អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឥណ្ឌូណេស៊ីពង្រឹងដៃគូយោធាជាមួយបារាំងដោយទិញយន្តហោះចម្បាំងបារាំងចំនួន ៤២គ្រឿង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១០ កុម្ភៈ ប្រទេស​ឥណ្ឌូណេស៊ី​បាន​ចុះ​កិច្ចសន្យា​ទិញ​យន្តហោះ​ចម្បាំង​បារាំង​រ៉ាហ្វាល់ (Rafal) ចំនួន ៤២គ្រឿង។ ពិធី​ចុះ​ហត្ថលេខា​នេះ​បាន​ធ្វើ​ឡើង​រវាង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​បារាំង​លោកស្រី​ហ្លូរ៉ង់ ប៉ាលី និង​សមភាគី​ឥណ្ឌូណេស៊ី​លោក​ប្រាបូវ៉ូ ស៊ូប៊ីយ៉ង់តូ​ក្នុង​ទីក្រុង​ហ្សាការតា។ លោក​អេរិច ត្រាព្ជេ ប្រធាន​ក្រុមហ៊ុន​បារាំង​ដាស់សូ (Dassault) បាន​ពន្យល់​ថា ការ​បង់លុយ និង​ការ​ប្រគល់​យន្តហោះ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ពីរ​ដំណាក់ការ។ គួរ​បញ្ជាក់​ថា នេះ​ជា​លើកទី១ ដែល​ឥណ្ឌូណេស៊ី​បាន​កម្ម៉ង់ទិញ​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​របស់​បារាំង។

នៅថ្ងៃព្រហស្បតិ៍ ទី១០ កុម្ភៈ ប្រទេសឥណ្ឌូណេស៊ីបានចុះកិច្ចសន្យាទិញយន្តហោះចម្បាំងបារាំងរ៉ាហ្វាល់ (Rafal) ចំនួន ៤២គ្រឿង។ ពិធីចុះហត្ថលេខានេះបានធ្វើឡើងរវាងរដ្ឋមន្រ្តីក្រសួងការពារបារាំងលោកស្រីហ្លូរ៉ង់ ប៉ាលី និងសមភាគីឥណ្ឌូណេស៊ីលោកប្រាបូវ៉ូ ស៊ូប៊ីយ៉ង់តូក្នុងទីក្រុងហ្សាការតា។
នៅថ្ងៃព្រហស្បតិ៍ ទី១០ កុម្ភៈ ប្រទេសឥណ្ឌូណេស៊ីបានចុះកិច្ចសន្យាទិញយន្តហោះចម្បាំងបារាំងរ៉ាហ្វាល់ (Rafal) ចំនួន ៤២គ្រឿង។ ពិធីចុះហត្ថលេខានេះបានធ្វើឡើងរវាងរដ្ឋមន្រ្តីក្រសួងការពារបារាំងលោកស្រីហ្លូរ៉ង់ ប៉ាលី និងសមភាគីឥណ្ឌូណេស៊ីលោកប្រាបូវ៉ូ ស៊ូប៊ីយ៉ង់តូក្នុងទីក្រុងហ្សាការតា។ AFP - ADEK BERRY
ផ្សាយពាណិជ្ជកម្ម

មាន​ហេតុផល​សំខាន់​ចំនួន ៣ ដែល​ឥណ្ឌូណេស៊ី​បាន​សម្រេចចិត្ត​បំពាក់​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​របស់​បារាំង ទី១  គឺ​មក​ពី​ឥណ្ឌូណេស៊ី​ត្រូវ​ការ​ប្តូរ​យន្តហោះ​ចម្បាំង​ចាស់ៗ​របស់​ខ្លួន​ចេញ ទី២ គឺ​មក​ពី​ឥណ្ឌូណេស៊ី​ចង់​បំពាក់​គ្រឿង​សព្វាវុធ​របស់​ប្រទេស​ផ្សេង​ក្រៅ​ពី​ប្រទេស​ដែល​ខ្លួន​បាន​ធ្លាប់​បាន​ទិញ​កន្លង​មក ពិសេស​យន្តហោះចម្បាំង និង​ទី៣ គឺ​មក​ពី​ឥណ្ឌូណេស៊ី​បាន​សំឡឹង​ឃើញ​ពី​ប្រសិទ្ធិភាព គុណភាព និង​បច្ចេកវិទ្យា​របស់​យន្តហោះ​ចម្បាំង​បារាំង​រ៉ាហ្វាល់។ គួរ​បញ្ជាក់​ថា​សព្វថ្ងៃ​នេះ ឥណ្ឌូណេស៊ី​មាន​យន្តហោះ​ចម្បាំង​អាមេរិក​ប្រភេទ F១៦ ប្រមាណ​ជា ៣០គ្រឿង និង​យន្តហោះ​ចម្បាំង​រុស្ស៊ី​ប្រភេទ Su២៧ និង Su៣០ ប្រមាណ​ជា ១៥គ្រឿង។

