អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​អាចឈាន​ចូល​ក្នុងអស្ថិរភាព​នយោបាយ​ ក្រោយ​​ការបោះឆ្នោត​សភា ដែល​​បក្ស​លោក​ម៉ាក្រុង​​គ្មាន​​សំឡេង​​ភាគ​ច្រើន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្វីត្បិតតែ សម្ព័ន្ធគណបក្សរបស់​លោក​ម៉ាក្រុង បានទទួល​អាសនៈសភាច្រើនជាងគេមែន តែវាមិនគ្រប់សំឡេងភាគច្រើនដាច់ខាត ដែលមានចំនួន​២៨៩​អាសនៈ នោះទេ។ ទន្ទឹមគ្នានេះ លទ្ធផល​បោះឆ្នោតកាលពីថ្ងៃទី​១៩ មិថុនា​ បានរំលេចឡើង នូវ​ក្រុម​បក្សប្រឆាំងធំៗ២ ដាច់ដោយឡែកពីគ្នា នៅក្នុងសភាអាណត្តិថ្មី។ កាលៈទេសៈនេះ គឺជាស្ថានភាពមួយដ៏លំបាក សម្រាប់​លោក​ប្រធានាធិបតី​ម៉ាក្រុង ដែលត្រូវចរចា ស្វែងរកសំឡេងភាគច្រើនដាច់ខាតឲ្យ​បាន ដើម្បី​រៀបចំតែងតាំង​រដ្ឋាភិបាលឡើងវិញ និង​ឈានទៅបោះឆ្នោត​អនុម័តច្បាប់ ក៏ដូចជា​​គោលនយោបាយកំណែទម្រង់ៗ​​ផ្សេ​ង​។ មានការព្រួយបារម្ភខ្លាំង ថាបារាំងនឹងឈានចូលក្នុងអស្ថិរភាពនយោបាយ។

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែលកំពុងឆ្លងកាត់កាលៈទេសៈនយោបាយ ដ៏លំបាកបំផុត ក្រោយ​ការបោះឆ្នោតសភាថ្ងៃទី​១៩ មិថុនា ២០២២
លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែលកំពុងឆ្លងកាត់កាលៈទេសៈនយោបាយ ដ៏លំបាកបំផុត ក្រោយ​ការបោះឆ្នោតសភាថ្ងៃទី​១៩ មិថុនា ២០២២ AP - Michel Euler
ផ្សាយពាណិជ្ជកម្ម

កាលៈទេសៈដ៏កម្រ ដែល​ប្រធានាធិបតី​គ្មាន​បង្អែកនៅសភា

វាជាស្ថានភាព​ពិសេស និងដ៏កម្រ ព្រោះថាលោក​ម៉ាក្រុង ត្រូវបាន​ប្រជាជនបារាំងបោះឆ្នោត ឲ្យ​ជាប់ជាប្រធានាធិបតីមួយ​អាណត្តិទៀត​ កាលពី​ខែមេសាថ្មីៗនេះ។ តែស្រាប់តែមកដល់ពេលនេះ ក្នុងពេលបោះឆ្នោតសភា សម្ព័ន្ធបក្សរបស់​លោក​ម៉ាក្រុង បែជាបានទទួល​អាសនៈសភា មិនគ្រប់សំឡេងភាគច្រើនដាច់ខាតទៅវិញ។ យោងតាមលទ្ធផលផ្លូវការបឋម នៅព្រឹកថ្ងៃចន្ទនេះ សម្ព័ន្ធបក្សលោក​ម៉ាក្រុង “Ensemble” បានអាសនៈសភាចំនួន ២៤៥ ពោលគឺមិនគ្រប់ ២៨៩ ដែលជាសំឡេងភាគច្រើនដាច់ខាតទេ។

ប្រជាជនមិនបោះឆ្នោតឲ្យ​បក្សលោក​ម៉ាក្រុង វាហាក់មានន័យថា គេមិនពេញចិត្តនឹង​គោលនយោបាយ​ដឹកនាំរបស់​គាត់កន្លងមក ហើយ​​ចង់ដាក់ពិន័យ។ ការបញ្ចេញមតិតាមរយៈសន្លឹកឆ្នោតកាលពីថ្ងៃអាទិត្យ​ម្សិលមិញ បានបង្ហាញថា ពលរដ្ឋបារាំងមិនចង់ឲ្យ​លោក​ម៉ាក្រុង ជិះសេះលែងដៃតទៅទៀតទេ ដោយត្រូវតែ​ស្តាប់បក្សផ្សេងៗទៀត នៅក្នុងសភា ដែលឥឡូវមាន​ចំនួន​អាសនៈកើនឡើង។

