អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជិត៤០ប្រទេស ជួបប្រជុំគ្នា​នៅ​អាល្លឺម៉ង់ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ជួយ​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអង្គារទី២៦មេសា តំណាងក្រុមប្រទេសជិត៤០ប្រទេស ជួបប្រជុំគ្នានៅក្នុង​ប្រទេសអាល្លឺម៉ង់។ ការជួបប្រជុំ ក្រោមការផ្តួចផ្តើម​របស់សហរដ្ឋអាមេរិកនេះ គឺមានកម្មវត្ថុរួមគ្នាពិភាក្សា រៀបចំយុទ្ធសាស្ត្រយូរអង្វែង ដើម្បី​ជួយ​អ៊ុយក្រែន ទប់​ទល់ជាមួយការឈ្លានពានរបស់រុស្ស៊ី។ ដោយឡែក ពីខាងរុស្ស៊ីវិញ លោក​ ស៊ែរហ្កី ឡាវរ៉ូវ ប្រមុខការទូតរុស្ស៊ី បានថ្លែងព្រមាន ​កាលពីយប់ថ្ងៃថា ការលូកដៃ​របស់ក្រុមប្រទេសលោកខាងលិច អាចនឹងរុញវិបត្តិនេះ ឲ្យ​ក្លាយជាសង្រ្គាមលោក​លើកទី៣ ដោយចំហរតែម្តង។

កិច្ចប្រជុំ "Ukraine Defense Consultative Group" ដែលមានការចូលរួម​ពីរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិជិត​៤០ប្រទេសចូលរួម នៅមូលដ្ឋានទ័ពអាមេរិក Ramstein ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ២៦ មេសា ២០២២
កិច្ចប្រជុំ "Ukraine Defense Consultative Group" ដែលមានការចូលរួម​ពីរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិជិត​៤០ប្រទេសចូលរួម នៅមូលដ្ឋានទ័ពអាមេរិក Ramstein ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ២៦ មេសា ២០២២ © REUTERS - KAI PFAFFENBACH
ផ្សាយពាណិជ្ជកម្ម

រួមគ្នាជួយអ៊ុយក្រែន​

កិច្ចប្រជុំដ៏ធំនេះ គឺសហរដ្ឋអាមេរិកជាអ្នកផ្តួចផ្តើមគំនិត​ ធ្វើនៅ​មូលដ្ឋានទ័ពអាមេរិក Ramstein ស្ថិតនៅ​ភាគខាងលិចអាល្លឺម៉ង់។ មានប្រទេសចូលរួមជិត៤០ប្រទេស ដោយ​ក្នុងនោះ ក៏មាន​អូស្ត្រាលី ជប៉ុនដែរ ទោះបីនៅឆ្ងាយ​ ពី​អ៊ុយក្រែនមែន។ តែប្រទេសធំៗ២នេះ ចង់មកចូលរួម នឹងដកបទពិសោធន៍ នៅក្នុងសំណុំរឿងអ៊ុយក្រែន - រុស្ស៊ី ដោយសារតែគេ​បារម្ភណាស់ដែរ អំពីបញ្ហាវាទទីឥទ្ធិពលរបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ស៊ុយអែត ហ្វាំងឡង់​ ដែលកន្លងមកធ្លាប់ជាប្រទេសអព្យាក្រិត្យ នៅចន្លោះរវាងក្រុមប្រទេសលោកខាងលិច និង រុស្ស៊ី ក៏បានសម្រេចចិត្តមកចូលរួម ក្នុងការប្រជុំនេះដែរ ព្រោះប្រទេស២នេះ ក៏កាន់តែបារម្ភដែរថា អនាគតខ្លួនអាច​ នឹងត្រូវរុស្ស៊ីរុករានឈ្លានពាន ដូចអ៊ុយក្រែន​។

