អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​សម្រេច​ផ្តល់​គ្រឿង​សព្វាវុធ​​ធុនធំ ដល់​អ៊ុយក្រែន ក្នុង​តម្លៃ​៨០០លាន​ដុល្លារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កងទ័ពរុស្ស៊ីកំពុងតែប្រមូលផ្តុំកម្លាំង ដើម្បី​វាយ​សម្រុក​នៅ​ភាគខាងកើត និង​ខាងត្បូងអ៊ុយក្រែន។ ដើម្បីជួយ​កងទ័ពអ៊ុយក្រែន លោក ចូ បៃដិន បានសម្រេច​កាលពី​ល្ងាចថ្ងៃពុធទី​១៣មេសា ផ្តល់គ្រឿងសព្វាវុធធុនធំ ក្នុងតម្លៃប្រមាណ​៨០០លានដុល្លារ។ នេះគឺជាការ​បោះជំហានថ្មីមួយទៀត របស់សហរដ្ឋអាមេរិក នៅក្នុងសង្គ្រាម​អ៊ុយក្រែន ព្រោះថាកន្លងមក​ ​រដ្ឋាភិបាល​លោក​ចូ បៃដិន បាន​បដិសេធ មិន​ផ្តល់អាវុធធុនធំទេ ដោយ​ផ្តល់តែគ្រឿងសម្ភារៈ និងអាវុធតូចតាចដើម្បីឲ្យ​អ៊ុយក្រែនការពារខ្លួនប៉ុណ្ណោះ។

រូបថត​ផ្តល់​ឲ្យ​ដោយ​ក្រសួងការពារជាតិអាមេរិក ៖ ទាហានអាមេរិក កំពុងរៀបចំអាវុធ និងគ្រឿងសម្ភារៈ បញ្ជូនទៅអ៊ុយក្រែន។ មូលដ្ឋានទ័ព Dover Air Force Base ថ្ងៃទី ២១ មករា ២០២២
រូបថត​ផ្តល់​ឲ្យ​ដោយ​ក្រសួងការពារជាតិអាមេរិក ៖ ទាហានអាមេរិក កំពុងរៀបចំអាវុធ និងគ្រឿងសម្ភារៈ បញ្ជូនទៅអ៊ុយក្រែន។ មូលដ្ឋានទ័ព Dover Air Force Base ថ្ងៃទី ២១ មករា ២០២២ AP - Mauricio Campino
ផ្សាយពាណិជ្ជកម្ម

លោក ចូ បៃដិន បាននិយាយទូរស័ព្ទជាមួយ​លោក វ្លូឌីមៀរ ហ្សេឡេនស្គី ប្រមាណជាងមួយម៉ោង កាលពីថ្ងៃពុធទី​១៣មេសា​។ ក្នុង​ពេលនិយាយគ្នានេះ លោក ចូ បៃដិន បានប្រាប់ទៅ​លោក​ហ្សេឡេនស្គី ថាលោក​បានសម្រេច ផ្តល់ជំនួយយោធា ជាគ្រឿងសព្វាវុធ ទៅតាម​ការសំណូមពរ របស់ភាគីអ៊ុយក្រែន។ ជំនួយយោធា ដែល​មានតម្លៃទឹកប្រាក់សរុប ប្រមាណ៨០០លានដុល្លារនេះ គឺមានដូចជាសម្ភារៈយោធា ដែលអាមេរិកធ្លាប់បានផ្តក់ឲ្យ​អ៊ុយក្រែនរួចហើយ ព្រមទាំងគ្រឿងសព្វាវុធធុនធំ ទំនើបៗថ្មីៗផ្សេងទៀត ដូចជារថក្រោះ រថពាសដែក ប្រព័ន្ធកាណុងនិងគ្រាប់កាំភ្លើងធំ ជាដើម។ល។ នេះបើផ្អែកតាម​លិខិតប្រកាសរបស់​សេតវិមាន​។

