អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

“កិច្ចប្រជុំ​​កំពូល​អាមេរិក” ដែល​​លោក​ចូ បៃដិន បាន​ដាក់ក្តី​សង្ឃឹម បញ្ចេញ​ក្លិន​បរាជ័យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពីថ្ងៃចន្ទ ទី​៦ដល់ថ្ងៃទី១១មិថុនា សហរដ្ឋអាមេរិក នឹងរៀបចំ​ “កិច្ចប្រជុំកំពូលអាមេរិក” នៅទីក្រុង Los Angeles។ ជំនួប​កំពូល រៀងរាល់៤ឆ្នាំម្តង​នេះ ត្រូវបានផ្តួចផ្តើមឡើង នៅឆ្នាំ​១៩៩៤ ដោយលោកប៊ីល គ្លីនតុន ដើម្បី​ពង្រឹងសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក ជាមួយប្រទេសទាំងអស់នៅទ្វីបអាមេរិក និងតំបន់ការ៉ាអ៊ីប។ ខណៈ​ដែលចិន​កំពុង​មាន​វត្តមាន កាន់តែខ្លាំងឡើងនៅក្នុងតំបន់នេះ រដ្ឋាភិបាលលោកចូ បៃដិន មានបំណងយកវេទិកាកំពូលលើកនេះ ដើម្បី​បង្ហាញពីការវិលត្រលប់មកវិញ​ របស់សហរដ្ឋអាមេរិក ក្នុងនាមជា​មហាអំណាចប្រជាធិបតេយ្យ ដែលមិនអាចខ្វះបាន។​ តែយ៉ាងណា ចំហាយក្លិនបរាជ័យ កំពុងតែរសាត់ចេញមកហើយ ខណៈដែល​កិច្ចប្រជុំ​កំពូលនេះ មិនទាន់ទាំងចាប់ផ្តើមផង។

ទីតាំង​រៀបចំកម្មវិធី ជំនួបកំពូលអាមេរិក លើកទី​៩​ នៅ​ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ថ្ងៃទី៥ មិថុនា ២០២២
ទីតាំង​រៀបចំកម្មវិធី ជំនួបកំពូលអាមេរិក លើកទី​៩​ នៅ​ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ថ្ងៃទី៥ មិថុនា ២០២២ REUTERS - MIKE BLAKE
ផ្សាយពាណិជ្ជកម្ម

ពង្រឹងឥទ្ធពលសហរដ្ឋអាមេរិកឡើងវិញ

កិច្ចប្រជុំកំពូលអាមេរិក ធ្វើឡើងរៀងរាល់​៤ឆ្នាំម្តង ​ជាឱកាសដែល សហរដ្ឋអាមេរិក ជួបប្រជុំជាមួយ​ប្រទេសនៅទ្វីបអាមេរិកទាំងអស់ និង​ក្រុមប្រទេសកោះតំបន់ការ៉ាអ៊ីបផងដែរ។ ដូចយើងបាន​ដឹងហើយ កាលពីក្នុងអាណត្តិលោកដូណាល់ ត្រាំ សហរដ្ឋអាមេរិក បានធ្វើឲ្យ​ក្រុមប្រទេស​ក្នុងតំបន់នេះទាំងមូល ខកចិត្តខ្លាំងណាស់ ព្រោះរដ្ឋាភិបាលលោកដូណាល់ ត្រាំ បាន​ដើរលើផ្លូវ​ផ្តាច់ខ្លួនពីគេឯង បិទទ្វារសេដ្ឋកិច្ច ធ្វើជញ្ជាំងបិទខ្ទប់ព្រំដែន ។ល។ កាលពីជំនួបកំពូលនៅឆ្នាំ ២០១៨ លោក ដូណាល់ ត្រាំ មិនទាំងបានទៅចូលរួមផង។

