អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំងអះអាងថា លោកបៃដិន និង​លោកពូទីន យល់ព្រមជួបគ្នា ដើម្បី​ដោះស្រាយ​វិបត្តិ​​​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃអាទិត្យ​ទី​២០កុម្ភៈ លោក​ម៉ាក្រុង​ ប្រធានាធិបតីបារាំង បានប្រឹងប្រែងស្វែងរកវិធី ដើម្បី​បញ្ចៀសសង្គ្រាមនៅ​អ៊ុយក្រែន។ លោក​ម៉ាក្រុង បានទូរស័ព្ទទៅនិយាយដោយ​ផ្ទាល់ ជាមួយ​លោកពូទីន និង​លោកចូ បៃដិន។​ វិមានប្រធានាធិបតី​បារាំង បាន​ឲ្យដឹង​នៅក្នុង​វេលាយប់ថ្ងៃអាទិត្យ​ឈានចូលថ្ងៃចន្ទ ថា​ ក្រោយជំនួប​តាមទូរស័ព្ទ អស់​ជាច្រើនម៉ោងនេះ លោកពូទីន និង លោកចូ បៃដិន បានសុខចិត្ត​ យល់ព្រម​ជួប​គ្នា​មួយទល់នឹងមួយ នៅក្នុងជំនួប​កំពូលមួយ ដែល​គេនឹងរៀបចំក្នុងពេលឆាប់ៗនេះ។ ដំណឹងនេះ គឺជាពន្លឺនៃក្តីសង្ឃឹមមួយ ដើម្បីស្វែងរក​ដំណោះស្រោយ​ដោយសន្តិវិធី ក្នុង​វិបត្តិអ៊ុយក្រែន។

លោកពូទីន និង​លោកចូ បៃដិន ពេលជួប​គ្នានៅ​ក្រុងហ្សឺណែវ ថ្ងៃទី ១៦ មិថុនា ២០២១
លោកពូទីន និង​លោកចូ បៃដិន ពេលជួប​គ្នានៅ​ក្រុងហ្សឺណែវ ថ្ងៃទី ១៦ មិថុនា ២០២១ AP - Patrick Semansky
ផ្សាយពាណិជ្ជកម្ម

លោក​ម៉ាក្រុង​ ប្រឹងប្រែងបញ្ចុះបញ្ចូលតាមទូរស័ព្ទ

យោងតាមវិមានអេលីហ្សេ គឺលោក​ម៉ាក្រុង​ បានអង្គុយចុចទូរស័ព្ទ និយាយជាមួយមេដឹកនាំដែលពាក់ព័ន្ធ សឹងតែពេញ​មួយយប់ថ្ងៃអាទិត្យ ដើម្បី​ព្យាយាមរកច្រកចេញ បញ្ចៀសសង្គ្រាម​ឲ្យ​បាន​។ នៅថ្ងៃអាទិត្យ​ម្សិលមិញនេះ លោក​ម៉ាក្រុង​បានទូរស័ព្ទទៅនិយាយជាមួយ​លោកពូទីន ហើយ​បន្ទាប់​មក​ បានទូរស័ព្ទនិយាយជាមួយ​លោក វ្លូឌីមៀរ ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន និង​ លោក​ចូ បៃដិនថែមទៀត។ នៅវេលាយប់ដដែលនោះ លោក​ម៉ាក្រុង បានទូរស័ព្ទ ទៅលោកពូទីនម្តងទៀត ដើម្បី​បញ្ជាក់​ប្រាប់ពីគោលជំហររបស់ភាគីអាមេរិក។

