អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចប្រជុំ​សម្ព័ន្ធ​ចតុភាគី « Quad » ពង្រឹង​សម្ព័ន្ធភាព​ដើម្បី​​ទប់ទល់​ជាមួយចិន នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្ត្រីការបរទេស នៃមហាអំណាចបួននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺមានសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និង​ ជប៉ុន បានជួប​ប្រជុំគ្នានៅថ្ងៃនេះ នៅ​ទីក្រុង​មែលប៊ន ប្រទេសអូស្ត្រាលី។ វាគឺជាកិច្ចប្រជុំ ក្នុង​ក្របខណ្ឌសម្ព័ន្ធចតុភាគី « Quad » ដែល​គ្រប់គ្នាដឹងយ៉ាងច្បាស់​ ថាជាសម្ព័ន្ធភាព ដែល​អាមេរិកបានផ្តួចផ្តើម​ឡើង ដើម្បីប្រជែងឥទ្ធិពលជាមួយ​នឹងចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។ ថ្វីបើ​ក្នុងអំឡុងពេលនេះ​ពិភពលោក សហរដ្ឋអាមេរិក កំពុងតែមមាញឹក​ ដោះស្រាយ​សំណុំរឿង រុស្ស៊ី-អ៊ុយក្រែន ដែលតានតឹងខ្លាំង តែមិនមែនមានន័យថា អាមេរិកព្រលែងចិនចោលនោះទេ។

លោកស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្រ្តាលី ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេសអាមេរិក ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា មុននឹងបើកកិច្ចប្រជុំសម្ព័ន្ធចតុភាគី Quad នៅក្រុងមែលប៊ន ថ្ងៃទី ១១កុម្ភៈ ២០២២
លោកស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្រ្តាលី ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេសអាមេរិក ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា មុននឹងបើកកិច្ចប្រជុំសម្ព័ន្ធចតុភាគី Quad នៅក្រុងមែលប៊ន ថ្ងៃទី ១១កុម្ភៈ ២០២២ AP - Darrian Traynor
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌូប៉ាស៊ីហ្វិក ជាស្នូលនៃ​យុទ្ធសាស្ត្រការបរទេសអាេមរិក

ជាការពិតណាស់ ទោះសំណុំរឿង លទ្ធភាពនៃការផ្ទុះសង្គ្រាមជាមួយរុស្ស៊ី នៅអឺរ៉ុប វាសំខាន់និង​បន្ទាន់កម្រិតណា តែសម្រាប់អាមេរិក ចិននៅតែគូប្រជែងយុទ្ធសាស្ត្រ ដែលមិន​អាចព្រលែងចោលបានទេ។ មុនពេលឡើងយន្តហោះ ឆ្ពោះមក​ទីក្រុង​មែលប៊ន លោក អង់តូនី ប្លីងកិន បាន​ថ្លែងទៅកាន់អ្នកកាសែតថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺជាស្នូល​នៃយុទ្ធសាស្ត្រការបរទេសអាមេរិក។

លោក​បានទទួលស្គាល់ថា រុស្ស៊ីពិតជាអាចឈ្លានពានអ៊ុយក្រែន និង​បង្កសង្រ្គាមនៅ​អឺរ៉ុបខាងកើតមែន។ ក៏ប៉ុន្តែពិភពលោកធំណាស់ ហើយ​ដែលអាមេរិកត្រូវតែមានវត្តមាន​ ការពារផលប្រយោជន៍រួម​គ្រប់កន្លែង។ សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គ្រប់គ្នាពិតជាដឹងហើយ ថា​វា​មានសារៈសំខាន់ កម្រិតណាស់ សម្រាប់អាមេរិក។

