អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភាហ្វាំងឡង់ ​និង​ស៊ុយអែត បើក​ការប្រជុំ​ពិភាក្សា និង​អនុម័ត​ការដាក់​ពាក្យ​សុំចូល​ជា​សមាជិក​អូតង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន បានរុញច្រានប្រទេស​២នៅអឺរ៉ុបខាងជើង​ គឺហ្វាំងឡង់ និង​ស៊ុយអែត​ ដែលធ្លាប់តែស្ថិតនៅអព្យាក្រិត្យ មិនចូលបក្សសម្ព័ន្ធយោធាណាទាំងអស់នោះ ឲ្យងាក​មក​ចង់ ចូលជាសមាជិក​របស់អង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថាអូតង់ ឬណាតូ។ នៅថ្ងៃចន្ទទី១៦ឧសភានេះ សភា​របស់​ហ្វាំងឡង់ និង​​ស៊ុយអែត កំពុងតែបើកការប្រជុំពិភាក្សាគ្នា ដើម្បីអនុម័តបេក្ខភាពស្នើសុំចូល​ជាសមាជិក​អង្គការអូតង់​។ ដោយឡែក រុស្ស៊ីបានចាត់ទុកបំណងរបស់ហ្វាំងឡង់ និង​ស៊ុយអែត ដែល​ចង់ចូលជាសមាជិករបស់អូតង់នេះ ថាជារឿងយល់ខុសហើយ។ ទន្ទឹមគ្នានេះ តួកគី ដែលជាសមាជិកអូតង់ម្នាក់ដែរ​ បានបង្ហាញជំហរមិនគាំទ្របេក្ខភាពរបស់ហ្វាំងឡង់​ និង​ស៊ុយអែតទេ។

លោករដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ Pekka Haavisto ថ្លែងទៅកាន់អ្នកកាសែត ក្រោយ​ចប់ការប្រជុំជាមួយ​សមាជិកអូតង់ នៅក្រុងប៊ែរឡាំង ថ្ងៃទី ១៥ឧសភា២០២២
លោករដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ Pekka Haavisto ថ្លែងទៅកាន់អ្នកកាសែត ក្រោយ​ចប់ការប្រជុំជាមួយ​សមាជិកអូតង់ នៅក្រុងប៊ែរឡាំង ថ្ងៃទី ១៥ឧសភា២០២២ AP - Michael Sohn
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ីជាអ្នករុញ ឲ្យ​ស៊ុយអែត និងហ្វាំងឡង់ចង់ចូលអូតង់

ដូចយើងបានដឹងហើយ ប្រទេសអឺរ៉ុបខាងជើងទាំង២នេះ សុទ្ធតែបានប្រកាន់ខ្ជាប់នូវ គោលនយោបាយ​​អព្យាក្រិត្យ មិនចូលរួមជាមួយសម្ព័ន្ធភាពយោធាណាទាំងអស់ ព្រោះដើម្បី​កុំឲ្យ​មានការថ្នាំងថ្នាក់ ជាមួយអតីតសហភាពសូវៀត និង​ក្រោយ​មកជាមួយរុស្ស៊ីនេះឯង។ ពីមុនមក ទាំងប្រជាជនទាំងអ្នកនយោបាយ ហ្វាំងឡង់ ក៏ដូចជាស៊ុយអែត គឺមិនសូវមានអ្នកគាំទ្រ ឲ្យ​ប្រទេសគេចូលក្នុងអូតង់ទេ។ ក៏ប៉ុន្តែ អ្វីៗបានប្រែប្រួលសឹងតែទាំងស្រុង បន្ទាប់ពី​គេបានឃើញនូវការធ្វើសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ដែលមិនមែនជាសមាជិកអូតង់។

