អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែន​តស៊ូ​​ប្រយុទ្ធ​ទល់​នឹង​ការ​ប៉ុនប៉ង​កាន់​កាប់​ក្រុង​គៀវ​ពី​សំណាក់​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រតិបត្តិការ​សឹក​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​កំពុង​បន្ត​មាន​យ៉ាងសន្ធឹក​។ ចាប់​តាំងពី​យប់​ថ្ងៃ​សុក្រ ២៥កុម្ភៈ​ម្សិលមិញ​មក​ កម្លាំង​ទ័ពរុស្ស៊ី​បាន​ព្យាយាម​កាន់កាប់​ទីក្រុងគៀវ​ ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រុស្ស៊ី​និង​អ៊ុយក្រែន​ក៏​ចាប់ផ្ទុះ​ឡើងនៅ​តាម​ដងផ្លូវ​ជាច្រើន​នៃ​ក្រុងគៀវ​។ កម្លាំង​រុស្ស៊ី​កំពុង​ព្យាយាម​ទម្លុះ​តំបន់​ការពារ​រដ្ឋធានីរបស់អ៊ុយក្រែន​ ប៉ុន្តែ​មិន​បាន​សម្រេចទេ​នា​​ពេល​នេះ​។ ពិភពលោក​កំពុង​មាន​ការ​តក់ស្លុតជា​ខ្លាំង​ចំពោះ​ស្ថានការណ៍​ដ៏​ក្តៅ​គគុក​ដែល​កំពុងកើតមាន​នៅ​អ៊ុយក្រែន​នេះ​។ តើ​សង្គ្រាម​នៅ​អ៊ុយក្រែន​វិវត្ត​ដល់ណាហើយ​? តើសង្គ្រាមនេះ​នឹង​អូស​បន្លាយ​ដល់​ពេល​ណា​ទៅ​?

ទាហានអ៊ុយក្រែនស្ថិតនៅកន្លែងនៃការប្រយុទ្ធមួយនៅក្នុងរដ្ឋធានីគៀវរបស់អ៊ុយក្រែននាព្រឹកថ្ងៃសៅរ៍ទី ២៦ ខែកុម្ភៈឆ្នាំ ២០២២។
ទាហានអ៊ុយក្រែនស្ថិតនៅកន្លែងនៃការប្រយុទ្ធមួយនៅក្នុងរដ្ឋធានីគៀវរបស់អ៊ុយក្រែននាព្រឹកថ្ងៃសៅរ៍ទី ២៦ ខែកុម្ភៈឆ្នាំ ២០២២។ AFP - SERGEI SUPINSKY
ផ្សាយពាណិជ្ជកម្ម

តើ​សង្គ្រាម​នៅ​អ៊ុយក្រែន​វិវត្ត​ដល់​ណា​ហើយ?

ស្ថានការណ៍​នៅក្នុង​ប្រទេសអ៊ុយក្រែន​កំពុង​បន្ត​ពុះកញ្ជ្រោលខ្លាំង​។​ នេះ​គឺជា​វេលាដ៏គួរ​ឲ្យភ័យខ្លាំង​បំផុត​មួយ​សម្រាប់​ប្រជាជន​អ៊ុយក្រែន​ ហើយ​ពិភពលោក​ក៏​កំពុង​មាន​ការ​តក់ស្លុត​និង​កំពុងបើកភ្នែកធំៗ​ដោយបាន​ឃើញ​ប្រទេស​មហាអំណាច​រុស្ស៊ី​វាយឈ្លាន​ពាន​ប្រទេសជិត​ខាង​អឺរ៉ុប​ជាលើក​ដំបូង​ចាប់តាំងពី​សង្គ្រាម​លោកលើកទី ២មក​។

យោងទៅតាម​ព័ត៌មានចុងក្រោយ​ កងទ័ពរុស្ស៊ី​កំពុង​បន្តការ​វាយប្រហារ​យ៉ាងសន្ធឹក​ដើម្បី​គ្រប់​គ្រង​រដ្ឋធានី​គៀវ​របស់​អ៊ុយក្រែន​។ ការ​ប្រយុទគ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ នៅ​តាម​ដងផ្លូវ​ជាច្រើន​ក្នុងទីក្រុងគៀវ​បាន​ចាប់ផ្ទុះឡើង​តាំងពី​យប់ថ្ងៃ​សុក្រ​ម្សិលមិញ​ម្ល៉េះ​ ពោល​នៅ​ប៉ុន្មានម៉ោង​ក្រោយ​ប្រធានធិបតីអ៊ុយក្រែន​ហ្សេឡេនស្គី ទាញ​សញ្ញា​អាសន្ន​ពី​ការ​ប៉ុនប៉ង​របស់​ទីក្រុងមូស្គូក្នុងការ​វាយ​ដណ្តើម​យក​រដ្ឋធានី​គៀវ​ឲ្យបាន​នៅ​មុន​ថ្ងៃរះ​ក្នុង​ថ្ងៃ​សៅរ៍​នេះ​។