ទន្ទឹមគ្នានេះ ចិនបានសំរុក មានវត្តមានកាន់តែខ្លាំង ជាពិសេសនៅតំបន់អាមេរិកឡាទីនតែម្តង តាមរយៈគម្រោងវិនិយោគ ការផ្តល់ប្រាក់កំចី និង​កិច្ចសហប្រតិបត្តិការ​ដោះដូរពាណិជ្ជកម្ម ក្នុងក្របខណ្ឌ​ផ្លូវមួយខ្សែក្រវ៉ាត់មួយ។ ដដូច្នេះ សម្រាប់​លើកនេះ លោកចូ បៃដិន មានបំណង ឲ្យ​សហរដ្ឋអាមេរិក មាន​សន្ទុះ មានឥទ្ធិពលឡើងវិញនៅក្នុងតំបន់នេះ ដើម្បីទប់​កុំឲ្យវាធ្លាក់ទៅក្នុងកណ្តាប់ដៃចិនទាំងស្រុង។

លោក Juan Gonzalez ទីប្រឹក្សាពិសេសសម្រាប់តំបន់អាមេរិកឡាទិន របស់​លោក​ចូ បៃដិន បាន​លើកឡើងថា លោក ចូ បៃដិន​ នឹងយកឱកាសវេទិកាកំពូលនេះ ផ្សព្វផ្សាយពីទស្សនវិស័យរួមសម្រាប់តំបន់ ដែលឈរលើគោលការណ៍ “សុខសុវត្ថិភាព” និង​ “លទ្ធិប្រជាធិបតេយ្យ”។

បើតាមការវិភាគ របស់​លោក Christophe Ventura អ្នកជំនាញ​ នៅវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិនិងយុទ្ធសាស្ត្រ IRIS គឺលោកចូ បៃដិន អាចលើកយកចំណុចធំៗមួយចំនួនមកនិយាយ​ នៅក្នុងកម្មវិធីនយោបាយ​របស់គាត់ ដូចជា សំណុំរឿងអន្តរកម្មថាមពល ផែនការវិនិយោគថ្មីៗ​ក្នុងវិស័យ​ថាមពលបៃតង ដើម្បី​ប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុ ជាដើម។ បន្ថែមពីនេះ លោក ចូ បៃដិន ក៏អាចលើកយកមកនិយាយដែរ អំពី​ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ​១៩ ព្រមទាំងបញ្ហាអន្តោប្រវេសន៍ ដែលជាបញ្ហារសើបបំផុត រវាងសហរដ្ឋអាមេរិក ជាមួយប្រទេសតំបន់អាមេរិក​​ខាងត្បូង។​​

ប្រទេសអាមេរិកខាងត្បូងខ្លះ ធ្វើពហិការមិនចូលរួម​

គិតមកទល់ល្ងាចថ្ងៃអាទិត្យ​ទី​៥មិថុនា​ ប៉ុន្មានម៉ោងមុនចាប់ផ្តើម បើក​​កិច្ចប្រជុំកំពូល នៅទីក្រុង Los Angeles នេះ ​ខាងរដ្ឋាភិបាលអាមេរិក មិនទាន់បានចេញបញ្ជីឈ្មោះ ថ្នាក់ដឹកនាំ ដែលនឹងមានវត្តមានចូលរួមទេ។ លោក​ប្រធានាធិបតី​ម៉ិកស៊ិក Andre Manuel Lopez Obrador បានប្រកាសថា លោក​នឹងមិនទៅចូលរួមទេ ប្រសិនបើប្រទេសទាំងអស់ នៅទ្វីបអាមេរិក នឹងមិនត្រូវបាន​​អាមេរិកអញ្ជើញឲ្យចូលរួម ជាផ្លូវការ​។

ការប្រកាសរបស់​លោកប្រធានាធិបតី​មិកស៊ុកបែបនេះ គឺបន្ទាប់ពី រដ្ឋាភិបាលសហរដ្ឋអាមេរិក បាន​អះអាងថា គឺអញ្ជើញតែប្រទេសប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ចំណែកប្រទេសខ្លះ ដូចជា វ៉េណេស៊ុយអេឡា គុយបា និង​ នីការ៉ាហ្កាយ គឺគេមិនស្វាគមន៍ទេ។ ភាគីរដ្ឋាភិបាលអាមេរិក បានអះអាងថា គិតមកត្រឹមពេលនេះ គឺមាន ប្រធានាធិបតីប្រេស៊ីល ប្រធានាធិបតីអាហ្សង់ទីន និងឈីលី ដែលបានឆ្លើយថានឹងមកចូលរួម។

