អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកពូទីន​និយាយធានា​អាល្លឺម៉ង់ថា គេនៅអាច​បង់លុយអឺរ៉ូ សម្រាប់​ទូទាត់ការទិញ​ឧស្ម័នពីរុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទៅតាម​ការបញ្ជា​របស់ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន រដ្ឋាភិបាល ធនាគារកណ្តាលរុស្ស៊ី និងក្រុមហ៊ុនឧស្ម័ន​រុស្ស៊ី ត្រូវ​បង្ហាញ​ នៅថ្ងៃព្រហស្បតិ៍​ទី ៣១​មីនា ២០២២ ពី​ប្រព័ន្ធថ្មី​នៃ​ការចាយលុយ​រូប្លិ៍​សម្រាប់​ការទិញប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី។ នៅក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទជាមួយ​នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ អូឡាហ្វ ស្ហុល កាលពីថ្ងៃពុធ ប្រធានាធិបតី​រុស្ស៊ី បានបញ្ជាក់​ធានា​ទៅ​សមភាគី​អាល្លឺម៉ង់​ថា ប្រទេស​នៅអឺរ៉ុប​នៅតែ​អាច​ទិញ​ឧស្ម័ន​ពីរុស្ស៊ី ដោយ​ប្រើ​លុយ​អឺរ៉ូ។

រូបម៉ូដែល​បង្ហាញ​ក្រដាសប្រាក់​រុស្ស៊ី លុយរូប្លិ៍ និង​ទុយោបង្ហូរឧស្ម័ន
រូបម៉ូដែល​បង្ហាញ​ក្រដាសប្រាក់​រុស្ស៊ី លុយរូប្លិ៍ និង​ទុយោបង្ហូរឧស្ម័ន REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

ធនាគារកណ្តាល និង​ក្រុមហ៊ុនឧស្ម័ន​រុស្ស៊ី​ត្រូវ​បង្ហាញ​ទៅប្រធានាធិបតី​រុស្ស៊ី នៅថ្ងៃ​ព្រហស្បតិ៍នេះ នូវ​ប្រព័ន្ធថ្មី នៃការលក់ប្រេង និង​ឧស្ម័ន​ដោយ​ទូទាត់ជា​លុយរូប្លិ៍ ដែលជារូបិយបណ្ណជាតិ​រុស្ស៊ី។សងសឹក​នឹង​ការដាក់ទណ្ឌកម្ម​របស់ប្រទេស​លោកខាងលិច ក្នុងរឿងធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន​ធ្លាប់បាន​ប្រកាស កាលពី​ទី ២៣​មីនា​ថា ប្រទេស​អមិត្តរបស់​រុស្ស៊ី ដែល​ទិញប្រេង និង​ឧស្ម័ន​ពីរុស្ស៊ី ត្រូវតែបង់ជា​លុយរូប្លិ៍ រូបិយបណ្ណ​ជាតិ​រុស្ស៊ី ពោល​គឺលែង​ជាលុយដុល្លារ ឬអឺរ៉ូតទៅទៀត។

ប៉ុន្តែ នៅ​ថ្ងៃព្រហស្បតិ៍ទី​៣១​មីនា នេះ ដែល​ជា​ថ្ងៃ​ដាក់​កំហិតចុងក្រោយ​របស់ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ​ពូទីន ដែលចង់​ឲ្យអ្នកទិញប្រេង និង​ឧស្ម័នពីរុស្ស៊ី ត្រូវ​តែបង់ថ្លៃ​ជា​លុយរូប្លិ៍  លោក​ពូទីន​ខ្លួនឯង បាន​និយាយ​ទូរស័ព្ទ ប្រាប់​នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ កាលពីថ្ងៃ​ម្សិលមិញថា ប្រទេស​នៅអឺរ៉ុប​នៅតែ​អាច​បន្ត​បង់​ជាលុយអឺរ៉ូ សម្រាប់​ការទិញនាំចូល​ឧស្ម័នពីរុស្ស៊ី។