កាលពី​យប់មិញ​ រុស្ស៊ីក៏បាន​បើកការ​វាយប្រហារ​ពី​ចម្ងាយ​ដោយប្រើ​មីស៊ីលបាញ់​ចេញ​ពី​នាវាមុជទឹក​សំដៅ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​សំខាន់ៗ​របស់​អ៊ុយក្រែនដែរ​។ នៅព្រឹក​ថ្ងៃសៅរ៍នេះ​ ហេតុការណ៍ផ្ទុះ​ ស្នូរគ្រាប់កាំភ្លើងជាច្រើន​ត្រូវបានគេ​រាយការណ៍​នៅផ្នែក​មួយចំនួន​នៃទីក្រុង​គៀវ ខណៈ​ដែល​កង​កម្លាំងរុស្ស៊ីកំពុង​បន្ត​ការ​វាយ​លុក​រុល​ចូល​កាន់កាប់​ទីក្រុង​នេះ​។

ទោះរង​ការ​វាយប្រហារ​ដោយមីស៊ីល​ និងការបាញ់កាំភ្លើងពេញមួយយប់ក្តី គៀវនៅ​តែ​មិន​ទាន់​ធ្លាក់ក្នុង​កណ្តាប់ដៃ​របស់​ទ័ព​រុស្ស៊ីនៅឡើយនោះទេ​ និងបន្ត​ស្ថិតនៅក្រោមការគ្រប់គ្រង​របស់​អ៊ុយក្រែន​ដដែល។ ហើយបើតាមប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី កង​ទ័ព​អ៊ុយក្រែនដែលហានក្លា​មិនព្រមចុះចាញ់នោះទេ និងនៅបន្តតស៊ូ​ប្រយុទ្ធ​រុញ​ច្រាន​ទ័ព​រុស្ស៊ី​ឲ្យ​បក​ត្រលប់​ក្រោយ​វិញ​។

រដ្ឋមន្ត្រី​សុខាភិបាល​អ៊ុយក្រែន​ Viktor Lyashko បានឲ្យដឹងនៅ​ថ្ងៃសៅរ៍នេះ​ដែរថា​មាន​ជន​ស៊ីវិល​ប្រមាណ ១៩៨នាក់ក្នុងនោះ​មាន​កុមារបីនាក់​ផង​ត្រូវបានសម្លាប់​ដោយកង​កម្លាំង​រុស្ស៊ី​ដែល​បើកវាយ​ប្រហារ​លើអ៊ុយក្រែន​។ អ៊ុយក្រែន​ដែលលោកសង្កត់​ធន់​ថា​ជាអ្នក​ដែល​និយម​គាំទ្រ​បស្ចិមលោក​។ ក្រៅពីតែពីអ្នកស្លាប់​ បើតាមសារដែល​រដ្ឋមន្ត្រីសុខាភិបាល​អ៊ុយក្រែនបាន​សរសេរនៅលើ​ហ្វេសប៊ុក​ មកទល់នឹងពេលនេះ​ ខាងអ៊ុយក្រែន​មានអ្នក​រង​របួស​ជាង ១ ១០០ នាក់​ក្នុងនោះមានកុមារ​៣៣នាក់​។

ចំណែកជនភៀសខ្លួនអ៊ុយក្រែនវិញក៏កំពុងកើនឡើងខ្លាំងណាស់​ដែរ។ អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់ស្មានថា​មនុស្សជាង ១២ម៉ឺននាក់បានភៀសខ្លួនចេញពី​ប្រទេស​អ៊ុយក្រែន​ក្នុង​រយៈពេល ៤៨​ម៉ោង​ចុង​ក្រោយ​នេះ​។

អ៊ុយក្រែន​តស៊ូ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី

នេះគឺជា​វេលា​ក៏លំបាកខ្លាំងណាស់សម្រាប់អ៊ុយក្រែន ​ពីព្រោះ​ថា​អ៊ុយក្រែនដែលតូចនិង​ខ្សោយ​ ត្រូវ​ប្រយុទ្ធ​តតាំង​តែឯង​ទៅ​នឹងការវាយប្រហាររបស់​រុស្ស៊ីដែលជា​ប្រទេសធំ​និង​ខ្លាំង​ជាង​ ខ្លាំងជាងទាំង​កម្លាំងទ័ព​និង​សព្វាវុធយោធា​។

