អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែន៖ រុស្ស៊ីអះអាង​ថា​បាន​​បាញ់​​មីស៊ីល​អ៊ីពែរសូនិក​មួយ​គ្រាប់ទៀត ខណៈ​ស្ថានភាព​ម​នុស្ស​ធម៌​​កាន់តែ​ដុនដាប​ខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាមនៅអ៊ុយក្រែន បន្ត​ផ្ទុះឆាបឆេះ យ៉ាងក្តៅគគុក។ នៅថ្ងៃអាទិត្យ​ទី២០មីនា ក្រសួង​ការពារ​ជាតិរុស្ស៊ី បានអះអាងថា គេបានប្រើប្រាស់មីស៊ីលអ៊ីពែរសូនិក មួយគ្រាប់ថ្មីទៀត ដើម្បីកំទេចទីតាំង​ស្តុកប្រេង​របស់កងទ័ពអ៊ុយក្រែន។ នៅទីក្រុង​ម៉ារីយូប៉ូលឯណោះវិញ ស្ថានភាព​មនុស្សធម៌កាន់តែដុនដាប​ខ្លាំងបំផុត ក្រោយកងទ័ពរុស្ស៊ីឡោម​ព័ទ្ធអស់ជាច្រើនថ្ងៃ និង​បានទំលាក់គ្រា​ប់បែក​​លើ​ទីក្រុងនេះ យ៉ាងដំណំបំផុត។ លោក វ្លូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាន​ប្រកាសតាមសារវីដេអូថ្មីមួយទៀត ដោយបាន​ចាត់ទុកថា ការឡោមព័ទ្ធរបស់កងទ័ពរុស្ស៊ី នៅក្រុងម៉ារីយូប៉ូល គឺជាអំពើដ៏សាហាវយង់ឃ្នង ដែលប្រវត្តិសាស្ត្រពិភពលោក នឹងចងចាំរាប់សតវត្សទៅមុខ។

ក្រុមពន្លត់អគ្គិភ័យ កំពុងព្យាយាម​ពន្លត់ទីតាំង ដែលផ្ទុះឆេះ ក្រោយ​រងគ្រាប់មីស៊ីល របស់​រុស្ស៊ី។ ក្រុងកៀវ ថ្ងៃ១៧ មីនា ២០២២
ក្រុមពន្លត់អគ្គិភ័យ កំពុងព្យាយាម​ពន្លត់ទីតាំង ដែលផ្ទុះឆេះ ក្រោយ​រងគ្រាប់មីស៊ីល របស់​រុស្ស៊ី។ ក្រុងកៀវ ថ្ងៃ១៧ មីនា ២០២២ AP - Vadim Ghirda
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ីចាប់ផ្តើ​ម​បញ្ចេញអាវុធធុនធំ

យោងតាមលិខិតប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី គឺ កងទ័ពរុស្ស៊ី បានបាញ់មីស៊ីលក្រ័រស្យែរ « Kalibr » បាញ់ចេញពីសមុទ្រកាសព្យែន និង មីស៊ីលអ៊ីពែរសូនិក « Kinjal » មួយគ្រាប់ទៀត បាញ់ចេញពីមូលដ្ឋានទ័ពអាកាស នៅតំបន់គ្រីម៉េ។ ប្រភពដដែល អះអាងថា មីស៊ីលទាំងនេះ បាន​ទៅកំទេចទីតាំងស្តុក​ប្រេងមួយកន្លែង របស់​កងទ័ពអ៊ុយក្រែន ដែលស្ថិតនៅ តំបន់ Mykolaïv ភាគខាងត្បូង​អ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីអះអាងថា ទីតាំងនេះ គឺជាទីតាំងស្តុកប្រេង សម្រាប់ប្រើលើ​រថក្រោះ រថពាសដែករបស់អ៊ុយក្រែន។