ជាលទ្ធផលនៃការនិយាយទូរស័ព្ទចរចា បញ្ចុះបញ្ចូលនេះ វិមាន​ប្រធានាធិបតីបារាំង បានប្រកាសនៅវេលាម៉ោង​ប្រមាណ​២ទៀបភ្លឺថា លោក ចូ បៃដិន និង​ លោកពូទីន បានប្រាប់ទៅលោកម៉ាក្រុង ថាយល់ព្រម​សុខចិត្តជួបគ្នាមួយទល់នឹងមួយ នៅក្នុងជំនួប​កំពូល​មួយ ដែលគេនឹងរៀបចំក្នុងពេល​ឆាប់ៗនេះ។ ក្រោយការប្រកាស​របស់​វិមានប្រធានាធិបតី​បារាំងនេះ អ្នកនាំពាក្យសេតវិមានអាមេរិក បាន​អះអាងថា លោក​ចូ បៃដិន បានយល់ព្រមជួបជាមួ​យ​លោកពូទីនមែន តែមានលក្ខខណ្ឌ​មួយ​ គឺថាពីពេលនេះរហូតដល់ថ្ងៃជួបគ្នា គឺរុស្ស៊ី មិនត្រូវ​បើកការវាយ​ប្រហារទៅលើអ៊ុយក្រែនជាដាច់ខាត។ ពុំនោះទេ នឹងគ្មានជំនួប​កំពូលនេះឡើយ។

ដោយឡែក វិមាន​ក្រឹមឡាំង​វិញ បានប្រកាសនៅព្រឹកថ្ងៃចន្ទនេះថា សម្រាប់ពេល​នេះ វាតក់ក្រហល់ពេក​ហើយ ដែល​ត្រូវនិយាយពី ការរៀបចំជំនួប​កំពូលរវាង​លោក​ពូទីន និង លោក​បៃដិន។ តែយ៉ាងណា នៅក្នុងពេល​និយាយទូរស័ព្ទជាមួយ​លោក​ម៉ាក្រុង គឺលោកពូទីន បាន​បង្ហាញជំហរច្បាស់ ថានឹងបន្តប្រឹងប្រែងរកវិធីចរចាគ្នា។ ដូច្នេះ បើ​ទាំងលោកពូទីន និង​លោកចូ បៃដិនគិតថា វាមាន​ប្រយោជន៍ដែលត្រូវជួបគ្នា នោះគេនឹងជួបនិយាយគ្នា​។

ជំនួបកំពូលដែលមិនទាន់​មានរូបរាង្គ

សម្រាប់ពេលនេះ គឺវាគ្រាន់តែជាការប្រកាសបែបការទូត ថាអាចមានជំនួបកំពូលរវាងលោកពូទីន និង​លោកចូ បៃដិន គ្រាន់តែថាពេលណា នៅទីកន្លែងណា គឺគេមិនទាន់ដឹងទេ។ ហើយ​ខ្លឹមសារនៃការនិយាយគ្នា ក៏មិនទាន់ត្រូវបានកំណត់ដែរ។

អ្វីៗនឹងអាចត្រូវបាន​គូសវាសច្បាស់ នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះហើយ ព្រោះជាថ្ងៃ​ដែល​ ប្រមុខការទូតរុស្ស៊ី និងអាមេរិក គឺ​លោកស៊ែហ្កី ឡាវរ៉ូវ និង​លោក​អង់តូនី ប្លីងកិន ត្រូវជួបគ្នា។ តាមការរំពឹងទុក ប្រមុខការទូតទាំងពីរនេះ អាចនឹងនិយាយគ្នា អំពី លទ្ធភាព​នៃការរៀបចំជំនួប​កំពូល មួយទល់នឹងមួយ រវាងលោកចូ បៃដិន និង លោកពូទីន តួយ៉ាងអំពីកាលបរិច្ឆេទប្រជុំ ​ទីតាំងប្រជុំ ព្រមទាំងចំណុចធំៗ ដែល​មេដឹកនាំទាំង២ ត្រូវនិយាយគ្នា។