ស្ថានភាពពេលនេះ ជាស្ថានភាពកម្រ ហើយ​គួរឲ្យ​បារម្ភ ព្រោះនៅក្នុ​ង​សភាអាណត្តិថ្មីនេះ មានប្លុកធំៗ៣ ដែលមិនអាច​រលាយ​ចូលគ្នា​ ធ្វើការជាមួយគ្នាបានទាល់តែសោះ។ បក្សសម្ព័ន្ធឆ្វេងនិយម “NUPES” ដឹកនាំដោយ​លោក ហ្សង់លុច្ស ម៉េឡង់ស្ហុង បានអាសនៈ ចំនួន១៣១ រីឯបក្សស្តាំនិយមជ្រុល “Le Rassemblement National” ដឹកនាំដោយ​លោកស្រី ម៉ារីន ឡឺប៉ែន បានអាសនៈចំនួន៨៩។ ក្រុមបក្សទាំង២នេះ គ្មានសំឡេងភាគច្រើនដូចគ្នា តែក៏មិនអាចចូលរួម​ផ្តុំគ្នា​បានដែរ ព្រោះ​ប្រឆាំងគ្នា ឈ្លោះគ្នា​ខ្លាំងណាស់។ ដូច្នេះ សភាអាណត្តិថ្មីនេះ អាចនឹងរញ៉េរញ៉ៃ ឈ្លោះប្រកែកគ្នាខ្លាំង។ អ្វីៗអាចនឹងរាំងស្ទះ គាំងនៅសភា ព្រោះដោយសារតែបក្សរដ្ឋាភិបាល គ្មានសំឡេងភាគច្រើន មិនអាចបោះឆ្នោតអនុម័តលើអត្ថបទច្បាប់នានាបាន។ បារាំង អាចនឹងជាប់គាំងនយោបាយ មានអស្ថិរភាព។

ប្រទេសអាច​ជាប់គាំង នឹងមានអស្ថិរភាព

ជាបឋម និងបន្ទាន់បំផុត គឺត្រូវ​ការរៀបចំរដ្ឋាភិបាលថ្មី។ មាត្រា២០ នៃរដ្ឋធម្មនុញ្ញបារាំង កំណត់​ថា រដ្ឋាភិបាលត្រូវទទួលខុសត្រូវ នៅមុខសភា។ មានន័យថា រដ្ឋាភិបាល​ត្រូវតែឆ្លងកាត់​ការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តពីសភា​។ ជាទូទៅ នៅក្រោយការបោះឆ្នោតសភារួចរាល់ ដែលគេដឹងពីសមាសភាពហើយ គឺប្រធានាធិបតី ត្រូវ​តែងតាំងនាយករដ្ឋមន្ត្រីម្នាក់ ដើម្បីរៀបចំរដ្ឋាភិបាលថ្មី ហើយ​យកទៅឆ្លងសភា។ បើបក្សរបស់ប្រធានាធិបតី មាន​សំឡេងភាគច្រើនក្នុងសភា គឺវាមិនចោទបញ្ហាទេ ប្រធានាធិបតីអាចស្នើបេក្ខភាពដដែល។ តែលើកនេះ បក្សរបស់​លោកម៉ាក្រុង មិនមានអាសនៈគ្រប់ទេនៅក្នុងសភា ពោលគឺខ្វះដល់ទៅ​៤៤ឯណោះ។