ដោយឡែក បើតាមប្រភពច្បាស់ការផ្សេងទៀត លោក​ប្រធានាធិបតី​ហ្កាតេម៉ាឡា និងបូលីវី បានបញ្ជាក់ថានឹងមិនទៅចូលរួមទេ។ ចំណែក​លោកស្រីប្រធានាធិបតី​ ហុងឌូរ៉ាស់ ដែលស្វាមីគាត់ គឺលោក Manuel Zelaya ត្រូវគេធ្វើរដ្ឋប្រហារទំលាក់នៅឆ្នាំ​២០០៩ ហើយដែលគេសង្ស័យថាជាស្នាដៃរបស់​ចារកិច្ចអាមេរិកនោះ ក៏បានប្រកាសថា លោកស្រីមិនទៅចូលរួមដែរ។ រីឯក្រុមប្រទេសការ៉ាអ៊ីប រួមគ្នាក្នុងសម្ព័ន្ធ Caricom ក៏បានបញ្ជាក់ថា នឹងមិនទៅចូលរួមដែរ។

សហរដ្ឋអាមេរិក កាន់តែចុះថយឥទ្ធិពល

គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ចាប់តាំងពីអាណត្តិលោកដូណាល់ ត្រាំ​មក គឺថា​សហរដ្ឋអាមេរិកកាន់តែអស់ឥទ្ធិពលហើយ នៅក្នុងតំបន់នេះ។ ​ ក្នុងអាណត្តិលោកដូណាល់ ត្រាំ គោលនយោបាយអន្តោប្រវេសន៍ របស់សហរដ្ឋអាមេរិក បានធ្វើឲ្យ​ប្រទេសអាមេរិកខាងត្បូង មានការខកចិត្តខ្លាំងណាស់។ ជាងនេះទៀត រដ្ឋាភិបាលលោកដូណាល់ ត្រាំ បាន​ដក​ខ្លួនចេញពី​ទ្រឹស្តីពហុភាគីនិយម បិទទ្វារការពារសេដ្ឋកិច្ចតែខ្លួនឯង បែបអត្មានិយម។ ដោយហេតុនេះហើយ បានជា​ប្រទេសកាន់ច្រើន នៅតំបន់អាមេរិកខាងត្បូង បានងាកទៅខាងចិន ដើម្បី​រៀបចំ ធ្វើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងខ្ចីប្រាក់ចិនយកមក​​វិនិយោគ។

ជាងនេះទៀត ចាប់តាំងពីលោកចូ បៃដិនចូលកាន់អំណាចមក គឺរដ្ឋាភិបាលសហរដ្ឋអាមេរិក មិនបានធ្វើអ្វីឲ្យជាក់ស្តែង ដើម្បី ជួយស្តារទំនាក់ទំនងនៅក្នុងតំបន់នេះទេ។ បញ្ហាអន្តប្រវេសន៍ ក៏នៅតែដដែល មិនទាន់​​កម្មវិធីនយោបាយថ្មី ដែល​ទន់ភ្លន់ជាងកាលជំនាន់លោកដូណាល់ ត្រាំឡើយ។ ក្នុងអំឡុងពេលវិបត្តិជំងឺឆ្លងកូវីតទៀត គឺ​រដ្ឋាភិបាលលោក​ចូ បៃដិន មិនបានជួយផ្តល់វ៉ាក់សាំង ទៅឲ្យ​ប្រទេសអាមេរិកខាងត្បូងទេ។ ប្រទេសទាំងនោះ សូម្បីតែប្រទេសខ្លះដែលធ្លាប់តែស្និទនឹងសហរដ្ឋអាមេរិក គឺបានវ៉ាក់សាំង​ពីចិន និងពីរុស្ស៊ីទៅវិញទេ។

