អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាម​​អ៊ុយក្រែន ជា​សំណុំ​រឿងធំ​នៅ​វេទិកាសេដ្ឋកិច្ចពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

វេទិកាសេដ្ឋកិច្ចពិភពលោកដាវ៉ូស ចាប់បើក​ធ្វើ​នៅថ្ងៃ​ចន្ទ ទី​២៣ឧសភា ក្នុង​ប្រទេស​ស្វីស​ គឺ​ក្រោយ​ពី​ត្រូវផ្អាក​អស់រយៈពេល ២ឆ្នាំ ព្រោះតែ​​វិបត្តិ​កូវីដ១៩។ វេទិកាសេដ្ឋកិច្ចពិភពលោក «ដាវ៉ូស Davos» គឺ​ជាវេទិកាជួប​ជុំគ្នា​​ រវាង​ ប្រធានាធិបតី​ ប្រមុខរដ្ឋាភិបាល មហាសេដ្ឋី ប្រធាន​ក្រុមហ៊ុនយក្ស​​ធំៗ​ ព្រមទាំងអង្គការ​អន្តរជាតិនានា  សរុបឥស្សរជន​​ប្រមាណ​២ ៥០០នាក់។ ក្នុង​វេទិកាឆ្នាំ​​នេះ​ មាន​ប្រធានបទ​ជាច្រើន​ ដែ​លជាពិសេស ទាក់ទង​នឹង​សេដ្ឋកិច្ច​ពិភពលោក និង​ការ​ស្តារកសាង​​សេដ្ឋកិច្ច​ក្រោយ​កូវីដ ជាដើម ត្រូវគេ​​លើកឡើង​ទៅជជែក​ពិភាក្សា។ ក៏ប៉ុន្តែ​ អ្វីដែល​ជាការ​កត់​សម្គាល់ សំណុំរឿង​សង្គ្រាមនៅអ៊ុយក្រែន និងការទារពន្ធពីអ្នកមានទៅជួយអ្នកក្រ គឺជា​ប្រធានបទ​ស្នូល​ពីរ ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំងជាង​គេ​។

Le président ukrainien Volodymyr Zelenskyy s'adresse au public depuis Kiev lors du Forum économique mondial à Davos, en Suisse, lundi 23 mai 2022.
Le président ukrainien Volodymyr Zelenskyy s'adresse au public depuis Kiev lors du Forum économique mondial à Davos, en Suisse, lundi 23 mai 2022. AP - Markus Schreiber
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វី​បាន​ជាមានការ​ផ្តល់​សារៈ​សំខាន់​ខ្លាំង​ម្ល៉េះ​ចំពោះ​ អ៊ុយក្រែន?​

