អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សាហ៊ែល៖ ​កំហឹង​និង​​ការប្រឆាំង​​នឹង​វត្តមាន របស់​កងទ័ព​បារាំង ពុះ​កញ្ជ្រោល​​កាន់តែ​ខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈពេល​៩ឆ្នាំមកហើយ ដែល​ប្រតិបត្តិការ​ បាកកាន របស់កងទ័ពបារាំង បានមានវត្តមាននៅប្រទេសម៉ាលី ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​ក្រុម​ជីហាតភេរវកម្ម នៅតំបន់​សាហ៊ែល។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ បន្ទាប់ពី​មាន​ការធ្វើរដ្ឋប្រហារជាបន្តបន្ទាប់ នៅតាម​ប្រទេសមួយចំនួន នៃតំបន់សាហ៊ែលនេះ គេសង្កេតឃើញថា វត្តមាន​របស់​កងទ័ពបារាំង កាន់​តែត្រូវបាន​មតិទូទៅ នៃប្រជាជនម្ចាស់ស្រុក ប្រឆាំងតវ៉ា នឹង​ទាមទារឲ្យ​បារាំង ដកទ័ពចេញជាបន្ទាន់។ នៅតាម​បណ្តាញសង្គមវិញ មតិខ្លះលើកឡើងទៀតផង ថា​កងទ័ពបារាំងឃុបឃិតជាមួយ​ក្រុមជីហាតភេរវកម្ម ដើម្បីយកលេស បន្តវត្តមាន​​នៅតំបន់សាហ៊ែល។

បាតុករបួគីណាហ្វាសូ ធ្វើបាតុកម្ម និងលើកទង់ជាតិបារាំង ដែលគេ​បានគូររូប​ក្បាល​ខ្មោចពីលើ ដើម្បី​ប្រឆាំងនឹងវត្តមានរបស់​កងទ័ពបារាំង នៅតំបន់សាហ៊ែល។ ក្រុងអាហ្កាឌូហ្គូ ថ្ងៃទី ២៧ វិច្ឆិកា ២០២១
បាតុករបួគីណាហ្វាសូ ធ្វើបាតុកម្ម និងលើកទង់ជាតិបារាំង ដែលគេ​បានគូររូប​ក្បាល​ខ្មោចពីលើ ដើម្បី​ប្រឆាំងនឹងវត្តមានរបស់​កងទ័ពបារាំង នៅតំបន់សាហ៊ែល។ ក្រុងអាហ្កាឌូហ្គូ ថ្ងៃទី ២៧ វិច្ឆិកា ២០២១ AP - Sophie Garcia
ផ្សាយពាណិជ្ជកម្ម

ភាពឈឺចាប់នៃ​អតីតកាលអាណានិគម កម្រើកឡើងវិញ

មូលហេតុចំបងមួយ ដែលបាននឹងកំពុងតែជំរុញទឹកចិត្ត ប្រឆាំងតវ៉ា ចំពោះវត្តមានកងទ័ពបារាំង ក៏ដូចជាកងទ័ពប្រទេសអឺរ៉ុបមួយចំនួន នៅតំបន់សាហ៊ែល គឺវាស្ថិតនៅ​ក្នុ​ងអតីតកាល​ ប្រវត្តិសាស្ត្រនៃតំបន់នោះ។ ពោលគឺអតីតកាល នៃ​សម័យអាណានិគមនិយមបារាំង នៅតំបន់នេះតែម្តង។

