អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាម​អ៊ុយក្រែន៖ លោក​អង់តូនីញ៉ូ​ ហ្គូទែរស៍​​ថ្លែងថា​ សតវត្ស​ទី​២១​ហើយ សង្គ្រាម​​មិន​គួរកើត​ឡើង​ទេ​ !

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកអង់តូនីញ៉ូ ហ្គូទែរស៍​ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានធ្វើដំណើរទៅដល់ ទីក្រុងកៀវ រដ្ឋធានីអ៊ុយក្រែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ជាដំណើរទៅដល់ ដើម្បីពិនិត្យស្ថានភាព​ដោយ​ផ្ទាល់នឹងភ្នែករបស់​លោក បន្ទាប់ពី​អ៊ុយក្រែន បានរងនូវការធ្វើសង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ី ចាប់តាំងពី​ថ្ងៃទី​២៤កុម្ភៈមក។ នៅទីក្រុងកៀវ លោក អង់តូនីញ៉ូ ហ្គូទែរស៍ បានថ្លែងថា មកដល់សតវត្សទី​២១ទៅហើយ សង្គ្រាម​វាយ​ប្រហារ កាប់សម្លាប់គ្នា មិនគួរមានទាល់តែសោះ​។

លោក អង់តូនីញ៉ូ ហ្គូទែរស៍ អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅទីក្រុងអៀរពីន ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៨ មេសា ២០២២
លោក អង់តូនីញ៉ូ ហ្គូទែរស៍ អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅទីក្រុងអៀរពីន ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៨ មេសា ២០២២ REUTERS - GLEB GARANICH
ផ្សាយពាណិជ្ជកម្ម

“ចុះបើជា​ផ្ទះខ្ញុំ ជាក្រុមគ្រួសារខ្ញុំ?”

តាំងតែពីរុស្ស៊ី បានចាប់ផ្តើមធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន មានប្រភព​ដំណឹងជាច្រើន បានអះអាងថាវាបាន​ធ្វើ​ឲ្យលោកអង់តូនីញ៉ូ ហ្គូទែរស៍ មានការលំបាកក្នុង​ចិត្ត​ខ្លាំងណាស់។ គាត់ពិបាកចិត្ត រហូតដល់ថ្នាក់ឈឺ ទ្រុឌទ្រោម អស់កម្លាំងចិត្ត ព្រោះមិនអាចធ្វើអ្វីបាន​ ដើម្បី​បញ្ឈប់សង្គ្រាមនេះ។ ជាក់ស្តែងនៅក្នុងសន្ទរកថា កាលពីចុងខែកុម្ភៈ អំពាវនាវឲ្យ​លោកពូទីនដកថយឈប់ធ្វើសង្គ្រាម លោក អង់តូនីញូ ហ្គូទែរស៍ បានថ្លែងទាំងញ័រមាត់ ទទូចអង្វរឲ្យ​លោកពូទីនពិចារណាឡើងវិញម្តងទៀតឲ្យច្បាស់ កុំធ្វើសង្គ្រាមកាប់សម្លាប់មនុស្ស។

នៅថ្ងៃព្រហស្បតិ៍ទី២៨មេសានេះ លោក អង់តូនីញ៉ូ ហ្គូទែរស៍ បាន​ទៅដល់ប្រទេសអ៊ុយក្រែន ហើយលោកបានទៅពិនិត្យ​ស្ថានភាពផ្ទាល់កន្លែង នៅ​តំបន់ Borodianka និង​នៅ​ Boutcha ដែលជាក្រុងស្ថិតនៅជាប់ជាយ​រដ្ឋធានីកៀវ ហើយ ដែលបានរងនូវភាពខ្ទេ​ចខ្ទាំខ្លាំងបំផុត ដោយ​សារសង្គ្រាម។ នៅទីក្រុងទាំង២នេះហើយ ដែលគេបានប្រទះឃើញសាកសពប្រជាជនស៊ីវីល ជាច្រើនរយនាក់ ស្លាប់ដេករណេតរណូត​តាម​ផ្លូវ​​ ក្បែររបងផ្ទះ និង​ខ្លះ​ត្រូវគេកប់ចោល​តាម​រណ្តៅរួម។