​​តាមគម្រោង ​មាន​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល៥០ប្រទេស​ តែប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelinsky ជាប្រមុខ​រដ្ឋទី១ ដូចជា​តារាឯកទី១ ដែ​លត្រូវ​គេ​ផ្តល់​ឱកាស​ឱ្យ​ថ្លែងការណ៍​​​មុន​គេ នៅពេល​បើកវេទិកាសេដ្ឋកិច្ចពិភពលោកដាវ៉ូសព្រឹកថ្ងៃចន្ទនេះ។ ការណ៍​ដែល​គេ​ឲ្យ​តម្លៃ​ខ្លាំងទៅលើ​សំណុំ​រឿង​សង្គ្រាម​អ៊ុយក្រែន ពីព្រោះថា ការឈ្លាន​ពាន​របស់​រុស្ស៊ី​នៅអ៊ុយក្រែន គឺជារឿង​ធំ​សម្បើមសម្រាប់ពិភពលោក ពិសេស​សម្រាប់​​ប្រជាជនអឺរ៉ុប​​។ គិត​ត្រឹម​ថ្ងៃនេះ ​ការ​វាយប្រហារ​នៅ​អ៊ុយក្រែន ​គ្រប់​ចំនួន​៨៩ថ្ងៃ​ គឺ​ជិត៣ខែហើយ​​។​​ ស្ថាបនិក​វេទិកាសេដ្ឋកិច្ច​ពិភពលោក​ លោក Klaus Schwab មានប្រសាសន៍បើករបៀប​វរៈ​កម្មវិធី ថា យើង​គិត​ជា​ដំបូង​គេ​ទៅដល់​សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​ស្ថានភាព​នយោបាយ​ និងសេដ្ឋកិច្ច ​ ច្របូក​ច្របល់​ និងផ្នែក​សង្គម​កិច្ច​ បាន​ធ្លាក់​ចុះ​ មិនធ្លាប់​ជួប​ទាល់តែសោះ​។ ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក លោក Klaus Schwab បាន​បញ្ជាក់ទៀតថា ការ​ឈ្លាន​ពាន​របស់​រុស្ស៊ីលើអ៊ុយក្រែន​ គឺត្រូវ​គេ​សរសេរ​កត់​ត្រា​ក្នុង​សៀវភៅប្រវត្តិសាស្ត្រ​ ជាការ​ធ្លាក់​ចុះ​នៃ​សណ្តាប់​ធ្នាប់​ពិភពដ៏​ធំ មិនធ្លាប់​ជួប តាំងពី​ក្រោយ​ការ​បញ្ចប់​សង្គ្រាម​លោកលើកទី២ និង​ក្រោយ​ពីចប់​សង្គ្រាម​ត្រជាក់ មក។​

លោកប្រធានាធិបតីអ៊ុយក្រែន ​មិនបាន​​ចូលរួម​ដោយ​ផ្ទាល់ទេ គឺលោក​ថ្លែង ​តាម​វីដេអូ​ពីចម្ងាយ ប៉ុន្តែ ​អ្នក​នយោបាយ​ធំៗ​របស់​អ៊ុយក្រែន ពិសេស​គឺ​រដ្ឋមន្ត្រីការបរទេស​ និង​ចៅហ្វាយ​ក្រុង​កៀវ នឹង​អញ្ជើញ​មាន​វត្តមាន​ដោយ​ផ្ទាល់​នៅដាវ៉ូស ​ប្រទេស​ស្វីស។ ក្នុង​សុន្ទរកថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelinsky នៅតែ​ទទូច​ឲ្យ​ពិភព​លោក ជួយ​អ៊ុយក្រែន និង​កុំ​ទម្លាក់​ដៃ​ចោលឲ្យ​សោះ។  លោក​អំពាវនាវ​សុំ​ជំនួយ​ទាំង​ថវិកា​និងទាំង​ជំនួយ​យោធា ពិសេសគឺ​អាវុធ។​

ក្នុង​វេទិកាពិភពលោក​នេះ ​រុស្ស៊ី​ត្រូវ​គេ​ផាត់​ចេញ មិន​ឲ្យ​ចូលរួម​ទេ ហើយ​គេ​បាន​រៀបចំ​បដា​និងសរសេរពាក់ពេចន៍​ថ្កោលទោស​រុស្ស៊ី​ជាខ្លាំង ដូចជាថា ទង្វើ ​របស់​រុស្ស៊ី ជា​ឧក្រិដ្ឋ ជាដើម​។ ជាក់ស្តែង អគារផ្ទះ​រុស្ស៊ី​ ដែល​គេ​ធ្លាប់បាន​​ប្រារព្ធ​ព្រឹត្តិការណ៍​ផ្សេងៗ​កាលលើកមុនៗ ត្រូវ​គេ​កែឈ្មោះមកដាក់ជា អគារផ្ទះ​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​រុស្ស៊ី បែបនេះទៅវិញ ហើយ​អាច​នឹងទុក​ឲ្យ​ប្រទេស​អ៊ុយក្រែន​រៀបចំ​កម្មវិធី​ផ្សេងៗ​ក្នុង​ឱកាស​វេទិកាពិភព​លោក​​នេះទៀតផង​។​​ ប្រធាន​វេទិកាសេដ្ឋកិច្ចពិភពលោក Borge Brende បាន​វាយ​តម្លៃថា ការដែល​ផាត់​រុស្ស៊ី​ចេញ នៅឆ្នាំ​នេះ គឺការ​សម្រេចចិត្ត​ដ៏ត្រឹមត្រូវ។ ក៏ប៉ុន្តែ ទោះជា​យ៉ាងដូច្នេះក្តី​ លោកប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ក៏នៅតែសង្ឃឹមថា រុស្ស៊ី​នឹង​កែ​ខ្លួន ដើរ​ផ្លូវ​ត្រូវ ហើយ​ គោរព​តាមធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិនិងកាពត្វកិច្ច​អន្តរជាតិ​ ហើយ​នឹងអាច​ត្រឡប់​មក​ចូលរួម​ជាមួយ​គេឯង​វិញ នៅពេល​ឆ្នាំខាងមុខវិញ​។​

