អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូល​បក្ស​សម្ព័ន្ធ ក្វាដ ​នៅតូក្យូ ដើម្បី​រក​វិធីសាស្ត្រ​ទប់​ទល់​ឥទ្ធិពល​ ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអង្គារ៍ទី​២៤ឧសភា ថ្នាក់​ដឹកនាំ​ក្រុម​ប្រទេសបក្សសម្ព័ន្ធ ក្វាដ (Quad) មានដូចជា ​សហរដ្ឋអាមេរិក-ជប៉ុន-អូស្រ្តាលី-ឥណ្ឌា បាន​ជួបជុំ​​គ្នា​ នៅក្រុង​តូក្យូ​ ដើម្បី​ជជែក​គ្នា​រក​ផ្លូវ​ដោះស្រាយ​ស្ថានការណ៍​ប្រឈម​ចំពោះ​មុខ ពិសេស​គឺ​រក​ច្រកផ្លូវ​ទប់​ទល់នឹង​កំណើន​​ឥទ្ធិពល​សេដ្ឋកិច្ច​និង​យោធា​របស់​មហាយក្ស ​ចិន នៅក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។​ ជំនួប​កំពូល​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ ជួន​ចំពេល​ដែល​ ទី​ក្រុង​ប៉េកាំង ​កំពុងតែ​ពង្រឹង​កម្លាំង​យោធា​ និង​ធ្វើ​សមយុទ្ធយោធា កាន់តែ​ញឹក​និងកាន់តែ​ច្រើន​ នៅ​កៀកក្បែរ​តំបន់​ជម្លោះ​ ពិសេស​ម្តុំ​កោះ​តៃវ៉ាន់។ ​

ថ្នាក់​ដឹកនាំ​ក្រុម​ប្រទេសបក្សសម្ព័ន្ធ ក្វាដ (Quad) ​​សហរដ្ឋអាមេរិក-ជប៉ុន-អូស្រ្តាលី-ឥណ្ឌា បាន​ជួបជុំ​​គ្នា​ នៅក្រុង​តូក្យូ។​
ថ្នាក់​ដឹកនាំ​ក្រុម​ប្រទេសបក្សសម្ព័ន្ធ ក្វាដ (Quad) ​​សហរដ្ឋអាមេរិក-ជប៉ុន-អូស្រ្តាលី-ឥណ្ឌា បាន​ជួបជុំ​​គ្នា​ នៅក្រុង​តូក្យូ។​ AFP - SAUL LOEB
ផ្សាយពាណិជ្ជកម្ម

​សាវតារ បក្សសម្ព័ន្ធ ក្វាដ (Quad)

បក្សសម្ព័ន្ធ ក្វាដ (Quad) គឺ​ជាឈ្មោះ​​មិនផ្លូវ​ការ​នោះទេ តែ​​គេ​បាន​ដឹង​ថា ​ក្រុម​ប្រទេស​ចតុភាគី​ សហរដ្ឋអាមេរិក-ជប៉ុន-អូស្រ្តាលី-ឥណ្ឌា បាន​បង្កើត​ឲ្យ​មាន​ទម្រង់​នៃ​ការ​ពិភាក្សា​គ្នា​នេះ ចេញជារូបរាង​ដំបូង​ នៅ​ឆ្នាំ ២០០៧។ តែបើ​យើង​ទៅ​ឲ្យ​ឆ្ងាយ​បន្តិច គឺវា​មាន​ដុះ​ពន្លក​តាំងពី​ឆ្នាំ​២០០៤ មកម្ល៉េះ ពោល​គឺក្រោយ​ព្រឹត្តិការណ៍​ផ្ទុះ​រលកផ្ទុះ​ស៊ូណាមិ។ ពីដំបូងដៃ ​មាន​ការ​ធ្វើ​​លំហាត់យោធា​តាម​ផ្លូវទឹក​​រួម​គ្នា ​រវាង​សហរដ្ឋអាមេរិក​និងឥណ្ឌា។ ហើយ​ក្រោយ​មក​ ក៏​មាន​អូស្ត្រាលី ​ជាបន្ថែម​ទៀត ដែល​កាន់តែ​ធ្វើ​ឲ្យ​សម្ព័ន្ធ​នេះ កាន់តែ​មាន​កម្លាំង​ធំឡើង​។