ពេលឃើញអាគារផ្ទះបាក់បែក ខ្លះត្រូវគ្រាប់​ផ្ទុះឆេះខ្លោច នៅផ្ទាល់កន្លែង លោក អង់តូនីញ៉ូ ហ្គូទែរស៍ បានថ្លែងថា លោកស្រម៉ៃថា ប្រសិនបើក្រុមគ្រួសារលោកជួបរឿងបែបនេះ តើ​លោក​នឹងមានទុក្ខយ៉ាងណាទៅ! លោកថា ចុះបើជាចៅស្រីតូចៗរបស់លោក ភ័យតក់ស្លុត យំស្រែករត់រកកន្លែងជ្រក ពីការទម្លាក់គ្រាប់វិញ តើវានឹងទៅជាយ៉ាងណាទៅ!

លោក​បានថ្លែងថា សតវត្សទី​២១ទៅហើយ រឿងរ៉ាវសោកនាដកម្ម ដោយសារតែសង្គ្រាម​បែបនេះ គឺវាមិនគួរកើតឡើងទេ​ ហើយ​មិនអាចទទួលយកបានទាល់តែសោះ។ លោក​បានបន្ថែមថា ចូរគ្រប់គ្នាចងចាំជានិច្ចថា ឲ្យតែពាក្យថាសង្គ្រាម គឺប្រជាជនស៊ីវីលស្លូតត្រង់ ដែលជាអ្នករងគ្រោះខ្លាំងបំផុត។

រុស្ស៊ី ត្រូវតែយល់ព្រម​សហការឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​តុលាការព្រហ្មទណ្ឌអន្តរជាតិ​!

លោកអង់តូនីញ៉ូ ហ្គូទែរស៍ បានលើកឡើងថា នៅពេលដែលយើងបាន​មកឃើញ​ដោយផ្ទាល់នឹងភ្នែក នូ​វរូបភាពសោកនាដកម្មទាំងអស់នេះ គឺវាជារឿងចាំបាច់ណាស់ ដែល​ត្រូវតែមានការស៊ើបអង្កេត ពេញលេញ ឯករាជ្យ និងស៊ីជំរៅ​ដើម្បី​កំណត់រកអ្នកទទួលខុសត្រូវ។ លោកបានអំពាវនាវថា រុស្ស៊ី ត្រូវ​តែយល់ព្រមសហការ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ដែលបានចាប់ផ្តើម​ការស៊ើបអង្កេត ស្តីអំពី​ឧក្រិដ្ឋកម្មសង្គ្រាម ដែល​អ៊ុយក្រែន បានចោទថាកងទ័ពរុស្ស៊ីបានធ្វើ។

យ៉ាងណាមិញ កាលពីថ្ងៃពុធ ទី​២៧មេសា​ សមាជិកសភាកាណាដា បានសម្រេច​អនុម័ត​សេចក្តីប្រកាសថ្កោលទោសមួយ ចំពោះអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែល​កងទ័ពរុស្ស៊ី បានធ្វើទៅ​លើប្រជាជនអ៊ុយក្រែន។ លិខិតថ្កោលទោសរបស់សភាកាណាដានេះ បានអះអាងថា គេមានភស្តុតាង យ៉ាងជាក់ច្បាស់ និង​ច្រើន​សន្ធឹកណាស់ ដែលបញ្ជាក់ថា រុស្ស៊ីបានធ្វើអំពើឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជាលក្ខណៈប្រព័ន្ធ ក្នុង​ទ្រង់ទ្រាយ​ធំ​បែបសម្លាប់រង្គាល។