បន្ថែមពីនេះ នៅថ្ងៃអាទិត្យនេះដែរ ក្រសួងការពារជាតិរុស្ស៊ីក៏បាន​អះអាងថា គេបាន​ប្រើមីស៊ីលទំនើបបំផុត ដោយ​មិនបញ្ជាក់ថាប្រភេទអ្វីទេ បាញ់ទៅលើទីតាំងបន្ទាយ​ហ្វឹកហាត់ របស់កងទ័ពអ៊ុយក្រែន ស្ថិតនៅចំងាយ​ប្រមាណ​១៥០គីឡូម៉ែត្រ ខាងលិចទីក្រុងកៀវ។ ខាងរុស្ស៊ីអះអាងថា យ៉ាងហោចណាស់ សមាជិក​កងកម្លាំងអ៊ុយក្រែន ព្រមទាំង​កងកម្លាំងបរទេសនៅទីនោះ ជាង​១០០នាក់ ត្រូវបាន​សម្លាប់។ តែយ៉ាងណា សម្រាប់ពេល​នេះ ពុំមានប្រភពឯករាជ្យណា អាចផ្ទៀងផ្ទាត់ដំណឹងនេះបានទេ។

យោងតាមដំណឹងទាំងនេះ គឺមានន័ថា វាជាលើកទី២ហើយ ដែល​រុស្ស៊ី​ប្រើប្រាស់មីស៊ីលអ៊ីពែរសូនិក ដែលអាចបាញ់ចេញ ពីទីកន្លែងឆ្ងាយ ក្នុងល្បឿនដ៏លឿន។ អ្វីដែលពិសេសនោះ គឺមីស៊ីល​ប្រភេទថ្មីរបស់រុស្ស៊ីនេះ គឺអាចរត់គេចពី​ប្រព័ន្ធខែល គ្មានអ្វីអាចមកស្ទាក់កំទេចបានទេ។ តែបាញ់ចេញទៅហើយ គឺដឹងតែទៅដល់គោលដៅហើយ។ មានន័យថា ចាប់ពីពេលនេះទៅ គឺវាឈានដល់ដំណាក់កាល ដែលរុស្ស៊ីបញ្ចេញ​អាវុធធន់ធំៗ។

លោក Iouri Ignat អ្នកនាំពាក្យ​កងទ័ពអាកាសអ៊ុយក្រែន បាន​លើកឡើងថា អ៊ុយក្រែន កំពុងតែត្រូវបាន​រុស្ស៊ី យកធ្វើ​ជាទីលាន ដើម្បី​​បាញ់សាកល្បងអាវុធទំនើបថ្មីៗ របស់គេ ដោយ​គ្មានខ្លាចរអារ​នរណាទាំងអស់។ ដោយឡែក សម្រាប់ក្រសួងការពារជាតិអង់គ្លេសវិញ គឺគេយល់ថា ការ​ដែលរុស្ស៊ីចាប់ផ្តើម​ប្រើ​ប្រាស់ មីស៊ីលបាញ់ពីចំងាយឆ្ងាយ​ៗបែបនេះ គឺដោយសារតែរុស្ស៊ី មិនអាចគ្រប់គ្រងផ្លូវអាកាសនៅពីលើអ៊ុុយក្រែន បានខ្លាំងប៉ុន្មានឡើយ។ ហេតុដូច្នេះហើយ បានជាត្រូវចាំបាច់ បាញ់គ្រាប់មកពីឆ្ងាយ​ ដើម្បីជួយទប់។

គិតចាប់ពីថ្ងៃចាប់ផ្តើមសង្គ្រាម​ យោងតាមតួលេខរបស់​អ៊ុយក្រែន គឺរុស្ស៊ីបានបាញ់មីស៊ីលចំនួន​ ២៩១គ្រាប់ និង​ប្រើគ្រាប់បាញ់ពីលើយន្តហោះ ចំនួន ១៤០៣គ្រាប់។

« ការឡោមព័ទ្ធទីក្រុងម៉ារីយូប៉ូល ជាឧក្រិដ្ឋកម្មសង្គ្រាម »