កាលពីថ្ងៃសៅរ៍ លោកស្រី​នាយករដ្ឋម​ន្ត្រី​ហ្វាំងឡង់ Sanna Marin បាន​លើកឡើងថា បរិបទសន្តិសុខពេលនេះបានប្រែប្រួលហើយ។ ប្រទេសតែមួយគត់ដែលគំរាមសន្តិសុខគេឯងនៅអឺរ៉ុប គឺរុស្ស៊ី។ ចំណែកលោកស្រី Magdalena Andersson  នាយករដ្ឋមន្ត្រីស៊ុយអែតវិញ បាននិយាយកាលពី​ថ្ងៃអាទិត្យថា ការសម្រេចចិត្ត ដាក់បេក្ខភាពចូលអូតង់នេះ វាមិនមែនជារឿងងាយស្រួលទេ ក៏ប៉ុន្តែរដ្ឋាភិបាល​លោកស្រី បាន​ថ្លឹងថ្លែងច្បាស់ហើយ ថាវាមិនអាចជួយការពារសន្តិសុខ​ស៊ុយអែតបានទៀតទេ បើស៊ុយអែតនៅតែបន្តរក្សា​អព្យាក្រិត្យភាព​ ទៅថ្ងៃអនាគត។

ហ្វាំងឡង់មានព្រំដែនជាប់រុស្ស៊ីដល់ទៅ១៣០០គីឡូម៉ែត្រ ហើយក៏ធ្លាប់មានប្រវត្តិជូរចត់ ត្រូវសហភាពសូវៀត លើកទ័ពមកវាយ​ឈ្លានពានដែរ។ ដូច្នេះ សង្គ្រាមនៅអ៊ុយក្រែន បាន​ធ្វើឲ្យ​កម្រើកមតិសាធារណៈហ្វាំងឡង់តែម្តង ថាហ្វាំងឡង់​ ​មិនអាចនៅអព្យាក្រិត្យទៀតបានទេ គឺត្រូវតែរកបង្អែក រកសម្ព័ន្ធមិត្តយោធាដើម្បីជួយការពារសន្តិសុខ។ យោងតាមការស្ទាបស្ទង់មតិចុងក្រោយ គឺប្រជាជន​ហ្វាំងឡង់​យ៉ាងហោច ៧០% បានយល់ស្រប​ថា​ប្រទេស​ខ្លួន​ត្រូវតែចូល​ជា​សមាជិក​អូតង់។ ចំណែកនៅ​ស៊ុយអែតវិញ គឺ​ប្រជាជន​ប្រមាណ​ជាង​៥០% ក៏យល់ដូចគ្នានេះដែរ។

នៅថ្ងៃចន្ទនេះ សភាហ្វាំងឡង់ និងស៊ុយអែត បើកការប្រជុំជជែកគ្នាជាបន្ទាន់តែម្តង ដើម្បីអនុម័តដាក់បេក្ខភាពជាផ្លូវការ នៅក្នុងសប្តាហ៍នេះតែម្តង។ យោងតាមការចុះផ្សាយរបស់បណ្តាញ​ព័ត៌មាន​ហ្វាំងឡង់ ក្នុងចំណោមសមាជិកសភាហ្វាំង​ឡង់ ទាំង២០០នាក់ គឺមានយ៉ាងហោច៨៥% បានបង្ហាញជំហរគាំទ្រ ឲ្យ​ហ្វាំងឡង់ដាក់បេក្ខភាព។  រីឯនៅស៊ុយអែតវិញ ក្នុងចំណោមគណបក្ស៨ដែលមានសមាសភាពនៅសភា គឺមាន​៦គណបក្សបាន​ប្រកាសគាំទ្រ។ ពោលគឺគេរំពឹងថា យ៉ាងហោចមានសមាជិកសភា ៣០៤នាក់ ក្នុងចំណោម៣៤៩នាក់ ដែល​នឹងបោះឆ្នោតគាំទ្រ។

តួកគីចង់រារាំង?

