អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី​ចាប់ផ្តើម​​បើក​ការវាយ​ប្រហារ​នៅតំបន់​ដុនបាស ខណៈ​អាវុធ​អាមេរិក​ចាប់ផ្តើម​​ទៅដល់​​ដៃ​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កងទ័ពរុស្ស៊ី ដែល​បានដកថយពីខាងជើងអ៊ុយក្រែន ដើម្បី​ប្រមូលកម្លាំងមកវាយ​ប្រហារនៅភាគខាងកើត និង​ខាងត្បូងនោះ ពេលនេះ បានចាប់ផ្តើម​បើក​ការវាយ​ប្រហារហើយ នៅ​តំបន់ដុនបាស ដែល​ស្ថិតនៅភាគខាងកើត​​អ៊ុយក្រែន​​។ នេះបើផ្អែកតាម​ការប្រកាសឲ្យដឹង ពីលោក​ប្រធានាធិបតីអ៊ុយក្រែន ​វ្លូឌីមៀរ ហ្សេឡេនស្គី ។ តែយ៉ាងណា លោក​ហ្សេឡេនស្គី​ បានអះអាងថា កងទ័ពអ៊ុយក្រែន នឹងបន្តតស៊ូការពារបូរណភាពដែនដី មិនថាចោរឈ្លានពានរុស្ស៊ី មានគ្នាច្រើនប៉ុណ្ណានោះឡើយ។ ជាមួយគ្នានេះដែរ យោងតាមប្រភពពីក្រសួងការពារជាតិអាមេរិក អាវុធដែលអាមេរិកបាន​សន្យាជួយអ៊ុយក្រែន ពេលនេះមួយផ្នែកបានទៅដល់អ៊ុយក្រែនហើយ នៅថ្ងៃអង្គារនេះ។

កងទ័ពរុស្ស៊ី កំពុងបើក​រថក្រោះនៅលើផ្លូវ ក្នុងទឹកដីអ៊ុយក្រែន មិនឆ្ងាយប៉ុន្មានពីក្រុងម៉ារីយូប៉ូល។ ថ្ងៃទី​ ១៨ មេសា ២០២២
កងទ័ពរុស្ស៊ី កំពុងបើក​រថក្រោះនៅលើផ្លូវ ក្នុងទឹកដីអ៊ុយក្រែន មិនឆ្ងាយប៉ុន្មានពីក្រុងម៉ារីយូប៉ូល។ ថ្ងៃទី​ ១៨ មេសា ២០២២ AP - Alexei Alexandrov
ផ្សាយពាណិជ្ជកម្ម

ប្តូរយុទ្ធសាស្ត្រ ទៅវាយយក​តំបន់ដុនបាស

ដូចយើងបាន​ដឹងហើយ ថាកងទ័ពរុស្ស៊ីបានប្តូរយុទ្ធសាស្ត្រប្រយុទ្ធ បន្ទាប់ពីតំណាក់កាលដំបូង ឃើញថាមិនជោគជ័យសោះ ដោយសារតែកម្លាំងនៅរាយប៉ាយ​ច្រើនកន្លែងពេក។ ដោយ​មិនអាច​វាយ​សម្រុកយក​រដ្ឋធានីកៀវបាន ទីបំផុត កងទ័ពរុស្ស៊ីបានដកថយចេញពីខាងជើងអ៊ុយក្រែន ហើយបាន​ប្រមូលកម្លាំងឡើងវិញ ដើម្បី​សម្រុក​វាយ​ប្រហារ តែនៅភាគខាងកើតទេ គឺតំបន់ដុនបាសនេះឯង។ តំបន់ដុនបាស ដែល​យើងដឹងថាដែនដីមួយ​ផ្នែក ស្ថិតក្នុង​ដៃរបស់​ក្រុមឧទ្ទាម​និយមរុស្ស៊ី នោះគឺសាធារណរដ្ឋផ្តាច់ខ្លួន លូហ្កង់ស្គ័ និង សាធារណរដ្ឋដូណេតស៍។

នៅក្នុង​វីដេអូ ផ្សាយ​ផ្ទាល់តាមបណ្តាញ​ Telegram កាលពីយប់ថ្ងៃចន្ទម្សិលមិញ លោកវ្លូឌីមៀរ ហ្សេឡេនស្គី បាន​លើកឡើងថា “យើងអាចបញ្ជាក់បាន​ហើយថា ពេលនេះគឺកងទ័ពរុស្ស៊ីបានចាប់ផ្តើមបើកការវាយ​ប្រហារទ្រង់ទ្រាយធំ មកលើតំបន់ដុនបាសហើយ។ ការវាយ​ប្រហារ ដែលពួករុស្ស៊ីបានត្រៀម​រៀបចំអស់ជាច្រើនថ្ងៃមកហើយ។ កម្លាំងទាហានរុស្ស៊ីច្រើនណាស់ ដែល​នឹងមកចូលរួម​ក្នុងការវាយ​ប្រហារនេះ”។ តែលោកហ្សេឡេនស្គី បាន​បន្ថែមថា ទោះជាទ័ពរុស្ស៊ីមានគ្នាច្រើនយ៉ាងណាក៏ដោយ ក៏កងទ័ពអ៊ុយក្រែនមិនរាថយដែរ គឺនឹងបន្តប្រយុទ្ធការពារទឹកដីអ៊ុយក្រែន​ជានិច្ច។

