អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​បញ្ចុះបញ្ចូល​​ឲ្យក្រុម​ប្រទេស​ដែនកោះ នៅ​ប៉ាស៊ីហ្វិក​ខាងត្បូង ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ​និងសន្តិសុខ​ជាមួយ​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃព្រហស្បតិ៍ ទី២៦ឧសភា លោក វ៉ាង យី ប្រមុខការទូតចិន បានទៅដល់កោះសាឡូម៉ុន ដើម្បីចាប់ផ្តើមទស្សនកិច្ច នៅតាមប្រទេសដែនកោះភាគខាងត្បូង ​មហាសមុទ្រប៉ាស៊ីហ្វិក។ ជាមួយនឹងទស្សនកិច្ចនេះ ចិនមាន​កម្មវត្ថុ​បញ្ចុះបញ្ចូល ឲ្យ​ប្រទេសក្នុងតំបន់នេះ ចុះកិច្ចព្រមព្រៀងដ៏ធំមួយជាមួយខ្លួន ស្តីពី​ការដោះដូរពាណិជ្ជកម្មសេរី ព្រមទាំង​​កិច្ចសហប្រតិបត្តិការ​​ផ្នែក​សន្តិសុខ។ តែយ៉ាងណា គម្រោងកិច្ចព្រមព្រៀងនេះ ត្រូវបាន​ប្រទេសមហាអំណាចប្រចាំតំបន់នេះ ដូចជាអូស្ត្រាលីជាដើម បានបរិហាររិះគន់ ថាអាចជាកិច្ចព្រមព្រៀងបោកបញ្ឆោត ដើម្បីបម្រើ​មហិច្ឆតា​វាទទី​របស់ចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិក។

លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ធ្វើសន្និសីទកាសែត ជាមួយ​រដ្ឋមន្ត្រីការបរទេសកោះសាឡូម៉ុង Jeremiah Manele នៅក្រុង Honiara ថ្ងៃទី ២៦ ឧសភា ២០២២
លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ធ្វើសន្និសីទកាសែត ជាមួយ​រដ្ឋមន្ត្រីការបរទេសកោះសាឡូម៉ុង Jeremiah Manele នៅក្រុង Honiara ថ្ងៃទី ២៦ ឧសភា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

ប៉ាស៊ីហ្វិកខាងត្បូង ដែនឥទ្ធិពលថ្មីរបស់ចិន

ចិនមាន​គម្រោងផែនការ ធ្វើ​កិច្ចព្រមព្រៀង ជាមួយ​ប្រទេសចំនួន​១០ ដែលជាប្រទេសដែនកោះ ស្ថិតក្នុងតំបន់ភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក។ យោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលបាន​អានលំអិត គឺគម្រោងនេះ មានផែនការរយៈពេល​៥ឆ្នាំ ដែលចិនបានដាក់ចុះ ដើម្បីឈាន​ទៅសម្រេចកិច្ចព្រមព្រៀងរួម រវាងចិន និង​ក្រុមប្រទេសដែនកោះទាំង១០នេះ។

ចិនបានហៅគម្រោងនេះថា “ទស្សនវិស័យរួមគ្នានៃការអភិវឌ្ឍន៍”។ ហេតុដូច្នេះហើយបាន​ ជាលោក វ៉ាង យី បានចាប់ផ្តើមធ្វើទស្សនកិច្ចនៅក្នុងតំបន់នេះ ចាប់ពីថ្ងៃព្រហស្បតិ៍ទី២៦ឧសភានេ។ បើតាមការរំពឹងទុក ភាគីចិនសង្ឃឹមថា នឹងអាចឈានទៅដល់ការចុះហត្ថលេខារួម នៅថ្ងៃទី​៣០ឧសភា នៅកោះហ្វ៊ីជី​ ក្នុងឱកាសដែលលោក វ៉ាង យី នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងទាំងអស់។