កាណុង គ្រាប់មីស៊ីល រថក្រោះ ឧត្ថម្ភាគចក្រ ដ្រូនអត្តឃាត

លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានចេញផ្សាយបញ្ជីរាយ​ឈ្មោះសម្ភារៈ គ្រឿងសព្វាវុធដែលកងទ័ពអាមេរិក​ មានក្នុងស្តុកស្រាប់​ ហើយ​ដែលគេនឹងផ្តល់ទៅឲ្យ​អ៊ុយក្រែន ភ្លាមៗនេះតែម្តង។ គ្រឿងសព្វាវុធទាំងនោះមានដូចជា កាណុង M777 Howitzer ចំនួន​១៨ដើម រួមជាមួយក្បាលគ្រាប់ប្លោង ទំហំ ១៥៥មីលីម៉ែត្រ ចំនួន៤ម៉ឺនគ្រាប់ ប្រព័ន្ធរ៉ាដាចល័ត ប្រឆាំងគ្រាប់ប្លោងចំនួន១០គ្រឿង និង​ប្រព័ន្ធរ៉ាដាប្រឆាំង​មីស៊ីល ចំនួន​២គ្រឿង ។

ក្រៅពីនេះ គឺមាន យានដ្រូនអត្តឃាត Switchblade ចំនួន៣០០គ្រឿង  មីស៊ីល Javelin បាញ់ចេញពីលើស្មារ ចំនួន​៥០០ដើម ព្រមទាំងមីស៊ីល​កម្ទេច​រថក្រោះ ជាច្រើនពាន់គ្រាប់ទៀត។ នៅក្នុង​ចំណោមយានយន្តវិញ គឺមាន​រថក្រោះ​ដឹកកម្លាំងទ័ព​ ប្រភេទM113 ចំនួន ២០០គ្រឿង និងរថពាសដែកធុនតូច ប្រភេទ Humvee ចំនួន​១០០គ្រឿងទៀត។ លើអាកាស អាមេរិកនឹង ផ្ទេរឧត្ថមម្ភាគចក្រ Mi-17 ផលិតនៅសូវៀត ចំនួន​១១គ្រឿង។

ហើយ​នៅ​លើទឹកវិញ គឺអាមេរិក នឹងផ្តល់នាវាគ្មានមនុស្សបើក ប្រភេទថ្មីច្រឺងតែម្តង តែដោយ​មិនបញ្ជាក់ចំនួន​ទេ។ ដ្រូនបណ្តែតទឹកនេះ អាចបំពេញតួនាទីឈ្លបយកការណ៍ នៅលើទឹក និងនៅក្នុងបាតសមុទ្រ តាមរយៈប្រព័ន្ធចាប់រលកសញ្ញា របស់នាវាមុជទឹកបាតសមុទ្រ។

អាមេរិកប្តូរយុទ្ធសាស្ត្រ ហ៊ានលូកដៃកាន់តែជ្រៅ​ក្នុងសង្គ្រាម​នៅអ៊ុយក្រែន​

កន្លងមក លោក​ហ្សេឡេនស្គី បាន​អំពាវនាវ សុំអាវុធធុនធំ ច្រើនលើកច្រើនសារណាស់ តែភាគីអាមេរិក មិនព្រមទេ ដោយ​មិនចង់លូកដៃចូលជ្រៅ នៅក្នុង​សង្គ្រាម​នៅអ៊ុយក្រែន។ បើគិតពី ត្រីមាសទី​៤ ចុងឆ្នាំ​២០២១មក អាមេរិកបានផ្តល់ជំនួយយោធា ដល់​អ៊ុយក្រែន គិតជាទឹកប្រាក់ ប្រមាណ ២៤០០លានដុល្លាររួចហើយ ដោយ​មិនរាប់​បញ្ចូល​លើកនេះទេ។ ជាជំហានដំបូង អាមេរិកបានផ្តល់ជំនួយយោធាទៅឲ្យ​អ៊ុយក្រែន ជាគ្រឿងសម្ភារៈតូចតាច ដើម្បីឲ្យ​កងទ័ពអ៊ុយក្រែនប្រើប្រាស់ការពារខ្លួន។ ពោលគឺអាមេរិក បែងចែក ថាអាចជួយជាគ្រឿងសម្ភារៈការពារខ្លួន តែមិនមិនចង់ជួយជាគ្រឿងសព្វាវុធប្រើប្រាស់ក្នុងការវាយ​ប្រហារទេ។

