អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គម្រោង​ដឹក​ជន​អន្តោប្រវេសន៍​យកទៅ​ចោល​នៅ​រវ៉ាន់ដា របស់​លោក​បូរីស ចនសុន​ ត្រូវ​បាន​តុលាការ​​សិទ្ធិមនុស្ស​​​អឺរ៉ុប​​រារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​អង់គ្លេស ដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រីបូរីស ចនសុន កំពុងតែជួបរឿងអាម៉ាស់មួយថ្មីទៀត ទាក់ទិននឹងគោលនយោបាយ​ គ្រប់គ្រងជនអន្តោប្រវេសន៍។ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល​ប្រទេសរវ៉ាន់ដា អង់គ្លេសបាន​គ្រោង​បញ្ជូន​​ជនអន្តោប្រវេសន៍ខុសច្បាប់ ដោយ​ដឹក​តាមយន្តហោះ យកទៅទីក្រុងគីហ្កាលី ប្រទេសរវ៉ាន់ដា នៅព្រឹកថ្ងៃពុធ ទី​១៥មិថុនា​។ ក៏ប៉ុន្តែ នៅប៉ុន្មាន​ម៉ោង មុនយន្តហោះចេញដំណើរ តុលាការសិទ្ធិមនុស្ស​អឺរ៉ុប បានធ្វើអន្តរាគមន៍រារាំងមិនឲ្យ​យន្តហោះចេញដំណើរបាន។

បាតុករតវ៉ាប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាលអង់គ្លេស ដែលចង់​ដឹកបញ្ជូន​ជនអន្តោប្រវេសន៍​យកទៅចោល​នៅរវ៉ាន់ដា។ លើបដា សរសេរថា "ការជួញដូរជនអន្តប្រវេសន៍ គឺជា​ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ"។ ទីក្រុងឡុងដ៍ ថ្ងៃទី ១៣ ធ្នូ ២០២២
បាតុករតវ៉ាប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាលអង់គ្លេស ដែលចង់​ដឹកបញ្ជូន​ជនអន្តោប្រវេសន៍​យកទៅចោល​នៅរវ៉ាន់ដា។ លើបដា សរសេរថា "ការជួញដូរជនអន្តប្រវេសន៍ គឺជា​ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ"។ ទីក្រុងឡុងដ៍ ថ្ងៃទី ១៣ ធ្នូ ២០២២ AP - Aaron Chown
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលអង់គ្លេស បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសរវ៉ានដា ដើម្បី​ឲ្យ​ប្រទេសនេះ ទទួលយក​ជនអន្តោប្រវេសន៍ ដែលចូលមកអង់គ្លេសដោយខុសច្បាប់។ តាមរយៈកិច្ចព្រមព្រៀងនេះ យន្តហោះទីមួយ ដែលដឹកជនអន្តោប្រវេសន៍ ត្រូវចេញដំណើរពីអង់គ្លេស នៅព្រឹកថ្ងៃពុធនេះ។ ក៏ប៉ុន្តែ ស្រាប់តែនៅវេលាល្ងាច​ថ្ងៃអង្គារ តុលាការសិទ្ធិមនុស្សអឺរ៉ុប បានចេញ​ដីកា អនុវត្តនីតិវិធីបន្ទាន់ ដើម្បីរារាំងមិនឲ្យ​យន្តហោះនេះអាចចេញដំណើរទៅបាន​។

តុលាការកំពូលអង់គ្លេស ត្រូវសម្រេច​ពី​ភាពស្របច្បាប់នៃកិច្ចព្រមព្រៀងជាមុន

តាមគម្រោងពីដំបូង រដ្ឋាភិបាលអង់គ្លេសគ្រោងដឹកជនអន្តោប្រវេសន៍ ចំនួន១៣០នាក់ ភាគច្រើនសុទ្ធតែជនជាតិ​ស៊ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់ និងអាល់បានី​។ តែដល់ថ្ងៃចេញដំណើរ គឺមានតែ​ជនជាតិអ៊ីរ៉ង់៣នាក់ វៀតណាមម្នាក់ អ៊ីរ៉ាក់២នាក់ និង​អាល់បានី​ម្នាក់ទេ ដែលមានឈ្មោះក្នុងបញ្ជីត្រូវគេបញ្ជូនទៅ​រវ៉ានដា។ ចំណែក​ជនអន្តោប្រវេសន៍​ផ្សេងទៀត បាន​ដាក់ពាក្យប្តឹងទៅតុលាការអង់គ្លេស ហើយតុលាការបានចេញសាលក្រម​ ហាមឃាត់ឬផ្អាកមិន​ឲ្យ​បញ្ជូនខ្លួនពួកគេទៅ ដោយយោងលើហេតុផលផ្សេងៗ ថាពួកគេ គឺជាជនរងគ្រោះរងទារុណកម្ម និងខ្លះជាអនីតិជនជាដើម។