ដូច្នេះ លោកម៉ាក្រុង ត្រូវតែធ្វើយ៉ាងណា រៀបចំរដ្ឋាភិបាលថ្មី ដែលមើលទៅអាចសង្ឃឹមថាសភាយល់ព្រមទទួលបោះឆ្នោតឲ្យ។ មានមតិខ្លះបានលើកឡើងថា លោកស្រីនាយករដ្ឋមន្ត្រី អេលីហ្សាប៊ែត ប៊ន ដែលទើបតែចូលកាន់តំណែងនេះ មិនទាន់បាន​២ខែស្រួលបួលផងនោះ​ មិនប្រាកដថាអាចបន្តធ្វើជានាយករដ្ឋមន្ត្រីតទៀតទេ​ ព្រោះលោក​ម៉ាក្រុង អាចសម្រេចរើសអ្នកថ្មីម្នាក់ទៀត ដើម្បី​បាន​ទំនុកចិត្តពីសភាថ្មី​។

តាមទម្លាប់កន្លងមក ប្រធានាធិបតីតែងតាំងនាយករដ្ឋមន្ត្រី ភ្លាមៗតែម្តង ១ថ្ងៃ ឬ២ថ្ងៃ​ ក្រោយការបោះឆ្នោតសភា ដើម្បីឈានទៅ​បង្កើតរដ្ឋាភិបាល កុំឲ្យជាប់គាំងនយោបាយ ស្ថាប័នរដ្ឋគ្មានដំណើរការ។ តែលើកនេះ គឺអាចចំណាយពេលយូរ ហើយ​ក៏មិនប្រាកដថាអាចឆ្លងសភារួចទៀត។ វាជាស្ថានភាពលំបាកខ្លាំងណាស់ សម្រាប់​លោក​ម៉ាក្រុង ជាពិសេសនៅក្នុងបរិបទ បញ្ហាសេដ្ឋកិច្ច អតិផរណា ទំនិញឡើងថ្លៃគ្រប់មុខថែមទៀត។ បើទោះជាអាចមានរដ្ឋាភិបាលថ្មីមែន តែរដ្ឋាភិបាលមិនអាចធ្វើការបាន ដោយសារតែសភាគិតតែពីឈ្លោះគ្នា មិនអាចអនុម័តអ្វីចេញ។

រកសំឡេងភាគច្រើន ពីមួយករណីទៅមួយករណី​

បើ​តាមមើលទៅ លោក​ម៉ាក្រុងមិនមានជម្រើសច្រើនប៉ុន្មានទេ។ សេចក្តីសង្ឃឹមធំបំផុត របស់បក្សសម្ព័ន្ធលោក​ម៉ាក្រុង គឺការសហការជាមួយគណបក្សស្តាំនិយម ឈ្មោះ Les Républicains ដែលបក្សនេះ បានទទួលអាសនៈចំនួន​៦១។ តែបញ្ហាចោទ គឺមនុស្សនៅក្នុង​បក្សនេះ មាននិន្នាកាមិនស្របគ្នាទៅទៀត។ អ្នកខ្លះ បានអំពាវនាវ ថាត្រូវតែធ្វើកិច្ចសន្យា ចូលរួមក្នុងរដ្ឋាភិបាលជាមួយបក្សលោក​ម៉ាក្រុង ដើម្បី​កុំឲ្យ​ប្រទេសជាប់គាំង។ ក៏ប៉ុន្តែនៅព្រឹកនេះ លោក Christian Jacob ប្រធានគណបក្ស Les Républicains បានបញ្ជាក់ច្បាស់ៗតែម្តង គឺបក្សលោក​នឹងមិនចុះកិច្ចសន្យាចូលរួមអ្វីទាំងអស់ ជាមួយ​លោក​ម៉ាក្រុង។

យោងតាមមន្ត្រីគណបក្សរបស់​លោកម៉ាក្រុង បានអះអាងថា បើមិនបានការសហការជាផ្លូវការ និងបែបអចិន្ត្រៃយ៍ជាមួយ​បក្សណាមួយ ដើម្បី​បាន​សំឡេងភាគច្រើនក្នុងសភាទេ គឺគេនឹងព្យាយាមស្វែងរកសំឡេងភាគច្រើន ទៅតាម​ករណីនីមួយៗ។ មានន័យថា ដោយអាស្រ័យទៅ​តាម​អត្ថបទច្បាប់ ដែលត្រូវ​អនុម័តក្នុងសភា។ ករណីបែបនេះ ធ្លាប់កើតឡើងហើយ ចន្លោះពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ១៩៩១ ដែលកាលនោះ លោកនាយករដ្ឋមន្ត្រី Michel Rocard គ្មានសំឡេងភាគច្រើនក្នុងសភា ហើយ​បានចរចាជាមួយ​បក្សកុម្មុយនីស្តពេលធ្វើច្បាប់ខ្លះ ចំណែកច្បាប់ខ្លះទៀតងាកទៅចរចា ជាមួយបក្សកណ្តាលនិយម ដើម្បីធ្វើម៉េចឲ្យ​បានគ្រប់សំឡេងភាគច្រើនដាច់ខាត។

