អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រោយ​បានឃើញ​​រូបភាព​​សាកសព​ជន​ស៊ីវីលអ៊ុយក្រែន​នៅ​ប៊ូតឆា អាមេរិក​​និង​​អឺរ៉ុប​ ​បន្ថែម​​ទណ្ឌកម្ម​​ដ៏​ធ្ងន់​​​លើរុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាកសពប្រជាជនស៊ីវីលអ៊ុយក្រែនជាង៤០០នាក់ ដែលគេបានប្រទះឃើញនៅក្រុងប៊ូតឆា បាន​បង្កឲ្យ​មានការតក់ស្លុតជាខ្លាំង។ឆ្លើយតបទៅនឹង​អំពើឧក្រិដ្ឋ ធ្វើឡើងដោយ​កងទ័ពរុស្ស៊ីនៅអ៊ុយក្រែន ដែលគេឃើញ​កាន់តែច្រើនឡើង​ៗបែបនេះ សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុបបានប្រកាសថា គេនឹងរួមគ្នាដាក់ទណ្ឌកម្មបន្ថែមទៀត ទៅ​លើ​រុស្ស៊ី​។ ទណ្ឌកម្ម​ដែលអាចវាយបំបាក់ប្រភពចំណូលរបស់រដ្ឋរុស្ស៊ី ព្រមទាំងអាចធ្វើឲ្យ​រុស្ស៊ី គ្មានលទ្ធភាព​​សងបំណុល​​គេថែមទៀតផង។

ផ្លូវមួយនៅក្នុងក្រុងប៊ូតឆា ប្រទេសអ៊ុយក្រែន
ផ្លូវមួយនៅក្នុងក្រុងប៊ូតឆា ប្រទេសអ៊ុយក្រែន AP - Felipe Dana
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃអង្គារ លោក​វ្លូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន បានថ្លែងសារជាលើកទីមួយ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដោយលោក​បានទទូចអំពាវនាវ ឲ្យអង្គការសហប្រជាជាតិ ត្រូវតែចាត់វិធានការ ដាក់ទោសរុស្ស៊ី ចំពោះអំពើ “ឧក្រិដ្ឋកម្មសង្គ្រាម”​ ដែលកងទ័ពរុស្ស៊ីបានធ្វើនៅអ៊ុយក្រែន។ លោកហ្សេឡេនស្គី បានអំពាវនាវឲ្យបណ្តេញ​រុស្ស៊ីចេញពី​ក្រុមប្រឹក្សាសន្តិសុខ ដើម្បីកុំឲ្យរុស្ស៊ីអាចប្រើសិទ្ធិបោះឆ្នោត​វ៉េតូ បានតទៅទៀត។ លោកប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ ត្រូវតែរកមធ្យោបាយ "ដើម្បី​កុំឲ្យ​សិទ្ធិវ៉េតូរបស់រុស្ស៊ី ក្លាយជាសិទ្ធិក្នុងការសម្លាប់ជីវិតមនុស្ស"។

អឺរ៉ុបឈប់ទិញ​ធ្យូងថ្មរបស់រុស្ស៊ី ហើយ​ចាប់ផ្តើមពិចារណា ចង់ឈប់ទិញប្រេងនិងហ្កាសទៀត

ភាពតក់ស្លុតបានអន្រួនសតិអារម្មណ៍ ថ្នាក់ដឹកនាំអឺរ៉ុប បន្ទាប់ពីបានឃើញនូវរូបភាពសាកសពមនុស្ស​រាប់សិបនាក់ ដេកស្លាប់រណេតរណូត រាយ​ប៉ាយតាមផ្លូវ កៀនរបងផ្ទះ នៅក្រុងប៊ូតឆា ភាគពាយ័ព្យរដ្ឋធានីកៀវ។ ព្រឹកថ្ងៃពុធនេះ សហភាពអឺរ៉ុប បានចាប់ផ្តើម​ប្រជុំ ដើម្បីរិះរកវិធី ដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី។

