អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចប្រជុំ​​កំពូល​អាមេរិក ​សម្រេ​ច​​ សេចក្តីប្រកាស​ស្តីពីការទទួលនិងការគ្រប់គ្រងជនអន្តោប្រវេសន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​​រដ្ឋ​កាលីហ្វ័រញ៉ា «កិច្ចប្រជុំកំពូលអាមេរិកលើកទី៩» ដែល​ប្រមូល​ផ្តុំ​ដោយ​ប្រទេស​នៅក្នុង​ទ្វី​បអាមេរិក-តំបន់​​អាមេរិកឡាទីន​ បាន​បិទបញ្ចប់ហើយ នៅថ្ងៃ​សុក្រ ទី​១០មិថុនា។ ជាមួយ​នឹង​លទ្ធផលដ៏​ស្តួងស្តើង គឺ​មាន​ប្រទេស​ចំនួន​២០ បាន​សម្រេច​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀងមួយ ដែល​គេ​ហៅថា«សេចក្តីប្រកាសទីក្រុង Los Angeles » ស្តីពីការទទួលនិងការគ្រប់គ្រងជនអន្តោប្រវេសន៍នៅក្នុងតំបន់។  សេចក្តីប្រកាស​នេះ បញ្ជាក់​ថា ​រដ្ឋ​ហត្ថលេខីត្រូវ​ខិតខំពង្រឹង​សុវត្ថិភាព​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន, បង្កើត​វិធានការ​ជួយ​គាំពារ​ដល់​ជន​ភៀសខ្លួន​ស្រប​ច្បាប់ ហើយនិង​​ប្រឹង​ប្រែង​​​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ដែល​កើត​តាមរយៈ​ការ​រត់​ភៀសខ្លួន។ ជាមួយ​គ្នានឹង​​នេះ​ ថ្នាក់ដឹកនាំ​នៃសហរដ្ឋអាមេរិក កាដាណា និង​ប្រទេស​ហត្ថលេខី​ មួយ​ចំនួនទៀត ក៏​បាន​សម្រេច​ប្រកាស​ពីចំនួន​ជនអន្តោប្រវេសន៍ ​ដែល​ប្រទេស​របស់​ខ្លួន​ ស្ម័គ្រចិត្ត​ទទួល​។

«កិច្ចប្រជុំកំពូលអាមេរិកលើកទី៩» ដែលប្រមូលផ្តុំដោយប្រទេសនៅក្នុងទ្វីបអាមេរិក-តំបន់អាមេរិកឡាទីន បានបិទបញ្ចប់ហើយ នៅថ្ងៃសុក្រ ទី១០មិថុនា។
«កិច្ចប្រជុំកំពូលអាមេរិកលើកទី៩» ដែលប្រមូលផ្តុំដោយប្រទេសនៅក្នុងទ្វីបអាមេរិក-តំបន់អាមេរិកឡាទីន បានបិទបញ្ចប់ហើយ នៅថ្ងៃសុក្រ ទី១០មិថុនា។ AP - Marcio Jose Sanchez
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំកំពូលអាមេរិកលើកទី៩ ត្រូវ​គេ​មើល​ឃើញថា ​ហាក់​ដូចជា​ទទួលបាន​លទ្ធផល​តិចតួច​ស្តួច​ស្តើង​។

អ្នក​វិភាគ​ស្ថានការណ៍​អន្តរជាតិ​ សម្គាល់​លទ្ធផលតិចតួច។​ ចំពោះ​អ្នក​ខ្លះ​ នៅក្នុង​ពេល​បើក​កិច្ចប្រជុំ​ពីដំបូង គឺ​​គេ​ស្ទើរតែ​ហ៊ាន​ដល់​ថា​បរាជ័យទៀត​​ផង។ ពីព្រោះ​ថា មាន​ប្រទេស​ខ្លះ​ក្នុង​តំបន់ដែរ​ តែមិ​នបាន​​មកចូល​រួមទេ​ ព្រោះតែសហរដ្ឋ​​អាមេរិក​មិន​ស្វាគមន៍​ ហើយ​ មាន​ប្រទេស​ខ្លះទៀត​ ក៏​បាន​ប្រកាស​ថា​ មិន​មក​ចូលរួម​ដោយ​ខ្លួនឯងតែម្តង។