​អង្គការ​អុកស្វាម (Oxfam) ​បាន​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំប្រទេស​លើ​ពិភពលោក ជួយ​ដកយក​ពន្ធ​ពីមហាសេដ្ឋី​ ដើម្បី​ជួយ​ដល់​ទាល់​អ្នក​ក្រីក្រ​។

​ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃចន្ទ អគ្គនាយិកា​អង្គការ​អុកស្វាម​អន្តរជាតិ (Oxfam) លោកស្រី Gabriela Bucher មាន​ប្រសាសន៍ បែប​បញ្ឈឺ ថា ​ពួក​អស់​លោកមហាសេដ្ឋី​សេដ្ឋី​ប្រាក់លាននិងប្រាក់​ពាន់លាន នាំគ្នា​មក​ក្រុង​ដាវ៉ូស ដើម្បី​ជប់លៀង​​​ធ្វើ​បុណ្យអបអរ​ភាព​មានបាន​សម្បូរសប្បាយ​ចំពោះ​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ។ ចំណែក​ វិបត្តិ​កូវីដ១៩ ហើយ​បូក​នឹង​ វិបត្តិ​ប្រេងសាំង​ឡើង​ថ្លៃកប់ពពក រួម​ទាំង​ទំនិញ​ចំណីអាហារ​ឡើង​ថ្លៃ​ខ្ពស់​ គឺសម្រាប់​ពួក​អ្នក​មានៗទាំង​នោះ ជារឿង​សាមញ្ញ​ធម្មតា​។​

បើតាម​ អង្គការអុកស្វាមអន្តរជាតិ, បច្ចុប្បន្ន​នេះ​ ក្នុង​ពេលវិបត្តិ​កូវីដ១៩​​ គឺ​មាន​មនុស្ស ​២៦៣ លាននាក់​ ក្នុង​គ្រប់​តំបន់​លើពិភពលោក​ បាន​ធ្លាក់​ខ្លួន​ក្រ ​យក​តែមែនទែន ព្រោះតែ​អតិផរណា​ទំនិញ ទំនិញ​ឡើងថ្លៃ​ពេក លុយ​ចុះថោក​។ ហើយបើ​គិត​ជា​ធម្យមវិញ មាន​មនុស្ស​១លាន​នាក់​ធ្លាក់​ខ្លួន​ក្រ ក្នុងរយៈ​ពេល​៣៣ម៉ោង។ ក្នុង​រយៈ​ពេល​នេះ ក៏​មាន​ មហាសេដ្ឋីម្នាក់ បាន​កើប​ប្រាក់​រាប់​លាន​ដែរ។

