អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការ​ផ្ទុះ​អាវុធ​ជាបន្តបន្ទាប់ នៅ​​ខាង​កើត​អ៊ុយក្រែន នឹង​បើក​ផ្លូវ​​ឲ្យរុស្ស៊ី​មាន​​លេស​​វាយ​ប្រហារ​​អ៊ុយក្រែន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំរឿងអ៊ុយក្រែន កាន់តែក្តៅគគុក​ឡើង ក្រោយ​ការ​ផ្ទុះអាវុធកាន់តែខ្លាំងទៅៗ​​ រវាង​ក្រុមឧទ្ទាម​បំបែក​ទឹក​ដី​ភាគខាងកើត និង​កងទ័ពជាតិ​អ៊ុយក្រែន។ គិតត្រឹមថ្ងៃសៅរ៍ទី ១៩កុម្ភៈនេះ​ មានទាហានអ៊ុយក្រែនម្នាក់បានស្លាប់។ ហើយ​កាលពីថ្ងៃសុក្រ ការបាញ់ប្លោងបានបណ្តាល​ឲ្យ​ផ្ទុះ​បណ្តាញបំពងបង្ហូរឧស្ម័​ន ​នៅទីក្រុងលូហ្កាន់ ហើយ​ប្រជាជន​ជាច្រើនពាន់នាក់នៅតំបន់នោះ បានភៀសខ្លួនទៅកាន់ទឹកដី​រុស្ស៊ី។ ហើយនៅព្រឹកថ្ងៃសៅរ៍នេះ មេដឹកនាំតំបន់​ផ្តាច់​ខ្លួន​ទាំង​២ នៅភាគខាង​កើតអ៊ុយក្រែន បាន​ប្រកាស​ ប្រមូលកម្លាំងទ័ពជាទូទៅ ដើម្បីត្រៀម​ប្រយុទ្ធជាមួយ​អ៊ុយក្រែន។ ចំណែក​​ លោក​ ចូ បៃដិនវិញ​ បានលើកឡើងថា​លោកជឿជាក់ ថា​លោក ពូទីន ប្រាកដជានឹង ប្រើកម្លាំងទ័ព​ វាយ​ប្រហារ​អ៊ុយក្រែន ក្នុងពេល​ឆាប់ៗនេះ។

រូបថត​ផ្តល់​ឲ្យ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី ៖ ទាហានរុស្ស៊ី នៅក្នុងពេល​ធ្វើ​សមយុទ្ធ ថ្ងៃទី ១៩ កុម្ភៈ ២០២២ នៅមូលដ្ឋាន Obuz-Lesnovsky ក្នុងទឹកដី​បេឡារុស។
រូបថត​ផ្តល់​ឲ្យ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី ៖ ទាហានរុស្ស៊ី នៅក្នុងពេល​ធ្វើ​សមយុទ្ធ ថ្ងៃទី ១៩ កុម្ភៈ ២០២២ នៅមូលដ្ឋាន Obuz-Lesnovsky ក្នុងទឹកដី​បេឡារុស។ AP
ផ្សាយពាណិជ្ជកម្ម

ផ្ទុះអាវុធ កេណ្ឌទ័ព ជម្លៀសប្រជាជន

ការពិតទៅ ការផ្ទុះអាវុធ រប៉េះរប៉ោះ បំពាននឹងបទឈប់បាញ់ ខែកក្កដាឆ្នាំ​២០២០ តែងតែមាន​ជារឿយៗ បន្តិចបន្តួច នៅតាមខ្សែព្រំដែន រវាងអ៊ុយក្រែន និង​តំបន់ផ្តាច់ខ្លួនទាំង២ គឺដែនដី​ដូណេត និង​ដែនដីលូហ្កាន់។ តែយ៉ាងណា យោងតាម​អង្គការ​ OSCE គឺ​ការ​ផ្ទុះអាវុធ បាញ់ប្លោងដាក់​គ្នា បាន​កើនឡើង ខ្លាំងសម្បើម​ណាស់ នាប្រមាណ​២-៣ ថ្ងៃមកនេះ។ ការផ្ទុះអាវុធនេះ គឺ​មានរាប់ទាំង ការបាញ់​ប្លោងគ្រាប់កាំភ្លើងធំ ជាច្រើនរយគ្រាប់ ដោយភាគីទាំងសងខាង ចោទគ្នាទៅវិញ​ទៅមក ថាជាអ្នករករឿងមុន។

