អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តុលាការ​កំពូល​អាមេរិក លុប​ចោល​សិទ្ធិ​រំលូតកូន ដែល​ធ្លាប់បាន​ការពារ​​ដោយច្បាប់​សហព័ន្ធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពីបាន​ចេញសាលក្រម ប្រកាសថាប្រជាជនអាមេរិក មានសិទ្ធិ​មានកាំភ្លើងជាប់ខ្លួន ពេលចេញដើរហើរនៅ​ទីសាធារណៈ តុលាការកំពូលអាមេរិក បានចេញសាលក្រមមួយទៀត នៅថ្ងៃសុក្រទី​២៤មិថុនា​ ប្រកាស​លុប​ចោល​សិទ្ធិរំលូតកូន ដែលសិទ្ធិនេះធ្លាប់​ត្រូវបានទទួលស្គាល់រួចហើយ ដោយ​សាលក្រមមួយ​ឆ្នាំ​១៩៧៣។ សេចក្តីសម្រេចរបស់​តុលាការកំពូលអាេមរិក នៅពេលនេះ បានធ្វើឲ្យ​កក្រើកទូទាំងសហរដ្ឋអាមេរិក ព្រោះវានឹងអាចបើកសិទ្ធិ ឲ្យរដ្ឋមួយចំនួនធំដឹកនាំដោយ​ក្រុមបក្សសាធារណរដ្ឋ​អភិរក្សនិយម អាចចេញច្បាប់ហាមឃាត់ស្ត្រីមិនឲ្យរំលូតកូន ឬដាក់ទោស​ទណ្ឌ​ លើស្ត្រីទាំងនោះថែមទៀតផង​។ ស្ត្រីនិងពលរដ្ឋទូទៅជាច្រើនម៉ឺននាក់ បានជួបជុំគ្នាធ្វើបាតុកម្ម នៅល្ងាចថ្ងៃសុក្រ បន្ទាប់ពីតុលាការកំពូលអាមេរិក បាន​ចេញសាលក្រម​ដ៏ចម្រូងចម្រាសនេះ។​

សកម្មជនទាមទារសិទ្ធិរំលូតកូន ធ្វើបាតុកម្មនៅខាងមុខតុលាការកំពូលសហរដ្ឋអាមេរិក។ រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ២៤មិថុនា ២០២២
សកម្មជនទាមទារសិទ្ធិរំលូតកូន ធ្វើបាតុកម្មនៅខាងមុខតុលាការកំពូលសហរដ្ឋអាមេរិក។ រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ២៤មិថុនា ២០២២ AP - Jacquelyn Martin
ផ្សាយពាណិជ្ជកម្ម

សិទ្ធិដែលគ្មានចែងក្នុងរដ្ឋធម្មនុញ្ញ

កម្លាំងបោកផ្ទប់នៃ​សាលក្រម​ របស់តុលាការកំពូលអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះ មិន​ខុសពី​រន្ទះផ្លេកបន្ទោរ ធ្វើឲ្យ​កក្រើកសង្គមអាមេរិកទាំងមូលតែម្តង។ ចាប់ពីពេលនេះ ទៅ សិទ្ធិស្ត្រីក្នុងការរំលូតកូន គឺលែងជាសិទ្ធិមូលដ្ឋាន ដែលការពារដោយ​ច្បាប់សហព័ន្ធទៀតហើយ។