តែនៅទីបំផុត ជនអន្តោប្រវេសន៍មិនដល់១០នាក់នេះ ក៏អង់គ្លេសមិនអាចបញ្ជូនចេញទៅរវ៉ានដាបានដែរ បន្ទាប់ពីមានអន្តរាគមន៍ នៅនាទីចុងក្រោយ ពីសំណាក់​តុលាការសិទ្ធិមនុស្សអឺរ៉ុប។ តុលាការសិទ្ធិមនុស្សអឺរ៉ុប បានលើកឡើង ពីករណី​ជនជាតិអ៊ីរ៉ាក់ម្នាក់ ដែលមានឈ្មោះក្នុងបញ្ជីត្រូវគេបញ្ជូនទៅ និងបានលើកហេតុផល ពីការការបារម្ភ របស់ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ទាក់ទិននឹងលក្ខខណ្ឌទទួលជនភៀសខ្លួនបរទេស របស់អាជ្ញាធររវ៉ានដា។ មិនត្រឹមតែប៉ុណ្ណោះ តុលាការសិទ្ធិមនុស្សអឺរ៉ុប បានអះអាងថា កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល​អង់គ្លេស និងរវ៉ានដានេះ គឺ​ត្រូវតែឆ្លងកាត់ “ការបញ្ជាក់ភាពស្របច្បាប់” ពី​តុលាការកំពូលអង់គ្លេសសិន ទើបអាចអនុវត្តវាបាន​។ តាមធម្មតា តុលាការកំពូលអង់គ្លេស នឹងត្រូវសម្រេចសេចក្តីនៅរវាងខែកក្កដាខាងមុខនេះ។

“វិធានការគ្មានធម៌មេត្តា និងខុសច្បាប់”

មានតែក្រុមស្តាំនិយមជ្រុលនៅអង់គ្លេសទេ ដែលគាំទ្រវិធានការដ៏តឹងតែងនេះ។ លោកបូរីស ចនសុន ចង់បំពេញបំណងក្រុមស្តាំនិយមជ្រុលនេះឯង ដើម្បីបញ្ជាក់ថា រដ្ឋាភិបាល​គាត់មាន​ដំណោះស្រាយ លើ​បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ បន្ទាប់ពីអង់គ្លេស​បានផ្តាច់ខ្លួនលែងនៅក្នុង​សហភាពអឺរ៉ុប។ ក៏ប៉ុន្តែ សម្រាប់អង្គការសិទ្ធិមនុស្ស និង​ក្រុមនយោបាយ​ឆ្វេងនិយមវិញ គឺវិធានការចាប់បញ្ជូន​ជនភៀសខ្លួន ជនអន្តោប្រវេសន៍ យកទៅទុកចោល​នៅប្រទេសមួយទៀត ចំងាយ​រាប់ពាន់គីឡូម៉ែត្រ វាគឺជាវិធានការជ្រុលហួសហេតុ គ្មានធម៌មេត្តា គ្មានការ​អាណិតអាសូរ​។

​ជាក់ស្តែង លោក Sadiq Khan អភិបាល​ទីក្រុងឡុងដ៍ មកពីគណបក្សពលករ បាន​​សរសេរលើទំព័រ Twitter ថា “ការចាប់​បញ្ជូន​ជនភៀសខ្លួន ដែលគ្នាបានផ្សងជីវិត រត់គេចពី​សង្គ្រាម ពីការកាប់សំលាប់ ទំរាំបានមកដល់អង់គ្លេសដែលមានសុវត្ថិភាព វាមិនត្រឹមតែជាវិធានការគ្មានធម៌មេត្តា អមនុស្សធម៌​ប៉ុណ្ណោះទេ តែកិច្ចព្រមព្រៀងនេះ អាចមានទម្រង់លក្ខណៈខុសច្បាប់ថែមទៀតផង”។

