អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាមអ៊ុយក្រែន៖​ លោក​ ចូ បៃដិន​រំឮក​ចិនឲ្យ​នៅឆ្ងាយ​​ពីរុស្ស៊ី ខណៈ​លោកស៊ី ជីនពីង បន្ត​ចិញ្ចឹមភាព​ស្រពិច​ស្រពិល

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​សុក្រទី​១៨មីនា​ លោក ចូ បៃដិន និងលោក ស៊ី ជីនពីង​ បានជួបនិយាយ​គ្នា​តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍​ អស់រយៈពេល​ប្រមាណជា​២ម៉ោង។ មេដឹកនាំមហាអំណាចទាំង២ បាន​លើកឡើងអំពីសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន។ សម្រាប់សហរដ្ឋអាមេរិក ខ្លឹមសារនៃជំនួបនេះ គឺ​លោក ចូ បៃដិន ចង់និយាយពន្យល់លោកប្រធានាធិបតីចិន ឲ្យ​ដកខ្លួនឆ្ងាយ​ពីលោកពូទីន ព្រោះមានដំណឹងថា រុស្ស៊ី​បានងាកទៅពឹងចិន ដើម្បីបានជំនួយសេដ្ឋកិច្ច និង​ សម្ភារៈយោធាថែមទៀតផង។ តែយ៉ាងណាចិន ធ្លាប់បានអះអាងថា ខ្លួនមិនចង់ជាប់ពាក់ព័ន្ធ ជាមួយនឹងទណ្ឌកម្ម​សេដ្ឋកិច្ច ដែលក្រុមប្រទេសលោកខាងលិច បានដាក់ទៅលើរុស្ស៊ីឡើយ ព្រោះចិនមិន​មែនជាភាគីណាមួយ នៅក្នុង​វិបត្តិអ៊ុយក្រែនទេ។

លោកចូ បៃដិន ពេលកំពុងនិយាយគ្នា ជាមួយ​លោកស៊ី ជីនពីង តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ ។ ថ្ងៃទី ១៨ មីនា ២០២២
លោកចូ បៃដិន ពេលកំពុងនិយាយគ្នា ជាមួយ​លោកស៊ី ជីនពីង តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ ។ ថ្ងៃទី ១៨ មីនា ២០២២ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

ដូចយើងបានដឹងកន្លងមកហើយ ថាមានដំណឹងអះអាងថា រុស្ស៊ីបានងាកទៅពឹងចិន សូមឲ្យចិនជួយ​ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងផ្តល់ឲ្យ​នូវសម្ភារៈយោធា គ្រឿងសព្វាវុធថែមទៀតផង។ ទណ្ឌកម្មសេដ្ឋកិច្ចដែល​ក្រុមប្រទេសលោកខាងលិច បានដាក់ទៅលើរុស្ស៊ី គឺអាចមាន​ប្រសិទ្ធភាពចុះខ្សោយ ប្រសិនបើ​រុស្ស៊ីអាចមានចិន​ជួយទប់។ នេះគឺជាមូលហេតុមួយ ដែល​ធ្វើឲ្យ​អាមេរិក នៅមិនសុខ ហើយ​ត្រូវតែ​និយាយជាមួយចិន ដើម្បី​ពន្យល់ឲ្យ​ចិនយល់ ថាមិនត្រូវ​យកខ្លួន​ទៅបៀតជាមួយរុស្ស៊ីទេ។

យ៉ាងណាមិញ លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងតាមទូរទស្សន៍ CNN នៅមុនពេលជំនួប​រវាង​លោក ចូ បៃដិន និង​ លោក ស៊ី ជីនពីងថា អាមេរិក ចង់ឲ្យ​គណបក្សកុម្មុយនីស្តចិន គិតពិចារណាឲ្យ​បានច្បាស់ ថាអនាគតខ្លួនគឺស្ថិតនៅជាមួយ​អាមេរិក ជាមួយអឺរ៉ុប និង​ប្រទេសរីកចម្រើនផ្សេងទៀត មិនមែននៅជាមួយរុស្ស៊ី របស់​លោកពូទីនឡើយ។ ដូច្នេះ ចូរចិនកុំទៅ​គាំទ្រនៅខាងរុស្ស៊ីឲ្យសោះ។

"... សូមព្យាយាមម្តងទៀត !"