សិទ្ធិនេះ ត្រូវបានកំណត់ការពារដោយ​សាលក្រមឈ្មោះ Roe v. Wade នៅឆ្នាំ១៩៧៣ នៃតុលាការកំពូល ដែលទទួលស្គាល់ថាការរំលូតកូន គឺជាសិទ្ធិឯកជនរបស់ស្ត្រីម្នាក់ៗ។ ក៏ប៉ុន្តែពេលនេះ តុលាការកំពូលដដែលនេះ បានចេញសាលក្រមមួយទៀត ចាត់ទុកជាមោឃៈនូវសាលក្រមឆ្នាំ​១៩៧៣។ ចៅក្រម​៦នាក់ ក្នុងចំណោម៩នាក់ នៃតុលាការកំពូលអាមេរិក បាន​សម្រេច​​កាលពីថ្ងៃម្សិលមិញ​ថា សិទ្ធិរំលូតកូន មិនត្រូវបាន​ចែងកំណត់ក្នុង​រដ្ឋធម្មនុញ្ញរបស់សហរដ្ឋ​អាមេរិកទេ។ ដូច្នេះ វាមិនមែនជាតួនាទីរបស់ច្បាប់សហព័ន្ធទេ ដែលត្រូវ​កំណត់​ការពារសិទ្ធិនេះ។ ចាប់ពីពេលនេះទៅ គឺរដ្ឋនីមួយ​ៗ ជាអ្នកមានសិទ្ធិធ្វើច្បាប់កំណត់ ចង់ហាមឃាត់ ចង់រឹតបន្តឹង ឬអនុញ្ញាត​ការរលូតកូន វាគឺជា​សិទ្ធិរបស់រដ្ឋសមាជិកនីមួយៗ។

អំណះអំណាង របស់​សាលក្រមនៃតុលាការកំពូលនេះ គឺវាបានបញ្ជាក់ អំពីទំនោរអភិរក្សនិយមខ្លាំងបំផុត​ ក្រោមហេតុផលថា សិទ្ធិអ្វីក៏ដោយ​ដែលមិនត្រូវ​បានកំណត់ឲ្យ​ច្បាស់ក្នុង​រដ្ឋធម្មនុញ្ញ គឺមាន​វាមិនមែនសិទ្ធិនោះមិនមែនជាសិទ្ធិមូលដ្ឋាន មិនអាចប៉ះពាល់បានទេ។ ពោលគឺខ្លឹមសាររដ្ឋធម្មនុញ្ញ​ ដែលមានចំណាស់តាំងតែពី​ចុងសតវត្សទី​១៨ គឺត្រូវតែគោរពគ្រប់ពាក្យ​គ្រប់ឃ្លា មិន​អាចបកស្រាយ​អ្វីផ្សេងបាន​ទេ។

អាមេរិកដើរថយក្រោយ​១សតវត្ស

តាមរយ​ៈសាលក្រមនេះ ច្បាប់សហព័ន្ធមិនអាចការពារស្ត្រីគ្រប់រូបនៅសហរដ្ឋអាមេរិក ឲ្យ​មានសិទ្ធិរំលូតកូនទៀតបានទេ។ ពោលគឺអ្វីៗអាស្រ័យ​លើ​ការកំណត់ តាមរដ្ឋនីមួយៗ។ មានន័យថា កុំថាឡើយ​ដោយ​ដល់ទៅសមភាពជាមួយបុរស សូម្បីតែរវាងស្ត្រីគ្នាឯង ក៏ស្ត្រីអាមេរិក លែងមានសិទ្ធិស្មើគ្នាដែរ។

លោកចូ បៃដិន បាន​ថ្លែងសន្ទរកថា ប្រតិកម្ម​នឹងសាលក្រមកាលពីថ្ងៃម្សិលមិញនេះ ដោយ​លោក​លើកឡើងថា អាមេរិកបានដើរថយក្រោយ​ដល់ទៅ១០០ឆ្នាំ វិលទៅរកសង្គមចាស់គំរិល​ ដែល​ដាក់​គំនៀបធ្វើបាបស្ត្រី។

តាមរយៈសាលក្រមនេះ អាមេរិកបានដើរផ្ទុយពីគេឯង បើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងៗទៀត ជាពិសេសក្នុងចំណោម​ប្រទេស​រីកចម្រើនលូតលាស់។ មិនថានៅអាមេរិកឡាទីន នៅអឺរ៉ុប ឬ​នៅ​អាស៊ី ប្រទេសភាគច្រើន បាន​ចាប់ផ្តើម​បន្ធូរបន្ថយ រៀបចំឲ្យ​ស្ត្រីមាន​សិទ្ធិរំលូតកូន​ដោយស្រប​ច្បាប់ ដោយ​មានសុវត្ថិភាព។ ប្លែកអីតែសហរដ្ឋអាមេរិក មហាអំណាចសេដ្ឋកិច្ចប្រជាធិបតេយ្យ​ តែបែជាចម្លែកខុសគេទៅវិញ ទាក់ទិននឹងសិទ្ធិរំលូតកូននេះ។​