យោងតាមក្រសួងការពារជាតិអ៊ុយក្រែន គិតត្រឹមថ្ងៃសៅរ៍នេះ គឺ​មានទាហានអ៊ុយក្រែនស្លាប់ម្នាក់ នៅសមរភូមិខាងកើត។ នៅ​តំបន់ផ្តាច់ខ្លួន​​លូហ្កាន់ កាលពីថ្ងៃសុក្រម្សិលមិញ គ្រាប់កាំភ្លើងធំបានធ្លាក់ទៅលើសាលាបឋមសិក្សាមួយកន្លែង ហើយ​គ្រាប់ផ្សេងទៀត ​បានធ្លាក់ធ្វើ​ឲ្យ​ផ្ទុះបណ្តាញ​បំពង់បង្ហូរឧស្ម័នរុស្ស៊ី។

មេដឹកនាំតំបន់ផ្តាច់ខ្លួនទាំង២ បានប្រកាសជន្លៀសប្រជាជន​ប្រមាណ​៧សែននាក់ ចូលទៅខាងទឹកដីរុស្ស៊ី ដោយ​បានអះអាងថា អ៊ុយក្រែននឹង​បើកការវាយ​ប្រហារ ក្នុងពេល​ឆាប់ៗនេះហើយ។ ហើយ​នៅព្រឹកថ្ងៃសៅរ៍នេះ មេដឹកនាំតំបន់ផ្តាច់ខ្លួនដែល​កាន់ជើងរុស្ស៊ីនេះ បាន​ប្រកាស​ប្រមូល កេណ្ឌកម្លាំងទ័ព ហៅឲ្យ​ប្រជាជនដែលគ្រប់អាយុ មានកម្លាំង ត្រូវ​ស្ម័គ្រចិត្ត កាន់​អាវុធ ដើម្បី​ត្រៀម​ប្រយុទ្ធការពារដែនដី កុំឲ្យអ៊ុយក្រែនចូលឈ្លានពានបាន​។

លេសដើម្បី​បើក​ការវាយ​ប្រហារលើ​អ៊ុយក្រែន

ការផ្ទុះអាវុធនៅភាគខាងកើតអ៊ុយក្រែន ក្នុងតំបន់របស់ពួកឧទ្ទាមនេះ វាអាចជាជំហានដំបូង ដែល​នឹងបើកផ្លូវ​ ឲ្យរុស្ស៊ី​មានហេតុផល ដើម្បី​ប្រើកម្លាំងវាយ​ប្រហារអ៊ុយក្រែន។ មន្ត្រីក្រសួងការពារជាតិអាមេរិកម្នាក់ បានអះអាងថា ភាពចលាចល ការផ្ទុះអាវុធ និងការជន្លៀសមនុស្ស ចេញពីតំបន់ផ្តាច់ខ្លួនភាគខាងកើតនាពេលនេះ គឺជា​យុទ្ធសាស្រ្ត​របស់រុស្ស៊ីទាំងស្រុង ដើម្បី​បង្កើតបញ្ហា ឲ្យឃើញថាអ៊ុយក្រែនជាអ្នករករឿងមុន។

