្ឋកិច្ច និងសព្វាវុធ ដែលប្រជែងគ្នាខ្លាំងណាស់ ជាមួយសហរដ្ឋអាមេរិក។ អាមេរិក អះអាងថាខ្លួនគឺជាបិតាប្រជាធិបតេយ្យ ជាអ្នកការពារពិភពលោកឲ្យ​មានសិទ្ធិសេរីភាព ប្រឆាំងតទល់នឹង​អំណាចផ្តាច់ការ ដូចជារបបចិន ឬរបបរុស្ស៊ី។ ចំណែក ចិន និង​រុស្ស៊ី​វិញ គឺព្យាយាមធ្វើគ្រប់យ៉ាង ដើម្បី​ប្រកាសថា គេក៏មាន​សិទ្ធិអំណាច ស្មើគ្នាជាមួយអាមេរិក​ដែរ​។ អាមេរិក មិនអាចមកដាក់កំហិត ឲ្យ​គេឯងគ្រប់គ្នាយល់ឃើញដូចខ្លួន ឬដើរតាមខ្លួននោះទេ។

វត្តមានរបស់​លោកពូទីន នៅទីក្រុង​ប៉េកាំង ក្នុងឱកាសបើក​សម្ពោធ​កីឡាអូឡាំពិក​រដូវរងារ កាលពីថ្ងៃទី៤កុម្ភៈ វាគឺជាការបង្ហាញ​នូវសម្ព័ន្ធភាព​យុទ្ធសាស្ត្រ រវាងចិន និងរុស្ស៊ី។ តែយ៉ាងណាមិនមែនមានន័យថា រុស្ស៊ី និង ចិនស្រលាញ់គ្នាល្អូកល្អឺននោះទេ។ មានសំណុំរឿងខ្លះ ដ៏មហាអំណាចទាំង២នេះ មិនសូវត្រូវគ្នាដែរ ជាក់ស្តែងបញ្ហា​អធិបតេយ្យភាពដែនដី នៅភាគខាងកើតបង្អស់របស់រុស្ស៊ី ដែលជាប់ជាមួយព្រំដែនចិន និង​បញ្ហាឥទ្ធិពល​ចិននៅតាម​បណ្តាប្រទេសអាស៊ីកណ្តាល អតីត​កូនចៅ​សហភាពសូវៀតជាដើម។ ក៏ប៉ុន្តែវិវាទតូចតាចទាំងនេះ គឺគេទុកមួយអន្លើ ដោយ​ងាកមករួមកម្លាំងគ្នា ទប់ទល់ជាមួយ​សត្រូវរួមជាមុនសិន នោះគឺសហរដ្ឋអាមេរិក។

កាលពីថ្ងៃព្រហស្បតិ៍ កាសែតចិន Global Times បានចុះផ្សាយ​ប្រើពាក្យយ៉ាងពិរោះរណ្តំ បញ្ជាក់អំពី​មិត្តភាព​ផ្ទាល់ខ្លួន ដ៏ស្និទ្ធស្នាលរវាងលោកពូទីន និង​ស៊ី ជីនពីង។ កាសែតនេះសរសេរថា មេដឹកនាំទាំង២បានជួបគ្នា​មិនតិចជាង​៣០ដងទេ បើគិតពីឆ្នាំ​២០១៣មក ដែលនេះគឺជាចំនួនមួយដ៏ច្រើន និ​ងដ៏កម្រណាស់។ មេដឹកនាំទាំង២ ថែមទាំងធ្លាប់ចូលរួម ពិធីបុណ្យខួបកំណើតគ្នា​ទៅវិញទៅមក ថែម​ទៀតផង។

លោក Steve Tsang សាស្រ្តាចារ្យ នៅ​វិទ្យាស្ថានចិន នៃសកលវិទ្យាល័យទីក្រុងឡុងដ៍ បានទទួលស្គាល់ថា បើ​ប្រៀបធៀបទៅប្រធានាធិបតីចិនមុនៗ លោកស៊ី ជីនពីង ពិតជាមានភាពស្និទ្ធស្នាលខ្លាំង ជាមួយ​លោក​ពូទីនពិតមែន​។ ចំណុចរួមរបស់​លោកពូទីន និង​លោកស៊ី ជីនពីង គឺទស្សនវិស័យ​ចង់ប្រជែងឥទ្ធិពល ជាមួយអាមេរិក កុំឲ្យ​អាមេរិកធ្វើជាមេ អាងយ៉ាងតែម្នាក់ឯងក្នុងពិភពលោក​។