បារាំង ដែលជាអតីតម្ចាស់អាណានិគម កំពុងតែត្រូវបាន​មតិមួយចំនួន ចាត់ទុកថាកំពុងបន្ត​ដាក់ជើងជាន់ឈ្លីសង្កត់ប្រទេសមួយចំនួននៅតំបន់នេះ តួយ៉ាងក្នុង​វិស័យ​សេដ្ឋកិច្ចហិរញ្ញវត្ថុ តាមរយៈរូបិយ​បណ្ណ France CFA តាមរយៈមធ្យោបាយកងទ័ព ក្រោមលេសថាដើម្បី​ប្រយុទ្ធប្រឆាំងនឹង​ក្រុមជីហាតភេរវកម្ម ជាដើម ។ល។ ហើយជាងនេះទៀត ប្រទេសអាហ្វ្រិកនៅតែក្រវេទនា ក្រុមជីហាតភេរវកម្ម ក៏មិនចុះថយកម្លាំងដែរ ដែល​វាហាក់មានន័យថា វត្តមាន​របស់បារាំង គឺវាគ្មានបានការអ្វីទាល់​តែសោះ។ ៩ឆ្នាំហើយ ដែល​ប្រតិបត្តិការបាកកាន (Barkhane) បានចាប់ផ្តើម​ដំណើរការនៅតំបន់សាហ៊ែល ពោលគឺជាវត្តមាន​កងទ័ពបារាំង នៅក្រៅប្រទេសដែល​មាន​រយៈពេលយូរជាងគេបង្អស់ បើគិតពីសង្គ្រាម​អាល់ហ្សេរីមក។

លោក Rodrigue Koné អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ បានលើកឡើងថា នៅអាហ្វ្រិក គឺប្រជាជនខ្លះមានមតិយល់ឃើញថា ថ្នាក់ដឹកនាំនយោបាយ​បារាំង មានចរិកក្រអឺតក្រទម មើល​ងាយ​​ប្រទេស​របស់គេ ពោលគឺនៅប្រកាន់ចរិកថា ខ្លួនជា​មេ ខ្លួនជាអ្នកចាត់ចែង បើគ្មានវត្តមាន​ខ្លួន​ ប្រទេសទាំងនោះនឹងមិនរីកចម្រើន។

ដូចគ្នាដែរ អ្នកស្រាវជ្រាវជនជាតិ​នីហ្សេរីយ៉ា ឈ្មោះ Rahmane Idrissa បានលើកឡើងថា ក្រោយ​ការដកអាណានិគមនៅចុងទសវត្សឆ្នាំ​១៩៥០ បារាំង ធ្វើ​ខុសពី​អង់គ្លេស។ ពោលគឺបារាំង បានអនុវត្តគោលនយោបាយ​ អាណានិគមសម័យថ្មី តាមរយៈការបើកប្រតិបត្តិការ​យោធាផ្សេងៗ នៅតាមប្រទេសមួយចំនួន។ ដូច្នេះ ប្រតិបត្តិការបាកកាន នៅប្រទេសម៉ាលី គឺវាត្រូវបាន​គេគិតថា ជាយុទ្ធសាស្ត្រដដែលរបស់បារាំង ដើម្បីបន្តធ្វើអាណានិគមសម័យថ្មី លើប្រទេសរបស់គេ។

នៅជា​នីហ្សេ មតិពុះកញ្ជ្រោលប្រឆាំងកងទ័ពបារាំង បាន​ផុសផុលឡើង ក្រោយ​បាតុករ៣នាក់ បានស្លាប់កាលពីខែវិច្ឆិកា​ បន្ទាប់ពី​ពួកគេបានព្យាយាម​រារាំង ក្បួន​រថយន្តរបស់កងទ័ពបារាំង។ នៅបួគីណាហ្វាសូ ក៏មានបាតុកម្ម​ប្រឆាំងនឹងកងទ័ពបារាំងដែរ។ នៅឆាដ ក្រុមបាតុករ បាន​ដុតទង់ជាតិបារាំង ដែលនេះជារឿងមិនធ្លាប់មានទេពីមុនមក។ នៅតាមបណ្តាញសង្គម មានទាំងអ្នកខ្លះ បានចោទថាកងទ័ពបារាំង ឃុបឃិតជាមួយ​ក្រុមជីហាតថែមទៀតផង ដើម្បី​បន្តយកលេស ឈរជើងនៅ​ក្នុងតំបន់សាហ៊ែល។