ទាក់ទិននឹងខ្លឹមសារនៃចំណុចធំៗនេះ គឺសំខាន់ណាស់ ព្រោះវាជាគន្លិះដែលអាចឈានទៅរក​ការត្រូវរ៉ូវ​គ្នាណាមួយ​។​ ចំណុចធំៗទាំងនោះ មានដូចជា បញ្ហា​តំបន់ភាគខាងកើតអ៊ុយក្រែន ដែល​គ្រប់គ្រងដោយ​ក្រុមឧទ្ទាម​បំបែកទឹកដី គាំទ្រខាងរុស្ស៊ី បញ្ហាសន្តិសុខអឺរ៉ុបទាំងមូល ដែល​អូតង់ និង​ រុស្ស៊ីកំពុងប្រឈមមុខដាក់គ្នា ព្រមទាំងសំណុំរឿងការពង្រីក​សមាជិក​របស់អូតង់ ទៅកាន់ប្រទេសអឺរ៉ុបខាងកើតផ្សេងទៀត។

រុស្ស៊ីបានទាមទារច្រើនចំណុចណាស់ ជាក់ស្តែង គឺការហាមដាច់ខាត មិនឲ្យអូតង់ទទួលអ៊ុយក្រែន ចូលជាសមាជិក និង​ហាមអូតង់ ត្រូវឈប់​ធ្វើសមយុទ្ធយោធា នៅតាម​ប្រទេសអតីតកូនចៅសូវៀត ដែលមាន​ព្រំដែនជាប់រុស្ស៊ី ជាដើម។ ដូច្នេះបើ​ពិតជាមានជំនួបកំពូលពិតមែន គឺភាគីអាមេរិក ត្រូវតែពិនិត្យ​ពិចារណា លើការទាមទារ​ទាំងនេះ របស់​រុស្ស៊ី ថាអាមេរិក​អាចធ្វើសម្បទានអ្វីខ្លះ មិនព្រមលើអ្វីខ្លះ ។ តែបើនៅតែរឹងរៀងៗខ្លួនទេ គឺ​ជំនួបកំពូលនេះ នឹងគ្មានន័យអ្វីឡើយ សង្គ្រាម​នៅអ៊ុយក្រែន គឺបានត្រឹមតែបញ្ចៀសមួយរយៈពេលតូចតែប៉ុណ្ណោះ។

ផ្អែកតាម​វិមានប្រធានាធិបតី​បារាំង នៅក្រោយ​ជំនួបកំពូល​ទ្វេភាគីរវាង​លោកពូទីន និង​លោក​បៃដិន គឺគេ​នឹងពង្រីកកម្មវិធីប្រជុំមួយ​ទៀត ឲ្យ​ភាគីពាក់ព័ន្ធផ្សេងទៀតអាចចូលរួមប្រជុំដែរ។ ភាគីពាក់ព័ន្ធទាំងនោះ គឺអាចមានអ៊ុយក្រែន មានអូតង់ មាន​សហភាពអឺរ៉ុប និង​អង្គការ​ OSCE ជាដើម ។ល។ យ៉ាងណាមិញ​នៅថ្ងៃចន្ទនេះ រដ្ឋាភិបាល​អ៊ុយក្រែន​ បានសំដែងការអបអរ ដែល​ពន្លឺនៃការចរចា បានភ្លឺមកវិញខ្លះ។ តែយ៉ាងណា លោក Oleksiy Danilov ប្រធាន​ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែន អះអាងថា ជំនួប​កំពូលរវាង​អាមេរិក និងរុស្ស៊ី នឹងមិនអាចដោះស្រាយអ្វីបានទេ ប្រសិន​បើគេមិនរាប់អ៊ុយក្រែន ឲ្យ​ចូលប្រជុំជាមួយ​ទេនោះ។

សង្គ្រាមនៅមិនទាន់ទៅណាឆ្ងាយ​

សម្លេងផ្ទុះ គ្រាប់កាំភ្លើង គ្រាប់​កាំភ្លើងត្បាល់ បាន​បន្តផ្ទុះកាន់តែខ្លាំងឡើងៗ នៅតំបន់លូហ្កាន់ និង​តំបន់ដូណេត ដែលជាតំបន់ផ្តាច់ខ្លួនទាំង២ នៅភាគខាងកើតអ៊ុយក្រែន។ មេដឹកនាំតំបន់ផ្តាច់ខ្លួននេះ បានអះអាងថាគេ​បានជន្លៀសមនុស្ស​ ជាង​៥ម៉ឺននាក់ ទៅរកកន្លែងមានសុវត្ថិភាព នៅខាងដីរុស្ស៊ី។ ហើយ​នៅព្រឹកថ្ងៃចន្ទនេះ ក្រុម​ឧទ្ទាមបំបែកទឹកដី ដែលជាកូនចៅរុស្ស៊ីនេះ​ បាន​អះអាងថា មាន​ប្រជាជនស្លូតត្រង់ចំនួន​២នាក់ បានស្លាប់ដោយ​សារគ្រាប់កាំភ្លើងធំ របស់ទាហានអ៊ុយក្រែន។