បើ​យោងតាមមន្ត្រីក្រសួងការ​ពារជាតិ​អាមេរិក ដោយ​សុំមិនបញ្ចេញឈ្មោះ គឺ​រុស្ស៊ី បានបន្ថែមកម្លាំង​ ចំនួន១១កងវីរសេនាតូច​ទៀត ដែលធ្វើឲ្យ​ចំនួនសរុប មាន​៧៦កងវីរសេនាតូច នៅភាគខាងកើតអ៊ុយក្រែន។

ការបដិសេធរបស់​រុស្ស៊ី មិនព្រម​បើកច្រកផ្លូវជន្លៀសប្រជាជនស៊ីវីល ជាភស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាម​

កងទ័ពរុស្ស៊ី បានចាប់ផ្តើម បាញ់គ្រាប់កាំភ្លើងធំ និង​មីស៊ីលច្រើនខ្លាំងណាស់ គិតចាប់ពីយប់​ថ្ងៃចន្ទ ម្សិលមិញ​មក។ ផ្អែកតាម​លោក Serguii Gaidai អភិបាលអ៊ុយក្រែន នៃតំបន់លូហ្កង់ស្គ៍ គឺថាកងទ័ពរុស្ស៊ីកំពុង​ទម្លាក់គ្រាប់ នៅ​ Roubijné  Popasna។ ចំណែកក្រុង Kreminna បានធ្លាក់ទៅក្នុងដៃកងទ័ពរុស្ស៊ីហើយ។ លោក Serguii Gaidai ក៏បានអំពាវនាវផងដែរ ឲ្យ​រុស្ស៊ីត្រូវតែបើកច្រកមនុស្សធម៌ ដើម្បីឲ្យ​ប្រជាជនស៊ីវីលចាកចេញពី​ទីលានប្រយុទ្ធនៅ​តំបន់លូហ្កងស្ក៍។

ដោយឡែក លោកស្រី Iryna Verechtchouk ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានប្រកាស កាលពីថ្ងៃចន្ទម្សិលមិញ អំពាវនាវ ឲ្យរុស្ស៊ីបើកច្រកមនុស្សធម៌នៅ Berdyansk និង នៅ​ Marioupol។ យោងតាមរដ្ឋបាលក្រុងម៉ារីយូប៉ូល មានប្រជាជនស៊ីវីល ប្រមាណ១០០០នាក់ ភាគច្រើនជាស្រ្តី កុមារ និង​មនុស្សចាស់ កំពុងតែជាប់គាំង នៅក្នុង​កន្លែងលាក់ខ្លួនក្រោមដី ក្នុងបរិវេនរោងចក្រស្លរដែក Azovstal ។ លោកស្រីឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បាន​លើកឡើងថា ការបដិសេធរបស់រុស្ស៊ី មិនព្រមបើកច្រកផ្លូវជន្លៀសប្រជាជនស៊ីវីលចេញពីទីលាន​ប្រយុទ្ធ គឺវានឹងក្លាយជាភស្តុតាង សម្រាប់ថ្ងៃខាងមុខ បញ្ជាក់ថារុស្ស៊ី​បានធ្វើអំពើឧក្រិដ្ឋកម្មសង្គ្រាម។

នៅលូហ្កង់ស្ក៍ និង ដូណេតស៍ កងទ័ពអ៊ុយក្រែនអះអាងថា បានបាញ់កម្ទេចរថក្រោះរុស្ស៊ីចំនួន​១០ រថពាសដែកចំនួន​១៨គ្រឿង រថយន្តដឹកទាហានច្រើនគ្រឿង ព្រមទាំង​ប្រព័ន្ធ​កាំភ្លើងធំ និង​កាណុងកាំភ្លើងត្បាល់មួយផងដែរ។

ទន្ទឹមគ្នានេះ កងទ័ពរុស្ស៊ី​មិនមែនសម្រុក​វាយប្រហារតែនៅខាងកើតទេ។ រុស្ស៊ីក៏នៅតែបន្តបាញ់ប្លោងមីស៊ីលទៅភាគខាងលិចដែរ ទៅលើទីតាំងយុទ្ធសាស្ត្រមួយចំនួន។ ជាក់ស្តែង​ កាលណពីថ្ងៃម្សិលមិញ រុស្ស៊ីបានបាញ់​មីស៊ីល កម្ទេចទីតាំងស្តុកអាវុធមួយកន្លែង នៅក្បែរក្រុង Lvin។