តាមអ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ នៅក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទជាមួយ​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ កាលពីថ្ងៃពុធ​ម្សិលមិញ លោក​ប្រធានាធិបតី​រុស្ស៊ី ពិតបាន​ជា​និយាយ​ធានាសមភាគីអាល្លឺម៉ង់​ថា នៅ​ខែ​មេសា ខាងមុខនេះ ប្រទេសនៅអឺរ៉ុប​នៅតែ​អាចបន្ត​បង់​ជា​លុយអឺរ៉ូ ទៅ​ឲ្យធានាគារ​រុស្ស៊ី Gazprom សម្រាប់ការទិញឧស្ម័ន​ពី​រុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី នៅបានបញ្ជាក់ដែរថា ដំណើរការ​ទូទាត់​ជាលុយរូប្លិ​សម្រាប់​ការទិញ​ឧស្ម័ន​រុស្ស៊ី នឹងត្រូវ​ប៉ះពាល់​ដល់​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅក្នុង​កិច្ចសន្យាដែលរុស្ស៊ី​បានចុះ​ជាមួយ​ក្រុមហ៊ុនអឺរ៉ុបនោះទេ។

ហេតុអ្វី ប្រធានាធិបតីរុស្ស៊ី ផ្លាស់ប្តូរជំហររបស់ខ្លួន?

ដោយបញ្ជាក់​ទៅ​ភាគីអាល្លឺម៉ង់​ថា អាល្លឺម៉ង់​ក៏ដូចជា​អឺរ៉ុបនៅតែអាច​បន្ត​បង់ជាលុយអឺរ៉ូ សម្រាប់​ការទិញនាំចូលឧស្ម័នពីរុស្ស៊ី គេអាច​ថា លោក​ពូទីនបាន​ផ្លាស់ប្តូរ​របស់លោក ដែលធ្លាប់​បានប្រកាស​ដាក់​កំហិត​ទុកពេល ១សប្តាហ៍​ឲ្យ​ប្រទេស​អឺរ៉ុប ដើម្បី​បង់លុយរូប្លិ៍ សម្រាប់ការទិញឧស្ម័នរុស្ស៊ី។ លោកពូទីន​អាច​ផ្លាស់ប្តូរជំហរ មកវិញ ព្រោះតែ​លោកមើលទៅឃើញថា គម្រោងការទូទាត់ជាលុយរូប្លិ៍ ពិបាក​នឹង​ចេញជារូបរាង ព្រោះតាំង​ពី​ដើម​សប្តាហ៍នេះ ប្រទេស​មហាអំណាច​ឧស្សាហកម្ម G7 និង​សហភាពអឺរ៉ុប​ដែលជា​អតិថិជនទិញប្រេង និង​ឧស្ម័ន​ដ៏សំខាន់​ជាងគេ​របស់​រុស្ស៊ី សុទ្ធតែបដិសេធ​ដាច់ខាត​ថា នឹង​ប្រើ​លុយរូប្លិ ដើម្បី​ទិញប្រេង ឧស្ម័ន​របស់​រុស្ស៊ី។

នៅក្រោយ​កិច្ចប្រជុំ​ក្រុមប្រទេស​G7 កាលពីថ្ងៃ​ចន្ទ រដ្ឋមន្រ្តី​សេដ្ឋកិច្ច និង​ថាមពលអាល្លឺម៉ង់ លោក​Robert Habeck បាន​និយាយ​ក្នុងនាម​របស់​ក្រុមប្រទេស​G7 ថា ការទាមទារ​របស់​រុស្ស៊ី​ធ្វើឡើង​ដោយ​ឯកតោភាគី និង​រំលោភយ៉ាងច្បាស់ កិច្ចសន្យា​ដែលរុស្ស៊ី​ធ្លាប់​បាន​ចុះ​កន្លងមក។ សម្រាប់​រដ្ឋមន្រ្តីអាល្លឺម៉ង់ ការបង់ថ្លៃ​ជាលុយរូប្លិ៍ គឺ​ជារឿង​ដែលមិនអាច​ទទួលយកបាន។ លោកបានអំពាវនាវ​ដល់​ក្រុមហ៊ុន​អាល្លឺម៉ង់ កុំ​ឲ្យ​អនុវត្ត​តាមការទាមទារ​របស់​ប្រធានាធិបតីរុស្ស៊ី។