នៅចំពោះមុខអង្គសភាអឺរ៉ុប នៅព្រឹកមិញនេះ លោក ហ្សាល មីឈែល ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានថ្លែងថា រុស្ស៊ីត្រូវតែរងពិន័យ ចំពោះអំពើឧក្រិដ្ឋកម្មសង្គ្រាម ដែលកងទ័ពខ្លួនបានធ្វើនៅប៊ូតឆា។ លោក​បានបន្ថែមថា ភស្តុតាងកាន់តែច្រើន បានមកបញ្ជាក់អំពី​ភាពសាហាវយង់ឃ្នង គ្មានព្រំដែន របស់កងទ័ពរុស្ស៊ី ធ្វើទៅលើប្រជាជនស្លូតត្រង់អ៊ុយក្រែន។ វាមិនមែនជាប្រតិបត្តិការ​យោធាពិសេសស្អីនោះទេ តែវាជា “ឧក្រិដ្ឋកម្មសង្គ្រាម”។

ទាក់ទិនវិធានការទណ្ឌកម្មបន្ថែម ពីសំណាក់សហភាពអឺរ៉ុបនេះ គឺក្រុមប្រទេសអឺរ៉ុបពិភាក្សាគ្នា រឿងឈប់នាំចូលទំនិញថាមពល​រុស្ស៊ី មានដូចជាប្រេង ហ្កាស និងធ្យូងថ្ម។ ដូចយើងបានដឹងកន្លងមកហើយថា ប្រទេសអឺរ៉ុបខ្លះ ដូចជាអាល្លឺម៉ង់ជាដើមពឹងផ្អែកខ្លាំងណាស់ លើទំនិញថាមពលរុស្ស៊ី ជាក់ស្តែងហ្កាស និង​ប្រេង​នេះតែម្តង។ ប្រទេសខ្លះចង់ឈប់នាំទិញពីរុស្ស៊ី តែប្រទេសខ្លះមិនអាចធ្វើបានទេ ព្រោះមិនអាចទៅទិញពីណាមកជំនួស។ តែយ៉ាងណា បើតាមប្រភពស្និទ្ធ គឺអឺរ៉ុបអាចនឹងត្រូវរ៉ូវគ្នា ឈប់ទិញធ្យូងថ្មីពីរុស្ស៊ី។ ធ្យូងថ្មរុស្ស៊ីដែលមានទំហំប្រមាណ ៤៥% នៃការនាំចូលរួម របស់ក្រុមប្រទេសអឺរ៉ុប។ បន្ថែមពីនេះ អឺរ៉ុបក៏កំពុងពិចារណា ហាមឃាត់ការចូលចត របស់នាវា កប៉ាល់រុស្ស៊ីទាំងអស់ មិនថាធំមិនថាតូច នៅតាមកំពង់ផែតាមបណ្តាប្រទេសអឺរ៉ុប។

ដោយឡែក លោកស្រីអៀរស៊ូឡា វុន ឌឺឡៃយិន ប្រធានគណកម្មការអឺរ៉ុប បានថ្លែងនៅមុខអង្គសភាអឺរ៉ុបព្រឹកមិញនេះដែរ ថាទណ្ឌកម្ម​ដែលអឺរ៉ុបដាក់លើរុស្ស៊ីកន្លងមកនេះ មានប្រសិទ្ធិភាពល្អ ហើយអឺរ៉ុបនឹងបន្ថែមមួយទៀត ដោយ​ការឈប់ទិញ​ធ្យូងថ្មរុស្ស៊ី។ ក៏ប៉ុន្តែអំណេះតទៅអឺរ៉ុបក៏ត្រូវតែចាប់ផ្តើម​ពិចារណាដែរ ទាក់ទិននឹងការទិញប្រេង និង​ហ្កាសរុស្ស៊ី ព្រោះថាទំនិញថាមពល២មុខនេះ ជាប្រភពចំណូលធំណាស់ របស់​រដ្ឋាភិបាលលោកពូទីន។ លោក ហ្សាល មីឈែល ក៏បានលើកឡើងដែរថា មិនយូរមិនឆាប់ទេ អឺរ៉ុបត្រូវតែសម្រេចទណ្ឌកម្ម ទាក់ទិននឹងការនាំចូលប្រេង និង​ហ្កាសរបស់រុស្ស៊ី។