ឆ្លងកាត់ការនិយាយគ្នា​ អស់រយៈពេលប្រមាណ​២ម៉ោង រវាងលោកចូ បៃដិន និង​លោក ស៊ី ជីនពីង ជារួម​យើងឃើញថា មិនមានការយល់ស្របគ្នាណាមួយទេ ក្រៅតែពីសំដីប្រកាសបែបការទូត របស់ចិនដែលអះអាងថា​ អាមេរិកនិងចិន ត្រូវតែរួមគ្នាការពារសន្តិភាព ស្ថិរភាពពិភពលោក។ បណ្តាញទូរទស្សន៍រដ្ឋចិន បានផ្សាយថា លោកស៊ី ជីនពីង ​បាន​លើកឡើងថា គ្មានភាគីណាមួយ ចង់ឃើញ “វិបត្តិនៅអ៊ុយក្រែន” ផ្ទុះឡើងនោះទេ ហើយ​វាក៏មិន​ហុចប្រយោជន៍ទៅនរណាទាំងអស់។

តែទន្ទឹមគ្នានេះ យោងតាមលិខិតប្រកាស របស់ក្រសួងការបរទេសចិន ក្រោយ​ជំនួបតាមវីដេអូខុនហ្វឺរិនស៍បានបិទបញ្ចប់​ គឺភាគីចិនបានអំពាវនាវ ឲ្យ​អាមេរិក និង អូតង់ ត្រូវតែ​ស្តារការសន្ទនាគ្នាជាមួយរុស្ស៊ី ដោយត្រូវស្តាប់ការបារម្ភរបស់រុស្ស៊ី ទាក់ទិននឹងបញ្ហាសន្តិសុខ។ ត្រង់ចំណុចនេះ យើងឃើញថា ចិនកំពុងតែប្រើប្រាស់ អំណះអំណាង ក៏ដូចជាភាសានិយាយ តាមរបៀបរុស្ស៊ី ពោលគឺកំហុសគ្រប់យ៉ាង មកពីអាមេរិក និងអូតង់ ដែល​គំរាមរុស្ស៊ីមុន។ យ៉ាងណាមិញ នៅក្នុងខ្លឹមសារ នៃការផ្សព្វផ្សាយរបស់បណ្តាញព័ត៌មានចិន ក៏ដូចជា​ក្នុង​​លិខិតប្រកាសផ្លូវការចិន គឺគេមិនបានប្រើពាក្យ​ “សង្គ្រាមនៅអ៊ុយក្រែន” សូម្បីតែម្តង។ ពោលគឺគេនិយាយត្រឹមថា “វិបត្តិអ៊ុយក្រែន” ឬ “ស្ថានភាពនៅអ៊ុយក្រែន” ដែលនេះ គឺជាធាតុផ្សំនៃភាសានិយាយ របស់លោកពូទីន ទាំងស្រុងតែម្តង។

ជំហរនៅកណ្តាលរបស់ចិន ដែល​មានរូបភាពខាងក្រៅ

សម្រាប់ភាគីអាមេរិក លោកស្រីជែន សាគី អ្នកនាំពាក្យ​សេតវិមាន បាន​លើកឡើងថា អាមេរិកនឹងរងចាំតាមដាន​សកម្មភាព​របស់ចិនជានិច្ច។ បើចិនពិតជាបញ្ជូន​សម្ភារៈសិក គ្រឿងសព្វាវុធទៅជួយ​រុស្ស៊ីមែន គឺអាមេរិកនិងដាក់ទណ្ឌកម្ម​លើចិន។

បើនិយាយពីរូបភាពខាងក្រៅ គឺចិន ប្រកាន់ជំហរកណ្តាល មិនកាន់ជើង ហើយ​ក៏មិនប្រឆាំងរុស្ស៊ីដែរ។ យោងតាមលោកស្រី Alice Ekman សាស្ត្រាចារ្យជំនាញ​ទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា បើចិនប្រកាសជំហរជាផ្លូវការ​ ថាមិនគាំទ្ររុស្ស៊ី ក៏វាគ្រាន់តែជារូបភាពខាងក្រៅ ដើម្បីបំភ័ន្តភ្នែកតែប៉ុណ្ណោះ។ ក្នុងធាតុពិតជាក់ស្តែង គឺវាមានធាតុផ្សំច្រើនណាស់ ដែល​បានបង្ហាញថា ចិនបានសម្រេចចិត្តឈរខាងរុស្ស៊ីរួចទៅហើយ។