តែ​យន្តហោះ​ទាំង​អស់​នេះ​សុទ្ធ​តែ​ចាស់ៗ​ដែល​ឥណ្ឌូណេស៊ី​ត្រូវ​ប្តូរ​ថ្មី។ តាម​ពិត​ទៅ ឥណ្ឌូណេស៊ី​បាន និង​កំពុង​បន្ត​ចរចា​ជាមួយ​ប្រទេស​ដៃគូ​ជា​ច្រើន​ដើម្បី​បំពាក់​យន្តហោះ​ចម្បាំង​ថ្មីៗ​ឲ្យ​ទ័ពអាកាស​របស់​ខ្លួន។ ជាមួយ​បារាំង ពិធី​ចុះ​ហត្ថលេខា​ទិញ​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​ចំនួន ៤២គ្រឿង​ក្នុង​ទឹកប្រាក់​ជាង ៨ ០០០លានដុល្លារ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​រវាង​បារាំង និង​ឥណ្ឌូណេស៊ី​ដែល​បាន​ចុះ​ហត្ថលេខា​រវាង​រដ្ឋមន្រ្តី​ការពារជាតិ​ក្នុង​ក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ ២០២១។ ក្រៅ​ពី​បារាំង ឥណ្ឌូណេស៊ី​ក៏​កំពុង​បន្ត​ចរចា​ទិញ​យន្តហោះ​ចម្បាំង​អាមេរិក​ប្រភេទ F១៥ និង​យន្តហោះចម្បាំង​កូរ៉េខាងត្បូង​ប្រភេទ KF-២១។

ពិត​ណាស់​រហូត​មក​ដល់​ពេល​នេះ ឥណ្ឌូណេស៊ី​មិន​ដែល​ទិញ​យន្តហោះចម្បាំង​បារាំង​មែន។ តែ​គេ​មិន​ត្រូវ​ភ្លេច​បញ្ជាក់​ទេ​ថា ឥណ្ឌូណេស៊ី​ក៏​ជា​អតិថិជន​ម្នាក់​នៃ​វិស័យ​ការពារ​អឺរ៉ុប។ ជាក់ស្តែង​ក្នុង​ខែ​វិច្ឆិកា​កន្លង​ទៅ ឥណ្ឌូណេស៊ី​បាន​កម្ម៉ង់ទិញ​ពី​ក្រុមហ៊ុន Airbus នូវ​យន្តហោះ​ដឹកទ័ព​ប្រភេទ A៤០០M ចំនួន ២គ្រឿង និង​មាន​បំណង​ចង់​ទិញ​ថែម​ចំនួន ៤គ្រឿង​ទៀត។

ហេតុផល​ដែល​ឥណ្ឌូណេស៊ី​បំពាក់​យន្តហោះចម្បាំង​ថ្មី

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ធំ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍ និង​អាច​ជា​ប្រទេស​ធំ​លំដាប់ទី២ នៅ​អាស៊ីប៉ាស៊ីហ្វិក។ គេ​អាច​និយាយ​បាន​ជា​រួម​ថា វា​ជា​រឿង​ចាំ​បាច់​ដែល​ឥណ្ឌូណេស៊ី​ត្រូវ​បំពាក់​យន្តហោះ​ចម្បាំង​ថ្មី ព្រោះ​ទី១ យន្តហោះចម្បាំង​ដែល​ឥណ្ឌូណេស៊ី​កំពុង​មាន​ក្នុង​ដៃ​សព្វថ្ងៃ​ច្រើន​ជា​យន្តហោះ​ចាស់ៗ និង​ទី២ គឺ​មក​ពី​អាស៊ីប៉ាស៊ីហ្វិក​កំពុង​បន្ត​ក្លាយ​ជា​តំបន់​នៃ​ការ​ប្រជែង​កម្លាំង​រវាង​ប្រទេស​ផ្សេង ពិសេស​រវាង​ចិន និង​អាមេរិក។ តាម​រដ្ឋមន្រ្តី​ការពារជាតិ​ឥណ្ឌូណេស៊ី​លោក​ប្រូបូវ៉ូ ស៊ូប៊ីយ៉ង់តូ កិច្ចសហប្រតិបត្តិការ​រវាង​ឥណ្ឌូណេស៊ី និង​បារាំង​ក៏​មាន​នៅ​ក្នុង​វិស័យ​ការពារ​ផ្លូវទឹក​ដោយ​ឥណ្ឌូណេស៊ី​គ្រោង​ទិញ​នាវា​មុជទឹកបារាំង​ចំនួន ២គ្រឿង។