​​ប្រទេស​ទាំង​បួន​នេះ សហរដ្ឋអាមេរិក-ជប៉ុន-អូស្រ្តាលី-ឥណ្ឌា គឺ​មិនមែន​ជា​មិត្ត​ចាក់​ទឹក​មិនលិច​របស់​ចិន​ឡើយ។ យើង​ដឹង​ស្រាប់​ថាសហរដ្ឋអាមេរិក និង​ចិន ជា​តួអង្គ​អរិភាព​ចំពោះ​គ្នា ស្ទើរតែ​គ្រប់​វិស័យ​។ បីប្រទេស​ទៀត ក៏​ជាប្រទេស​ដែល​មើលមុខ​ ចិន​ មិន​ចំដែរ។ អូស្ត្រាលី​ មាន​រឿង​រកាំរកូស​ជាមួយ ​ចិន ​មិន​ចេះដាច់។ បើ​និយាយ​ពី ជប៉ុននិងចិន​វិញ គឺជា​សត្រូវ​ចាស់​វស្សា​រាប់​ទសវត្សរ៍​មក​ហើយ។ ថ្មីនេះ ជប៉ុន​ ក៏​បាន​បង្ហើប​ថា​ជប៉ុន​យកចិត្តទុកដាក់​ខ្លាំង​ណាស់​ក្នុង​រឿង​តំបន់​ ក្រែងថា ​ចិន​ប្រើ​កម្លាំងយោធាណាមួយ​ដែល​នាំ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​ក្នុង​តំបន់។ ចំណែក​ ឥណ្ឌា និងចិន គឺជាសត្រូវ​យុទ្ធសាស្ត្រ​នឹងគ្នា​ចាស់​ឆ្នាំ​ហើយ​។​ ឥណ្ឌានិងចិន មាន​ព្រំដែន​ជាប់​គ្នាប្រមាណ​ជា​ជាង​៣ពាន់គីឡូម៉ែត្រ​ តែ ​ឥណ្ឌា​និង​ចិន​ ធ្លាប់​ប៉ះទង្គិច​ប្រដាប់​អាវុធ​និង​បង្ហូរឈាម​សម្លាប់​មនុស្សផង។ ជាក់​ស្តែង​ ​យើង​ឃើញ​រួច​ហើយ ការ​ប្រយុទ្ធគ្នានៅ​តំបន់​ភ្នំ​ហិមពាន​​កាលពីឆ្នាំ​២០២០​កន្លងទៅ​។​​ ហើយ​ក៏ព្រោះតែ​ការ​ប៉ះទង្គិច​យោធា​នៅឆ្នាំ២០២០នេះ​ដែរ បានជា​​ធ្វើ​ឲ្យ​ ឥណ្ឌា បោះជំហាន​ចូល​ស៊ប់​ពេញ​ទំហឹង​ ចូល​បក្សសម្ព័ន្ធ ក្វាដ (Quad) និង​​អាចបង្កើតបានជា ក្រុមសម្ព័ន្ធយោធាមួយដ៏ខ្លាំងពិតប្រាកដ រវាង​ទាំង​បួន​ប្រទេសនេះ​។​

​ជំនួប​​បក្សសម្ព័ន្ធ ក្វាដ នៅ​ក្រុង​តូក្យូ ​បាន​សម្រេច​លទ្ធផល​យ៉ាងណាខ្លះ​?​

តាមប្រភព​នៃអ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​អាមេរិក​ម្នាក់ គឺ​ឲ្យដឹងថា ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​បួន ត្រូវ​រក​ឯកភាព​គ្នា ដើម្បីមាន​ប្រព័ន្ធ​រួម​មួយ​ សម្រាប់​ចរាចរណ៍​ផ្លូវ​ទឹក​នៅក្នុង​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​​ ហើយ​សម្រាប់​ជា​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវ​ទឹកផង និង​ជា​តំបន់​សេដ្ឋកិច្ច​រួមគ្នា​​ផង។ ក្នុង​ការ​ចរចាជជែក​គ្នា​នោះ​ ប្រទេស​ទាំង​បួន ក៏ត្រូវ​រក​មធ្យោបាយ​ឯកភាព​ចំពោះ​ការ​ចែករំលែង​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​ ដើម្បី​ត្រួត​ពិនិត្យ​សកម្មភាព​លើ​ផ្លូវ​សមុទ្ទ​ តួយ៉ាង​សកម្មភាព​នេសាទ​ខុស​ច្បាប់​ ជា​ដើម។​

ក្រៅពីនេះ ព័ត៌មាន​ដែលធ្លាក់​មក​ក្តៅៗ  គឺ​ ជប៉ុន សហរដ្ឋអាមេរិក ឥណ្ឌា និង​អូស្ត្រាលី បាន​សម្រេច​ចិត្ត​រួមគ្នា​ថា​​ គ្រោង​នឹង​វិនិយោគ​យ៉ាងហោច​៥០ពាន់​លាន​ដុល្លារ (៤៧ពាន់លាន​អឺរ៉ូ​) គឺវិនិយោគ​ក្នុង​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​នៅក្នុង​តំបន់​ឥណ្ឌូ​-ប៉ាស៊ីហ្វិក ក្នុង​រយៈ​ពេល​៥ឆ្នាំទៅមុខ។​ នេះ​គឺការប្រកាស​​ឲ្យដឹងពី​សំណាក់​នាយករដ្ឋមន្ត្រីជប៉ុន។ ប្រទេស​ទាំងបួន​នេះ កំពុងតែ​ចង់​ប្រជែងនឹងគម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​របស់​ចិន ដែលគេ​ស្គាល់​ថា គម្រោង​ផ្លូវ​សូត្រ ឬ ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​ មួយ​នោះ​ហើយ។​