តាមលក្ខន្តិកៈរបស់អូតង់ គឺការទទួលសមាជិកថ្មីមួយ ត្រូវតែបានទទួលការយល់ព្រម​ជាឯកច្ឆ័ន្ទ ពីសំណាក់សមាជិកទាំងអស់របស់អូតង់។ មានន័យថា គេត្រូវការឲ្យ​ សមាជិកអូតង់រាល់ថ្ងៃ ដែលមាន​៣០ប្រទេសនេះ លើកដៃគាំទ្របេក្ខភាព របស់ស៊ុយអែត និងហ្វាំងឡង់ទាំងអស់គ្នា។ ដូច្នេះបើ​តួកគីមិនព្រមគាំទ្រ គឺអ្វីៗនឹងជាប់គាំងហើយ​។

ទាក់ទិននឹងហេតុផលរបស់តួកគីវិញ បើតាមការលើកឡើងរបស់លោក​ ប្រធានាធិបតីអ៊ែរដូហ្កាន់ គឺថាលោក​បានចោទថា ស៊ុយអែត​ និងហ្វាំងឡង់ ជាពិសេសស៊ុយអែតតែម្តង ថាសំបូរសំបុករបស់​ក្រុមភេរវកម្ម។ ក្រុមភេរវកម្មនេះ គឺតួកគីចង់សំដៅលើចលនា PKK ចលនារំដោះជាតិគួឌីស្ថាន ដែលរដ្ឋាភិបាលរបស់​លោក​អ៊ែរដូហ្កាន់ស្អប់ ប្រយុទ្ធប្រឆាំងខ្លាំងណាស់។ ចលនានេះ ក៏ត្រូវបាន​ សហភាពអឺរ៉ុបចាត់បញ្ចូលក្នុងបញ្ជីក្រុម​ភេរវកម្មដែរ។ ដូច្នេះហេតុផលរបស់តួកគី គឺមានពាក់ព័ន្ធនឹងនយោបាយផ្ទៃក្នុង របស់តួកគី។

តែយ៉ាងណា មានចំណុចដែលអ្នកវិភាគខ្លះបានលើកឡើងថា តួកគីប្រហែលជាមិនហ៊ានជំទាស់ខ្លាំងនោះទេ។ កន្លងមក នៅក្នុងអូតង់ អាកប្បកិរិយារបស់តួកគី ត្រូវបានគេរិះគន់ច្រើនដងហើយ ថាតួកគី មានទំនោរទៅខាងរុស្ស៊ីច្រើន។ ខ្លួនជាសមាជិកអូតង់ តែបែរជាទៅទិញគ្រឿងសព្វាវុធរុស្ស៊ី ហើយ​ធ្វើប្រតិបត្តិការយោធាមួយចំនួន ប៉ះពាល់ដល់ផលប្រយោជន៍ របស់ប្រទេសសមាជិកអូតង់ដូចគ្នា​​ថែមទៀតផង។ ដូច្នេះបើលើកនេះ តួកគីមករឹងទទឹងជំទាស់ទៀត គឺគេរឹតតែគិតថា តើតួកគីគាំទ្ររុស្ស៊ីឬក៏យ៉ាងណា!

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ គេបានបើកការប្រជុំនៅក្រុងប៊ែរឡាំង ដើម្បីនិយាយជាមួយតួកគី ស្តីពីការជំទាស់នេះ។ ទាំង​លោក អគ្គលេខាធិការអង្គការអូតង់ ទាំងលោករដ្ឋមន្ត្រីការបរទេសអាមេរិក សុទ្ធតែបាន​អះអាងថា គេមានសង្ឃឹមថាអាចបញ្ចុះបញ្ចូលតួកគីបាន។ លោក Jens Stoltenberg បានអះអាងថា ខាងតួកគីបានបញ្ជាក់ជំហរហើយ ថាគេគ្មានបំណងទៅ​រារាំង បេក្ខភាពរបស់ហ្វាំងឡង់ និង​ស៊ុយអែតទេ។

