អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចប្រជុំ​G20 ជួប​ភាព​រអាក់រអួល ក្នុង​បរិបទ​សង្គ្រាម​នៅ​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃពុធទី​២០មេសានេះ ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 ត្រូវបើកកិច្ចប្រជុំ ដោយ​មាន​ឥណ្ឌូណេស៊ីជាប្រធានដឹកនាំ។ ខណៈដែល​កូវីដនៅតែមិនទាន់ទៅណាឆ្ងាយនោះ បរិបទសង្គ្រាម​នៅអ៊ុយក្រែន កំពុងតែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោក ជួបបញ្ហាប្រឈមជាច្រើនបន្ថែមទៀត​ ទាក់ទិននឹង​ការឡើងថ្លៃទំនិញស្បៀងអាហារ ទំនិញថាមពល ព្រមទាំងវិបត្តិ​លើទីផ្សារហិរញ្ញវត្ថុ។ ជាងនេះទៀត កិច្ចប្រជុំ G20 នៅថ្ងៃនេះ ក៏ជួបបញ្ហារអាក់រអួល ដោយសារតែ​មាន​ប្រទេសខ្លះ បានធ្វើ​ពហិការ ព្រោះមិនចង់ជួបប្រជុំជាមួយរុស្ស៊ី។

ជំនួបកំពូល រដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 នៅទីក្រុងចាការតា កាលពីថ្ងៃទី ១៨ កុម្ភៈ ២០២២
ជំនួបកំពូល រដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 នៅទីក្រុងចាការតា កាលពីថ្ងៃទី ១៨ កុម្ភៈ ២០២២ AP - Mast Irham
ផ្សាយពាណិជ្ជកម្ម

ពហិការ ប្រឆាំងវត្តមានរុស្ស៊ីក្នុងកិច្ចប្រជុំ​

ថ្ងៃពុធ ទី​២០មេសា រដ្ឋមន្ត្រី​សេដ្ឋកិច្ចហិរញ្ញវត្ថុ រួមជាមួយ​តំណាងធនាគារកណ្តាល របស់ប្រទេសសេដ្ឋកិច្ចនាំមុខG20 ត្រូវជួបប្រជុំគ្នា ក្រោមការដឹកនាំរបស់ឥណ្ឌូណេស៊ី ដែលជាប្រធានវិលជុំ។ តែកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវរអាក់រអួលខ្លាំងណាស់ ដោយសារតែមានវត្តមានរបស់​រុស្ស៊ី ចូលរួមដែរ។ លោក Anton Silouanov រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី នឹងដឹកនាំ​គណប្រតិភូរ ចូលរួមប្រជុំដែរ។

ដោយឡែក ក្រុមប្រទេសលោកខាងលិច​ ដូចជាបារាំង អង់គ្លេស​ និង​ អាមេរិកជាដើម ធ្លាប់បានទាមទារ ថាត្រូវតែហាមរុស្ស៊ី មិនឲ្យចូលប្រជុំនៅថ្ងៃនេះ។ តែដោយ​គ្មានការសម្រេចណាមួយ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង អង់គ្លេស និង អាមេរិក បាន​ប្រកាសរួមគ្នាថា គេនឹងចូលរួមប្រជុំតែពេល​បើកឆាកដំបូង ដែលគេនិយាយពីបញ្ហារួម​របស់ពិភពលោកតែប៉ុណ្ណោះ។ ដល់ពេល​ដែលភាគីរុស្ស៊ី​ត្រូវថ្លែងការណ៍ បញ្ចេញយោបល់ គឺរដ្ឋមន្ត្រីប្រទេសទាំងនេះ នឹងមិនចូលរួមស្តាប់​ទេ​។ នេះគឺជាការធ្វើពហិការប្រឆាំងរុស្ស៊ី ដែលបាន​ធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន​។