នៅក្រោយ​ចេញសេចក្តីថ្លែងការណ៍ ដែលបញ្ជាក់ពីការធានា​របស់ប្រធានាធិបតី​រុស្ស៊ី នៅក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ កាលពីថ្ងៃ​ពុធ អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​រុស្ស៊ី​បាននិយាយ​ប្រាប់​អ្នកកាសែត នៅទីក្រុង​ម៉ូស្គូថា រុស្ស៊ី មិនបានទាមទារ​ឲ្យអ្នកទិញ ឧស្ម័ន​ត្រូវ​តែទូទាត់ជាលុយរូប្លិ៍ភ្លាមនោះទេ។ តាម​អ្នកនាំពាក្យ​របស់​វិមានក្រេមឡាំង ដំណើរការ​ទូទាត់ និង​ការប្រគល់​ទំនិញ ត្រូវការ​ពេលវេលា។

នៅសប្តាហ៍ បារាំង អ៊ីតាលី និង​ប៉ូឡូញ​បាន​ចេញមុខ​បដិសេធ​មិនប្រើប្រាស់​លុយរូប្លិ៍សម្រាប់​ទិញឧស្ម័ន​ពីរុស្ស៊ី។ ប្រឈម​នឹង​ជំហរ​ដាច់ខាត​របស់​ប្រទេស​នៅ​អឺរ៉ុប ដែល​បដិសេធ​មិនប្រើប្រាស់លុយរូប្លិ៍ រុស្ស៊ី យល់​ច្បាស់ថា ការចាប់បង្ខំ​ឲ្យ​គេ​ទូទាត់​ជាលុយរូប្លិ​នឹង​ធ្វើ​ឲ្យ​រុស្ស៊ី​អាច​បាត់បង់​អតិថិជនរបស់ខ្លួន។ ពិតណាស់ថា ​ដោយ​គំរាមឈប់​លក់​ប្រេង ឬ​ឧស្ម័ន បើសិន​គេ​មិន​បង់ជាលុយរូប្លិ រុស្ស៊ីចង់​ដាក់​សម្ពាធ​លើ​អឺរ៉ុប ដែល​ពឹងអាស្រ័យខ្លាំង​លើ​ឧស្ម័ន និង​ប្រេង​របស់ខ្លួន។ ប៉ុន្តែ ដល់ពេល ឃើញថា អឺរ៉ុប​មិន​ចាញ់សំឡុត រុស្ស៊ី ត្រូវ​តែ​ផ្លាស់ប្តូរជំហរ​របស់ខ្លួនវិញ ព្រោះថា បើសិន​មិន​លក់​ប្រេង និង​ឧស្ម័ន​ទៅ​ឲ្យអឺរ៉ុប រុស្ស៊ី ខ្លួន​ឯង​ក៏បាត់ប្រាក់ចំណូល ខាតបង់​ធ្ងន់ណាស់ដែរ ព្រោះ​រុស្ស៊ី នៅមិនទាន់​មាន​ផែនការ មធ្យោបាយ សម្រាប់​បង្ហូរ លក់​ឧស្ម័ន​ទៅឲ្យប្រទេស​ផ្សេង​ក្រៅអឺរ៉ុប​នោះដែរ។ រុស្ស៊ី​ត្រូវតែ​បត់បែន បន្ទន់​ជំហរ​របស់ខ្លួនមកខ្លះ បើសិន​មិន​ចង់​បាត់បង់​ប្រភពចំណូល​ពីការលក់​ឧស្ម័ន​ទៅ​ឲ្យអឺរ៉ុប។