ចំណែក កិច្ចព្រមព្រៀង ឬ​«សេចក្តីប្រកាសទីក្រុង Los Angeles » ស្តីពីការទទួលនិងការគ្រប់គ្រងជនអន្តោប្រវេសន៍នៅក្នុងតំបន់ នៅពេល​នេះ​​ទៀត​សោត គឺវាមិន​មាន​លក្ខណៈ​ចាប់​បង្ខំ​ឲ្យ​អនុវត្ត​នោះទេ គឺ​រដ្ឋ​សមាជិក​ហត្ថលេខី ធ្វើ​តាម​ការស្មគ្រចិត្ត​។ គ្រាន់តែ​មាន​ការចែង​ថា ត្រូវ​ខំប្រឹងប្រែង​អនុវត្ត​ប៉ុណ្ណោះ។​

ទោះ​ជា​យ៉ាង​នេះក្តី ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក លោក ចូ បៃដិន គិតនិង​យល់​ថា កិច្ចព្រមព្រៀងនេះ នឹង​ជួយ​ឲ្យ​គ្រប់គ្រ​ង​ចាត់​ចែង​ជនអន្តោប្រវេសន៍ បាន​ប្រសើរ​ជាង​មុន​ និង​ល្អ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ។​ ល្អ​ពីព្រោះថា មា​ន​ការ​បែង​ចែង​ការ​ទទួល​ខុស​ត្រូវ​ទៅតាម​ប្រទេស​នីមួយ​ ក្នុង​ស្មារតី​រួម​មួយ គឺថា គិត​គូរ​ដល់​ការ​ជួយ​គាំទ្រ​ដល់​ជនភៀសខ្លួន តែក៏ត្រូវ​ពង្រឹង​សន្តិសុខ​តាម​ព្រំ​ដែន​ និង​សើរើ​នីតិវិធី​សុំ​សិទ្ធិ​​ជ្រកក្រោន​។

តាម​ប្រសាសន៍​របស់​ប្រធានាធិបតី​អាមេរិក គឺ​លោក ចូ បៃដិន ​ចង់​ឲ្យ​ការ​ធ្វើ​អន្តោប្រវេសន៍ ដោយមាន​សុវត្ថិភាព និង​ស្របច្បាប់ ហើយ​ដោយមាន​ស្មារតី​មនុស្ស​ធម៌​ផង ក្នុង​រឿង​នេះ​។​ ចំពោះ​លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាន​ថ្លែង​បញ្ជាក់​តាំងពី​ថ្ងៃ​បើក​ឆាក​ដំបូង​មកម្ល៉េះ ថា​« អន្តោប្រវេសន៍ស្របច្បាប់ ដែល​មានសុវត្ថិភាព មានការរៀបចំត្រឹមត្រូវ គឺវាអាចហុចគុណប្រយោជន៍ ដល់សេដ្ឋកិច្ចទាំងអស់គ្នា រាប់ទាំងសហរដ្ឋអាមេរិកផង។ ពោលគឺវាអាចចូលរួម​ចំណែក ដល់ការចម្រុងចម្រើន ជារៀងដរាប។​»​

អាមេរិក បានប្រកាសទទួលជនភៀសខ្លួនបន្ថែម​។​  ​ចំណែក​ប្រទេស​ផ្សេងៗ​នៅក្នុង​តំបន់ ក៏​បាន​បញ្ជាក់​ពី​ជំហរ​ទទួល​ជន​ភៀសខ្លួនដែរ​ ព្រម​ទាំងប្រកាស​ពី​​កែសម្រួល​គម្រោង​ទទួល​ជន​អន្តោប្រវេសន៍​ផង។