អាជ្ញាធរក្រុងម៉ារីយូប៉ូល បាន​ផ្សាយ​សារតាមតេឡេក្រាមថា កាលពីថ្ងៃសៅរ៍ម្សិលមិញ អាគារសាលា​សិល្បៈមួយកន្លែង ដែលមាន​មនុស្សសំងំជ្រកពួន ប្រមាណ​៤០០នាក់​ ត្រូវបាន​រងគ្រាប់បែក​របស់រុស្ស៊ី។ មនុស្សនៅទីនោះសុទ្ធតែកុមារ និង​មនុស្សស្រី និងជនចាស់ជរា។ គិតមកត្រឹមពេលនេះ គឺមិនទាន់ដឹងថាមានស្លាប់ មានរបួសប៉ុន្មាននាក់ទេ តែអាជ្ញារអ៊ុយក្រែនប្រចាំក្រុងនេះអះអាងថា មាន​មនុស្សច្រើននាក់ណាស់ ដែលស្ថិតនៅក្រោមគំនរអាគារបាក់បែកនេះ។ នៅម៉ារីយូប៉ូលដែរ កុមារកំព្រាចំនួន​១៩នាក់ កំពុង​ជាប់គាំងនៅក្នុង​អាគារទុកសាកសពមួយ​កន្លែង ដោយ​គ្មាននរណា​អាចទៅជួយ​បានទេ ជាច្រើនថ្ងៃមកហើយ។

ដោយ​ឡែក លោក Pavlo Kirilenko អភិបាលតំបន់ដូនែតស៍ បានអះអាងថា យ៉ាងហោចណាស់ មានប្រជាជនអ៊ុយក្រែននៅក្រុងម៉ារីយូប៉ូល ចំនួន​ជាង១០០០នាក់ ត្រូវបាន​រុស្ស៊ីកេណ្ឌចេញទាំងបង្ខំ ដឹកចូលទៅដីរុស្ស៊ី​ បាត់ដំណឹងឈឹងសូន្យតែម្តង។ ប្រភពតាមបណ្តាញសង្គមរបស់សមាជិក​សភា​អ៊ុយក្រែន ច្រើននាក់ អះអាងថា រោងចក្រស្លដែកដ៏ធំជាងគេមួយ​នៅទូទាំងអឺរ៉ុប ស្ថិតនៅ​ជាយក្រុងម៉ារីយូប៉ូលនេះ ត្រូវបាន​កងទ័ពរុស្ស៊ីបាញ់កំទេចអស់ហើយ។ នេះគឺជាការបាត់បង់ផ្នែកសេដ្ឋកិច្ចមួយដ៏ធំ សម្រាប់អ៊ុយក្រែន។

បាទស្ថានភាព​នៅ​ក្រុងម៉ារីយូប៉ូល គឺវេទនាអានោចអាធម្មខ្លាំងសម្បើមណាស់ សម្រាប់ប្រជាជនដែលកំពុងតែជាប់នៅទីនោះ។ ណាមួយដោយសារតែគ្រាប់បែក មីស៊ីលរបស់រុស្ស៊ី ធ្លាក់ផ្ទុះឥតដាច់។ ណាមួយទៀត គឺបញ្ហាស្បៀងអាហារ។ ប្រជាជនត្រូវពួនសំងំរស់នៅក្នុង​បន្ទប់ក្រោមដី ក្នុងសីតុណ្ហភាពត្រជាក់ ជាមួយនឹងអារម្មណ៍ភ័យខ្លាច មិនដឹងថាពេលនេះ គ្រាប់របស់រុស្ស៊ីនឹងធ្លាក់មកលើចំនោះ! សាក្សីខ្លះអះអាងថា សាកសពមនុស្ស ដេកស្លាប់រាយ​ប៉ាយ មិនទាន់ប្រមូលអស់ផង គ្រាប់បែករុស្ស៊ីក៏ធ្លាក់​ផ្ទុះបន្ថែមទៀត។ គិតមកទល់ពេលនេះ នៅម៉ារីយូប៉ូល មានមនុស្សស្លាប់ ចំនួន២១០០នាក់ហើយ។

លោក ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បាន​បង្ហោះសារវីដេអូថ្មីមួយទៀត ដោយ​បាន​ហៅ​ ការឡោមព័ទ្ធទីក្រុងម៉ារីយូប៉ូល របស់កងទ័ពរុស្ស៊ីនេះ ថាជាអំពីដ៏ព្រៃផ្សៃ គ្មានធម្មមេត្តាទេ។ លោក​បានលើកឡើងថា ប្រវត្តិសាស្ត្រពិភពលោក នឹងចងចាំ​ហេតុការណ៍នេះរាប់សតវត្សទៅមុខ ព្រោះវាឧក្រិដ្ឋកម្មសង្គ្រាម ដែលរុស្ស៊ីបានធ្វើ​មកលើប្រជាជនអ៊ុយក្រែន។ តែយ៉ាងណា លោកបានអះអាងថា​ ទោះជាលំបាកយ៉ាងណា ក៏លោកនៅតែមិនបិទផ្លូវចរចា ជាមួយរុស្ស៊ីដែរ។