ផែនការរបស់ចិននេះ គឺបង្កើតតំបន់ដោះដូរពាណិជ្ជកម្មសេរី រវាងចិន និងក្រុមប្រទេសដែនកោះទាំង១០។ មានន័យថាប្រទេសដែនកោះតូចៗទាំងនោះអាចលក់ទំនិញទៅចិន ឯចិនវិញអាចបញ្ជូនទំនិញទៅវាយលុកទីផ្សារ​នៃតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ ចិនក៏នឹងសន្យាផ្តល់ជំនួយថវិកា រាប់រយលានដុល្លារ ដល់ប្រទេសទាំងនេះ ព្រមទាំងជួយ​ផ្នែក​ស្រាវជ្រាវវិទ្យាសាស្ត្រ ឧទាហរណ៍ដូចជា កំណត់ផែនទីបាតសមុទ្រ រុករករ៉ែ និងធនធានធម្មជាតិផ្សេងៗជាដើម។ បន្ថែមពីកត្តាពាណិជ្ជកម្ម គឺ​ចិនចង់បង្កើត ចំណងសម្ព័ន្ធភាព​សន្តិសុខ ដែលចិនអះអាងថា គេអាចជួយ ផ្នែក​សន្តិសុខ​ព័ត៌មានវិទ្យា បណ្តុះបណ្តាលសមត្ថកិច្ចនគរបាល និងអាចជាសហប្រតិបត្តិការយោធាថែមទៀតផង។

ជើងយន្តហោះ រវាងចិន និង​ប្រទេសដែនកោះក្នុងតំបន់នេះ នឹងត្រូវបង្កើនឲ្យ​កាន់តែសំបូរ។ ចិននឹងតែងតាំង​ប្រេសិតពិសេសប្រចាំតំបន់ ចិន​ទទួលបណ្តុះបណ្តាលមន្ត្រីជំនាញការទូតឲ្យ​ប្រទេសទាំងនេះ​ និងផ្តល់ឲ្យ​នូវអាហារូបករណ៍ ចំនួនសរុប​២៥០០ ឲ្យនិស្សិត​​ទៅរៀននៅចិនជាដើម។

ទំនិញចិន ប្តូរនឹងធនធានធម្មជាតិ

តាំងតែងពីណាពីណីមក អ្នកដែលមានឥទ្ធិពលធំ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងនេះ គឺអូស្ត្រាលី ហើយ​បន្ទាប់មកពីសហរដ្ឋអាមេរិក។ ដូច្នេះ​ វាជារឿងធម្មតាទេ ដែល​វត្តមានរបស់ចិនចូលមកប្រជែងក្នុង​តំបន់នេះ បានបង្កើតឲ្យ​មាន​ការរិះគន់ ពីសំណាក់អូស្ត្រាលី និងអាមេរិក។ តែយ៉ាងណា ការរិះគន់ទាំងនេះ គឺវាបានស្តែងចេញពីភាពអាថ៌កំបាំង​ នៃចេតនាពិតរបស់ចិន នៅពីក្រោយ​ផែនការកិច្ចព្រមព្រៀងដ៏ធំនេះ។

ទាក់ទិននឹងការ​​ដោះដូរពាណិជ្ជកម្មសេរី គ្រប់គ្នាដឹងច្បាស់ណាស់ ថាវាពិតជាលំអៀងទៅខាងចិន យ៉ាងប្រាកដ ព្រោះថាក្រុមប្រទេសដែនកោះទាំងនោះ គ្មានទំនិញអ្វីលក់ទៅឲ្យទីផ្សារចិនទេ គឺមានតែធនធានធម្មជាតិវត្ថុធាតុដើម រ៉ែ ព្រៃឈើជាដើម។ ខណៈដែលចិនអាចនឹងសម្រុក នាំយកទំនិញប្រើប្រាស់គ្រប់សព្វសារពើ មកដាក់លក់ពាសពេញទីផ្សារ​ ប្រទេសដែនកោះទាំងនោះវិញ គឺអាចនឹងហិនហោចភោគផលធនធានធម្មជាតិ ដោយសារតែការកាប់គាស់ជីកកកាយគ្មានត្រាប្រណី របស់ក្រុមហ៊ុនចិន​។ កត្តាបរិស្ថាន និងធនធានធម្មជាតិ មិនត្រូវបាន​ភាគីចិន លើកយកមកលំអិតក្នុងគម្រោងនេះទេ។ បន្ថែមពីនេះ គឺវិស័យសន្តិសុខ ដែលកិច្ចព្រមព្រៀងនេះ អាចបើកផ្លូវឲ្យចិនចូលជ្រៀត មកក្នុងកិច្ចការនយោបាយ​ផ្ទៃក្នុង របស់​ប្រទេសដែនកោះទាំងនេះ។ របត់នយោបាយ និងសង្គម អាចនឹងត្រូវផ្លាស់ប្តូរ​ ជាមួយនឹងវត្តមា ន​ក៏ដូចជា​ទស្សនវិស័យធ្វើកា ររបៀបចិនកុម្មុយនីស្ត។