ចំពោះ​​ភាគី​សហរដ្ឋអាមេរិក, រដ្ឋ​បាល​របស់​លោក ចូ បៃដិន បាន​ប្រកាស​ទទួល​ជន​ភៀសខ្លួន​ ចំនួន​២ម៉ឺនាក់ ដែល​មកពីតំបន់​​អាមេរិកឡាទីន នៅ​​ឆ្នាំ​ថ្មី ឆ្នាំ​២០២៣ និង​២០២៤។​ ជាចំនួន​មួយ​ដែល​គេ​មើលឃើញថា បាន​កើនឡើង​បីដង​។ ប៉ុន្តែ វា​​នៅតែ​តិច​ជាង​ចំនួន​ដែល​សហរដ្ឋ​អាមេរិក​ទទួល​ជន​ភៀសខ្លួន​អ៊ុយក្រែន ដែល​មាន​ចំនួន​ដល់​១០ម៉ឺននាក់។​

ទោះ​ជាយ៉ាងនេះក្តី​ រដ្ឋ​បាល​របស់​លោក ចូ បៃដិន ក៏បញ្ជាក់​ដែរ​ ថា​នឹង​ផ្តល់​ថវិកា​ចំនួន ​៣១៤ លាន​ដុល្លារ​ ដើមផ្តល់​ជំនួយ​ផ្នែក​មនុស្ស​ធម៌​ សម្រាប់​ពលរដ្ឋភៀសខ្លួនជាតិ វ៉េណេស៊ុយអេឡា។ ហើយ​អាមេរិក​ក៏​នឹង​ជួយ​ពលរដ្ឋ​ហៃទី។​ បើទោះបី​មិន​បញ្ជាក់​ពី​ចំនួន​ច្បាស់​លាស់ តែ​រដ្ឋបាលរបស់លោក ចូ បៃដិន ក៏​បង្ហើប​ថា​នឹង​បង្កើន​ចំនួន​ជន​ភៀសខ្លួន​ ជាតិ​ហៃទី នេះដែរ។

ប្រទេស​សមាជិក​ផ្សេងៗទៀត ក៏បាន​បញ្ជាក់ពី​ជំហរ​របស់​ខ្លួន​រៀង​ខ្លួន​ដែរ។ ជាក់​ស្តែង​ ប្រទេស​ កូឡុំប៊ី ក៏​ប្រកាស​ផ្តល់​បណ្ណ​រស់​នៅ​ស្រប​ច្បាប់ ដល់​ពលរដ្ឋ​ភៀសខ្លួន​ជាតិ វ៉េណេស៊ុយអេឡា ចំនួន ​១,៧ លាន​នាក់​។ ​ចំពោះ​ កូស្តា-រីកា​ ក៏​បាន​បញ្ជាក់​ថា​នឹង​បន្ត​សុពុលភាព គម្រោង​ជួយ​ផ្តល់​ការងារ​រយៈ​ពេលខ្លី ទៅ​ដល់​ជន​ភៀសខ្លួនដែល​មកពីប្រទេស គុយបា, នីការ៉ាហ្កា និង​ វ៉េណេស៊ុយអេឡា ដែរ​។

ម៉ិចស៊ិក​ នឹង​បង្កើត​ចំនួន​អ្នក​ដែល​នឹង​ត្រូវ​ទទួល​បាន​ផល​ប្រយោជន៍​ពី​គម្រោង​ការងារ​សម្រាប់​ជន​ជនអន្តោប្រវេសន៍ ពី​ចំនួន​១ម៉ឺន ទៅ​២ម៉ឺននាក់។ រីឯ​ កាណាដា បើក​ចំហ​ព្រំដែន​ទទួល​ជន​ភៀសខ្លួន ចំនួន​៥ម៉ឺននាក់​ ដែល​ចង់​ទៅធ្វើ​ការវិស័យ​កសិកម្ម​។​ ហើយ ប្រទេស​ Bélize នឹង​ប្រកាស​ពី​គម្រោង​ជួយ​គាំទ្រ​ផ្លូវ​ច្បាប់​សម្រាប់​ជន​អន្តោប្រវេសន៍ខុស​ច្បាប់ ក្នុង​ទឹក​ដីរបស់​ខ្លួន។