រុស្ស៊ីចង់ឲ្យអ៊ុយក្រែនសន្យាថានឹងនៅអព្យាក្រិត្យ

គិតមកទល់ពេលនេះ ការបោះជំហានទៅមុខ ក្នុងការចរចានោះ មានតិចតួចណាស់​។ កាលពីសប្តាហ៍កន្លងទៅ ភាគីទាំងសងខាង បានលើកឡើងពីចំនុចសុទិដ្ឋិនិយមខ្លះៗ តែក្រោយ​មកក៏បានចោទគ្នាវិញ ថាបាន​ធ្វើឲ្យការចរចា​ត្រូវរអាក់រអួល យឺតយ៉ាវ។

ទីភ្នាក់ងារព័ត៌មាន Interfax ទើបតែបានចុះផ្សាយ ដោយស្រង់សំដី របស់​លោក ស៊ែរហ្កី ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថា កម្មវត្ថុដែលរុស្ស៊ីចង់បាន គឺចង់ឲ្យ​អ៊ុយក្រែន ចុះហត្ថលេខា ជាលាយ​លក្ខណ៍អក្សរ លើកិច្ចព្រមព្រៀងរួមស្តីពី​សន្តិសុខ ដោយ​ក្នុងនោះ ត្រូវរាប់បញ្ចូលចំណុច ដែលបញ្ជាក់ថា អ៊ុយក្រែន នឹងនៅ​ជាប្រទេសអព្យាក្រិត្យ​ជានិច្ច។

ក៏ប៉ុន្តែ មិនប្រាកដថាលក្ខខណ្ឌទាមទារនេះ ត្រូវភាគីអ៊ុយក្រែនអាចទទួលយកបានឡើយ។ ទន្ទឹមគ្នានេះ លោក​ប្រធានាធិបតីអ៊ុយក្រែនឯណេះវិញ បានព្យាយាមអំពាវនាវខ្លាំងសម្បើមណាស់ នៅតាមប្រទេសប្រជាធិបតេយ្យធំៗ ដើម្បី​ឲ្យ​មតិសាធារណៈតាមប្រទេសទាំងនេះ ចូលរួមគាំទ្រអ៊ុយក្រែនឲ្យ​បានច្រើន ហើយជំរុញរដ្ឋាភិបាល​ខ្លួន ត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីដាក់សំពាធលើ​លោក​ពូទីន។ លោក ហ្សេឡេនស្គី បានថ្លែងសារសឹងតែជារៀងរាល់ថ្ងៃ តាមប្រព័ន្ធវីដេអូខុសហ្វឺរិនស៍ ចំពោះមុខក្រុមបាតុករ ប្រឆាំងសង្គ្រាម និង​ចំពោះមុខអង្គសភាបរទេស ជាក់ស្តែងនៅថ្ងៃនេះ គឺលោក​នឹងថ្លែងសារទៅកាន់សភាអ៊ីស្រាអ៊ែល។ តែយ៉ាងណា យុទ្ធនាការ​ប្រកូកប្រកាសរកការគាំត្រពីបរទេស របស់​លោកហ្សេឡិនស្គី នេះ គឺបានត្រឹមតែការអាណិតអាសូរតែប៉ុណ្ណោះ។

ដោយឡែក ជាលើកទីមួយនៅថ្ងៃអាទិត្យនេះ លោក Mykhaïlo Podoliak ប្រធានក្រុមចរចារបស់អ៊ុយក្រែន បាន​ប្រកាសសារ អំពាវនាវឲ្យចិនត្រូវតែចូលរួមជួយអ៊ុយក្រែនផង។ លោកបានលើកឡើងថា ចិនអាចជាធាតុមួយ​ដ៏សំខាន់ នៅក្នុ​ងប្រព័ន្ធសន្តិសុខពិភពលោក ប្រសិនបើចិនសម្រេចចិត្តជ្រើសរើស​ ជួយ​ក្រុមប្រទេស​ដែលរីកចម្រើនមានអរិយធម៌ ដោយ​ការ​​​ប្រកាសថ្កោលទោស អំពើ​សាហាវ​យង់ឃ្នងរបស់រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