ក្រសួងការពារជាតិអាមេរិកអះអាងថា បច្ចុប្បន្ននេះ បើរាប់ទាំង​កម្លាំងរបស់​ក្រុមឧទ្ទាមបំបែកទឹកដីផង គឺរុស្ស៊ីមានកម្លាំងទ័ព​ប្រមាណ ១៩ម៉ឺននាក់ ឡោមព័ទ្ធអ៊ុយក្រែន ពី​ជើងរហូតដល់ត្បូងតែម្តង។ នេះគឺជាចំនួនទ័ព​ដ៏ច្រើនបំផុត បើគិតពី​ក្រោយ​សង្គ្រាម​ត្រជាក់​មក។​ ប្រភពដដែលនេះ អះអាងថា​កម្លាំងទាហានរុស្ស៊ី ចំនួន​ ពី ៤០% ទៅ ៥០% កំពុងស្ថិតនៅ​ក្នុ​ងភាពបម្រុង ដើម្បី​បើកការប្រយុទ្ធ រួចទៅ​ហើយ។

យ៉ាងណាមិញ នៅថ្ងៃសៅរ៍នេះ លោកពូទីន កំពុងដឹកនាំ​ការ​ធ្វើ​សមយុទ្ធយោធា ទ្រង់ទ្រាយធំណាស់ ជាមួយ​ប្រធានាធិបតី​បេឡារុស។ ជាសមយុទ្ធ ដែល​រុស្ស៊ី​បញ្ចេញ​គ្រប់គ្រឿងសព្វាវុធតែម្តង តែផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស នាវាមុជទឹកបាតសមុទ្រ នាវាចម្បាំង យន្តហោះទម្លាក់គ្រាប់បែក នឹង​មានទាំងប្រើ​មីស៊ីល​បាលីស្ទីក អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ថែមទៀតផង។ ទោះបី​ក្រសួងការពារជាតិរុស្ស៊ី អះអាងថា នេះជា​ការធ្វើសមយុទ្ធធម្មតាៗក៏ដោយ តែក្នុង​បរិបទបែបនេះ គឺមិនអាចមិនធ្វើឲ្យគេគិត ថាវាការត្រៀមកម្លាំងវាយ​ប្រហារអ៊ុយក្រែននោះទេ។

លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក បាន​លើកឡើង តាមកញ្ចក់ទូរទស្សន៍ ABC ថាលោកពូទីន កំពុងតែរំកិលកូនអុកកាន់តែច្រើនហើយ ដែលចាំបាច់សម្រាប់បើកការវាយ​ប្រហារឈ្លានពាន​អ៊ុយក្រែន​។ លោកថា នេះមិនមែនជាការ​កំញើញ បំភ័យត្រឹមតែរូបភាពនោះទេ តែគឺរុស្ស៊ីអាចនឹង​វាយ​ប្រហារពិតប្រាកដមែន​។ យ៉ាង​ណា​មិញ​ កាលពីថ្ងៃសុក្រុម្សិលមិញ លោកចូ បៃដិន ក៏បានអះអាងដែរ ថា លោកជឿជាក់ លោកពូទីន បានសម្រេចចិត្តរួចទៅហើយ ថានឹងឈ្លានពានអ៊ុយក្រែន។ តែយ៉ាងណា លោក ចូ​បៃដិន អះអាងថា ដរាបណា មិនទាន់មានការវាយ​ប្រហារជាក់ស្តែងទេ គឺ​លោក​នៅតែផ្តល់អាទិភាព ដល់ដំណោះស្រាយ​ចរចាផ្នែកការទូត។