សំណុំ​រឿង​ជនអន្តោប្រវេសន៍នៅក្នុងតំបន់និងទ្វីប​អាមេរិក​ គឺជា​ មធ្យោបាយ​មួយ​សម្រាប់​ប្រទេស​ទាំង​ឡាយ​នៅក្នុង​តំបន់ ដើម្បីដាក់​សម្ពាធ​ទៅលើ​សហរដ្ឋអាមេរិក។ ហេតុអ្វី​?​

បើ​​និយាយថា វា​ជា​​សម្ពាធ​សម្រាប់​អាមេរិក ព្រោះ​ជា​អាច​នឹង​បង្ក​ការ​លំបាក​ដល់​សេវា​សង្គម​កិច្ច​ និង​ការ​គ្រប់គ្រង​សន្តិសុខ​នានា​។​ ទន្ទឹម​នឹង​នេះ​ គណ​បក្ស​សាធារណៈ​រដ្ឋ និង​ក្រុម​ប្រឆាំង គឺ​តែងតែ​រិះគន់​មិន​សំចៃ​មាត់​ចំពោះ​នយោបាយ​អន្តោប្រវេសន៍​ របស់​បក្ស​ខាង​ប្រជាធិបតេយ្យ​។​ យោង​តាមទិន្នន័យ​របស់​ទីភ្នាក់ព័ត៌មានបារាំង AFP គឺ​នៅឆ្នាំ​២០២១ សហរដ្ឋអាមេរិក បាន​ជាប់​ឃាត់​ខ្លួន​ជន​អន្តោប្រវេសន៍ខុស​ច្បាប់ ចំនួន​ជាង​២លាននាក់​។

​បើ​គិត​ពី​ផ្នែក​សេដ្ឋកិច្ច​វិញ គឺ​វា​អាច​ចំណេញ​ទាំងអស់​គ្នា​។ ការទទួល​​ជនភៀសខ្លួន គឺមិន​សុទ្ធតែ​អាក្រក់​ទេ។ នៅមុន​នេះ យើង​ក៏បាន​លើកឡើង​ពីប្រសាសន៍​របស់​លោក​ចូបៃដិន​ដែល​បញ្ជាក់​ពី​ផល​ប្រយោជន៍​សេដ្ឋកិច្ច ប្រសិន​បើ​គេ​គ្រប់​គ្រង​វិស័យ​នេះ​ឲ្យ​ត្រឹមត្រូវ។ ប្រភព​ចំណូលមួយ​ទៀត គឺ​​សម្រាប់​ក្រុមគ្រួសារ​របស់​ជន​ភៀសខ្លួន ខ្លួន​ឯង​​ផង និង​ជា​ចំណូល​សេដ្ឋកិច្ច​ជាតិ​ របស់​ប្រទេស​កំណើត​គេ​ មួយ​បែប​ផង​។ ដូច្នេះ គេ​លំបាក​នឹង​បិទ​ខ្ទប់​កុំឲ្យ​មាន​លំហូរ​ជន​ភៀសខ្លួននេះណាស់។

ម្យ៉ាងវិញទៀត បើ​យើង​និយាយ​ពី​លក្ខខណ្ឌ​សត្យានុម័ត ផ្នែក​មនុស្ស​ធម៌​។​ ជាក់ស្តែង​ ប្រទេស​វ៉េណេស៊ុយអេឡា!​ ការផ្ទុះ​ចម្លោះ​ផ្ទៃ​ក្នុង វិបត្តិ​សង្គម បញ្ហា​​សេដ្ឋកិច្ច​ និង​វិបត្តិ​នយោបាយ ​​​ប៉ុន្មាន​ឆ្នាំងចុងក្រោយ​នេះ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​វ៉េណេស៊ុយអេឡា ប្រមាណ​ជា​ជាង​៦លាន​នាក់​ហើយ ដែល​​ត្រូវ​បង្ខំ​ចិត្ត​ភៀសខ្លួន​ចាក​ចោល​ប្រទេស​កំណើត​។​ ពួក​គេ​ត្រូវការ​ប្រទេស​ជ្រក​ក្រោណ​មួយ​ដែល​មាន​សុវត្ថិភាព និង​អាច​ធ្វើការ​រក​ស៊ី​ទទួល​ទាន។​