តែយ៉ាងណា ខាងអ៊ុយក្រែន គេបានប្រកែក ថាគឺក្រុម​ឧទ្ទាមខ្លួនឯងទេ ដែលជាអ្នកបង្ករឿង បាញ់​បោះតែខ្លួនឯង ធ្វើ​ឲ្យ​ស្លាប់មនុស្ស ដើម្បីរកលេស​ចោទអ៊ុយក្រែន។ ការជន្លៀសមនុស្ស​ចេញ​ ធ្វើដូចភ័យផ្អើលឈូរឆនេះទៀតសោត ក៏ជាយុទ្ធសាស្ត្ររបស់រុស្ស៊ីដែរ ដើម្បី​ចោទថាអ៊ុយក្រែនបង្ករឿង បំពានបទឈប់បាញ់ ដើម្បីបានលេស​ឈ្លានបានអ៊ុយក្រែនតែប៉ុណ្ណោះ។

ទាក់ទិននឹងបញ្ហា​ បទឈប់បាញ់នៅភាគខាងកើតអ៊ុយក្រែននេះ អង្គការ OSCE បើកការប្រជុំវិសាមញ្ញមួយ នៅថ្ងៃ​ចន្ទ​នេះ ព្រោះថាអង្គការនេះ ទាំងអ៊ុយក្រែន ទាំងរុស្ស៊ីក៏ជាសមាជិក ហើយអង្គការនេះមានតួនាទីជាអាជ្ញាកណ្តាល​ ដោះស្រាយវិបត្តិនៅភាគខាងកើតអ៊ុយក្រែន។

ជារួមមក គឺការបារម្ភ អំពី​ការឈ្លានពានអ៊ុយក្រែន ពីសំណាក់រុស្ស៊ី គឺនៅតែមានធំដដែលទេ។ ទាហានរុស្ស៊ី​ប្រមាណ​១៥ម៉ឺននាក់ នៅតែព័ទ្ធជុំវិញអ៊ុយក្រែនដដែលទេ។ ជាក់ស្តែង​ រដ្ឋាភិបាល​​បេឡារុស បានឲ្យដឹងថា ទាហានរុស្ស៊ី ដែលបានមកធ្វើសមយុទ្ធនៅបេឡារុស ប៉ុន្មានថ្ងៃមុននេះ គឺនឹង​នៅបន្តទៀត ព្រោះថា គេគ្រោងរៀបចំការធ្វើសមយុទ្ធ​ផ្សេងទៀត។ ជាងនេះទៀត រដ្ឋាភិបាលអាមេរិក​ បានអះអាងនៅ​ក្នុងលិខិតមួយ ផ្ញើទៅកាន់ឧត្តមក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ថា គេមានឯកសារសំងាត់មួយរបស់រុស្ស៊ី ដែលរុស្ស៊ី​បានធ្វើ​តារាងឈ្មោះជនជាតិអ៊ុយក្រែន អ្នកណាដែល​ត្រូវសម្លាប់ចោល អ្នកណាដែលត្រូវចាប់ដាក់គុក ក្នុងករណីរុស្ស៊ីលើកទ័ពចូលអ៊ុយក្រែន។ ភាគីអាមេរិក អះអាង​ថា​ឯកសារនេះ វាបញ្ជាក់យ៉ាងច្បាស់ ថា​រុស្ស៊ី​​ពិតជាមានផែនការ ចូលឈ្លានពាន​គ្រប់គ្រង​អ៊ុយក្រែន​​ពិត​មែន ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