ទាក់ទង​នឹង​ខាង​បារាំង​វិញ គឺ​ចំណេញ​ទាំង​សេដ្ឋកិច្ច និង​ឥទ្ធិពល ព្រោះ​ចូរ​កុំ​ភ្លេច​ថា បារាំង​ក៏​ជា​ប្រទេស​មួយ​ដែល​កំពុង​សំឡឹង​មើល​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ដែរ។ ក្រៅ​ពី​ឥណ្ឌូណេស៊ី បារាំង​ក៏​ចង់​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ប្រទេស​អតីត​ដៃគូ ដូច​ជា​ជប៉ុន និង​ឥណ្ឌា រួម​ទាំង​ប្រទេស​ដៃគូ​អាស៊ី​ផ្សេង​ទៀត។ លើស​ពី​នេះ គេ​អាច​និយាយ​បាន​ថា កិច្ចសន្យា​ទិញ​យន្តហោះ​ចម្បាំង​បារាំង​រ៉ាហ្វាល់​ពី​ឥណ្ឌូណេស៊ី​ពេល​នេះ​ជា​កាដូ​យុទ្ធសាស្រ្ត​មហាសាល​សម្រាប់​បារាំង បន្ទាប់​ពី​អូស្រា្តលី​បាន​លុបចោល​កិច្ចសន្យា​ទិញ​នាវាមុជទឹកបារាំង និង​ងាក​ទៅ​ទិញ​នាវា​មុជទឹក​អាមេរិក​វិញ​​កាល​ពី​ឆ្នាំ ២០២១។ ក្រោយ​ការ​លុប​ចោល អូស្រ្តាលី​ក៏​បាន​ប្រកាស​ចូលរួម​នៅ​ក្នុង​សម្ព័នមិត្ត AUKUS ជាមួយ​អាមេរិក និង​អង់គ្លេស។

ជោគជ័យ​សម្រាប់​យន្តហោះ​ចម្បាំង​បារាំង​រ៉ាហ្វាល់

បើ​គេ​និយាយ​ពី​ជោគជ័យ និង​ប្រយោជន៍​យុទ្ធសាស្រ្ត​ដែល​បារាំង​ទទួល​បាន គេ​ក៏​មិន​អាច​មិន​និយាយ​ពី​ជោគជ័យ​របស់​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​បាន​ដែរ ព្រោះ​ថា គឺ​ទើប​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​យន្តហោះ​ចម្បាំង​បារាំង​រ៉ាហ្វាល់​ត្រូវ​បាន​ទទួល​ស្គាល់ និង​ត្រូវ​បាន​លក់​កាន់​តែ​ច្រើន​ទៅ​បរទេស។ បើ​គិត​តាំង​ពី​ឆ្នាំ ២០១៥ កិច្ចសន្យា​ទិញ​ពី​ឥណ្ឌូណេស៊ី​ចំនួន ៤២គ្រឿង​ជា​កិច្ចសន្យា​ធំ​ទី៧ បន្ទាប់​ពី​ការ​លក់​ឲ្យ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ចំនួន ៨០គ្រឿង លក់​ឲ្យ​ប្រទេស​អេហ្ស៊ីប​ចំនួន ៣០គ្រឿង លក់​ឲ្យ​ប្រទេស​ក្រិក​ចំនួន ១៨គ្រឿង ក្នុង​នោះ​មាន​ជំនំ​ចំនួន ១២គ្រឿង និង​លក់​ឲ្យ​ប្រទេស​ក្រូអាស៊ី​ចំនួន ១២គ្រឿង​ដែល​ជំនំ​ទាំង​អស់។

បើ​សរុប​ជាមួយ​នឹង​ការ​ទិញ​ចំនួន ៤២គ្រឿង​ពី​ឥណ្ឌូណេស៊ី​ពេល​នេះ ក្រុមហ៊ុន​ដាស់សូ​លក់​បាន​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​ទៅ​បរទេស​ចំនួន ២៧៩គ្រឿង ក្នុង​នោះ​មាន​ថ្មី​ចំនួន ២៥៥គ្រឿង។ ក្រៅ​ពី​នេះ គេ​ត្រូវ​បូក​បញ្ចូល​ការ​លក់​ក្នុង​ស្រុក​ចំនួន​ជិត ២០០គ្រឿង​ទៅ​ឲ្យ​ក្រសួង​ការពារជាតិ​បារាំង។ សរុប​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ដាស់សូ​លក់​បាន​យន្តហោះ​ចម្បាំង​បារាំង​រ៉ាហ្វាល់​របស់​ខ្លួន​ចំនួន ៤៧១គ្រឿង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