សូមរំលឹកថា កាលពីថ្ងៃទី​១៣មេសា លោក Karim Khan ​រដ្ឋអាជ្ញាតុលាព្រហ្មទណ្ឌអន្តរជាតិ បានទៅដល់ទីក្រុង​ប៊ូតឆា ហើយបានចាត់ទុកថាទីនោះ គឺជាទីកន្លែងកើត​ហេតុ កន្លែងឧក្រិដ្ឋកម្ម ដ៏ធំបំផុត។ ក្រុម​គ្រូពេទ្យ ជំនាញ​ពិនិត្យសាកសព មកពីប្រទេសជាច្រើន ក្នុងនោះមានបារាំងដែរ បានទៅដល់ ដើម្បីចាប់ផ្តើមធ្វើកោសល្យវិច្ច័យ លើសាកសពជាច្រើនរយនាក់ ដែលគេបានប្រទះឃើញនៅទីនោះ។ ប៊ូតឆាជាឧទាហរណ៍មួយ ក្នុងចំណោម​ទីតាំងនិងករណីជាច្រើនផ្សេងទៀត ដែល​ភាគីអ៊ុយក្រែន បានអះអាងថា កងទ័ពរុស្ស៊ីបានសម្លាប់រង្គាល និងដោយឥតរើសមុខ ទៅលើប្រជាជនស៊ីវីលអ៊ុយក្រែន​។

ការលំបាក​ក្នុង​ការជន្លៀសប្រជាជនស៊ីវីល ចេញពីទីលានប្រយុទ្ធ

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី​២៨មេសា​ លោក Sergueï Volyna មេបញ្ជាការកងពលលេខ៣៦ នៃ​កងទ័ពជើងទឹកអ៊ុយក្រែន ប្រចាំនៅម៉ារីយូប៉ូល បានសរសេរអំពាវនាវ លើTelegram សូមឲ្យជួយបើក​ប្រតិបត្តិការ ​រំដោះ និង​​ជន្លៀស​មនុស្សចេញពី​ក្រុងម៉ារីយូប៉ូលផង ពុំនោះទេនឹងស្លាប់ទាំងអស់។ បើមិនស្លាប់ដោយសារតែគ្រាប់​របស់រុស្ស៊ី ក៏ស្លាប់ដោយសារតែរបួស និងដាច់ពោះស្លាប់ដែរ ព្រោះម៉ារីយូប៉ូល ត្រូវ​កងទ័ពរុស្ស៊ីឡោមព័ទ្ធជិត​២ខែមកហើយ។ មេទាហានអ៊ុយក្រែនរូបនេះ អះអាងថា គាត់កំពុង​នៅជាមួយកូន​ទាហាន ប្រមាណ​៦០០នាក់ ដែលរងរបួស និងប្រជាជនស៊ីវីល​ច្រើនរយនាក់។

ដោយឡែក លោក Oleksiy Arestovich ទីប្រឹក្សាពិសេសរបស់​លោក​ហ្សេឡេនស្គី បានអះអាងថា រដ្ឋាភិបាល​អ៊ុយក្រែន កំពុងតែប្រឹងប្រែង រកវិធីនិយាយជាមួយភាគីរុស្ស៊ី ដើម្បីធ្វើយ៉ាងណា សង្គ្រោះ រំដោះប្រជាជនស៊ីវីល ចេញពីតំបន់មួយចំនួន នៅខាងកើត ដែលកំពុងតែរងការវាយ​ប្រហារខ្លាំង ដូចជា Sloviank Kramatorsk ណិង Marioupol។ នៅម៉ារីយូប៉ូល មានទាហាន និង​ប្រជាជានស៊ីវីលសរុប​ប្រមាណ​១ពាន់នាក់ ដែលកំពុងពួន​សំងំនៅក្នុងរោងចក្រស្លរដែក Azovstal មិនអាចចេញទៅណារួចទេ ព្រោះកងទ័ពរុស្ស៊ីព័ទ្ធជិតឈឹងតែម្តង ជាច្រើនសប្តាហ៍មកហើយ។