ក៏ប៉ុន្តែ អ្វីដែលយើងឃើញនាពេលនេះ គឺថា អាមេរិក​ហាក់លែងធ្វើការបែងចែកបែបនេះទៀតហើយ ពោលគឺយល់ព្រមជួយ​ទាំងគ្រឿងសព្វាវុធធុនធំៗ ឲ្យ​អ៊ុយក្រែនវាយ​ប្រហារ ទប់ទល់ជាមួយរុស្ស៊ី។ តែយ៉ាងណា វាក៏​មិនទាន់ដល់ដំណាក់កាលខ្លាំង ដែលអាមេរិក ផ្តល់យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់ ទៅឲ្យអ៊ុយក្រែននោះដែរ។

បើតាមការពន្យល់របស់លោក John Kirby អ្នកនាំពាក្យ​ក្រសួងការពារជាតិអាមេរិក គឺថាហេតុផល​វាស្ថិតនៅ​លើការ​ផ្លាស់ប្តូរសមរភូមិ និងយុទ្ធសាស្ត្រប្រយុទ្ធ។​ មន្ត្រីអាមេរិករូបនេះ លើកឡើងថា សម្រាប់ពេលនេះ វាខុសពីពេលមុន ព្រោះកងទ័ពរុស្ស៊ី កំពុងតែប្រមូលកម្លាំងផ្តុំគ្នានៅតំបន់ដុនបាសតែមួយ លែងដាក់ពង្រាយ​ រប៉ាត់រប៉ាយច្រើនសមរភូមិ ដូចមុនទៀតហើយ។

ដូចយើងបានដឹងកន្លងមកហើយ យោងតាមការវិភាគជាច្រើន គឺថា លោកពូទីន ចង់វាយដណ្តើម យកជ័យជំនះនៅតំបន់ដុនបាស និងតំបន់ភាគខាងត្បូង តាមបណ្តោយ​ឆ្នេរសមុទ្រឲ្យបាន ដើម្បី​យកទៅ​អួត​ប្រជាជនរុស្ស៊ី ក្នុងឱកាសបុណ្យខួប​ ថ្ងៃទី​៩ឧសភា ជ័យជំនះនៃកងទ័ពសូវៀត លើរបបអ៊ីទ្លែណាហ្ស៊ី។

លោក John Kirby លើកឡើងថា​ តំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែននេះ ជាតំបន់មានសណ្ឋានដីរាបស្មើ វាលធំ មិនដូចនៅភាគខាងជើងរដ្ឋធានីកៀវទេ។ ដូច្នេះ មានន័យថា កងទ័ពរុស្ស៊ី អាចនឹងប្រើរថក្រោះ ព្រមទាំងប្រព័ន្ធកាំភ្លើងធំ បាញ់គ្រាប់វាយ​ប្រហារទីតាំងនីមួយសិន​ មុននឹងបញ្ជូន​កម្លាំងទ័ពថ្មើរជើងឲ្យចូលមក។ ដូច្នេះហើយ អ្វីដែលកងទ័ពអ៊ុយក្រែនត្រូវការបំផុតនាពេលនេះ គឺ​កាណុង និង​គ្រាប់ ដើម្បី​បាញ់​កម្ទេចរថក្រោះរបស់រុស្ស៊ី។