ដោយឡែក លោក John Kirby អ្នកនាំពាក្យ​ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថា កិច្ចប្រជុំ ដែមានរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេស​ជាតិ​៤០ចូលរួមនេះ គឺវាមិន​បានធ្វើងឡើងក្នុងក្របខណ្ឌ នៃអង្គការសម្ព័ន្ធមិត្តអូតង់ទេ ថ្វីបើមានលោកអគ្គលេខាធិការអូតង់ ចូលរួមដែរ ក៏ដោយ។ នៅក្នុងពេលបើកកិច្ចប្រជុំ លោក ឡយ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិក បានលើកឡើងថា ត្រូវតែរួមគ្នាជួយអ៊ុយក្រែន ជួយពង្រឹងសមត្ថភាពការពារខ្លួនរបស់អ៊ុយក្រែន។ លោក​រដ្ឋមន្ត្រីការពារជាតិអាមេរិក អះអាងថា អ៊ុយក្រែនអាចឈានទៅឈ្នះសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ក៏ប៉ុន្តែ​ល្គឹកណាទាល់តែ គ្រប់គ្នា ជួយ​ផ្តល់មធ្យោបាយ​ដល់អ៊ុយក្រែន។

ផ្តល់អាវុធ និងពង្រឹងសមត្ថភាពកងទ័ពអ៊ុយក្រែនយូរអង្វែង​

ជំហានបន្ទាន់នៅពេលនេះ គឺជាជំនួយគ្រឿងសព្វាវុធ សម្ភារៈយោធា ជួយកងទ័ពអ៊ុយក្រែន ដើម្បីប្រយុទ្ធ។ តែក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា គេក៏ត្រូវតែ​ពិភាក្សាគ្នា ដើម្បី​រៀបចំយុទ្ធសាស្ត្រយូរអង្វែង ធ្វើយ៉ាងណា ឲ្យ​កងទ័ពអ៊ុយក្រែន មានកម្លាំង​មានសមត្ថភាពពេញលេញ ក្នុងការការពារខ្លួន ក្នុងករណី​មាន​ការវាយ​ប្រហារណាមួយ​ផ្សេងទៀត ពីសំណាក់រុស្ស៊ី។ លោក John Kirby អ្នកនាំពាក្យ​ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថា មិនមែនអាមេរិក ឬក៏ក្រុមប្រទេសលោកខាងលិច ទៅធានាការពារ​អ៊ុយក្រែន រហូតនោះទេ តែគេនឹងជួយធ្វើយ៉ាងណា ពង្រឹងសមត្ថភាពរបស់អ៊ុយក្រែន តាមរយៈការធ្វើទំនើបកម្មកងទ័ព និងគ្រឿងសព្វាវុធ សម្ភារៈយោធា។

សម្រាប់កាលៈទេសៈពេលនេះ អ្វីដែលបន្ទាន់គឺជួយឲ្យ​អ៊ុយក្រែន យកជ័យជំនះលើកងរុស្ស៊ី។ លោករដ្ឋមន្ត្រី​ក្រសួងការពារជាតិអង់គ្លេស បានអះអាងថា យោងតាមប្រភពរបស់​លោក គឺទាហានរុស្ស៊ីមានស្លាប់យ៉ាងហោច ១៥០០០នាក់ហើយ។ យោងតាមលោក រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិអាមេរិក ដែលបានទៅជួប​លោក​ វ្លូឌីមៀរ ហ្សេឡេនស្គី នៅរដ្ឋធានីកៀវ កាលពីថ្ងៃចន្ទ ម្សិលមិញ គឺកងទ័ពអ៊ុយក្រែន កំពុងតែសង្ឃឹមថានឹងអាចឈ្នះ ប្រសិនបើ​ក្រុមសម្ព័ន្ធមិត្តលោកខាងលិច ប្រឹងជួយផ្តល់គ្រឿងសព្វាវុធបន្ថែមទៀត។

ដូចយើងដឹងហើយ ប៉ុន្មានសប្តាហ៍ចុងក្រោយមកនេះ អាមេរិកបានសម្រេចផ្តល់ជំនួយយោធាច្រើនណាស់ មកអ៊ុយក្រែន ដោយរាប់ទាំង​គ្រឿងសព្វាវុធធុនធំៗ ទំនើបៗ ជាក់ស្តែង កាណុងបាញ់គ្រាប់ដ៏ទំនើប ប្រភេទ Howtizer ដែលអាចបាញ់បានចំងាយ​៣០គីឡូម៉ែត្រ។ អាមេរិក ចង់យកវេទិការប្រជុំនៅថ្ងៃនេះ អូសទាញប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត ឲ្យចូលរួមប្រឹងប្រែង ឲ្យអស់ពីសមត្ថភាពដើម្បីជួយអ៊ុយក្រែន។