មួយថ្ងៃចំណាយ ៦៧អឺរ៉ូ

​នៅក្នុងដំណាក់កាលដំបូង នៃគម្រោងនេះ អង់គ្លេសគ្រោងប្រគល់ប្រាក់ ឲ្យ​រដ្ឋាភិបាលរ៉ូវ៉ាប់ដា ចំនួនប្រមាណ ១៤០លានអឺរ៉ូដើម្បីយកទៅចំណាយ។ បើនិយាយឲ្យងាយស្តាប់​ គឺហាក់ដូច អង់គ្លេស ជួលប្រទេសរវ៉ានដា ដើម្បីទុកជនអន្តោប្រវេសន៍។​ ដោយឡែក ប្រភពពីលោកស្រី Yolande Makolo រដ្ឋមន្ត្រីមហាផ្ទៃរវ៉ានដា បានឲ្យដឹងថា គេនឹងចំណាយ​ទៅលើជនអន្តោប្រវេសន៍ម្នាក់​ ចំនួន៦៧អឺរ៉ូ ក្នុងមួយថ្ងៃ ទាំងថ្លៃស្នាក់នៅ និង​ការហូបចុក។ ថ្លៃចំណាយទាំងអស់គឺ ជាបន្ទុករបស់​រដ្ឋាភិបាល​អង់គ្លេស។

ជន​អន្តោប្រវេសន៍ ដែលគេបញ្ជូន​ទៅដល់រវ៉ានដា ត្រូវស្នាក់នៅ​ក្នុងទីតាំងកំណត់មួយ ដែលគេរៀបចំទុក ហើយអាចមានសិទ្ធិដើរហើរ​ចេញក្រៅធម្មតា ទំរាំដល់​ពេលសំណុំឯកសារ​ ត្រូវបាន​គេពិនិត្យវិនិច្ឆ័យរួច​រាល់។ តាមអ្វីដែលមានកំណត់​ក្នុងកិច្ចព្រមព្រៀង គឺជនអន្តោប្រវេសន៍ អាចមានជម្រើស៣​នៅពេលទៅដល់រវ៉ានដា ៖ ទី១ គឺអាចសុំសិទ្ធិជ្រកកោននៅរវ៉ានដា ទី២ អាចធ្វើដំណើរទៅកាន់​ប្រទេសកំណើតវិញ ហើយទី៣ គឺ​អាចចាកចេញទៅប្រទេសផ្សេងមួយទៀត តែត្រូវធ្វើតាមនីតិវិធីស្របច្បាប់។

បើទោះបីប្រឈមនឹងការរិះគន់យ៉ាងណាក៏ដោយ រដ្ឋាភិបាលរវ៉ានដា បានអះអាង កាលពីថ្ងៃអង្គារម្សិលមិញ ដោយការពារកិច្ចព្រមព្រៀងនេះ។ រវ៉ានដាអះអាងថា ខ្លួនចង់ចូលរួម​ដោះស្រាយ​បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ចង់សង្គ្រោះជីវិតមនុស្ស ព្រោះថារាល់ថ្ងៃនេះ ត្រូវពួកឈ្មួញទុច្ចរិតដែល​រកស៊ីដឹកជញ្ជូន​ ជនអន្តោប្រវេសន៍នោះ កេងប្រវញ្ចគ្រប់រូបភាព​​។​

“ជនអន្តោប្រវេសន៍នឹងគ្មានអនាគតទេ នៅរវ៉ានដា”

តែយ៉ាងណា មានមតិលើកឡើង ថាកិច្ចព្រមព្រៀងនេះ អាចមិនស្របច្បាប់ទេ ព្រោះថា គេអាចបញ្ជូនជនភៀសខ្លួន ជនអន្តោប្រវេសន៍ យកទៅទុកនៅទីកន្លែងមួយបាន ល្គឹកណាទីនោះ ជាទីមានសុវត្ថិភាព មានសន្តិសុខ​។​ ដោយឡែក រវ៉ានដា ជាប្រទេសក្រីក្រខ្លាំង មានអសន្តិសុខ ហើយពុករលួយថែមទៀត។ កាលពីឆ្នាំ​២០១៨ ជនភៀសខ្លួន​កុងហ្គោ ចំនួន​១១នាក់ ត្រូវបាននគរបាល​រវ៉ានដា បាញ់សំលាប់ បន្ទាប់ពីពួកគេធ្វើបាតុកម្មតតវ៉ា រឿងរបបចំណីអាហារ នៅក្នុងមណ្ឌលជនភៀសខ្លួន Kaziba។

យ៉ាងណាមិញ លោកស្រី Victoire Ingabire ប្រធានគណបក្សប្រឆាំងនៅរវ៉ានដា បានលើកឡើងថា រវ៉ានដាជាប្រទេសក្រតោកយ៉ាក យុវជនខ្លួនឯងគ្មានទាំងការធ្វើផង តើឲ្យ​ជនភៀសខ្លួន ជនអន្តោប្រវេសន៍បរទេសមក ឲ្យគ្នារស់រំពឹងអី? ពួកគេនឹងគ្មានអនាគតទេ នៅរវ៉ានដា ព្រោះរវ៉ានដា គ្មានលទ្ធភាពផ្តល់ឲ្យ​នូវសេវាសង្គម សេវ៉ាសុខភាព និង​ការអបរំ ដល់​កូនចៅជនអន្តោប្រវេសន៍ ដែលត្រូវ​គេបញ្ជូនមកនោះទេ។

