អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាម​​អ៊ុយក្រែន៖  រុស្ស៊ី និង ​អ៊ុយ​ក្រែន ត​ទល់​គ្នា នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

រុស្ស៊ីបានចាប់ផ្តើម​បើក​ប្រតិបត្តិការកងទ័ព វាយប្រហារអ៊ុយក្រែន កាលពីថ្ងៃទី​២៤កុម្ភៈ ដោយ​លើកហេតុផលថា ដើម្បី​រំដោះប្រជាជនអ៊ុយក្រែនភាគខាងកើត ពីអំពើ​ប្រល័យពូជសាសន៍ ធ្វើឡើងដោយ​រដ្ឋាភិបាល​ទីក្រុងកៀវ។ ជាពាក្យ​ចោទប្រកាន់ ដែលរដ្ឋាភិបាលអ៊ុយក្រែនអះអាងថា ជាពាក្យ​កុហកបោកប្រាស់ ដើម្បីជាលេសចូលឈ្លានពានអ៊ុយក្រែនតែប៉ុណ្ណោះ។ អ៊ុយក្រែនបានដាក់ពាក្យ​ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដើម្បី​ចោទប្រកាន់ចំពោះអំពើឈ្លានពាន​របស់រុស្ស៊ី។ ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃអង្គារ​ទី​៨មីនា តុលាការក្រុងឡាអេ នឹងបើកសវនាការ​ដើម្បីស្តាប់អំណះអំណាង នៃភាគីជម្លោះទាំង២។

សកម្មជនដោតទៀន ជាអក្សរ 'Putin Come Out' នៅលើវាលស្មៅ ខាងមុខអាគារ​តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ថ្ងៃចន្ទ ទី ៧ មីនា ២០២២
សកម្មជនដោតទៀន ជាអក្សរ 'Putin Come Out' នៅលើវាលស្មៅ ខាងមុខអាគារ​តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ថ្ងៃចន្ទ ទី ៧ មីនា ២០២២ AP - Phil Nijhuis
ផ្សាយពាណិជ្ជកម្ម

« អំពើប្រល័យពូជសាសន៍ ជាពាក្យ​កុហកដែលរុស្ស៊ីចោទមកលើអ៊ុយក្រែន »

តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ បានចាប់ផ្តើម​បើកសវនាការ​នៅព្រឹកថ្ងៃចន្ទទី ៧មីនា​ សវនាការ​ដែលមានរយៈពេល២ថ្ងៃ ដើម្បីស្តាប់អំណះអំណាងភាគីទាំងសងខាង រុស្ស៊ី និងអ៊ុយក្រែន ដែលចោទគ្នាទាក់ទិនរឿងប្រល័យពូជសាសន៍។ ដូចយើងបាន​ដឹងមកហើយ​ថា​លោកពូទីន បាន​​ប្រកាសថា ប្រតិបត្តិការ​សង្គ្រាមនៅអ៊ុយក្រែន គឺដោយឈរលើហេតុផលដើម្បីរំដោះ​ប្រជាជន​អ៊ុយក្រែន​នៅតំបន់ដុនបាស ចេញពីអំពើប្រល័យពូជសាសន៍ ធ្វើឡើងដោយរដ្ឋាភិបាលអ៊ុយក្រែន។

តែសម្រាប់រដ្ឋាភិបាលអ៊ុយក្រែន គឺពាក្យចោទទាំងនេះ​ជាពាក្យកុហក ពាក្យ​ប្រឌិតទាំងស្រុង ដើម្បីធ្វើជា​លេស​ឈ្លាន​ពាន​អ៊ុយក្រែនតែប៉ុណ្ណោះ។ ក្រោយ​រុស្ស៊ី បានបើកការវាយ​ប្រហារមកលើអ៊ុយក្រែន បាន២ថ្ងៃ អ៊ុយក្រែនបានដាក់ពាក្យ​បណ្តឹងនេះទៅតុលាការក្រុងឡាអេភ្លាម ដើម្បី​ឲ្យ​តុលាការក្រុងឡេអេ ជួយរកយុត្តិធម៌ ចំពោះពាក្យចោទបែបប្រឌិតកុហករបស់រុស្ស៊ី មកលើអ៊ុយក្រែននេះ​។