យ៉ាងណាមិញ នៅព្រឹកមិញនេះ លោកស្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ​អាល្លឺម៉ង់ បាន​ប្រកាសថា អាល្លឺម៉ង់ នឹងផ្តល់ឲ្យ​អ៊ុយក្រែន នូវរថក្រោះទំនើបរបស់ខ្លួន ប្រភេទខ្លារខិន (Flakpanzer Gepard) ។ នេះជាការបោះជំហានមួយដ៏ធំមួយទៀត របស់អាល្លឺម៉ង់ ព្រោះកន្លងមក អាល្លឺម៉ង់ជួយតែសម្ភារៈស្រាលតែប៉ុណ្ណោះ។ ដូចគ្នាដែរ ក្រសួងការពារជាតិបារាំង បានបញ្ជាក់ឲ្យដឹងមុននេះបន្តិចដែរ ថាគេនឹងបញ្ជូន​ប្រព័ន្ធបាញ់គ្រាប់កាំភ្លើងធំ Caesar ដែលអាចបាញ់បានចំងាយ​៤០គីឡូម៉ែត្រ។ ចំណែកអង់គ្លេសវិញ គេបានសន្យាថានឹងបញ្ជូនទៅឲ្យអ៊ុយក្រែន នូវមីស៊ីល​ប្រឆាំងផ្លូវអាកាស Starstreak រួមជាមួយនឹងរថក្រោះខ្លះទៀតផង។

ដោយឡែក បើតាមប្រភពពីអ្នកកាសែត ដែលបានទៅផ្ទាល់នៅមូលដ្ឋានទ័ពអាមេរិក Remstein ក្នុងទឹកដីអាល្លឺម៉ង់ គឺថា ក៏មានប្រទេសអឺរ៉ុបខ្លះទៀត ដោយ​សុំមិនបញ្ចេញឈ្មោះ បានសម្រេចបញ្ជូន​គ្រាប់រ៉ូកែត គ្រាប់កាំភ្លើងត្បាល់ដែលផលិតនៅ​រុស្ស៊ី យកទៅឲ្យ​អ៊ុយក្រែនដែរ។

រុស្ស៊ីគំរាមថា ប្រយ័ត្នក្លាយជាសង្គ្រាម​លោកលើកទី​៣

លោក ស៊ែរហ្កី ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយតាមទូរទស្សន៍ កាលពីថ្ងៃចន្ទម្សិលមិញ ដោយ​លើកឡើងថា ក្រុមប្រទេសលោកខាងលិច ជួយផ្តល់អាវុធឲ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធនេះ គឺមិនខុសពី​យកសាំងទៅជះលើភ្លើងទេ។ លោក​បានបន្ថែមថា គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុត ដែលមិនអាចមើលស្រាលបាននោះ​ គឺបញ្ហានេះអាចឈានទៅ​ក្លាយទៅជាសង្គ្រាមលោកលើកទី​៣ ដោយចំហតែម្តង ហើយអាចជា​​សង្គ្រាម​​នុយ​ក្លេអ៊ែរ​។​

បើយើងស្តាប់សម្តីរបស់​លោកស៊ែរហ្កី ឡាវរ៉ូវនេះ គឺមានន័យថា ក្រុមប្រទេសលោកខាងលិច មិនត្រូវមកជួយអ៊ុយក្រែនទេ គឺត្រូវទុកឲ្យរុស្ស៊ី​វាយ​អ៊ុយក្រែន លេបត្របាក់ទឹកដីអ៊ុយក្រែន តាមសម្រួល បើមិនចង់ឲ្យ​មានរឿង។ ត្រង់នេះហើយ ដែលក្រុមប្រទេសលោកខាងលិច គេមិនអាចនៅស្ងៀមបាន​។ ថ្ងៃនេះ រុស្ស៊ីវាយ​យកអ៊ុយក្រែន ថ្ងៃស្អែករុស្ស៊ីនឹងខិតទៅមុខទៀត។ សួរថាអ្នកណាជាអ្នកចាប់ផ្តើមធ្វើសង្គ្រាមនេះ គឺរុស្ស៊ី។ ដូច្នេះ ប្រតិកម្ម​របស់​ក្រុមប្រទេសលោក​ខាងលិច វាគឺជាការឆ្លើយតប ចំពោះអំពើឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសឯករាជ្យមួយ ដូចជាអ៊ុយក្រែន​។