ហ្វាំងឡង់មានទាហានបម្រុង៨៧ម៉ឺននាក់ និង​គ្រឿងសព្វាវុធទំនើប

លោក Tytti Tuppurainen រដ្ឋមន្ត្រីហ្វាំងឡង់ ទទួលបន្ទុកកិច្ចការអឺរ៉ុប បាន​លើកឡើងប្រាប់កាសែតLe Monde ថា ទាំងហ្វាំងឡង់ ទាំងស៊ុយអែត នឹងផ្តល់ឲ្យ​នូវប្រយោជន៍យុទ្ធសាស្ត្រច្រើនណាស់ សម្រាប់អូតង់ ហើយកុំគិតថា ប្រទេសគេទាំង២នេះ នឹងបន្ថែមបន្ទុក បន្ថែមការងារឲ្យ​អូតង់លំបាកនោះ។​ ពោលគឺ ហ្វាំងឡង់ និង​ស៊ុយអែត មិនមែនមកដៃទទេរទេ !​

អគ្គនាយក​ក្រសួងការពារជាតិហ្វាំងឡង់ បានអះអាងថា ព្រំដែនហ្វាំងឡង់ដែលមានជាមួយរុស្ស៊ីចំនួន ប្រមាណ​១៣០០គីឡូម៉ែត្រនោះ គឺគេនឹងការពារដោយខ្លួនគេ អូតង់កុំចាំបាច់ភ័យអី។ មានន័យថា គឺហ្វាំងឡង់ទេ ដែលជាអ្នក​ការពារសន្តិសុខឲ្យ​ប្រទេសអូតង់ផ្សេងទៀត ព្រោះហ្វាំងឡង់អ្នកនៅជួរមុខជាប់ព្រំដែន​រុស្ស៊ីតែម្តង។

ជាងនេះទៀត ហ្វាំងឡង់ ដែលមានប្រជាជនប្រមាណតែ​ជាង​៥លាននាក់ ហើយមានទាហានអាជីពចំនួន តែ​១២០០០នាក់មែន តែហ្វាំងឡង់មានទាហានបម្រុង ចំនួន៨៧ម៉ឺននាក់ ក្នុងនោះ ២៨ម៉ឺន គឺអាចកេណ្ឌមក​ធ្វើប្រតិបត្តិការ ប្រយុទ្ធភ្លាមៗតែម្តង ឲ្យតែត្រូវការ។ មន្ត្រីក្រសួងការពារជាតិហ្វាំងឡង់ដដែលនេះ អះអាងទៀតថា ហ្វាំងឡង់មានសមត្ថភាពសព្វាវុធខ្លាំងមិនអន់ទេ បើប្រៀបធៀបទៅប្រទេសអឺរ៉ុបធំៗ។ ហ្វាំងឡង់បានបញ្ជាទិញ​ យន្តហោះចម្បាំង F-35 អាមេរិក ចំនួន​៦៤គ្រឿង កាលពីឆ្នាំ២០២១។ ហ្វាំងឡង់មានសមត្ថភាពកងទ័ពជើងទឹកដ៏ល្អទៀត ដើម្បីបើកប្រតិបត្តិការនៅ​ក្នុងសមុទ្របាល់ទិក។ ហើយហ្វាំងឡង់ ក៏មានគម្រោងដំឡើងការចំណាយផ្នែកកងទ័ព ដើម្បីទិញសព្វាវុធបន្ថែម និងរើសទាហានអាជីពចំនួន​៥០០នាក់ទៀត ហើយបើកប្រតិបត្តិការហ្វឹកហាត់ទាហានបម្រុងបន្ថែមទៀត។ នេះបើផ្អែកតាម​លោក រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ Antti Kaikkonen។