ដោយឡែក ឥណ្ឌូណេស៊ី ដែលជាប្រធានវិលជុំ បាន​បញ្ជាក់ថា​ ខ្លួនចង់នៅកណ្តាល មិនចង់យកបញ្ហាវិបត្តិ​អ៊ុយក្រែន​ មកឡូកឡំក្នុង​អង្គប្រជុំG20ទេ។ វត្តមាន​របស់រុស្ស៊ី ក្នុងកិច្ចប្រជុំនេះ គឺត្រូវបានការពារផងដែរ ដោយ​ប្រទេសសមាជិកG20 ផ្សេងទៀត ដូចជាចិន អាហ្វ្រិកខាងត្បូង និង​ អារ៉ាប៊ីសាអូឌីតជាដើម។ ដូច្នេះ ​យើងឃើញថា បរិបទ​សង្គ្រាមនៅ​អ៊ុយក្រែន វត្តមានរបស់រុស្ស៊ី កំពុងតែ​ធ្វើឲ្យ​កិច្ចប្រជុំនេះរអាក់រអួល ហើយធ្វើ​ឲ្យ​ក្រុម​ប្រទេសសេដ្ឋកិច្ចនាំមុខ​ទាំង២០ ត្រូវពុះចែកគ្នាជា២ក្រុមថែមទៀត។

“មិនឲ្យរុស្ស៊ី​យកវេទិកាប្រជុំG20 ដើម្បីឃោសនាកុហកបោកប្រាស់ ដោយ​គ្មានការឆ្លើយតប​”

​មានប្រទេសខ្លះ ដូចជាអាល្លឺម៉ង់ ជាដើម បានអះអាងថា គេនឹងមានវត្តមានប្រជុំជាមួយរុស្ស៊ី ព្រោះមិន​ចង់ឲ្យ​រុស្ស៊ីនិយាយឃោសនា កុហកប្រទេសផ្សេងទៀត ដោយ​គ្មានការឆ្លើយតបណាមួយ​។ លោក Christian Lindner រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ បានប្រាប់​កាសែត Bild ថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងមិនទុកឲ្យ​ ភាគីរុស្ស៊ី ដើរនិយាយកុហក ឃោសនាការពារខ្លួន ដោយស្រួលៗ នៅចំពោះមុខអង្គប្រជុំ​G20 នោះឡើយ។ អាល្លឺម៉ង់នឹងមានវត្តមាន ចាំឆ្លើយ​ផ្ទប់ទៅវិញ។ អាល្លឺម៉ង់នឹង​​បរិហារ ចំពោះអំពើឈ្លានពាន ដែលរុស្ស៊ីកំពុងតែធ្វើសង្គ្រាម សម្លាប់ជីវិតប្រជាជនអ៊ុយក្រែន។

ដោយឡែក យោងតាមប្រភពពីក្រសួងសេដ្ឋកិច្ចបារាំង គឺអាចមានប្រទេសច្រើន ដែលចង់ឲ្យ​មានការប្រកាសថ្កោល​ទោសរុស្ស៊ី ទាក់ទិននឹងសង្គ្រាមនៅអ៊ុយក្រែន។ បារាំង និងអាមេរិក ក៏បានទាមទារផងដែរ ឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន លោក Serguii Martchenko មានវត្តមានប្រជុំG20 នៅថ្ងៃនេះដែរ។ តែយ៉ាងណា គ្មានការបញ្ជាក់ណាមួយ ថាគេបានយល់ព្រមទេ។

លោកស្រី Janet Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក អះអាងថាលោកស្រី នឹងជួបប្រជុំដាច់ដោយ​ឡែក ជាមួយសមភាគីអារ៉ាប៊ីសាអូឌីត និង អាហ្វ្រិកខាងត្បូង ដើម្បី​ព្យាយាម ប៉ះប៉ូវភាពប្រេះស្រាំ រង្គាសចិត្ត ទាក់ទិននឹង​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែននេះ។​ បើតាមប្រភពខ្លះ គឺអាមេរិក ចង់យកវេទិកានេះ អំពាវនាវ ឲ្យ​មានការថ្កោលទោស និង​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចលើរុស្ស៊ីបន្ថែមទៀត។ តែយ៉ាងណា បរិបទពេលនេះគឺតានតឹង បែកបាក់គ្នាណាស់។ មិនប្រាកដថា​ នឹងមានការត្រូវរ៉ូវគ្នា ចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោស និង​ដាក់ទណ្ឌកម្មលើរុស្ស៊ី ក្នុងក្របខណ្ឌG20 នោះឡើយ។