នៅថ្ងៃពុធ​ម្សិលមិញ អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​រុស្ស៊ី បាន​អះអាង​ដែរ​ថា រដ្ឋាភិបាល​កំពុងគិតគូរផងដែរ​ពីការទូទាត់ជា​លុយរូប្លិ៍ សម្រាប់​ការទិញទំនិញ និង​វត្ថុធាតុដើម​ផ្សេងៗ​ទៀតរបស់​រុស្ស៊ី។

អាល្លឺម៉ង់ និង​អូទ្រីស​ត្រៀមខ្លួន ក្នុង​ករណី​រុស្ស៊ី ផ្អាក ឈប់​លក់បង្ហូរឧស្ម័ន

នៅក្រោយ​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី ដែលបាន​ធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន  ប្រទេស​នៅអឺរ៉ុប​បាន​កែតម្រូវ​ផែនការថាមពល​របស់ខ្លួន​ឡើងវិញ ដើម្បី កាត់បន្ថយ​ការពឹងផ្អែក​លើ​ថាមពល​ប្រេង និង​ឧស្ម័ន​របស់រុស្ស៊ី។

នៅថ្ងៃ​ពុធទី ៣០​មីនា អាល្លឺម៉ង់ ដែលទិញប្រេង និង​ឧស្ម័នពីរុស្ស៊ី ច្រើនជាងគេ នៅអឺរ៉ុប​បាន​ប្រកាស​ផែនការ​អាសន្នសម្រាប់ត្រៀមខ្លួន​ទប់ទល់​ការខ្វះខាត​ថាមពល​ក្នុងករណី​រុស្ស៊ី ឈប់​បង្ហូរ​លក់​ឧស្ម័ន ទៅប្រទេស​ណា​ដែល​មិនព្រមទូទាត់ជា​លុយរូប្លិ៍។

ផែនការ​បីចំណុច​របស់​អាល្លឺម៉ង់ មាននិយាយថា រដ្ឋាភិបាល​នឹង​តាមដាន​ជាប់ជានិច្ច​ដំណើរការបង្ហូរ​លក់​ឧស្ម័នពីរុស្ស៊ី បរិមាណ​ស្តុក ឧស្ម័ន និង​ការដាក់កម្រិត​សម្រាប់​ការប្រើប្រាស់ចាំបាច់ នៅក្នុងប្រទេស (សាលារៀន មន្ទីរពេទ្យ និង​ស្ថាប័នរដ្ឋ) ក្នុងករណីកើតមាន​វិបត្តិខ្វះថាមពល ដោយសារ​រុស្ស៊ី មិនលក់បង្ហូរ ប្រេង ឧស្ម័ន។

ដូចអាល្លឺម៉ង់ អូទ្រីស​ក៏បាន​ប្រកាស​ផែនការអាសន្នស្តីពីថាមពល ដើម្បី​ធានា​ថា អូទ្រីស​ត្រូវ​ចាត់វិធានការ​បន្ទាន់ ក្នុងករណី​រុស្ស៊ី​ឈប់​បង្ហូរលក់​ឧស្ម័ន​ទៅ​ឲ្យអូទ្រីស។ បារាំង និង​អ៊ីតាលី ​ចាត់វិធានការ​អាសន្ន​បឋម ស្តីពី​ថាមពល ចាប់តាំង​ពី​រុស្ស៊ី​ចូលធ្វើ​សង្រ្គាម​ឈ្លានពានអ៊ុយក្រែន។

ហេតុអ្វីលោកពូទីន​ចង់​ឲ្យគេទូទាត់ជា​លុយរូប្លិ៍?