សម្រាប់ក្រុមប្រទេសលោកខាងលិច រុស្ស៊ីជាអ្នក​បញ្ឆេះសង្គ្រាមនេះ ដោយភាពលោភលន់របស់លោកពូទីន ដូច្នេះកុំមក​ចោទគេ ថាជាអ្នករុញបញ្ហាឲ្យឈានក្លាយ​ ទៅជាសង្គ្រាមលោកលើកទី៣។ មកដល់ដំណាក់កាលនេះ គឺភាគី អ៊ុយក្រែន រួមជាមួយសម្ព័ន្ធមិត្តលោកខាងលិច គ្មានជំរើសអ្វីផ្សេងទេ ក្រៅតែពីបន្ថែមទំងន់អំណាចនៃកម្លាំង ដើម្បីធ្វើយ៉ាងណា​ ឲ្យ​រុស្ស៊ីដឹងខ្លួន ហើយដកថយទៅវិញ។

គ្មានពន្លឺសង្ឃឹមស្តីពីការចរចា

បើផ្អែកតាម​មន្ត្រីការទូតតួកគី ដែលជាអ្នកប្រឹងប្រែងរៀបចំ ឲ្យ​មានជំនួបចរចាគ្នា រវាងភាគីអ៊ុយក្រែន និង រុស្ស៊ី ប៉ុន្មាន​លើកមកនេះ គឺថាការ​ចរចា សម្រាប់ពេលនេះមាន​សង្ឃឹមតិចណាស់ ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្វើដំណើរទៅជួបលោក ពូទីន ដល់ក្រុងមូស្គូ នៅថ្ងៃអង្គារ​នេះ ក៏គេគ្មានសង្ឃឹមថា លោកពូទីននឹងស្តាប់ហេតុផលដែរ។ តាមការគ្រោងទុក នៅថ្ងៃនេះ លោក អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី នឹងទូរស័ព្ទទៅនិយាយជាមួយ​លោកពូទីនដែរ។ ចំណែក​លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងធ្វើដំណើរចេញពីម៉ូស្គូ ទៅរដ្ឋធានី​កៀវ ដើម្បីជួបជាមួយ​លោក ហ្សេឡេនស្គី។

ការប្រឹងប្រែងផ្នែកការទូត ចេះតែប្រឹងជាបន្តបន្ទាប់ បោះទោះបីមកទល់ពេលនេះ បានផលស្តួចស្តើងក៏ដោយ។ សង្គ្រាម​នេះអាច​ចប់បាន ទាល់តែទីមួយ អ្នកចាប់ផ្តើមសុខចិត្តឈប់ ឬមួយក៏អ្នកត្រូវបានគេវាយ សុខចិត្តចាញ់។ ដោយឡែក អ៊ុយក្រែន មិនព្រមចុះចាញ់ទេ ហើយក៏មិនព្រមបាត់បង់ទឹកដីទៅឲ្យរុស្ស៊ីដែរ។ ចំណែកខាងរុស្ស៊ីវិញ គឺលោកពូទីនកំពុងតែព្យាយាមប្រឹងយកឈ្នះ ឲ្យ​បានយ៉ាងហោចនៅតំបន់ដុនបាស និងភាគខាងត្បូងអ៊ុយក្រែន ដើម្បីយកជ័យជំនះនេះ ទៅអួតប្រជាជនរុស្ស៊ីនៅថ្ងៃទី​៩ឧសភា។ ដូច្នេះសម្រាប់ពេលនេះ បើតាមការវិភាគ គឺគ្មានពន្លឺវិជ្ជមាន នៃការចរចាណាមួយឡើយ គឺមានតែការប្រយុទ្ធរុញទៅរុញទៅមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