«កិច្ចប្រជុំកំពូលអាមេរិក លើកទី​៩» ក៏​ជា​ផ្នែក​មួយ​ដែល​ សហរដ្ឋអាមេរិក ខំប្រឹង​យកចិត្តទុក ដើម្បី​​ស្តារមុខមាត់ ​ទ្វីប​អាមេរិក - ​តំបន់អាមេរិក​ឡាទីន។

បើ​​គិត​ត្រឡប់​ក្រោយ​បន្តិច គឺ​នៅ​ក្នុង​អាណត្តិ ​របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេល​កន្លងទៅ គឺ​បាន​ធ្វើ​ឲ្យ​កិត្តិយស​និង​ឥទ្ធិពល​របស់​សហរដ្ឋអាមេរិក​ ហាក់​បាន​អាប់ឱន​ជាច្រើន​នៅក្នុង​តំបន់​ទ្វីប​អាមេរិក​-អាមេរិក​ឡាទីន។ អាប់ឱន គឺ​លោក ដូណាល់ ត្រាំ បាន​បង្ក​ជម្លោះ​បាញ់​បោះ​ពាក្យ​សម្តី​ទ្រគោះ​បោះបោក​ជាច្រើន​ជាមួយ​ថ្នាក់ដឹកនាំនៃប្រទេស​ក្នុង​តំបន់​នេះ ហើយ​លោកក៏បាន​អនុវត្ត​គោល​នយោបាយ​សួន​តួនិយម​ ដែល​គិតតែប្រយោជន៍​របស់​អាមេរិក​ជាធំ។ ក្នុង​បរិបទ​នេះ គឺវា​បាន​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​នេះ អាក់អន់​ចិត្ត ហើយ​កាន់តែ​ងាយ​ទៅរក​ប្រទេស​ចិន​ កាន់តែ​ខ្លាំង។

នៅក្នុង​​ទ្វីបអាមេរិក - តំបន់អាមេរិកឡាទីន សព្វថ្ងៃនេះ គឺ​ការ​វិនិយោគចិន​ បាន​រីក​កំណើត​ខ្លាំង​ ហើយ​ទីផ្សារ​ពាណជ្ជកម្ម​របស់​ចិន គឺ​មាន​វិសាល​ភាព គ្រប់​តែ​ប្រទេស​នៅក្នុង​តំបន់​នេះ។ រឿង​នេះ បាន​ធ្វើ​សហរដ្ឋអាមេរិក ព្រួយ​បារម្ភ​មិនតិចទេ​  ហើយ​ខំ​ប្រឹង​យកចិត្ត​ និង​រក​មធ្យោបាយ​ធ្វើការ​ជាមួយ​ប្រទេស​ទាំងនោះ ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ​។​

ទោះបី​ជា​យ៉ាង​នេះក្តី លោក ចូ បៃដិន ក៏ដឹង​ខ្លួន​ច្បាស់​ដែរ ថា ​ពេ​លនេះ អាមេរិក ​ក៏​មិន​ចង់​អភិវឌ្ឍ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​និង​គម្រោង​វិនិយោគ​ធំៗ នៅក្នុង​តំបន់​នេះ ដូច​ដែល ក្រុង​ប៉េកាំង​ បាន​ធ្វើ​ និង​កំពុង​ធ្វើ​នោះដែរ។ នេះ​ទីភ្នាក់​ព័ត៌មាន​បារាំង ​AFP៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