អាមេរិកហាមធនាគារខ្លួន មិន​ឲ្យ​បញ្ចេញប្រាក់ដុល្លាររបស់រុស្ស៊ី យកទៅសងបំណុល

យោងតាមការបញ្ជាក់ របស់​លោកស្រី ជែន សាគី អ្នកនាំពាក្យសេតវិមាន កាលពីម្សិលមិញនេះ គឺអាមេរិក នឹងបន្ថែមទណ្ឌកម្ម ទៅលើស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី ព្រមទាំង​ក្រុមហ៊ុនរដ្ឋរុស្ស៊ីមួយចំនួន​ទៀត។ សេតវិមាន​អាមេរិក ក៏នឹង​បង្កកទ្រព្យសម្បត្តិរបស់មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី ព្រមទាំងក្រុមគ្រួសារផងដែរ។ តែយ៉ាងណា អ្នកនាំពាក្យសេតវិមាន មិនបានបញ្ជាក់ទេ ថាកូនស្រី២នាក់របស់​លោកពូទីន នឹងរងទណ្ឌកម្មនេះដែរ ឬអត់ទេ។

បន្ថែមពីនេះ អាមេរិកគ្រោង​ដាក់ទណ្ឌកម្ម​ ហាមឃាត់រាល់ការវនិយោគថ្មីទាំងអស់នៅរុស្ស៊ី។ លោកស្រី ជែន សាគី អះអាងថាទណ្ឌកម្មរបស់អាមេរិកទាំងនេះ គឺសេតវិមាននឹងជូនដំណឹង ពិគ្រោះយោបល់ឲ្យស្របគ្នា ជាមួយ​ដៃគូរខាងអឺរ៉ុប និង​ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 ផងដែរ។ លោកស្រី ជែន សាគីអះអាងថា កម្មវត្ថុ គឺធ្វើយ៉ាងណា ដាក់ពិន័យឲ្យរុស្ស៊ីដឹងខ្លួន ថាឧក្រិដ្ឋកម្មសង្គ្រាមដែលរុស្ស៊ីបានធ្វើនៅអ៊ុយក្រែន គឺជាអំពើខុសឆ្គងខ្លាំង ហើយរុស្ស៊ីត្រូវតែរងទទួលទោសកំហុស នៅឯកោ មិនថាក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា។

ដោយឡែក កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អាមេរិក បានសម្រេចវិធានការថ្មីមួយ ដោយ​បានហាមឃាត់ មិនឲ្យ​រុស្ស៊ីប្រើប្រាស់​ប្រាក់ដុល្លារ ដែលរុស្ស៊ីមានទុកនៅតាមធនាគារអាមេរិក យកទៅសងបំណុលគេ​ឡើយ។ អ្នកនាំពាក្យ​ក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់ថា អំណេះតទៅ បើរុស្ស៊ី មិនចង់ឲ្យខកខានក្នុងការសងការប្រាក់ សងបំណុលគេនោះទេ គឺរុស្ស៊ីត្រូវតែជ្រើសរើស ថាតើត្រូវប្រើប្រាក់ដុល្លារដែលខ្លួន មាននៅក្នុងធនាគារកណ្តាលរបស់ខ្លួន ដើម្បីយក​មកសងបំណុលគេ ឬមួយក៏យកប្រាក់ដុល្លារ ដែលជាប្រាក់ចំណូលបានមកពីការលក់ប្រេង លក់ហ្កាសជាដើម​។ យ៉ាងណាមិញ កាសែត Financial Times បានចុះផ្សាយថា ធនាគារអាមេរិក JPMorgan បានបដិសេធកាលពីថ្ងៃចន្ទ មិនព្រមផ្ទេរប្រាក់ដែលរុស្ស៊ីចង់ផ្ញើទៅឲ្យធនាគារ Citigroup ដើម្បីយកទៅចែកចាយសងបំណុលគេទេ។

រុស្ស៊ីអាចប្រឈមនឹងវិបត្តិ​ គ្មាន​ប្រាក់សងបំណុលគេ ?