តាំងតែពីដំបូង មុនពេលសង្គ្រាម​នៅអ៊ុយក្រែន បានចាប់ផ្តើម គឺ ចិនមិនបាន​និយាយផ្ទុយ ពីអ្វីដែលរុស្ស៊ីលើកឡើងទេ។ ពោលគឺមានតែបន្ទរបន្ថែម ដូចអ្វីដែល​លោកពូទីនបាននិយាយ។ ជាក់ស្តែង គឺធាតុផ្សំនៃភាសានិយាយ ដែលចិនប្រើពាក្យ​ដូចខាងរុស្ស៊ីប្រើអញ្ចឹង។ អំណះអំណាងដែលរុស្ស៊ីចោទថាអូតង់គំរាម ជាដើម ក៏ចិនលើកយមកនិយាយតាមដែរ។ បន្ថែមពីនេះ ចិនបានប្រកាសថាខ្លួនមិនចូលរួមនៅក្នុងទណ្ឌកម្មសេដ្ឋកិច្ច ដែលក្រុមប្រទេសលោកខាងលិច បានដាក់លើរុស្ស៊ីទេ។ មានន័យថា ចិននឹងនៅតែធ្វើជំនួញ​ជាមួយរុស្ស៊ីជាប្រក្រតី។

ជាងនេះទៀត ចិន បាន​បោះឆ្នោត​អនុប្បវាទនៅអង្គការសហប្រជាជាតិ។ ហើយ​មិនមែនអនុប្បវាទធម្មតា ដោយ​ចង់ថា មិនគាំទ្រ ហើយក៏​មិនប្រឆាំងនោះទេ តែជាអនុប្បវាទបែបសកម្ម។ ពោលគឺមុននឹងបោះឆ្នោតអនុប្បវាទនេះ គឺក្រុមការងារចិន នៅអង្គការសហប្រជាជាតិ បានព្យាយាមយ៉ាងសកម្ម ទាមទារឲ្យ​គេកែប្រែខ្លឹមសារ នៃសេចក្តីសម្រេចចិត្តរួម ដើម្បី​កុំ​ឲ្យ​គេប្រើពាក្យ​ចោទប្រកាន់ ថ្កោលទោសរុស្ស៊ីខ្លាំងពេក។ បើចិននៅកណ្តាល គឺចិនមិនគួរធ្វើបែបនេះទេ តែនេះគឺចិនបាន​ប្រកាន់ជំហរ ចង់ជួយ​រុស្ស៊ីរួចទៅហើយ។

ចំណុចមួយទៀតនោះ យោងតាមការវិភាគរបស់​លោកស្រីសាស្ត្រាចារ្យ Alice Ekman គឺទំហំនៃវិវាទ ទំនាស់ ការប្រជែងគ្នា រវាងអាមេរិក និងចិន គឺធំធេង និងជ្រៅខ្លាំងណាស់ ទាំងផ្នែក​មនោគមវិជ្ជា នយោបាយ​ការបរទេស សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម​ និងបច្ចេកវិទ្យា​ជាដើម។ ដូច្នេះ ចង់មិនចង់ពេលនេះ រុស្ស៊ី និង ចិន មានចំណុចរួមមួយដូចគ្នា គឺមាន​អាមេរិកជាសត្រូវរួម​។ ហើយចំណងយុទ្ធសាស្ត្ររវាងចិន និង​រុស្ស៊ីនេះ គឺមិនមែនឈរតែលើតថៈភាពជាក់ស្តែងប៉ុណ្ណោះទេ តែវាជាចំណងមនោគមវិជ្ជា ដែល​រីកធំឡើងៗកាន់តែខ្លាំង ប្រមាណ​ជិត១០ឆ្នាំចុងក្រោយនេះ។ ពោលគឺ ចិន និងរុស្ស៊ី មានទស្សនវិស័យរួមគ្នា ចង់ពួតកម្លាំងគ្នា ទប់ទល់ជាមួយ​នយោបាយ​វាទទី របស់អាមេរិក។ ប៉ូល២ផ្ទុយគ្នា កំពុងតែ​លេចរូបរាងកាន់តែច្បាស់ហើយ គឺប៉ូលក្រុមប្រទេសលោកខាងលិច ដែលមានអាមេរិក និងអឺរ៉ុប និង​ប៉ូលមួយទៀត គឺ​ចិន និងរុស្ស៊ីនេះឯង។

តៃវ៉ាន់ នឹង​អាចមានវាសនាដូចអ៊ុយក្រែន?