អ្នកវិភាគនៅឆាដម្នាក់ ឈ្មោះ Kelma Manatouma បាន​លើកឡើងថា អតីតកាលអាណានិគម ការលូកដៃចូល​កិច្ចការផ្ទៃក្នុង​នៃនយោបាយ​ជាតិ ពីសំណាក់​បារាំង ព្រមទាំង​ការបារម្ភខ្លាចក្រែង ធនធានធម្មជាតិ រ៉ែអ៊ុយរ៉ានីញ៉ូម ជាដើម ធ្លាក់ទៅក្នុង​កណ្តាប់ដៃបារាំង គឺប្រការទាំងនេះ ដែលរុញច្រាន ឲ្យ​យុវជនឆាដមួយចំនួន ព្រួយ​បារម្ភ និងនាំគ្នាប្រឆាំងបណ្តេញ​កងទ័ពបារាំង ក៏ដូចជាកងទ័ពអឺរ៉ុប ឲ្យ​ចេញ ពីទឹកដីគេ។

បំផុសបំផុល ដើម្បីកេងចំណេញនយោបាយ

មតិពុះកញ្ជ្រោលប្រឆាំងបារាំងនេះ គឺវាមិនមែនផុសផុលដោយ​ឯកឯងទេ ប្រសិន​បើគ្មានការរុញច្រានបន្ថែម ពីសំណាក់ ក្រុម​មនុស្ស​មួយចំនួន ដែល​មិនចង់ឃើញបារាំង បន្តវត្តមាន​នៅក្នុងតំបន់សាហ៊ែល។ ជាក់ស្តែង គឺក្រុម​កងទ័ព ដែលបានធ្វើរដ្ឋប្រហារយោធា នៅម៉ាលី និងនៅបួគីណាហ្វាសូ នេះតែម្តង។

កងទ័ពបណ្តាប្រទេសទាំងនេះ បើតាម​ការវិភាគ គឺបានបំផុសបំផុលគំនិត​ជាតិនិយម អធិបតេយ្យភាព ប្រឆាំងនឹងវត្តមាន​របស់​កងទ័ពបរទេស ដែលជាអតី​តម្ចាស់អាណានិគម។ គំនិតបែបនេះ វាបានចូលជ្រាប​ ក្នុង​ស្រទាប់មហាជនយ៉ាងងាយស្រួល នាពេលបច្ចុប្បន្ននេះ តាមរយៈបណ្តាញសង្គម ដែលមនុស្សម្នាបញ្ចេញមតិ ឬចែកចាយ​ព័ត៌មានសព្វគ្រប់សព្វយ៉ាង ទាំងពិតទាំងមិនពិត ក៏ចេះតែផ្អើលតៗគ្នាទៅ។ តាមរយៈយុទ្ធសាស្ត្រនេះ ក្រុមកងទ័ពដូចជានៅម៉ាលី គឺកំពុងប្រើវិធីដើម្បី​ការពារ​អំណាចខ្លួន ព្រោះថាបារាំងរិះគន់ និងទាមទារឲ្យ​មានការបោះឆ្នោតដោយសេរី។