លោកប្រធានាធិបតីពូទីន​បាន​ប្រកាស​កាលពីថ្ងៃទី ២៣ មីនា ថា ប្រទេស​ដែលមិនមែន​ជា​មិត្ត​របស់​រុស្ស៊ី ដែលបាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ក្នុងរឿង​ធ្វើ​សង្រ្គាមនៅអ៊ុយក្រែន ត្រូវតែ បង់​ជា​លុយ​រូប្លិ៍ នៅពេលទិញ​ប្រេងឬ​ឧស្ម័ន ពី​រុស្ស៊ី ព្រោះ​រុស្ស៊ី​លែង​ទូទាត់​ជា​​លុយ​ផ្សេងទៀត​ហើយ។ លោកពូទីន​ធ្លាប់បាន​លម្អិត​ថា រុស្ស៊ី​សម្រេច​ចិត្ត​យ៉ាង​ដូច្នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទណ្ឌកម្ម​ របស់​​ក្រុមប្រទេស​ដែល​បាន​បង្កក​ទ្រព្យធន​រុស្ស៊ី​​ចំនួន ៣០០​ពាន់​លាន​ដុល្លារ​នៅ​បរទេស ក្រោយ​ពី​រុស្ស៊ីចេញ​​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយក្រែន។

រុស្ស៊ី​ចាប់តម្រូវ​ឲ្យគេ​ទិញឧស្ម័ន ប្រេង​រុស្ស៊ី ដោយប្រើ​លុយរូប្លិ តបនឹង​ទណ្ឌកម្ម​របស់​អាមេរិក និង​ប្រទេស​នៅអឺរ៉ុប។ ការសម្រេច​ប្រើ​លុយរូប្លិ៍​សម្រាប់​ការទិញនាំចូលប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី មិនមែន​ធ្វើឡើង​ដើម្បី​គ្រាន់តែជាសងសឹក តែប៉ុណ្ណោះទេ ប៉ុន្តែ វាជាយុទ្ធសាស្រ្ត​មួយ​របស់រុស្ស៊ី ដើម្បី អាចដកខ្លួន​ចេញពីទណ្ឌកម្ម​សេដ្ឋកិច្ច និង​ដើម្បី​បង្កើនតម្លៃ​លុយរូប្លិ៍ឡើងវិញ។

ការប្រកាស​របស់​ប្រធានាធិបតីរុស្ស៊ី​ដែល​ចង់​ឲ្យអ្នកទិញប្រេង និង​ឧស្ម័ន​រុស្ស៊ី ត្រូវ​បង់ជាលុយរូប្លិ៍ បានធ្វើ​ឲ្យ តម្លៃរូបិយបណ្ណរុស្ស៊ី លុយរូប្លិ កើនឡើង​ខ្ពស់ឡើងវិញ បន្ទាប់ពី​ធ្លាក់ដាំក្បាលចុះខ្លាំង នៅក្រោយ​ការប្រកាស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពីសំណាក់ប្រទេស​លោកខាងលិច។ ដោយសារ​លុយរូប្លិ​ធ្លាក់​ចុះថោក ប្រៀបធៀប​នឹង​លុយដុល្លារ រុស្ស៊ី ជួបបញ្ហាអតិផរណា និង​មិនសូវចំណេញច្រើន​ពីការនាំចេញ​របស់ខ្លួន ដែលជាហេតុធ្វើ​ឲ្យ​រុស្ស៊ី ខ្វះថវិកា​សម្រាប់​ធ្វើ​សង្រ្គាម។ ដោយប្រកាស​ឲ្យគេទូទាត់​ការទិញប្រេង ដោយប្រើលុយរូប្លិ លោកពូទីន​សង្ឃឹមថា តម្លៃ​លុយរូប្លិ៍ នឹង​កើនឡើង​តម្លៃខ្ពស់។ ដោយមើលឃើញថា លុយរូប្លិ មានតម្លៃខ្ពស់ នោះ​ក្រុមហ៊ុន​មួយចំនួន​អាច​ធ្វើជំនួញដោះដូរ ជាមួយ​រុស្ស៊ី តាមរយៈ ការទូទាត់ជាលុយរូប្លិ៍ផ្ទាល់ ដោយ​មិនចាំបាច់ឆ្លងកាត់ ​ប្រើប្រាស់លុយដុល្លារ ឬ​លុយអឺរ៉ូ។ ការរំដោះសេដ្ឋកិច្ចរុស្ស៊ី​ចេញពី​លុយដុល្លារ គឺ​ជាក្តីស្រមៃតាំងពីយូរហើយ​របស់​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