ការប្រយុទ្ធគ្នា​នៅតែបន្ត​នៅ​ក្នុង​រដ្ឋធានីគៀវ​ និងតំបន់ផ្សេងៗគ្នា​នៃ​ប្រទេស​អ៊ុយក្រែន​។ យ៉ាងណាក៏ដោយ​ កងទ័ព​អ៊ុយក្រែន​ហាក់​មិន​បាក់ស្បាត​នោះទេ​ និងមិន​ព្រម​ទមា្លក់​អាវុធចុះចាញ់ងាយៗឡើយ​ ហើយបាននិងកំពុងតស៊ូប្រយុទ្ធទល់នឹងរុស្ស៊ី​។ ចំណែកលោក​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គីវិញក៏​នៅប្រឹង​បន្ត​អំពាវនាវ​ឲ្យ​កងទ័ព​និង​ពលរដ្ឋ​កាន់​អាវុធ​ការពារ​ប្រទេស​ជាតិ។

មន្ត្រីអ៊ុយក្រែនបាននិយាយថាពួកគេបានប្រគល់កាំភ្លើងចំនួន ១៨ ០០០ដើមដល់អ្នកស្ម័គ្រចិត្តនិងបានចេញសេចក្តីណែនាំអំពីវិធីផលិតគ្រាប់បែកសាំង។ មានការ​រាយការណ៍​ថាប្រជាជនអ៊ុយក្រែន​ជាច្រើនទោះបីគ្មានបទពិសោធន៍ប្រយុទ្ធក្តី ក៏ពួកគេបាន​តម្រង់ជួរស័គ្ម្រចិត្តដើម្បីចូលរួមការពារជាតិរបស់ខ្លួន ខណៈដែល​ការ​រឹត​បន្តឹង​អាយុ​សម្រាប់​ចូល​រួម​កងទ័ពត្រូវបានដកចេញ។

នៅព្រឹកថ្ងៃសៅរ៍នេះ​ ប្រធានាធិបតីអ៊ុយក្រែន​បានបង្ហោះសារ​ធ្វីតថា​ដែរ​ថាឥឡូវនេះវា​គឺជាពេលវេលាដ៏សំខាន់​ដែល​គេ​ត្រូវស​ម្រេចចិត្ត​ហើយ​លើ​សមាជិកភាព​របស់​ប្រទេស​របស់លោក​នៅក្នុង​សហភាពអឺរ៉ុប​ និង​បិទ​បញ្ចប់​កិច្ច​ពិភាក្សាដែលអូសបន្លាយ​ជាយូរ​ណាស់​មកហើយនោះទៅ​។

ជាការគួរឲ្យកត់សម្គាល់​ដែរ ខណៈ​ការវាយប្រយុទ្ធគ្នា​កំពុងកើតឡើង​នៅទីក្រុងគៀវ​ សង្គ្រាម​ព័ត៌មាន​វាយប្រហារលើប្រធានាធិបតីអ៊ុយក្រែន ក៏ចាប់ផ្ទុះឡើងជាខ្លាំងផងដែរ​។ នៅលើ​បណ្តាញ​សង្គមមានការចុះផ្សាយថាលោក​ប្រធានាធិបតីអ៊ុយក្រែនហ្សេឡេនស្គីបានរត់ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន។ ទន្ទឹមនេះក៏មានព័ត៌មានចុះផ្សាយទៀតថា កងទ័ពអ៊ុយក្រែនព្រមចុះចាញ់ជាដើម។ល។​

ដើម្បី​បញ្ជាក់ពី​ភក្តីភាព​របស់​លោក​ចំពោះ​ប្រជាជាតិ​អ៊ុយក្រែន​ លោក ហ្សេឡេនស្គី បាន​ព្យាយាម​បង្ហោះសារវីដេអូជាច្រើន​បន្តបន្ទាប់គ្នា​អះអាងថា រូបលោកនិងមន្ត្រីជាន់ខ្ពស់​អ៊ុយក្រែន​ មិនបានរត់ទៅណានោះទេ និងកំពុងមានវត្តមាននៅក្នុង​ប្រទេសអ៊ុយក្រែន​ដើម្បី​ប្រឆាំង​ទល់​នឹង​សត្រូវឈ្លានពាន​រុស្ស៊ី។

ចំណែកអង់គ្លេសវិញ​ទើបបានឲ្យដឹងថា​មុននេះបន្តិចថា​ខ្លួន​និង​ប្រទេស​២៥​ផ្សេង​ទៀត​នឹង​បញ្ជូន​អាវុធ​និង​ជំនួយ​បន្ថែម​ទៀត​ទៅដល់​អ៊ុយក្រែន​។

តើការ​ចរចារវាងភាគីរុស្ស៊ី​និងអ៊ុយក្រែនអាចនឹង​កើតឡើងដែរឬទេ​?