កាលពីថ្ងៃអង្គារ នៅទីក្រុងម៉ូស្គូ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់ទៅភាគីរុស្ស៊ី អំពីបំណងចង់បង្កើតក្រុមការងារមួយ ដោយ​មានមន្ត្រីអង្គការសហប្រជាជាតិជាអ្នកសម្របសម្រួល ដើម្បីឲ្យ​អ៊ុយក្រែន និងរុស្ស៊ីធ្វើការជាមួយគ្នា ឈានទៅ​បើកច្រក​ជន្លៀសមនុស្សដោយសុវត្ថិភាព។ លោក Oleksiï Reznikov រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានប្រាប់ឲ្យដឹងកាលពីថ្ងៃពុធម្សិលមិញថា កងទ័ពរុស្ស៊ីកំពុង​តែ​ដឹកខ្លាំងថា​បរាជ័យ​យុទ្ធសាស្ត្រហើយ ដូច្នេះក្នុងរវាង​១សប្តាហ៍ទៅមុខទៀតនេះ គឺកងទ័ពរុស្ស៊ីប្រាកដជា​ នឹងបើកការវាយ​ប្រហារយ៉ាងសាហាវ មកលើ​អ៊ុយក្រែន​។

សង្គ្រាម​កាន់តែផុងជ្រៅ​

សម្រាប់ពេលនេះ សង្គ្រាមនៅតែបន្ត ហើយ​បន្តខ្លាំងទៀត ផងនៅ​ភាគខាងកើត និង​ខាងត្បូងអ៊ុយក្រែន។ កងទ័ពរុស្ស៊ីវិញ បាន​អះអាងកាលពីល្ងាចម្សិលមិញ ថា​គេបាន​វាយ​ប្រហារទីតាំងមួយកន្លែង នៅ Zaporijjia ដែលជាទីតាំងស្តុកអាវុធដែលអាមេរិកនិងប្រទេសអឺរ៉ុប បញ្ជូនទៅជួយអ៊ុយក្រែន។ តែយ៉ាងណាភាគីអ៊ុយក្រែនអះអាងថា ទីតាំងដែលរងការ​វាយប្រហារនោះ គ្មានអាវុធទេ។ ហើយនៅព្រឹកនេះ លោក Mykhaïlo Podoliak ទីប្រឹក្សាម្នាក់របស់​លោកហ្សេឡេនស្គី បានអះអាងថា អ៊ុយក្រែន ក៏មានសិទ្ធិ​បើកការវាយ​ប្រហារ ​ទៅលើទឹកដីរុស្ស៊ីដែរ​។

ដូច្នេះ យើងឃើញថាសង្គ្រាមនេះ កាន់តែផុងជ្រៅទៅហើយ។ លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេស​អង់គ្លេស បានអំពាវនាវ ហៅ​ក្រុមប្រទេសលោកខាងលិចទាំងអស់ ត្រូវតែ​ប្រមែរប្រមូល​គ្រឿងសព្វាវុធ​ដែលមាន យកទៅជួយអ៊ុយក្រែន ព្រោះសង្គ្រាមនេះ មិនមែនជាសង្គ្រាមរបស់​​អ៊ុយក្រែនតែម្នាក់ឯងទេ តែវាជាសង្គ្រាមរួមរបស់​បច្ចឹមលោក​ ​។ លោក​ ពូទីន វិញ កាលពីថ្ងៃម្សិលមិញ បានថ្លែងសុន្ទរកថាគំរាមថា ក្រុមប្រទេសលោកខាងលិច ដែលនាំគ្នាផ្តល់អាវុធឲ្យ​អ៊ុយក្រែន គឺប្រាកដជានឹងរកការឆ្លើយតបវិញ យ៉ាងចាស់ដៃពីរុស្ស៊ី ជាក់ជាមិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