នាវាចម្បាំងរុស្ស៊ី Moskva រងអគ្គីភ័យ​នៅ​ក្នុង​សមុទ្រខ្មៅ

ដោយឡែក យោងតាមប្រភពព័ត៌មានជាច្រើន ព្រមទាំងរូបថតជាបន្ទាល់ផង គឺនាវាចម្បាំងដ៏ធំរបស់រុស្ស៊ី ឈ្មោះ Moskva កំពុងតែត្រូវភ្លើងឆេះ យ៉ាងដំណំ នៅក្នុ​ងសមុទ្រខ្មៅ មិនឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរអ៊ុយក្រែន នៅព្រឹកថ្ងៃព្រសហ្បតិ៍នេះ។ លោក Maxime Martchenko អភិបាលក្រុងអូដេសា ដែលជាទីក្រុងកំពង់ផែមាត់សមុទ្ររបស់អ៊ុយក្រែន បានអបអរសាទរថា គឺមីស៊ីល Neptune របស់អ៊ុយក្រែន ដែលបាន​បាញ់ចំនាវាចម្បាំង Moskva  បង្កឲ្យ​មានអគ្គីភ័យ។ លោក Serghuii Bratchouk អ្នកនាំពាក្យរដ្ឋបាលយោធាអ៊ុយក្រែន ប្រចាំតំបន់អូដេសា បានប្រកាសតាមបណ្តាញ Telegram ថាគឺគ្រាប់មីស៊ីលរបស់អ៊ុយក្រែន ដែលបានបាញ់ចំនាវាចម្បាំង​ Moskva របស់​រុស្ស៊ី។

ដូចគ្នាដែរ លោក Oleksii Arestovitch ទីប្រឹក្សារបស់​លោកហ្សេឡេនស្គី បានប្រកាសបែបចំអក លើបណ្តាញ​Youtube ថា នាវាចម្បាំង Moskva របស់រុស្ស៊ី ទើបតែបានជួប​រឿងគួរឲ្យភ្ញាក់ផ្អើលមួយ។ មិនដឹងថីទេ ស្រាប់តែ​អគ្គីភ័យកំពុងឆាបឆេះយ៉ាងខ្លាំងលើនាវានេះ! ជាមួយនឹង​ខ្យល់ ព្រមទាំងរលកសមុទ្របោកបក់យ៉ាងខ្លាំងបែបនេះ មិនដឹងថាពេលណា ក្រុមសង្គ្រោះនឹងមកជួយ​រំដោះទាហានរុស្ស៊ីចំនួន​៥១០នាក់ ដែលជាប់នៅលើនោះ បានទាន់ពេលវេលាទេ។

ដោយឡែក ភាគីរុស្ស៊ីវិញ គេមិនបានបញ្ជាក់ថា នាវាចម្បាំងនេះ បានរងគ្រាប់មីស៊ីលទេ។ យោងតាមក្រសួងការពារជាតិរុស្ស៊ី ផ្សាយដោយ​បណ្តាញព័ត៌មាន​រដ្ឋរុស្ស៊ី គឺនាវានេះបានជួប​គ្រោះអគ្គិភ័យ ហើយ​បានធ្វើ​ឲ្យផ្ទុះគ្រាប់​ដែលគេស្តុកទុក​នៅលើនោះ តែមិនបណ្តាលឲ្យនាវានេះលិចក្នុងសមុទ្រទេ។ ប្រភពដដែលនេះ អះអាងថា កងទាហានទាំងអស់ ត្រូវបានជន្លៀសចេញពីនាវានេះហើយ ហើយគេកំពុង​តែពិនិត្យ​ ស្រាវជ្រាវរកប្រភពបណ្តាល​ឲ្យ​មានអគ្គីភ័យនេះ។

គួរបញ្ជាក់ដែរថា នាវា Moskva នេះ ត្រូវបាន​កងទ័ពរុស្ស៊ីប្រើប្រាស់ ដើម្បី​បាញ់មីស៊ីល ក្នុងសង្គ្រាម​នៅស៊ីរី។ ហើយ​នៅក្នុងសង្គ្រាម​អ៊ុយក្រែន គឺប្រហែលជា​កងទ័ពរុស្ស៊ី ក៏បានបាញ់មីស៊ីលជាច្រើនគ្រាប់ ចេញពីនាវានេះដែរ សំដៅ​ទៅលើ​ក្រុងអូដេសា និងតំបន់ផ្សេងៗទៀត នៅភាគខាងត្បូងអ៊ុយក្រែន​។ បើអគ្គីភ័យនេះ បណ្តាល​មកពីមីស៊ីលរបស់អ៊ុយក្រែនមែន នោះវាគឺជាលើកទីមួយហើយ គិតចាប់ថ្ងៃចាប់ផ្តើមសង្គ្រាមមក ដែលកងទ័ពរុស្ស៊ី ខូចខាតគ្រឿង​​សម្ភារៈ​​ធ្ងន់ធ្ងរខ្លាំង​បែបនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