ចម្លើយថាតើ​ការ​ចរចាគ្នា​រវាង​រុស្ស៊ី​ និងអ៊ុយក្រែន​អាចនឹងកើតឡើង​ដែរឬ​អត់នោះ​ នៅ​មិនទាន់មានអ្នកណាដឹង​ ហើយក៏នៅមិន​ទាន់​មាន​អ្នកណា​ហ៊ាន​និយាយ​អ្វីដែរ​ជុំវិញ​ចំណុច​នេះ​។

ក៏ប៉ុន្តែ​ ការចរចារវាងភាគីទាំងពីរនេះ​ពិបាកនឹងកើតឡើងក្នុងពេលឆាប់ៗនេះបានណាស់​។ ហេតុអ្វី​? រុស្ស៊ី​បានហៅក្រុងគៀវឲ្យចរចាក៏ពិតមែន​ ក៏ប៉ុន្តែរុស្ស៊ីបានដាក់លក្ខខណ្ឌដ៏​ពិបាក​ទៅ​រួច​មួយគឺទាមទារឲ្យ​កងទ័ពអ៊ុយក្រែន​ទម្លាក់អាវុធចុះចាញ់​ជាមុនសិន​។

មកទល់នឹងពេលនេះ​ កងទ័ពអ៊ុយក្រែន​នៅតែមានភក្តីភាព​ចំពោះរដ្ឋាភិបាល​របស់ខ្លួនដែល​រុស្ស៊ីចាត់ទុកថាជាពួកញៀនថ្នាំ និង​ពួកណាហ្ស៊ីបែបថ្មី​។ ដូច្នោះហើយ​ប្រសិនបើកង​ទ័ពអ៊ុយក្រែននៅបន្តកាន់អាវុធការពារប្រទេស​ពីការ​វាយប្រហាររបស់រុស្ស៊ី​ សួរថាតើ​រុស្ស៊ី​របស់លោកលោកពូទីនព្រមចរចា​ជាមួយ​រដ្ឋាភិបាល​របស់លោកហ្សេឡេនស្គីទេ? សំណួរនេះ​មានតែលោកពូទីនម្នាក់ប៉ុណ្ណោះ​ដែលអាចឆ្លើយបាន​។

បើកងាកមក​អ៊ុយក្រែនឯណោះវិញ​ លោកប្រធានាធិបតីហ្សេឡេន​ស្គី តាមរយៈអ្នកនាំពាក្យបានបញ្ជាក់ពីជំហរ​របស់​អ៊ុយក្រែនក្នុងការត្រៀម​ពិភាក្សា​ជាមួយរុស្ស៊ីអំពី​បទ​ឈប់​បាញ់ឈានទៅបញ្ចប់​ការ​ប្រយុទ្ធគ្នា។ ប៉ុន្តែទន្ទឹមគ្នានេះ​លោកហ្សេឡេន​ស្គី ក៏បានអះអាងដែរថា​រូប​លោក​ដែល​ជា​ប្រធានាធិបតី​ជាមួយនឹងមន្ត្រីជាន់ខ្ពស់​ និង​ទាហាន​អ៊ុយក្រែន​គឺនៅតែ​តស៊ូ​មិន​ចុះចាញ់​នឹងការឈ្លានពាន​របស់​សត្រូវជាដាច់ខាត​។

ជារួមមក សង្គ្រាមនៅអ៊ុយក្រែន​នាខណៈពេលនេះ​កំពុងបង្កជា​តក់ស្លុតយ៉ាងខ្លាំងមិនថា​ចំពោះ​តែនៅអឺរ៉ុប​ ឬក៏ពិភពលោកទាំងមូលនោះទេ​។ ហើយគេក៏មិនដឹងដែរថាស​ង្គ្រាម​នេះអាច​នឹង​អូសបន្លាយដល់ពេលណា និងអាចនឹង​បិទបញ្ចប់​វិញនៅពេលណា​។

ទាក់ទងរឿងនេះ​ លោកប្រធានាធិបតីបារាំង​លោកអេម៉ានុយអែល ម៉ាក្រុងដែលជា​ប្រធានផ្លាស់​វេន​អឺរ៉ុប បាន​ព្រមាន​ថាបើ​នៅ​តែបណ្តែត​បណ្តោញទៀត​ នោះ​សង្រ្គាម​នៅអ៊ុយក្រែន​នឹង​បន្តទៅមុខយូរ​ ហើយ​វា​នឹងជះ​ចេញជា​វិបត្តិ​កាន់តែធំៗ​ឡើង​ ហើយ​វិបត្តិ​ទាំងអស់​នោះហើយ​ដែល​នឹងនាំមកនូវ​ផលវិបាក​រយៈពេល​យូរអង្វែង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