យ៉ាងណាមិញ ការប្រជែងគ្នា រវាង​ចិន និង​អាមេរិកនេះ កំពុងតែធ្វើឲ្យ​មានការបារម្ភខ្លាំងណាស់ បើយើងក្រឡេកទៅមើល សំណុំរឿងកោះតែវ៉ាន់។ កាលពីថ្ងៃសុក្រ​ នាវាចម្បាំង របស់អាមេរិក និង​នាវាចម្បាំងចិន បាន​បើកឆ្លងកាត់ច្រកសមុទ្រតៃ​វ៉ាន់ ជាបន្តបន្ទាប់ ហាក់ដូចជា​មានចេតនាបង្ហាញ​ការ​កំញើញគ្នា​ទៅវិញទៅមក។ នេះគឺជាសំណុំរឿងមួយ ដែលគួរឲ្យ​បារម្ភមែន សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។

ចិន មិនដែលលាក់ទេ នូវចេតនារបស់ខ្លួន ក្នុង​ការយកតៃវ៉ាន់​មកគ្រប់គ្រងវិញ បើទោះបីត្រូវប្រើកម្លាំង។ ការគំរាមកាន់តែខ្លាំងរបស់ចិន ធ្វើឲ្យ​តៃវ៉ាន់ភ័យខ្លួន ងាករកចំនួយបន្ថែមពីអាមេរិក។ នៅក្នុង​អាណត្តិរបស់​លោក ចូ បៃដិននេះ គឺអាមេរិកបានចុះកិច្ចសន្យាលក់អាវុធឲ្យ​តៃវ៉ាន់ ចំនួន​២បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព​ការពារខ្លួនផ្លូវអាកាស ក្នុង​ករណី​ដែលចិន​បើកការវាយ​ប្រហារមែន​។  តែចិន វិញ ក៏បានបន្ថែមសមត្ថភាព​ខ្លាំងណាស់ដែរ និងបានបង្ហាញឲ្យតៃវ៉ាន់ឃើញ កាន់តែញឹកថែមទៀតផង។

យោងតាមការផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​ផ្លូវការចិន ក្នុងពេលនិយាយគ្នា កាលពីថ្ងៃម្សិលមិញ គឺលោកស៊ី ជីនពីង បានប្រាប់ទៅ លោក ចូ បៃដិន ថា ក្នុងសំណុំរឿងតៃវ៉ាន់ អាមេរិក ត្រូវតែចាត់ចែងឲ្យ​បានត្រឹមត្រូវ ពុំនោះទេ វានឹងធ្វើឲ្យខូច ដល់ទំនាក់ទំនង រវាងចិន និងអាមេរិក។ យោងតាមសេតវិមាន លោក ចូ បៃដិន វិញ បាន​​ឆ្លើយតបទៅវិញថា គោលនយោបាយ​របស់អាមេរិក ចំពោះតៃវ៉ាន់ គឺ​មិនប្រែប្រួលឡើយ។ ពោលគឺអាមេរិក នៅតែប្រឆាំងដាច់ខាត នូវរាល់សកម្មទាំងឡាយណា ដែល​សំដៅកែប្រែលក្ខន្តិកៈ Statu quo ដោយភាគីណាមួយតែម្នាក់ឯង។

សំណួរសួរថា តើចិន នឹងសម្រេចចិត្ត​វាយ​ដណ្តើមយកតៃវ៉ាន់ដែរឬទេ?​ ហើយបើចិនធ្វើមែន តើអាមេរិក នឹងហ៊ានលូកដៃជួយ​តៃវ៉ាន់ឬក៏អត់! សង្គ្រាមនៅអ៊ុយក្រែន បាន​បង្ហាញឲ្យឃើញហើយថា គោលជំហររឹងរូសរាងខ្លួន ទីបំផុតដោះស្រាយអ្វីមិនបាន មានតែផ្ទុះអាវុធ ដែលអ៊ុយក្រែនរងគ្រោះ។ ដូច្នេះនេះអាចជាមេរៀនមួយ ដែលគេគួរតែពិចារណា ដើម្បីប្រឹងប្រែង ​រកផ្លូវដោះស្រាយ​សំណុំរឿងតៃវ៉ាន់ ដោយសន្តិវិធី ទាន់អ្វីៗ មិនទាន់ហួសពេល ដូចករណីនៅអ៊ុយក្រែន!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