ដំណោះស្រាយ​ការទូត កាន់តែថយពន្លឺសង្ឃឹម

ទោះសង្ឃឹមតិចស្តួចស្តើងប៉ុណ្ណា ក៏គេចាំបាច់ត្រូវតែប្រឹងប្រែងផ្តល់​អាទិភាពដល់​ការ​ចរចា​ដែរ​ ដើម្បី​បញ្ចៀសការផ្ទុះអាវុធ។ លោក ចូ បៃដិន បានអះអាងថា នៅថ្ងៃព្រហស្បតិ៍ក្រោយ លោក​រដ្ឋមន្ត្រីការបរទេសអាមេរិក អង់តូនី ប្លីងកិន នឹងជួប​ប្រជុំជាមួយ លោករដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ម្តងទៀត។ ចំណែកនៅថ្ងៃអាទិត្យ​ស្អែកនេះ លោក ម៉ាក្រុង នឹងទូរស័ព្ទទៅនិយាយជាមួយ​លោកពូទីន ជាថ្មីម្តងទៀតដែរ។ យោងតាមប្រភពពី​ក្រសួងការបរទេសបារាំង បើពិនិត្យ​លើអ្វីដែលរុស្ស៊ីបានទាមទារ មកក្រុមប្រទេសលោកខាងលិច គឺវានៅមានចន្លោះដែល អាច​ឲ្យ​គេនិយាយគ្នាបាន ស្តីពី​បញ្ហាធានា​សន្តិសុខទាំងសងខាង។

តែយ៉ាងណា ក្រុមប្រទេសលោកខាងលិច ក៏ត្រៀម​កម្លាំងទប់ទល់ជាមួយរុស្ស៊ីដែរ បើក្នុង​ករណីការចរចាបរាជ័យទាំងស្រុង។ ថ្លែងនៅក្នុង​អង្គសន្និសីទ​ស្តីពីសន្តិសុខនៅក្រុងមុយនីឆ លោក​រដ្ឋមន្ត្រីការបរទេសបារាំង បាន​លើកឡើងថា រុស្ស៊ីត្រូវតែ​បើកចិត្ត ព្រមចរចា​ដោយស្មោះត្រង់ មិនមែន​មាត់ថាចង់ចរចា ហើយ​ទង្វើជាក់ស្តែងធ្វើផ្ទុយនោះទេ។ លោក​រដ្ឋមន្ត្រីការបរទេសបារាំង អះអាងថា បើ​ក្នុងករណី​រុស្ស៊ីឈ្លានពានអ៊ុយក្រែនមែន គឺ​អឺរ៉ុបនឹងរួមកម្លាំងគ្នា ដាក់ទណ្ឌកម្ម​លើរុស្ស៊ី ឲ្យធ្ងន់បំផុត។​ លោក​ស្រីប្រធានគណកម្មការអឺរ៉ុប បានគំរាមថា បើរុស្ស៊ីវាយ​អ៊ុយក្រែមែន នោះទណ្ឌកម្មអឺរ៉ុប ប្រាដកជាវាយ​បំបាក់ ភាពរីកចម្រើនរបស់រុស្ស៊ី។

កិច្ចប្រជុំនៅក្រុងមុយនីឆ នៅថ្ងៃសៅរ៍នេះ ក៏មានវត្តមានចូលរួម​ ដោយ​លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡិនស្គី និង លោករដ្ឋាភិបាលអាល្លឺម៉ង់ អូឡាហ្វ ស្ហុល និង លោកស្រីកាម៉ាឡា ហារី អនុ​ប្រធានាធិបតីអាមេរិកដែរ​។ តាមការរំពឹងទុក ក្រុមប្រទេសលោកខាងលិច នឹងរួមកម្លាំងគ្នា ជួយអ៊ុយក្រែន ទាំងផ្នែកកម្លាំងកម្លាំង សព្វាវុធ និង​ថវិកា។ កងទ័ពសម្ព័ន្ធមិត្តអូតង់ ក៏នឹងពង្រឹងបន្ថែម​កម្លាំងផងដែរ នៅ​ភាគខាងកើតអឺរ៉ុប ដើម្បីទប់ទល់ជាមួយ​រុស្ស៊ី​​។ សេចក្តីសង្ឃឹមចរចា កាន់តែផុតផើយ រីឯរងើកភ្លើងសង្គ្រាម កាន់តែឆាបឆេះ ខ្លាំងឡើងៗហើយ!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