រុស្ស៊ីគ្មានវត្តមាននៅសវនាការ

នៅព្រឹក​ថ្ងៃចន្ទ តុលាការយុត្តិធម៌ក្រុងឡាអេ បានសម្តែងការសោកស្តាយណាស់ ដោយ​ក្នុងពេលសវនាការ កៅអីខាងភាគីរុស្ស៊ី ពុំមាននរណាមកអង្គុយទេ។ លោក Alexander Shulgin ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសហូឡង់ ដែលជាទីតាំងនៃតុលាការក្រុងឡាអេនេះ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ី មិនចូលរួមក្នុងអង្គសនាការនេះទេ។

លោក Anton Korynevich សមាជិកម្នាក់នៃគណប្រតិភូតំណាងអ៊ុយក្រែន នៅក្នុងអង្គសវនាការ បាន​លើកឡើងថា ការដែលរុស្ស៊ីមិនចូលមកសវនាការនេះ គឺ​វាជារឿងមួយ​ដែលធ្វើឲ្យ​គ្រប់គ្នា ឃើញនឹងភ្នែកស្រស់ៗតែម្តង ថារុស្ស៊ីមានចរិកមើលងាយ​ច្បាប់អន្តរជាតិកម្រិតណា! លោកសង្កត់ធ្ងន់ថា រុស្ស៊ីគ្មានមុខមកតទល់តាមផ្លូវច្បាប់ទេ ព្រោះរុស្ស៊ីរវល់ជាប់ដៃបាញ់មីស៊ីល ទំលាក់គ្រាប់បែក​លើអ៊ុយក្រែន។ នេះហើយ ជារបៀបដោះស្រាយបញ្ហា របស់រុស្ស៊ី!

លោក Anton Korynevych តំណាងរបស់រដ្ឋាភិបាល​អ៊ុយក្រែន ថ្លែងទៅកាន់អ្នកកាសែត ពេលចេញពី​សវនាការ​តុលាការ​យុត្តិធម៌​អន្តរជាតិក្​រុងឡាអេ ថ្ងៃទី ៧មីនា ២០២២​
លោក Anton Korynevych តំណាងរបស់រដ្ឋាភិបាល​អ៊ុយក្រែន ថ្លែងទៅកាន់អ្នកកាសែត ពេលចេញពី​សវនាការ​តុលាការ​យុត្តិធម៌​អន្តរជាតិក្​រុងឡាអេ ថ្ងៃទី ៧មីនា ២០២២​ AP - Phil Nijhuis

វិធានការបន្ទាន់ ដាក់កំហិតរុស្ស៊ីឲ្យបញ្ឈប់សង្គ្រាម

អ៊ុយក្រែនទាមទារ ឲ្យ​តុលាការយុត្តិធម៌អន្តរជាតិ ប្រកាសសេចក្តីថា ការចោទទាំងអម្បាលម៉ានរបស់រុស្ស៊ី មកលើអ៊ុយក្រែន ថាបានធ្វើអំពើប្រល័យពូជសាសន៍ ទៅលើប្រជាជននិយាយភាសារុស្ស៊ី ដែលរស់នៅ​តំបន់ដូណេត និង​តំបន់​លូហ្កង់ស៍នោះ គឺជាការចោទដោយគ្មានភស្តុតាង ជាពាក្យ​កុហកបោកប្រាស់។ ភាគីអ៊ុយក្រែន គេអះអាងថាគេមានភស្តុតាងគ្រប់គ្រាន់ បញ្ជាក់ថាភាគីគេ គ្មានបានធ្វើអំពើប្រល័យពូជសាសន៍ណាមួយឡើយ។ ដូច្នេះ ការលើកទ័ពវាយប្រហារអ៊ុយក្រែន ពីសំណាក់រុស្ស៊ី ដោយផ្អែកលើ​ហេតុផលកុហកប្រឌិតបែបនេះ វាគឺជារឿងខុសច្បាប់អន្តរជាតិ។

ភាគីអ៊ុយក្រែន ក៏បានទាមទារផងដែរ ទៅកាន់ចៅក្រមទាំង​១៥រូប នៃតុលាការក្រុងឡាអេ ថាត្រូវតែ​ប្រកាសច្រានចោល ការទទួលស្គាល់ឯករាជ្យតំបន់លូហ្កង់ស៍ និងតំបន់ដូណេត ដែលលោក​ពូទីន​​​បានធ្វើ​​ដោយអត្តនោម័តនោះ វាគឺជារឿងខុសច្បាប់ ព្រោះ​វាបានផ្អែកលើអំណះអំណាង ប្រឌិតកុហក របស់រុស្ស៊ី។