អាមេរិកបញ្ជូនអាវុធទៅដល់ និង​ចាប់ផ្តើម​បង្វឹកទាហានអ៊ុយក្រែន​

យោងតាមប្រភពព័ត៌មាន ពី​មន្ទីរបញ្ចកោណ គឺយន្តហោះដឹកគ្រឿងសព្វាវុធ ចំនួន​៤ជើងហោះហើរ បាន​ហោះទៅដល់ក្បែរព្រំដែនអ៊ុយក្រែនហើយ ដើម្បីរៀបចំប្រគល់គ្រឿងសព្វាវុធ ទៅឲ្យ​កងទ័ពអ៊ុយក្រែន។ យន្តហោះទី​៥ នឹងហោះទៅដល់ រវាងថ្ងៃស្អែកនេះហើយ។ នេះគឺជាគ្រឿងសព្វាវុធ ដែល​រដ្ឋាភិបាលអាមេរិក បានសន្យា​ជួយ​អ៊ុយក្រែន ក្នុងតម្លៃសរុបចំនួន ៨០០លានដុល្លារ។

ដោយឡែក យោងតាមលោក John Kirby អ្នកនាំពាក្យ​វិមានបញ្ចកោណ គឺអ្នកជំនាញកងទ័ពអាមេរិក នឹងធ្វើការ​បង្វឹក​កងទ័ពអ៊ុយក្រែន ឲ្យ​ចេះប្រើ ប្រព័ន្ធកាំភ្លើងធំ M777 Howitzer។ ការហ្វឹកហាត់ នឹងធ្វើនៅក្នុងប្រទេស ក្បែរខាងជាប់អ៊ុយក្រែន។ ប្រព័ន្ធកាំភ្លើងធំ M777 Howitzer គឺជាប្រព័ន្ធកាំភ្លើងធំសេរីថ្មី របស់កងទ័ពអាមេរិក។ អ្នកនាំពាក្យ​ក្រសួងការពារជាតិអាមេរិក បញ្ជាក់ថា កងទ័ពអ៊ុយក្រែន ធ្លាប់ប្រើតែកាណុងប្រើគ្រាប់ទំហំ ១៥២មីលីម៉ែត្រ ផលិតនៅរុស្ស៊ី។ តែកាណុង M777 Howitzer ថ្មីរបស់អាមេរិក​ ប្រើ​គ្រាប់ទំហំ១៥៥មីលីម៉ែត្រ ដែលតម្រូវឲ្យ​កងទ័ពអ៊ុយក្រែន ត្រូវតែហ្វឹកហាត់ពីរបៀបប្រើ។

បន្ថែមទណ្ឌកម្មលើរុស្ស៊ី

ជាមួយគ្នានេះ លោក John Kirby បានអះអាងថា រុស្ស៊ីកំពុងតែចាប់​ផ្តើមជួបការលំបាកហើយ ក្នុង​វិស័យ​ផលិត​គ្រឿងសព្វាវុធទំនើប។ យោងតាមលោក John Kirby គឺថារុស្ស៊ី កំពុងតែជួបបញ្ហា មិនអាចមាន​គ្រឿងផ្សំបច្ចេកវិទ្យាអេឡិចត្រូនិក ទំនើប យកមកផលិត​អាវុធទំនើបបានទេ។ ជាក់ស្តែង ប្រព័ន្ធបាញ់ និងមីស៊ីល​ បញ្ជាពីចម្ងាយ។ គ្រឿងផ្សំបច្ចេកវិទ្យាទាំងនេះ គឺផលិត​នៅ​តៃវ៉ាន់ និងកូរ៉េខាងត្បូង។ តែឥឡូវ ប្រទេស២នេះ មិនអាចផ្គត់ផ្គង់ឲ្យរុស្ស៊ីទៀតបានទេ ព្រោះដោយសារតែទណ្ឌកម្ម​របស់​អាមេរិក​។

យ៉ាងណាមិញ នៅរសៀលថ្ងៃអង្គារនេះដែរ លោក ចូ បៃដិន នឹង​បើកការប្រជុំពីចំងាយមួយទៀត ជាមួយ​ថ្នាក់ដឹកនាំក្រុមប្រទេសសម្ព័ន្ធមិត្តអាមេរិកទាំងអស់ ដើម្បីនិយាយគ្នាពីជំហានបន្ទាប់ ក្នុងការជួយ​អ៊ុយក្រែន។ បើតាមការស្មាន គឺ​គេអាចនិយាយគ្នាអំពីទណ្ឌកម្ម​បន្ថែមទៀត ដាក់ទៅលើរុស្ស៊ី។ លោក Ned Price អ្នកនាំពាក្យ​សេតវិមាន​ បានអះអាងថា រដ្ឋាភិបាលអាមេរិក រួមជាមួយសម្ព័ន្ធមិត្ត នឹងរិះរកវិធីថ្មីទៀត នឹងបន្តដាក់សម្ពាធ បន្ថែមទណ្ឌកម្ម​ហិរញ្ញវត្ថុ​​ ព្រមទាំង​ទណ្ឌកម្ម​​សេដ្ឋកិច្ចទៅលើរុស្ស៊ី ធ្វើឲ្យរុស្ស៊ីដឹងខ្លួនថា​កំពុងធ្វើខុសធ្ងន់ធ្ងរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