ជាដំណោះស្រាយ​ចំពោះ​មុខ អង្គការអុកស្វាមអន្តរជាតិ  បាន​អំពាវវនារឲ្យ​ ថ្នាក់ដឹកនាំប្រទេសលើពិភពលោក ជួយដកយកពន្ធពីមហាសេដ្ឋី ដើម្បីជួយដល់ទាល់អ្នកក្រីក្រ ពិសេសអ្នកក្រព្រោះតែកូវីដ១៩។ អគ្គនាយិកាអង្គការអុកស្វាមអន្តរជាតិ (Oxfam) លោកស្រី Gabriela Bucher បាន​បង្ហាញ​ទិដ្ឋន័យ​ថា គួរតែ​ដក​ពន្ធ​បន្ថែម ២% ក្នុង​មួយ​ឆ្នាំ ចំពោះ​មហាសេដ្ឋីប្រាក់​លាន ហើយ​សម្រាប់​មហាសេដ្ឋីប្រាក់​ពាន់​លាន គួរតែ​ដកពន្ធ​ ៥% ពន្ធប្រចាំឆ្នាំ​។ បើធ្វើ​ដូច្នេះ គឺគេអាច​ប្រមូល​ប្រាក់​ប្រហែល ២, ៥២០ ពាន់​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ។ ហើយ​ថវិកា​នេះ គេ​អាច​នឹង​យក​ទៅជួយ​ជន​​ក្រីក្រ ដូចជា​ជួយ​បំពេញ​សម្រាប់​ការ​ចាក់​វ៉ាក់​សាំងប្រឆាំងកូវីដ និង​ជួយ​គាំទ្រ​ផ្សេងៗ​ផ្នែក​សុខភាពផ្សេង​​។ នេះបើតាម​អង្គការ​អុកស្វាម។​

​វិស័យ​សិទ្ធិមនុស្ស ក៏​ត្រូវ​ អង្គការ​អន្តរជាតិ​ផ្សេងទៀត ទាញ​សញ្ញា​អាសន្ន​ដែរ។​

​​វេទិកា​សេដ្ឋកិច្ចពិភព​លោកដាវ៉ូស ឆ្នាំ២០២២​នេះ​ បាន​រៀបចំធ្វើឡើង​នៅក្នុង​ព្យុះសង្ឃរានៃ​​វិបត្តិសិទ្ធិ​មនុស្ស​។ នេះការ​កត់​សម្គាល់​របស់ លោកស្រី ​ Agnès Callamard នាយិកាអង្គការ​ សិទ្ធិមនុស្ស ​Amnesty International។ លោក​ស្រី​បាន​ចង្អុរ​បង្ហាញ​ជាថ្មី ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​លើអ៊ុយក្រែន ហើយ​និង​ ការ​វិល​ត្រឡប់​មកវិញ នៃការ​ហាមឃាត់​សិទ្ធរំលូត​កូន ពីសំណាក់​សហរដ្ឋអាមេរិក។  ចំណែក ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ក៏​នៅតែ​មាន​ការ​ធ្វេសប្រហែស​ រួម​ទាំង​ ការ​បរាជ័យ​នៃការ​ទទួល​បាន​ថ្នាំបង្ការ​កូវីដ​ ជាការ​សកល​។  ទាំងនេះ គឺជាអ្វី​ដែល ​ Amnesty International ចាត់ទុកថា បាន​ប៉ះពាល់​ដល់​សិទ្ធិមនុស្សធ្ងន់ធ្ងរ​។ ​អង្គការ​អន្តរជាតិ​មួយ​នេះ បាន​អំពាវនាវ​ឲ្យ​អ្នក​ចូលរួម​ក្នុង​អង្គវេទិកា​ ត្រូវ​ពង្រឹងករណីយកិច្ច​«មនសិការមនុស្សធម៌​​» ហើយ​ត្រូវ​ប្រើប្រាស់​​ធនធាន​ទ្រព្យ​សម្បត្តិ​ ដើម្បីរួម​ចំណែក​ដោះស្រាយ​វិបត្តិ​ទាំងនោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