កម្មវត្ថុនៃវិធានការទណ្ឌកម្មរបស់អាមេរិក គឺដាក់សំពាធលើ​វិស័យហិរញ្ញវត្ថុ និង​ធនាគារកណ្តាលរុស្ស៊ី ធ្វើ​​យ៉ាងណា​ឲ្យរុស្ស៊ី កាន់តែខែខើចប្រាក់កាន់តែខ្លាំងឡើង។ ជាមួយនឹងទណ្ឌកម្មជាបន្តបន្ទាប់ ទ្រព្យសម្បតិ្ត មាស និង​ប្រាក់របស់​រុស្ស៊ី ដែលមានទុកនៅតាមស្ថាប័នហិរញ្ញវត្ថុប្រទេស គឺត្រូវគេបង្កក​ច្រើនណាស់ សរុបប្រមាណ​៣០០ពាន់​លានដុល្លារទៅហើយ។ ដូច្នេះ រុស្ស៊ីត្រូវតែរកប្រាក់មកពីកន្លែងផ្សេងទៀត ដើម្បីសងការប្រាក់ សងបំណុលនៅបរទេស។

យោងតាម លោកស្រី Anne-Laure Kiechel ស្ថាបនិក Global Sovereign Advisory បានឲ្យដឹងថា បច្ចុប្បន្ននេះរុស្ស៊ីមានបំណុលខាងក្រៅ សរុបប្រមាណ ៤០ពាន់លានដុល្លារ។ ក្នុងចំណោមនេះ​ មានបំណុលប្រមាណ ជាង៤៧០០ពាន់លានដុល្លារ​ ដែលរុស្ស៊ី ត្រូវដល់កាលបរិចេ្ឆទសងគេ។ សម្រាប់ពេលនេះ គឺប្រហែលជា​ ធនាគារកណ្តាលរុស្ស៊ី អាចទប់ទល់រួច។ ជាងនេះទៀត រុស្ស៊ីនៅតែមានចំណូលចូលជាហូរហែរ ដូចជាបានមកពី​ការលក់ប្រេង និង​ហ្កាស ក្នុងឆ្នាំនេះ តាមការគុណគូរ គឺរុស្ស៊ីអាចមានចំណូល​ប្រមាណ ​៣២០ពាន់លានដុល្លារ។ ដូច្នេះ គិតត្រឹមពេលនេះ គឺរុស្ស៊ីអាចនៅមានលទ្ធភាពសងបំណុល សងការប្រាក់គេ។

ក៏ប៉ុន្តែបញ្ហាចោទទៅមុខ គឺវារំពឹងលើកណ្តាប់ដៃរបស់​អាមេរិកទាំងស្រុង។ នេះបើផ្អែកតាមការវិភាគរបស់​លោកស្រី Anne-Laure Kiechel។ អ្នកជំនាញរូបនេះពន្យល់ថា ពីពេលនេះ រហូតដល់ដើមខែឧសភា អាមេរិកបានផ្តល់អាជ្ញាបណ្ណពិសេស អនុញ្ញាតឲ្យរុស្ស៊ីយកប្រាក់ដុល្លារ ដែលគេបង្កកតាមស្ថាបន័ហិរញ្ញវត្ថនានាមកសងបំណុលបានមែន។ តែអាមេរិកអាចនឹង​មិនបន្តអាជ្ញាបណ្ណនេះទៅ នៅពេលផុតសុពលភាព។ មានន័យថា ដល់ពេលនេះ រុស្ស៊ីអាចនឹងគ្មានប្រាក់សងការប្រាក់ សងបំណុលគេទេ។

វិបត្តិបែបនេះ គឺ​នឹង​វាយបំបាក់សេដ្ឋកិច្ចរុស្ស៊ីយូរឆ្នាំទៅមុខ ព្រោះធានាគារកណ្តាលរុស្ស៊ីនឹងខូចឈ្មោះ គ្មាននរណាឲ្យ​ប្រាក់ខ្ចី​យកទៅវិនិយោគ ឬចំណាយ​លើគម្រោង​សាធារណៈបានឡើយ។ យ៉ាងណាមិញ យោងតាមប្រភពអ្នកជំនាញអាមេរិក ក្នុងឆ្នាំ​២០២២នេះ សេដ្ឋកិច្ចរុស្ស៊ីនឹងដើរថយក្រោយចំនួន​ យ៉ាងអន់ណាស់ ក៏​​១៥% ដែរ។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់រុស្ស៊ី ប្រមាណ​១៥ឆ្នាំចុងក្រោយនេះ អាចនឹងត្រូវ​រលាយសាបសូន្យ ដោយសារតែសង្រ្គាមដែលលោកពូទីនបានធ្វើនៅអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