​ចំណុច​ខ្សោយ​មួយ​របស់​ក្រុម​បក្ស​សម្ព័ន្ធ​ចតុភាគី គឺគេ​បារម្ភ​ពី​ជំហរ​របស់​ ឥណ្ឌា។​

ត្រង់​ចំណុច​នេះ ត្រូវ​គេ​មើល​ឃើញ​គ្រប់​គ្នាថា​ពិត​ដូច្នេះ​មែន។ ​ឧហរណ៍​មួយ ករណី​សង្គ្រាម​ឈ្លាន​ពាន​​រុស្ស៊ី​លើអ៊ុយក្រែន ប្រទេស​បីផ្សេងទៀត​បាន​ថ្កោលទោសរុស្ស៊ី​ជាចំហ តែ​ចំពោះ​ឥណ្ឌា​វិញ គឺ​រក្សា​ភាព​ស្ងៀមស្ងាត់ ឬ​ក៏​ ប្រឹងប្រឹង​រក្សា​ជំហរ​ជាកណ្តាល។ រឿង​នេះ យើង​ក៏​ដឹង​ដែរ ថា​​ឥណ្ឌា​ នៅ​ត្រូវ​ការ​ពឹង​ពាក់​ច្រើន​លើរុស្ស៊ី​ ពិសេស​គ្រឿង​សព្វាវុធ។​  ចំណុច​នេះ ក៏ត្រូវ សាស្ត្រាចារ្យ​នយោបាយ Kazuhiro Maeshima នៅសកលវិទ្យាល័យ​សូហ្វីយ៉ា នៅក្រុង​តូក្យូ​ កត់​សម្គាល់​ដែរថា បក្ស​សម្ព័ន្ធ​ក្វាដ ហាក់​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ណាស់ ក្នុង​រក​វិធី​សាស្ត្រ​ទប់​ទល់​នឹងចិន តែ​ឥណ្ឌា​ឯណោះ​ហាក់​ប្រហែល​ជា​អាច​កាន់​ជំហរ​អព្យាក្រឹត​ផង​ មើលទៅ។ ទោះ​ជា​ម្តេច​ក្តី ប្រធានាធិបតី​អាមេរិក​ លោក​ចូ បៃដិន នៅ ក្នុង​ឱកាស​ជំនួប​នេះ បាន​លួង​លោម​ចិត្ត​ឥណ្ឌា និង​ពង្រឹង​ស្មារតី​លោកនាយករដ្ឋមន្ត្រិ នរិន្ទ្រាម៉ូឌី ឲ្យ​ទុកចិត្ត​លើបក្ស​សម្ព័ន្ធ ហើយ​ហ៊ាន​និយាយ​ពីជំហរ​ឲ្យ​ត្រង់ទៅ​ត្រង់​មក។

​​ចិន​ ក៏​មិនមែន​នៅ​ស្ងៀម​ឯណា។ ប៉ុន្មាន​រយៈ​នេះ ចិន​ក៏​ប្រឹង​ចង​សម្ព័ន្ធមិត្ត​ច្រើន​ដែរ នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក។ ​

ការ​ណ៍​ចិន​ចងសម្ព័ន្ធ​ជាមួយ​ប្រជាជាតិ​​ក្នុង​តំបន់​បន្ថែម​ទៀត គឺមិនមែន​ជាក្តីបារម្ភ​សម្រាប់​តែ​បក្ស​សម្ព័ន្ធ​ក្វាដ​នោះទេ រដ្ឋខ្លះទៀត​ក្នុង​តំបន់​ ក៏​ហាក់​ព្រួយ​ដែរ។ ជាក់​ស្តែង កាលពី​ខែ​មុន​នេះ មហាយក្ស​ចិន បាន​សម្រេច​ចុះ​កិច្ចព្រមព្រៀង​​ស្តីពី​សន្តិសុខ ជាមួយ​នឹង​ប្រជុំ​កោះ​ Salomon ហើយ​អ្នក​វិភាគ​គេមើលឃើញថា​ រដ្ឋអំណាច​ក្រុង​ប៉េកាំង ក៏​នឹង​អាច​ ពង្រឹងពង្រីក​កិច្ចព្រមព្រៀម​ផ្នែក​សន្តិសុខនេះ ជាមួយ​ប្រទេស​និង​កោះ​ដទៃ​ផ្សេងទៀត​ដែរ ដូចជា  Vanuatu, Samoa, Tonga និង Kiribati ជាដើម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