ឆ្លើយ​នៅក្នុងបទសម្ភាសន៍​ ឲ្យកាសែត The Australian កាលពីថ្ងៃព្រហស្បតិ៍​ទី​១០កុម្ភៈ លោកអង់តូនី ប្លីងកិន បាន​សង្កត់ធ្ងន់ថា ថ្វីបើពេលនេះអាមេរិកផ្តោតការយកចិត្តទុកដាក់ និងដោះស្រាយ​បញ្ហាបន្ទាន់ជាមួយ​រុស្ស៊ីក៏ដោយ តែសំណុំក្នុងរយៈពេលវែងទៅមុខ គឺ​សំណុំរឿងចិន ការវាទទីទាំងសេដ្ឋកិច្ច និង​យោធារបស់​ចិន។ បញ្ហានេះ វាកំពុងតែ​ធ្វើឲ្យខូចសណ្តាប់ធ្នាប់ពិភពលោកយើង។ លោក​បានបន្ថែមថា តាមដែលលោកគិត គឺចិនមានមហិច្ឆិតាចង់ធ្វើមហាអំណាចទីមួយតែម្តង តាំងផ្នែកកម្លាំងទ័ពសព្វាវុធ ​ផ្នែកសេដ្ឋកិច្ច និងនយោបាយ​ការទូត ហើយមិនមែនតែនៅក្នុង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិកទេ គឺទូទាំងពិភពលោកតែម្តង។

មហាអំណាចប្រជាធិបតេយ្យ រួមគ្នាទប់ទល់ជាមួយ​មហាអំណាចផ្តាច់ការ​

ទោះបីក្នុងពេលប្រជុំគ្នា គេមិននិយាយ​លើកឈ្មោះចិនឲ្យចំៗ តែគឺវានៅក្នុងន័យនេះទៅហើយ។ នៅក្នុងពេល​បើកការប្រជុំនៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន បាន​ថ្លែងអំពីសារៈសំខាន់ នៃកិច្ចប្រជុំរបស់សម្ព័ន្ធចតុភាគីនេះ ដើម្បី​បង្កើតចំណងសហប្រតិបត្តិការ​រវាង​ប្រទេស​ប្រជាធិបតេយ្យ ដែលមានគំនិត​យល់ឃើញ និង​ឧត្តមគតិដូចគ្នា​។  សម្តីប៉ុណ្ណេះ គឺយើងអាចកាត់យល់បានទៅហើយ បានសំដៅទៅដល់ចិន ដែលជាប្រទេសមានរបបផ្តាច់ការ គ្មាន​ប្រជាធិបតេយ្យ។

លោកស្កុត ម៉ូរីសិន លើកឡើងថា ពិភព​លោក​យើងបច្ចុប្បន្ននេះ គឺងាយ​ប្រឈមគ្រោះថ្នាក់ ងាយ​បែកបាក់ ហើយ​ពោរពេញដោយ​ជម្លោះវិវាទ។ តែលោកអះអាងថា អូស្ត្រាលី នឹងប្រឆាំងតទល់ ជាមួយអ្នកដែលចង់​មក​ដាក់ឧបសគ្គ ធ្វើបាបអីស្ត្រាលី​។ លោកបន្ថែមថា អូស្ត្រាលីមានការកក់ក្តៅណាស់ ដែល​សមភាគីទាំង៣ប្រទេសទៀត បានយល់ការពិត ថាអូស្ត្រាលីបានរងសំពាធកម្រិតណា នាពេលកន្លងមកនេះ។ សំពាធនេះ គឺសំពាធការទូត និងពាណិជ្ជកម្ម ដែលអូស្ត្រាលី មានជាមួយចិននេះឯង។

យ៉ាងណាមិញ កាលពីខែ​មករាកន្លងទៅ លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបទេសជប៉ុន បានថ្លែងពន្យល់ទៅ​កាន់សភាជប៉ុនថា សម្ព័ន្ធភាព​ចតុភាគីនេះ គឺវា​នឹងអនុញ្ញាត ឲ្យ​ពង្រឹងសណ្តាប់ធ្នាប់ដែល​ឈរលើសិទ្ធិសេរីភាព បើកចំហ ហើយ​ផ្អែកលើច្បាប់អន្តរជាតិជាធំ​ សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល។ សិទ្ធិសេរីភាពផ្អែកលើច្បាប់អន្តរជាតិនេះ សំដៅចំតែម្តងទៅចិន ដែល​ជាជប៉ុន​គិតថា​មហាអំណាច ប្រើឥទ្ធិពលវាទទីក្នុងតំបន់ ដោយ​គ្មានគោរពសិទ្ធិ​ ក៏ដូចជាផលប្រយោជន៍​របស់អ្នក​ផ្សេង​។