គឺកត្តាទាំងនេះហើយ ដែលគួបផ្សំគ្នា ធ្វើឲ្យ​ប្រទេសអាមេរិកខាងត្បូង លែងសូវផ្តល់តម្លៃ ដល់ឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ លោក Michael Shifter អ្នកស្រាវជ្រាវនៅ Inter-American Dialogue បានលើកឡើងថា ប្រទេសផ្សេងៗក្នុងតំបន់ដឹងថា លោកចូ បៃដិន គ្មានប្រជាប្រិយក្នុងស្រុក ហើយអាចប្រឈមនឹងការបាត់សំឡេងភាគច្រើន​ក្នុងសភាខុនហ្ក្រេសទៀត នៅពេលបោះឆ្នោតពាក់កណ្តាល​អាណត្តិចុងឆ្នាំ​នេះ។ សហរដ្ឋអាមេរិករាល់ថ្ងៃនេះ មានឥទ្ធិពលទៅលើប្រទេសក្បែរខាងក្នុងតំបន់ តែផ្នែកវប្បធម៌កំសាន្តសប្បាយ ចម្រៀង ភាពយន្ត និង​របៀបប្រើប្រាស់ទំនិញជាដើម ពោលគឺជា « Soft Power » ។ ដោយឡែក ឥទ្ធិពលសេដ្ឋកិច្ច នយោបាយ និងកិច្ច​​ការបរទេសវិញ គឺថាចុះអន់ថយ ពីមួយថ្ងៃទៅមួយថ្ងៃ។

ក្លិនចំហាយ​បរាជ័យ

ក្រុមការងារសេតវិមាន និងក្រសួងការបរទេសអាមេរិក បានប្រឹងប្រែងសម្បើមណាស់ ក្នុងការរៀបចំកម្មវិធីជំនួបកំពូលនេះ។​ គ្រាន់តែលោក​ប្រធានាធិបតី​ ប្រទេសម៉ិកស៊ិក ប្រកាសថាមិនទៅចូលរួម ប្រទេសផ្សេងៗទៀត នាំគ្នាប្រកាសដែរ ធ្វើ​ឲ្យ​ភាគីសហរដ្ឋអាមេរិក ល្វីងមុខតែម្តង។

តែយ៉ាងណា យើងត្រូវរងចាំមើល ថាតើ រដ្ឋាភិបាលលោកចូ បៃដិន នឹងស្នើផែនការអ្វីខ្លះ ដើម្បី​ស្តារទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយ​ក្រុមប្រទេសអាមេរិកខាងត្បូង។ តើសហរដ្ឋអាមេរិក នឹងមានផែនការពាណិជ្ជកម្មជួយ​ប្រទេសទាំងនោះ ដែរឬទេ? តើនឹងមានផែនការ ផ្តល់​កំចីហិរញ្ញវត្ថុ យកទៅវិនិយោគ គ្រាន់បើជាងចិន ដែរឬទេ?

លោក Eric Farnsworth អនុប្រធាន​ក្រុមប្រឹក្សា​អាមេរិក ដែលជាអង្គភាពមួយ​លើកកំពស់ការដោះដូរពាណិជ្ជកម្មសេរីក្នុងតំបន់ បាន​លើកឡើងកាលពីពេលថ្មីៗនេះថា កិច្ចប្រជុំកំពូលអាមេរិកនេះ ពីមួយ ទៅមួយទៀត គឺ​ថាកាន់តែ​ចុះខ្សោយ កាន់តែ​លែងមានផែនការសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលគួរជាទី​ត្រេកអរ។ ដូចគ្នាដែរ លោក Benjamin Gedan សាស្ត្រាចារ្យនៅ Woodrow Wilson International Center បាន​លើកឡើងថា​ សហរដ្ឋអាមេរិកនៅពេលនេះ គឺនឹងធ្វើ​ឲ្យ​ប្រទេសអាមេរិកខាងត្បូងខកបំណង ដោយចៀសមិនបាននោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