សហប្រតិបត្តិការសន្តិសុខ ដែលអាចបើកផ្លូវឲ្យចិន មានមូលដ្ឋានទ័ព​

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រីថ្មីអូស្ត្រាលី អត់តូនី អាល់បាណេស បានលើកឡើងថា “គម្រោងផែនការរបស់ចិននេះ គឺបញ្ជាក់អំពីការស្រេកឃ្លានពង្រីកឥទ្ធិពលរបស់ចិន មកក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង ជាទីដែល​អូស្ត្រាលីតែងតែជាដៃគូដ៏សំខាន់ ក្នុងវិស័យ​សន្តិសុខ តាំងតែពីក្រោយសង្គ្រាមលោកលើកទី​២មក”។ ស្របពេលគ្នានេះ រដ្ឋាភិបាលថ្មីអូស្ត្រាលីបានប្រកាស បញ្ចេញប្រាក់ចំនួន ៥០០លានដុល្លារអូស្ត្រាលី ដើម្បី​ជួយ​ប្រទេសដែនកោះក្នុងតំបន់ ផ្នែកបណ្តុះបណ្តាល ការពារជាតិ សន្តិសុខផ្លូវសមុទ្រ ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធទប់ទល់ជាមួយ​នឹងវិបត្តិអាកាសធាតុជាដើម។

ចំណែកលោកស្រី ចាស៊ីនដា អារដិន នាយករដ្ឋមន្ត្រី​នូវែលសេឡង់វិញ បានប្រកាសថា នូវែលសេឡង់ បានត្រៀមខ្លួនឆ្លើយ ចំពោះការដង្ហើយហៅរកជំនួយ​ផ្នែកសន្តិសុខ ពីសំណាក់​ប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង ព្រោះថានូវែលសេឡង់ ក៏ជាសមាជិកនៃក្រុមគ្រួសារតំបន់នេះដែរ។

ពីសហរដ្ឋអាមេរិកវិញ លោក Ned Price អ្នកនាំពាក្យសេតវិមាន បានលើកឡើងថា គម្រោងផែនការ​​របស់ចិននេះ​ ធ្វើឲ្យ​គេបារម្ភណាស់ ព្រោះវាធ្វើទៅដោយ “តក់ក្រហល់ និងខ្វះតម្លាភាព”។ អ្នកនាំពាក្យសេតវិមានរូបនេះ បានអំពាវនាវ ឲ្យ​ប្រទេសដែលពាក់ព័ន្ធ ត្រូវតែ​ប្រុងប្រយ័ត្ន កុំទុកចិត្តចិនពេក។ តែយ៉ាងណា លោកអះអាងថា វាជាសិទ្ធិសម្រេចដោយឯករាជ្យ របស់ប្រទេសនីមួយៗ អាមេរិកគ្មានសិទ្ធិអ្វីទៅហាមឃាត់ទេ។

“គម្រោងខ្វះភាពស្មោះត្រង់”