ទន្ទឹមគ្នានេះ ក្នុងពេល​រងចាំ​សេចក្តីសម្រេចរបស់ចៅក្រម ដែលអាចចំនាយ​ពេលច្រើនខែ ឬអាចឈានដល់ឆ្នាំផងនោះ ភាគីអ៊ុយក្រែន បានដាក់ពាក្យ​សុំឲ្យ​តុលាការក្រុងឡាអេ ចេញវិធានការ​បន្ទាន់​មួយ ក្នុងពេលនេះភ្លាម ដើម្បីការពារអាយុជីវិតប្រជាជនអ៊ុយក្រែន។ វិធានការបន្ទាន់នេះ គឺអ៊ុយក្រែន​សូមឲ្យតុលាការក្រុងឡាអេ សម្រេច​ដាក់កំហិត ឲ្យរុស្ស៊ីត្រូវតែបញ្ឈប់​ការវាយ​ប្រហារជាបន្ទាន់ ព្រោះជា​ការវាយ​ប្រហារ ដែលផ្អែកលើហេតុផល​កុហកឥតខ្មាសមាត់របស់រុស្ស៊ី។ វិធានការ​បន្ទាន់នេះ គឺភាគីអ៊ុយក្រែន អះអាងថា ដើម្បី​ទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដែលរុស្ស៊ីកំពុងតែធ្វើមកលើ​ប្រជាជនអ៊ុយក្រែន។

កាំបិតចិតដងឯង

ក្រុមមេធាវី តំណាង​ភាគីអ៊ុយក្រែន បាន​អះអាងថា ប្រើសិនបើ​សង្គ្រាមនេះនៅតែបន្ត ហើយ​រីករាលដាលពាសពេញអ៊ុយក្រែន នោះគឺអ៊ុយក្រែន នឹងរងគ្រោះធ្ងន់ធ្ងរណាស់ ជាសោកនាដកម្ម ដែលមិនអាចប៉ះប៉ូវបាន​។ ពាក្យ​ចោទរបស់រុស្ស៊ី ថាអ៊ុយក្រែនបានធ្វើអំពើប្រល័យពូជសាសន៍ ពេលនេះកំពុងតែវិលត្រលប់ទៅរករុស្ស៊ីខ្លួនឯងវិញហើយ។

ដោយសារតែគ្រាប់បែក គ្រាប់មីស៊ីលរបស់រុស្ស៊ីដែលទំលាក់មកលើ​ទឹកដីអ៊ុយក្រែន សឹងតែគ្រប់ទីកន្លែង វាបាន​សម្លាប់ជីវិត​​ប្រជាជនស៊ីវីលស្លូតត្រង់ ស្លាប់ទាហាន ខូចខាតហិនហោចទ្រព្យសម្បត្តិឯកជន និងសាធារណៈ ព្រមទាំងបង្កឲ្យ​មានវិបត្តិមនុស្សធម៌ថែមទៀត ព្រោះប្រជាជនអ៊ុយក្រែច្រើនលាននាក់ ត្រូវបង្ខំចិត្តរត់ភៀសខ្លួន។ ទាំងនេះ គឺបណ្តាលមកពីសង្គ្រាម ដែលរុស្ស៊ីជាអ្នកបង្កឡើង តែម្នាក់ឯងគត់។

យ៉ាងណាមិញ មិនមែនតែអ៊ុយក្រែនទេ ដែល​ប្តឹងរុស្ស៊ីនៅតុលាការយុត្តិធម៌អន្តរជាតិ។ អង្គការ​អ្នករាយ​ការណ៍គ្មានព្រំដែន ក៏បានប្តឹងរុស្ស៊ីទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេដែរ ដោយ​ចោទពីឧក្រិដ្ឋកម្មសង្គ្រាម។ ឧក្រិដ្ឋកម្មដែលកងទ័ពរុស្ស៊ីកំពុងតែធ្វើនៅ​អ៊ុយក្រែន ដោយការ​ទម្លាក់គ្រាប់បែក គ្រាប់មីស៊ីល ដោយឥតរើសមុខ ដោយ​មិនខ្វល់អំពីជីវិតរបស់​អ្នកសារព័ត៌មាន និង​ប្រជាជនស្លូតត្រង់ផ្សេងទៀត។