Soft Power

យើងសង្កេតឃើញថា បន្តិចម្តងៗ សម្ព័ន្ធចតុភាគីនេះ មានទម្រង់ជាសម្ព័ន្ធភាពយោធា រវាងអាមេរិក អូស្ត្រាលី ជប៉ុន និង​ឥណ្ឌា។ ទម្រង់ដែល​បានស្តែងចេញ តាមរយៈការធ្វើសមយុទ្ធរួមគ្នា កាលពីឆ្នាំ​២០២០ នៅ​ក្នុង​មហាសមុទ្រឥណ្ឌា។

ក៏ប៉ុន្តែទន្ទឹមគ្នានេះ សម្ព័ន្ធចតុភាគីនេះ មាន​កម្មវត្ថុរួមពង្រឹកកម្លាំងគ្នា បង្កើតជាបណ្តុំមហាអំណាចទន់ ឬដែលយើងហៅថា « Soft Power » ដើម្បីប្រជែងជាមួយ​ចិន នៅក្នុ​ងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។ ពោលគឺជាប្រមូលផ្តុំគ្នា ពង្រីកឥទ្ធិពល​ ឲ្យ​ប្រទេសនៅក្នុងតំបន់នេះទាំងមូល មានជម្រើស ថា រវាងមហាអំណាចផ្តាច់ការដូចជាចិន និង​មហាអំណាច​សេរីប្រជាធិបតេយ្យ រើសយកខាងណា។

ជាក់ស្តែង លោកស្រី Marise Payne រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី បានថ្លែងមុនពេលបើកកិច្ចប្រជុំថា ក្រុម​ប្រទេសធំៗទាំង៤នេះ នឹងរួមគ្នាបង្កើតជា បណ្តាញ​ប្រជាធិបតេយ្យសេរី ដែលសន្យា​សហប្រតិបត្តិការ​ជួយជាក់ស្តែង ដល់​ប្រទេសទាំងអស់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មិន​ថាធំមិនថាតូច ដើម្បីឲ្យ​ប្រទេសនីមួយ​ៗ មានកម្លាំងមាន​សិទ្ធិ​អាចសម្រេចកិច្ចការយុទ្ធសាស្ត្រផ្សេងៗ ដោយ​ឈរលើភាពម្ចាស់ការ​។

ជាមួយនឹងវិបត្តិកូវីដ សម្ព័ន្ធចតុភាគីនេះ បានរួមគ្នាសន្យាប្រមូលវ៉ាក់សាំងចំនួន ១៣០០លានដូស ដើម្បីជួយ​ប្រទេសតូចតាចក្នុងតំបន់ ដែលក្នុងនោះ ប្រមាណ​៥០០លានដូស ត្រូវបានគេចែកចាយរួចហើយ។ សម្រាប់កិច្ចប្រជុំលើកទី៤ នៅពេលនេះ គឺមានសំណុំរឿងធំៗមួយចំនួន ដែលគេនឹងលើក​មកនិយាយគ្នា តួយ៉ាង ផ្នែកដឹកជញ្ជូន​ផ្លូវសមុទ្រដែលមិនបញ្ចេញឧស្ម័នពុល ការប្រយុទ្ធប្រឆាំងនឹង​ការកើនឡើងកំដៅផែនដី ព្រមទាំងការរៀបចំ ពង្រឹងសុវត្ថិភាពផ្នែកបច្ចេកវិទ្យាអ៊ីនធ័រនិតជាដើម ដើម្បីប្រឈមជាមួយនឹងការវាយ​ប្រហារ​ណាមួយ​។ ទាក់ទិននឹងបញ្ហាបច្ចេកវិទ្យានេះ ដូចយើងដឹងហើយ គឺទាំងអូស្ត្រាលី ទាំងអាមេរិក ប្រឆាំងដាច់ខាត មិនប្រើ​បច្ចេកវិទ្យា5G របស់ចិនទេ។ កិច្ចប្រជុំនៅថ្ងៃនេះ ក៏ជាជំហានរៀបចំជំនួបកំពូល រវាងមេដឹកនាំទាំង៤ប្រទេសដែរ ដែល​គេគ្រោងធ្វើ ប្រហែលនៅខែ​ឧសភាខាងមុខ នៅ​ប្រទេសជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