ក្នុងចំណោម១០ប្រទេសដែលពាក់ព័ន្ធ មាន​ប្រទេសមួយ បានចេញមុខប្រឆាំងជាងគេ នឹងគម្រោង​របស់ចិននេះ គឺសហព័ន្ធ​​មីក្រូណេស៊ី ។ លោក David Manuelo ប្រធានាធិបតីប្រទេសនេះ បានធ្វើលិខិតមួយ ផ្ញើទៅកាន់ប្រទេសផ្សេងៗទៀតដែលពាក់ព័ន្ធ ថាត្រូវតែប្រយ័ត្ន កុំចាញ់បោកគម្រោងផែនការ ដ៏គួរឲ្យទាក់ភ្នែករបស់ចិននេះឲ្យសោះ។ លោកបានចាត់ទុកថា គម្រោងរបស់ចិននេះ មានកម្មវត្ថុឈានទៅ​គ្រប់គ្រង​វាទទី តំបន់នេះទាំងមូលតែម្តង។ លោក David Manuelo បានចាត់ទុកគម្រោងរបស់ចិន ថាជាគម្រោង ដែល “គ្មានភាពស្មោះត្រង់” ព្រោះវានឹងបើកដៃ ឲ្យចិនអាចសង្កត់ និង​មានឥទ្ធិពល​មកលើរដ្ឋាភិបាល មានឥទ្ធិពលមកលើ​សេដ្ឋកិច្ច មានឥទ្ធិពលមកលើវិស័យឧស្សាហកម្មសំខាន់ៗ ព្រមទាំងអាចបើកដៃឲ្យចិន ឈ្លបតាមដានជាលក្ខណៈប្រព័ន្ធ តាមរយៈការស្តាប់ទូរស័ព្ទ និងប្រមូលទិន្នន័យអាឡិចត្រូនិក របស់​ប្រជាជនទូទាំងតំបន់នេះតែម្តង។

យ៉ាងណាក៏ដោយ ប្រទេសផ្សេងៗខ្លះទៀត អាចនឹងទន់ទោរ យល់ព្រមទទួលកិច្ចព្រមព្រៀងរបស់ចិន ដោយសំឡឹង​ឃើញ​ ផលវិជ្ជ​មានមួយចំនួន ដែលអាចកើតចេញពីគម្រោងរបស់ចិននេះ។ តែយ៉ាងណា ផលវិជ្ជមានទាំងនេះ វាអាចផលវិជ្ជមាន​ ជាលក្ខណៈបុគ្គល​ បែបពុករលួយ ដែលមន្ត្រីមានអំណាច អាចក្រេបជញ្ជក់យក។ ចំណែក​ប្រជាជន​សាមញ្ញវិញ អាចមិនទទួលផលជាក់ស្តែងក៏ថាបាន។

ថ្នាក់ដឹកនាំ​កោះសាឡូម៉ុង ទំនងដូចជាទន់ទោរ​ទៅតាមចិនហើយ។ កាលពីចុងខែមេសាថ្មីៗនេះ ចិន និងកោះសាឡូម៉ុន បានប្រកាសចុះកិច្ចព្រមព្រៀមទ្វេភាគី បើក​ចំណងសហប្រតិបត្តិការផ្នែក​​​សន្តិសុខ។ អាមេរិកនិងអូស្ត្រាលី កំពុងបារម្ភថា កិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវឲ្យ​ចិន អាចសាងសង់មូលដ្ឋានទ័ព នៅលើកោះសាឡូម៉ុងនេះ។ នៅថ្ងៃព្រហស្បតិ៍នេះ លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី បានធ្វើដំណើរទៅកោះហ្វ៊ីជី ដើម្បី​និយាយ​ពីគម្រោងផែនការ ដែលចិនកំពុងតែពពាយនាយនេះ​។ យើងឃើញថា អូស្ត្រាលី បានចាប់ផ្តើមយុទ្ធនាការ ដើម្បី​ពន្យល់​អូសទាញ កុំឲ្យ​​ប្រទេស​ទាំងនេះ ​យល់​ព្រម​បើកផ្លូវឲ្យចិនចូលលុកលុយឲ្យសោះ!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