លោកពូទីន នឹងឯកោកាន់តែខ្លាំង

លោក Jean-Marc Thouvenin មេធាវីម្នាក់តំណាងរដ្ឋាភិបាលអ៊ុយក្រែន នៅក្នុងសំណុំរឿងនេះ បាន​លើកឡើងថា តាមការសង្កេតរបស់​លោក គឺរុស្ស៊ីមិនខ្វល់ មិនយកភ្នែកមើល មិនយកត្រចៀកស្តាប់ សេចក្តីសម្រេចចិត្តរួមនៃអង្គការសហប្រជាជាតិ ដែល​បានប្រកាសផ្តន្ទាទោស​រុស្ស៊ីមែន​ ព្រោះថាសេចក្តីសម្រេចចិត្តរួមនេះ គ្មាន​កម្លាំងចាប់បង្ខំផ្លូវច្បាប់ទេ។ ក៏ប៉ុន្តែ រុស្ស៊ីប្រុងប្រយ័ត្នណាស់ នៅពេល​បោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខ ព្រោះវាមាន​កម្លាំង​ចាប់បង្ខំ ហើយរុស្ស៊ីតែងតែប្រើសិទ្ធិវ៉េតូ ដើម្បីការពារខ្លួន។ ជានិច្ចជាកាល តាមការសង្កេត រុស្ស៊ីផ្តល់សារៈសំខាន់គ្រាន់បើ ដល់ការការសម្រេច​ផ្លូវច្បាប់ ដែល​មានភ្ជាប់ជាមួយកាតព្វកិច្ច ជាក់ស្តែង ដូចជាការសម្រេចរបស់តុលាការអន្តរជាតិ​ផ្នែកកីឡា នៅទីក្រុងឡូហ្សាន ដែលធ្លាប់ផ្តន្ទាទោស​រុស្ស៊ីជាដើម។

តែយ៉ាងណាក៏ដោយ ក្នុងករណីដែរតុលាការក្រុងឡាអេ ប្រកាសឲ្យអ៊ុយក្រែនត្រូវ  គឺថាតុលាការក៏​គ្មានសមត្ថកិច្ចឯណា ទៅចាប់បង្ខំឲ្យ​រុស្ស៊ីត្រូវតែគោរពតាមសាលក្រមនោះដែរ។ ក៏ប៉ុន្តែទោះចង់មិនចង់ សាលក្រមវាអាចមានទំងន់ ធ្វើឲ្យ​រុស្ស៊ីដឹងខ្លួន ពិចារណាសម្រេចឈប់ធ្វើសង្គ្រាម ហើយងាកមករកការចរចាវិញ។

ដូចគ្នាដែរ លោក Sergueï Vasiliev សាស្ត្រានីតិអន្តរជាតិនៅសកលវិទ្យាល័យអាំស្ទែរដាំ បាន​លើកឡើងថា រុស្ស៊ី​ប្រាកដជាខ្មាសគេ មិនដឹងយកមុខទៅទុកនៅឯណាទេ នៅពេលណាដែរ សវនាការបោះជំហានទៅមុខ ហើយ​ពិភពលោកទាំងមូល​ បានដឹងថាអ្វីដែលរុស្ស៊ីចោទលើអ៊ុយក្រែន គឺជាពាក្យ​កុហកបោកប្រាស់ទាំងអស់នោះ។ រុស្ស៊ី ជាពិសេសគឺលោកពូទីនតែម្តង នឹងកាន់តែឯកោ គ្មានពាក្យ​អ្វីមកថ្លែងដើម្បីការពារខ្លួនទៀតទេ មិនថានៅលើឆាកអន្តរជាតិ និងនៅចំពោះមុខ​ប្រជាពលរដ្ឋរុស្ស៊ីខ្លួនឯង។

ជាក់ស្តែង សូម្បីតែមេធាវីខ្លះ ក៏មិនហ៊ានចូលរួមការពាររុស្ស៊ី នៅតុលាការក្រុងឡាអេដែរ ។ លោក Alain Pellet ជាមេធាវី និងជា​កំពូលសាស្ត្រាចារ្យ​នីតិអន្តរជាតិ ជនជាតិបារាំង ដែលត្រូវបាន​រុស្ស៊ី​អញ្ជើញ ឲ្យដឹកនាំការការពារក្តី ពេលនេះបានប្រកាសបដិសេធហើយ។ លោកលើកឡើងថា លោកមិនអាច​ការពារក្តីឲ្យ​ប្រទេសមួយ ដែលបាន​បំពានជាន់ឈ្លីដោយ​ឥតខ្មាសអៀន មកលើច្បាប់អន្តរជាតិ ដូចរុស្ស៊ីនេះបានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