ចិន និង រុស្ស៊ី ប្រឆាំងរាល់ការពង្រីកពង្រឹងឥទ្ធិពល​ស​ម្ព័ន្ធមិត្តយោធាអាមេរិក​

បើយោងតាមសេចក្តី​ថ្លែងការណ៍រួម​ កាលពីថ្ងៃសុក្រទី​៤កុម្ភៈ ក្រោយ​ប្រធានាធិបតីទាំង២បានជួបគ្នានៅប៉េកាំង គឺគ្មានអ្វីត្រូវសង្ស័យទៀតនោះទេ។ ចិន​នៅខាងរុស្ស៊ី ចិនគាំទ្ររុស្ស៊ី ក្នុងសំណុំរឿងអ៊ុយក្រែន​។ លោកពូទីន និង​លោក ស៊ីជីនពីង បានរួមគ្នា​ប្រកាស បើកទំព័រសករាជ្យថ្មី នៃទំនាក់ទំនងការបរទេស និងឈានទៅបិទបញ្ចប់ឥទ្ធិពលវាទទីតែម្នាក់ឯង របស់សហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ លោក ស៊ី ជីនពីង និងលោក​ពូទីន បានប្រកាសថាប្រឆាំងដាច់ខាត ចំពោះការពង្រីក​ បន្ថែមសមាជិកនៃអង្គការអូតង់។ ដែលនេះវាបានបង្ហាញថា ចិន គាំទ្រចំពោះការទាមទារចង់បានរបស់​រុស្ស៊ី ទាក់ទិននឹងសំណុំរឿងអ៊ុយក្រែន។ មេដឹកនាំទាំង២នេះ បានបរិហារថា យុទ្ធសាស្ត្រ​ពង្រីក ពង្រឹងសម្ព័ន្ធមិត្តកងទ័ពរបស់អាមេរិក ជាមួយ​ក្រុមប្រទេស​លោកខាងលិច​ មិនថាតាមរយៈអូតង់ ឬតាមរយៈសម្ព័ន្ធភាពAUKUS គឺវាជាយុទ្ធសាស្ត្រ ដែល​បំផ្លាញ​ស្ថិរភាព និង​សន្តិភាព​ពិភពលោក។

ដូចយើងដឹងស្រាប់ មិន​ខុសពីរុស្ស៊ី ចិនក៏មានបញ្ហាជាមួយអាមេរិកដែរ​ ទាក់ទិននឹងបញ្ហាពង្រីកឥទ្ធិពល​យោធាអាមេរិក​នេះ។ សម្ព័ន្ធភាពAUKUS ដែលអាមេរិកបានរៀចចំបង្កើត ជាមួយអូស្ត្រាលី និងជប៉ុនដើម្បីឡោមព័ទ្ធចិន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺវាមិនខុសពី​អូតង់ ដែលឡោមព័ទ្ធរុស្ស៊ីនោះឡើយ។ ចង់មិនចង់ ចិនយល់ពីអារម្មណ៍របស់រុស្ស៊ី។ យ៉ាងណាមិញ អ្វីដែលលោកពូទីន កំពុងតែធ្វើនៅអ៊ុយក្រែន តាមរយៈការហ៊ាន​បញ្ចេញកម្លាំងតទល់ច្បាស់ៗ ជាមួយអាមេរិកនេះ ក៏ត្រូវបាន​លោកស៊ី ជីនពីង ស្ងើចសរសេរមិនតិចដែរ។

លោក Pascal Ausseur អគ្គនាយក​មូលនិធិមេឌីទែរ៉ាណេ ដើម្បីការសិក្សាយុទ្ធសាស្ត្រ FMES បានលើកឡើងថា លោក ស៊ី ជីនពីង ស្ញប់ស្ញែងលោកពូទីន ដែលមាន​ភាពក្លាហាន ព្រោះថាចិន មិនអាច​ចេះតែ​ធ្វើ​ខ្លាំងបែបនេះ បានទេ មិនថាជាមួយអាមេរិក ឬជាមួយអឺរ៉ុប ដោយសារតែបញ្ហាសេដ្ឋកិច្ច។ ការដែលរុស្ស៊ីហ៊ានប្រើកម្លាំងទ័ព កំញើញត្រង់​ៗ ដាក់អាមេរិក យ៉ាងប្រថុយប្រថានបែបនេះ វាគឺជាហានិភ័យភូមិសាស្ត្រនយោបាយ ដែលលោកស៊ី ជីនពីង នៅមិនទាន់ហ៊ានធ្វើដូចលោក​ពីទីន ឡើយ​។