អង់គ្លេសអាចនឹងដកខ្លួន ចេញពីសន្ធិសញ្ញាសិទ្ធិមនុស្សអឺរ៉ុប

រដ្ឋាភិបាលអង់គ្លេស សង្ឃឹមខ្លាំងណាស់ ថាអាចឈានទៅមានប្រជាប្រិយភាពវិញ ក្នុងក្រសែភ្នែកប្រជាជន​អង់គ្លេសមួយចំនួន តាមរយៈវិធានការគ្រប់គ្រងជនអន្តោប្រវេសន៍ខុសច្បាប់នេះ។ បើគិតពីដើមឆ្នាំ​២០២២នេះមក មានជនអន្តោប្រវេសន៍ ចំនួន​ប្រមាណ ១០៥០០នាក់ហើយ ដែលបាន​ប្រថុយគ្រោះថ្នាក់ ជិះទូកឆ្លងសមុទ្រ ពីបារាំង ទៅដល់​ប្រទេសអង់គ្លេស។ ជាក់ស្តែង គ្រាន់តែថ្ងៃអង្គារម្សិលមិញ មាន​ប្រមាណ​២៥០នាក់ ដែលត្រូវបានក្រុមសង្គ្រោះបារាំង សង្រ្គោះស្រង់ពីទឹកសមុទ្រនៅក្បែរឆ្នេរទីក្រុង Douvres។

យោងតាម​បណ្តាញព័ត៌មានអង់គ្លេស យន្តហោះមួយគ្រឿង ដែលគេគ្រោងដឹកជនអន្តោប្រវេសន៍ មិនដល់១០នាក់ ចេញទៅរវ៉ានដា ហើយត្រូវខកខានវិញនេះ គឺរដ្ឋាភិបាល​អង់គ្លេសបានចំណាយ​ប្រាក់សរុបប្រមាណ ៥សែនលីវ្រស្ទែរលីង​ ដែលស្មើនឹង ៥៧៥០០០អឺរ៉ូ។​ ក៏ប៉ុន្តែ កាលពីថ្ងៃអង្គារម្សិលមិញ លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេស​បាននិយាយតាមទូរទស្សន៍ថា បើទោះជាចំណាយ​ប្រាក់ច្រើនមែន តែ “អង់គ្លេសនឹង​មិនខាតទេ” បើសម្លឹងទៅរយៈពេលវែង។ លោកស្រីរដ្ឋមន្ត្រីរូបនេះ ​អះអាងថា វាគឺជាវិធានការ ដែល​នឹង​ផ្តល់​សញ្ញាបន្ទុចបង្ហាក់ ធ្វើឲ្យជនអន្តោប្រវេសន៍ទាំងអស់ លែងហ៊ាន​ឆ្លងចូលអង់គ្លេស​​ដោយខុសច្បាប់តទៅទៀត​។​

បន្ទាប់ពីត្រូវបាន​តុលាការសិទ្ធិមនុស្សអឺរ៉ុប រារាំងមិនឲ្យ​យន្តហោះចេញដំណើរ លោកស្រី Priti Patel រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស បានថ្លែងថា លោកស្រីខកចិត្តណាស់ ក៏ប៉ុន្តែវានឹងមិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោកស្រី បោះបង់ចោល​គម្រោងផែនការនេះទេ។ លោកស្រីបានអះអាងថា ក្រុមអ្នកច្បាប់កំពុងតែពិនិត្យ ឯកសារ​ករណី​ជនអន្តោប្រវេសន៍នីមួយៗ ដើម្បី​រៀបចំចាប់បញ្ជូន​យកចេញតាមយន្តហោះ ជើងថ្មីមួយទៀតនៅពេលឆាប់ៗនេះ។

ជាងនេះទៀត លោកនាយករដ្ឋមន្ត្រី​ បូរីស ចនសុន បានអះអាងថា លោក​ក៏អាចពិចារណាដែរ លើជម្រើស​ដកខ្លួន​ប្រទេសអង់គ្លេស ចេញពីសន្ធិសញ្ញាសិទ្ធិមនុស្ស​អឺរ៉ុប។ ធ្វើបែបនេះ គឺ ដើម្បីកុំឲ្យ​តុលាការសិទ្ធិមនុស្សអឺរ៉ុប មកចេះ​ឈឺឆ្អាល រារាំង រំខាន ដល់គោលនយោបាយ​អន្តោប្រវេសន៍ របស់​រដ្ឋាភិបាលអង់គ្លេស តទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