ស៊ុយអែត ប្រយោជន៍យុទ្ធសាស្ត្រសម្រាប់អូតង់

មិនខុសពី​ហ្វាំងឡង់ ស៊ុយអែត​ បានដំឡើងការចំណាយ​ផ្នែកកងទ័ពជាលំដាប់ ជាពិសេសបន្ទាប់ពីឃើញរុស្ស៊ីលើកទ័ពចូលឈ្លានពាននៅតំបន់គ្រីម៉េ។ ឆ្នាំ២០២១ ស៊ុយអែត ចំណាយ​ប្រាក់លើវិស័យយោធាចំនួន ៦៦០០លានដុល្លារ ពោលគឺស្មើនឹង ១,២៦%នៃចំណូលដុលក្នុងស្រុក។ ស៊ុយអែត ក៏បាន​រៀបចំឲ្យ​មានកាតព្វកិច្ចយោធាឡើងវិញដែរ។

បច្ចុប្បន្ននេះ ស៊ុយអែតមានទាហានចំនួន ៥ម៉ឺននាក់ ដែលពាក់កណ្តាលជា​ទាហានបម្រុង។ ស៊ុយអែតទាហានតិចមែន តែយោងតាមអ្នកជំនាញ ចំណុចខ្លាំងរបស់ស៊ុយអែត គឺសម្ភារៈគ្រឿងសព្វាវុធ បច្ចេកវិទ្យាទំនើប ដែលឧស្សាហកម្មស៊ុយអែតអាចធ្វើបាន​។ ស៊ុយអែតមាននាវាមុជទឹកបាតសមុទ្រ Corvette ៥គ្រឿង មានយន្តហោះចម្បាំង JAS 39 Gripen និងជាពិសេសនោះ គឺមាន​ប្រព័ន្ធរ៉ាដាចាប់ទិន្នន័យ ពេញមួយតំបន់សមុទ្របាល់ទិកតែម្តង។ នេះបើផ្អែកតាមការបញ្ជាក់ ពីលោក​ស្រី Anna Wieslander នាយិកាទទួលបន្ទុកតំបន់អឺរ៉ុបខាងជើង នៃក្រុមប្រឹក្សាអាត្លង់ទិក។

បន្ថែមពីនេះ ស៊ុយអែតគឺជាទីតាំងយុទ្ធសាស្ត្រមួយសំខាន់ណាស់ ទាំងក្នុងសមុទ្របាល់ទិក ទាំងខាងលើជាប់តំបន់អាកទិក ដែលសុទ្ធតែស្ថិតនៅទល់មុខ រុស្ស៊ីទាំងអស់។ កោះ Gotland របស់ស៊ុយអែត ស្ថិតនៅកណ្តាលសមុទ្របាល់ទិក ទល់មុខរុស្ស៊ីគឺជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់។ យ៉ាងណាមិញ លោក Tomas Ries អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យការពារជាតិស៊ុយអែត បានអះអាងថា បើអូតង់បានស៊ុយអែត​និងហ្វាំងឡង់ជាសមាជិក គឺអូតង់ អាចមានលទ្ធភាពពេញលេញ ក្នុងការការពារសន្តិសុខប្រទេសសមាជិក៣ នៅតំបន់បាល់ទិក គឺអេស្តូនី ឡេតូនី និងលីទុយអានី។ ប្រទេស៣នេះនៅជាប់រុស្ស៊ី ហើយ​បើមានការអីអូតង់ទៅមិនដល់ដោយងាយទេ។

បន្ថែមពីនេះទៀត លោកស្រី Heljä Ossa អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ ការពារជាតិ​​ហ្វាំងឡង់ បានលើកឡើងថា ហ្វាំងឡង់និង ស៊ុយអែត មិនមែន​ត្រឹមតែ​នាំមកនូវ កម្លាំងទាហានមានសមត្ថភាព និងគ្រឿងសព្វាវុធទំនើ​ប៉ុណ្ណោះទេ តែគឺប្រទេស២នេះ នាំមកនូវប្រជាជនដែល​មានទឹកចិត្តមោះមុត ត្រៀម​ប្រយុទ្ធ ដែល ប្រទេសសមាជិក​អូតង់ខ្លះទៀត មិនមានដូចផងទេ!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