គ្មានសម្ព័ន្ធភាពស៊ីជំរៅ តែអាចជាការ​សហ​​ការគ្នាដោយ​ប្រយោល​

ជាបឋម នៅក្នុងសំណុំរឿងអ៊ុយក្រែន គឺចិន និងរុស្ស៊ីអាចជួយ​គ្នាទៅវិញទៅមក។ បើតាមការវិភាគរបស់​ លោក Steve Tsang គឺលោកស៊ី ជីនពីង ប្រហែលជាបានសុំទៅ​លោក​ពូទីន​ ថាកុំអាល​បើក​ប្រតិបត្តិការវាយប្រហារទៅលើអ៊ុយក្រែន ក្នុងអំឡុងពេល​ប្រកួតកីឡាអូឡាំពិកនៅក្រុងប៉េកាំង នាពេលនេះ ព្រោះវាអាចរំខាន ធ្វើឲ្យគេលែងសូវចាប់​អារម្មណ៍​​កម្មវិធីជាមុខមាត់របស់ចិន។ ចំណែកចិនវិញ ទំនងជាបានសន្យាជួយ​រុស្ស៊ី នៅក្នុងករណីដែលអាមេរិក ក៏ដូចជាអឺរ៉ុបព្រួតគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ច​លើរុស្ស៊ី។

ដោយឡែក លោក Anton Barbashin អ្នកជំនាញរុស្ស៊ីនៅ​ ក្រុមវិភាគ Riddle នៅ​ក្រុងហ្ក្លាសកូវ  គឺ ទាំងរុស្ស៊ី ទាំងចិន គឺជាមហាអំណាចដែល​ផ្តោតអាទិភាពធំ ដល់ការការពារអធិបតយេ្យភាពរៀងៗខ្លួនណាស់។ ដូច្នេះ នឹងមិនអាចមានការសហការគ្នា បង្កើតជាសម្ព័ន្ធភាពស៊ីជំរៅណាមួយ​ឡើយ។ តែប្រទេសទាំង២នេះ អាចនឹងកំណត់កម្មវត្ថុរួម ដើរស្របគ្នា ផ្តល់ដំណឹងឲ្យគ្នាទៅវិញទៅមក។ ពោលគឺវាជាទម្រង់នៃការសហការគ្នាដោយ​ប្រយោល។

លោកស្រី Stephanie Pezard អ្នកវិភាគនៅ RAND Corporation បានលើកឡើងថា រុស្ស៊ី និងចិន ទាំង២នេះ មានសមត្ថភាព​វាយ​ប្រហារ តាមប្រព័ន្ធបណ្តាញបច្ចេកវិទ្យាដូចគ្នា។ វាជាទម្រង់មួយ​នៃសង្គ្រាម​លាក់មុខ ដែលអាមេរិក ត្រូវតែប្រុងប្រយ័ត្នបំផុត។ បន្ថែមពីនេះទៀត រុស្ស៊ី និងចិន អាចនឹងពួតកម្លាំងគ្នា ប្រើ​ប្រាស់ឥទ្ធិពល​នៅតាមស្ថាប័នអន្តរជាតិធំៗ ដើម្បីរារាំងកុំឲ្យ​អាមេរិក អាចធ្វើអ្វីបានតាមចិត្ត។ មានសត្រូវដល់ទៅ២ក្នុងពេលតែមួយ អាមេរិក អាចត្រូវបង្ខំចិត្តចែករំលែកកម្លាំង ដែលអាចធ្វើឲ្យទន់ខ្សោយខ្លះ។ ហើយ​បើ​អាមេរិក លែងចង់ប្រកួត ចង់ដកថយពីឆាកអន្តរជាតិ ងាកទៅសំងំក្នុងផ្ទះ គិតគូរតែបញ្ហាផ្ទៃក្នុងវិញ នោះគឺចិន និង​រុស្ស៊ី ប្រាកដជាឈានជើងទៅមុខកាន់តែឆ្ងាយ​ ដើម្បីពង្រីកឥទ្ធិពល លើឆាកអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