ត្រង់នេះ មានអ្នកវិភាគ​នៅបារាំងខ្លះ ក៏លើកឡើងដែរថា បារាំងខ្លួនឯងដើរយុទ្ធសាស្ត្រខុស​ ដើរ​ចូល​អន្ទាក់​ពួករបបសិកម៉ាលី។ របបសិក​ម៉ាលី រករឿងឲ្យ​បារាំងខឹងក្តៅក្រហាយ ដើម្បីឲ្យ​បារាំងដកទ័ពចេញ ទុកទីលាន​ឲ្យទូលាយ​ ចាំទទួលក្រុមទាហានស៊ីឈ្នួលរបស់​រុស្ស៊ី។ បើទោះបីរបបសិកម៉ាលី បដិសេធ ថាគ្មានទាហានស៊ីឈ្នួល​រុស្ស៊ីក៏ដោយ តែ​ប្រភពជាច្រើនបានអះអាងដោយ​លែងលាក់​លៀមទៅហើយ ថាប្រទេសតំបន់សាហ៊ែលខ្លះ ចង់សាកឱសថថ្មី ជាមួយនឹងរុស្ស៊ី ព្រោះឱសថ​ចាស់​របស់បារាំង គឺវាគ្មាន​ប្រសិទ្ធភាពសោះ។ Rodrigue Koné ពន្យល់ថា ប្រជាជនមូលដ្ឋានមានអារម្មណ៍ខឹងអ្នកនយោបាយ​មុនៗ ដែលពុករលួយ គ្មានបានការ។ គេចង់ឃើញប្រទេសគេស្ថិតក្រោមអំណាចរឹងមាំ ខ្លាំងដូចជារបបសិក របបយោធានេះវិញម្តង។

ដកទ័ពចេញ ទុកទីវាល​ឲ្យរុស្ស៊ីនៅសាហ៊ែល?

នៅបារាំង ខណៈដែល​ការបោះឆ្នោត​ប្រធានាធិបតីអាណត្តិថ្មី កំពុងតែខិតជិតមកដល់ អ្នកនយោបាយ​​បារាំង​ ព្យាយាម​បង្ហាញគោលជំហររៀងៗខ្លួន​ទាក់ទិននឹងប្រតិបត្តិការ ក៏ដូចជាអន្តរាគមនន៍នៃកងទ័ពបារាំង នៅក្រៅប្រទេស។​ តើ​បារាំងគួរបន្តប្រតិបត្តិការកងទ័ព នៅសាហ៊ែលដែរឬទេ?

យ៉ាងណា សម្រាប់ពេលនេះ​ រដ្ឋាភិបាល​លោក​ម៉ាក្រុង មិនចង់សម្រេចអ្វីតែម្នាក់ឯងទេ ព្រោះថា​ការ​ប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតភេរវកម្មនៅតំបន់សាហ៊ែល គឺវាជា​យុទ្ធសាស្ត្ររួមសម្រាប់អឺរ៉ុបទាំងមូល។ តំបន់សាហ៊ែលបានសុខ​ គ្មានអស្ថិរភាព គ្មានក្រុមជីហាតអ៊ីស្លាមជ្រុលនិយម ប្រជាជនតំបន់ក៏មានសុខ ហើយ​មិន​ធ្វើចំណាកស្រុក ភៀសខ្លួនមកអឺរ៉ុប។ ហេតុដូច្នេះហើយ បានជាអឺរ៉ុប នឹងបើកវេទិកាកំពូលមួយ នៅថ្ងៃទី​១៧កុម្ភៈខាងមុខនេះ ដើម្បីជជែកគ្នាអំពីបញ្ហា​អឺរ៉ុប អាហ្វ្រិកនេះ ឲ្យ​បានច្បាស់។

ជម្រើសមាន​២ ទី១ដកទ័ពចេញទាំងស្រុង ទី២ គឺរៀបចំផែនការថ្មី យកទ័ពទៅដាក់នៅមូលដ្ឋាន ក្នុង​ប្រទេសមួយផ្សេងទៀត ក្រៅពីម៉ាលី។ តែយ៉ាងណា ប្រទេសជុំវិញម៉ាលី ក៏មើលទៅ នាំគ្នា​ប្រឆាំងទាំងអស់គ្នាទៅហើយ។ តែបើដកទ័ពចេញទាំងស្រុង បានន័យថា តំបន់នេះនឹងទូលាយ​ស្អាត សម្រាប់ឲ្យ​កងទ័ពរុស្ស៊ីចូលធ្វើអន្តរាគមន៍ជាក់ជាមិនខានទេ។ វាជារឿងដែលពិបាកថ្លឹងថ្លែងណាស់ សម្រាប់បារាំង ក៏ដូចជាសហភាព​អឺរ៉ុបទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