សម្រាប់​លើកនេះ បក្សសម្ព័ន្ធលោកម៉ាក្រុង អាចសង្ឃឹមចរចាជាលក្ខណៈបុគ្គល ជាមួយសមាជិកសភាខ្លះ នៃបក្សស្តាំនិយម Les Républicains ទាក់ទិននឹងច្បាប់ហិរញ្ញវត្ថុពន្ធដាជាដើម ចំណែកច្បាប់​ទាក់ទិននឹងកិច្ចការសង្គមកិច្ចវិញ គឺបក្សលោកម៉ាក្រុង អាចចរចាជាមួយបក្សឆ្វេងនិយម ឯករាជក្រៅសម្ព័ន្ធរបស់​លោក ម៉េឡង់ឆុង ដែលមានអាសនៈប្រហែល២២អាសនៈដែរ។

​លោក ម៉ាក្រុង អាចសម្រេច​រំលាយសភាចោល

ករណីនេះ ត្រូវបានអ្នកវិភាគនយោបាយខ្លះបានលើកឡើងដែរ។ ពោលគឺក្នុងករណី​ អ្វីៗរាំងស្ទះ គ្មានដំណោះស្រាយ គ្មានរដ្ឋាភិបាល ប្រទេសជាប់គាំងក្នុងវិបត្តិ។ ជាការពិត លោក​ប្រធានាធិបតី មានសិទ្ធិរំលាយសភា​ ដោយផ្អែកលើមាត្រា១២នៃរដ្ឋធម្មនុញ្ញ។ តែតាមនិតីរដ្ឋធម្មនុញ្ញបារាំង គឺប្រធានាធិបតីអាចរំលាយសភាបាន រៀងរាល់​១២ខែម្តង ពោលគឺរំលាយសភាមុនរួចហើយ ត្រូវចាំ​១សិន មុននឹងអាចរំលាយចោល​ម្តងទៀតបាន។ តែអ្នកជំនាញនីតិរដ្ឋធម្មនុញ្ញ កំពុងជជែកគ្នា ទាក់ទិននឹងករណី ដែល​សភាដែលត្រូវបាន​រំលាយ​ ពេល​ចប់អាណត្តិត្រូវបោះឆ្នោតថ្មី។ តើករណីនេះ លោក​ម៉ាក្រុងត្រូវចាំមួយឆ្នាំសិន ដែរឬទេ?

យ៉ាងណាក៏ដោយ ប្រភពពីរដ្ឋាភិបាលកំពុងតែភ័យណាស់ បារម្ភថាប្រាកដជាមានវិបត្តិ ស្ថាប័ននយោបាយ ស្ថាប័នរដ្ឋជាប់គាំងមិនខានទេ។ លោកស្រី Olivier Grégoire អ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងនៅព្រឹកនេះថា ជាមួយនឹងកាលៈទេសវិបត្តិសេដ្ឋកិច្ចផង បញ្ហាសង្គ្រាមនៅអ៊ុយក្រែនផង គឺបារាំងមិនអាចនៅគាំងទ្រឹងបានទេ គឺត្រូវដោះស្រាយបញ្ហាផ្ទៃក្នុងឲ្យបាន។ សំដីនេះ គឺហាក់មានន័យថា​ បើប្រទេសជាតិជាប់គាំង គ្មានស្ថិរភាព គឺវាមិនមែនជាកំហុសរបស់រដ្ឋាភិបាល ឬបក្សរបស់លោកម៉ាក្រុងទេ តែគឺមកពី​បក្សប្រឆាំងនៅសភា ដែលរឹងទទឹង មិនយកប្រយោជន៍ជាតិជាធំ គិតតែពីរារាំង ប្រឆាំងដោយ​គ្មានហេតុផលត្រឹមត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