G20 ត្រូវតែ​ស្រុះស្រួលគ្នា ដើម្បី​ជួយសេដ្ឋកិច្ចប្រទេសក្រីក្រ​

ស្ថានភាពសេដ្ឋកិច្ចពិភពលោក កំពុងតែស្ថិតនៅក្នុង​បរិបទមួយ ដ៏តានតឹងបំផុត។ ជំងឆ្លងរាតត្បាត​កូវីដ​១៩ នៅមិនទាន់ទៅណាឆ្ងាយ ឥឡូវមកបូកបន្ថែមដោយ​បញ្ហាសង្គ្រាមនៅអ៊ុយក្រែនទៀត។ ទីផ្សារហិរញ្ញវត្ថុរំជើបរំជួលខ្លាំង តម្លៃវត្ថុធាតុដើមឡើងថ្លៃ ធ្វើឲ្យ​តម្លៃស្បៀង ចំណីអាហារ ក៏​កាន់តែឡើងថ្លៃ។ តម្លៃថាមពល​ ឧស្ម័ន ប្រេងឥន្ធនៈ ក៏ឡើងថ្លៃ។ ទាំងអស់នេះ វាបានបន្ថែមបន្ទុក ដល់ជីវភាព របស់ប្រជាជនក្រីក្រ ឲ្យកាន់តែជួបការលំបាក។ វិបត្តិសេដ្ឋកិ​ច្ច ក៏អាចជាប្រភពមួយ ជំរុញឲ្យ​មានអស្ថិរភាពនយោបាយដែរ នៅតាមប្រទេសខ្លះដែលទន់ខ្សោយខ្លាំង។

មូលនិធិរូបិយវត្ថុអន្តរជាតិ និង ធនាគារពិភពលោក បាន​លើកឡើងថា វិបត្តិខ្វះស្បៀងអាហារក្នុងឆ្នាំ​២០២២នេះ អាចនឹងប៉ះពាល់ទៅដល់ប្រជាជន ប្រមាណ​១០លាននាក់បន្ថែមទៀត។ សេដ្ឋកិច្ចសកលលោក ដែលគេបានរំពឹងថាមានកំណើន ប្រមាណ ៤,៤% ត្រូវបាន​អ្នកជំនាញ​ ព្យាករណ៍​ទាញទម្លាក់​មកវិញ ត្រឹមតែ​៣,៦%ប៉ុណ្ណោះ។

មូលនិធិរូបិយវត្ថុអន្តរជាតិ បានអំពាវនាវ ឲ្យG20 ត្រូវតែរួមគ្នា​បន្តអនុវត្តយន្តការ សើរើបំណុល និង​ ពន្យាការទារបំណុល ក៏ដូចជាការប្រាក់ ពីប្រទេសក្រីក្រ។ ក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលទាប គឺមាន​ ៦០% សុទ្ធតែជាប់បំណុលច្រើនលើសពីសមត្ថភាពសង។ រដ្ឋាភិបាល ធនាគារកណ្តាល រួមជាមួយម្ចាស់បំណុល​ឯកជន ត្រូវតែរួមគ្នាពិចារណា ជួយប្រទេសក្រីក្រទាក់ទិននឹងបញ្ហាបំណុលនេះ។

ភាពស្រុះស្រួលគ្នា របស់ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង២០ គឺមានសារៈសំខាន់ខ្លាំងណាស់។ ប្រទេសទាំង២០នេះ មានទម្ងន់សេដ្ឋកិច្ច ស្មើនឹង​៨០% នៃសេដ្ឋកិច្ចពិភពលោក។ G20 ធ្លាប់បានចេញវិធានការជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់ណាស់ ក្នុងអំឡុងពេលវិបត្តិហិរញ្ញវត្ថុឆ្នាំ​២០០៨។ តែលើកនេះ ប្រឈមជាមួយភាពអាសន្នទាំងអស់នេះ យើងឃើញថា ក្រុមប្រទេសG20 កំពុងតែប្រេះស្រាំសាមគ្គី ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ដែលរុស្ស៊ីជាអ្នកបង្កឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