ក្រៅពីលោកម៉ាក្រុង ប្រធានាធិបតីបារាំង លោកយូស្តាំង ទ្រុយដូ នាយករដ្ឋមន្ត្រីកាណាដា សូម្បីតែលោក​បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស ដែលជាមនុស្សអភិរក្សនិយមដែរនោះ ក៏បានប្រតិកម្ម​រិះគន់ដែរ ថាមិនគួរឡើយណា អាមេរិកដើរថយក្រោយ​បែបនេះ ហើយ​ការដើរថយក្រោយ​នេះ វានឹងជះឥទ្ធិពលគំរូអាក្រក់ ទៅកាន់បណ្តាប្រទេសផ្សេងៗទៀតទូទាំងពិភពលោក​មិនខាន។​

លោកស្រី មីឈែល បាឆឡេ ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បាន​ចេញលិខិតប្រកាសមួយ នៅថ្ងៃម្សិលមិញថា ប្រទេសចំនួន​៥០ប្រទេសដែលធ្លាប់​មាន​ច្បាប់តឹងតែងរឿងរំលូតកូន ពេលនេះបានកែប្រែវិវឌ្ឍន៍ច្រើនហើយ ២៥ឆ្នាំកន្លងមកនេះ។ សេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិកនេះ វាគឺជាការវាយ​បំបាក់ ទៅលើ​ការរីកចម្រើន នៃសិទ្ធិស្ត្រី សមាភាព​រវាងបុរសនិង​ស្ត្រី​។​

ស្ត្រីសកម្មជនទាមទារសិទ្ធិរំលូតកូនលើកបដា ស្តីបន្ទោសតុលាការកំពូលសហរដ្ឋអាមេរិក ដែលមកដាក់កំហិតហាមឃាត់ការរំលូតកូនរបស់ស្ត្រី តែបែជាមិនព្រម​រឹតបន្តឹងការកាន់កាប់អាវុធ។
ស្ត្រីសកម្មជនទាមទារសិទ្ធិរំលូតកូនលើកបដា ស្តីបន្ទោសតុលាការកំពូលសហរដ្ឋអាមេរិក ដែលមកដាក់កំហិតហាមឃាត់ការរំលូតកូនរបស់ស្ត្រី តែបែជាមិនព្រម​រឹតបន្តឹងការកាន់កាប់អាវុធ។ AP - Jae C. Hong

អរគុណលោកដូណាល់ ត្រាំ​!

ក្នុងអាណត្តិរបស់​គាត់ លោកដូណាល់ ត្រាំ បានតែងតែងចៅក្រមតុលាការកំពូល ដល់ទៅ៣នាក់ព្រមគ្នា ដែលសុទ្ធតែជាមនុស្សមានទំនោរអភិរក្សនិយម។ កាលនោះ គ្រប់គ្នាបានបង្ហាញការបារម្ភធំណាស់ ថាអាមេរិក​នឹងដើរបត់ក្បាលទៅរក​ចរន្តអភិរក្សនិយម បែបចាស់គំរិល យកប្រពៃណី​សាសនាកាតូលិកបុរាណ​ហួសសម័យ​មកអនុវត្ត ដោយ​មិនខ្វល់ពី​ការវិវ្ឍន៍ និងបញ្ហាក្នុងតថៈភាពជាក់ស្តែងនៃសង្គមបច្ចុប្បន្ន។​

ពេលនេះ យើងបានឃើញជាក់ស្តែងហើយ នូវទំនោរអភិរក្សនិយមបែបនេះ។ យ៉ាងណាមិញ រឿងសិទ្ធិកាន់កាប់អាវុធជាដើម ដែលកាលពីថ្ងៃព្រហស្បតិ៍ តុលាការកំពូលនេះ បាន​ចេញ​សាលក្រម​ប្រកាសថា ពលរដ្ឋអាមេរិកគ្រប់រូបមានសិទ្ធិមានអាវុធមានកាំភ្លើងជាប់ខ្លួន ពេលចេញដើរហើរក្រៅផ្ទះ។ ការសម្រេចដោយ​មិនខ្វល់ពី​បញ្ហាសង្គម​ដែលកើតមាននាពេលបច្ចុប្បន្ន ជាមួយនឹងការបាញ់រះ ស្លាប់មនុស្សរាប់ម៉ឺននាក់ជារៀង​រាល់ឆ្នាំនៅអាមេរិក។

បច្ចុប្បន្ននេះ ក្នុងចំណោមចៅក្រមទាំង៩នាក់ គឺមានតែ៣នាក់ទេ មិនមានទំនោរមិន​អភិរក្ស​និយម។ លោកស្រី Mary Frances Berry សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសកលវិទ្យាល័យផេនស៊ីលវ៉ានី បាន​លើកឡើងថា ទំនោរអភិរក្សនិយមនៃតុលាការកំពូល ដែលជាស្ថាប័ន​យុត្តិធម៌កំពូល និងជាអ្នក​ការពាររដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកនេះ គឺជា​ស្នាដៃ​បស់​លោកដូណាល់ ត្រាំ​ច្បាស់ណាស់។ បញ្ហាធំបំផុតនោះ ចៅក្រុមទាំងនេះត្រូវបានតែងតាំងអស់មួយជីវិត គ្មាននរណាអាចមកប៉ះពាល់បានទេ។​ ជាងនេះទៀត ចៅក្រម​ដែលលោកត្រាំបានតែងតាំង សុទ្ធតែមានវ័យ​នៅមិនទាន់ចាស់ខ្លាំងទេ ដែលវាមានន័យថា នឹងអាចមានការសម្រេច​ដើរថយក្រោយ​ បែបចាស់គំរិលអភិរក្សនិយមរៀបនេះ ច្រើន យូរឆ្នាំទៅមុខទៀត។

លោក ដូណាល់ ត្រាំ បានអួតថា ការសម្រេចរបស់​តុលាការកំពូលរឿងសិទ្ធិរំលូតកូននេះ គឺការសម្រេចជាប្រវត្តិសាស្ត្រ ហើយ​ក៏ដោយសារតែគាត់ដែរ ដែល​បាន​គោរពការសន្យានយោបាយ​ ព្រោះគាត់ជាអ្នកតែងតាំងចៅក្រមថ្មីដល់ទៅ​៣នាក់។ លោកត្រាំ កំពុងតែស្រូបយកប្រជាប្រិយភាព ពីក្រុមអ្នកអភិរក្សនិយម ដើម្បីសង្ឃឹម​វិលមកឈរឈ្មោះ ឈ្នះឆ្នោតនៅឆ្នាំ​២០២៤ខាងមុខ។ តែយ៉ាងណា មតិខ្លះទៀតលើកឡើងថា ទំនោរកាន់តែអភិរក្សនិយមរបស់​តុលាការកំពូលអាមេរិកនេះប្រាកដជានឹងរុញអ្នកប្រជាធិបតេយ្យ ឲ្យ​ផុសផុលខ្លាំង ដើម្បីទប់កុំឲ្យ​លោកត្រាំ និងបក្សសាធារណរដ្ឋ ត្រលប់​មកដឹកនាំប្រទេសវិញឲ្យសោះ។​

ស្ត្រីអាមេរិក​៣៣លាននាក់ ដែលនឹងរងគ្រោះ​

ចាប់ពីពេលនេះទៅ គឺស្ត្រីអាមេរិកចំនួនប្រមាណ​៣៣លាននាក់ ដែលអាចប្រឈមនឹងបញ្ហា មិនអាចរំលូតកូនបាន ព្រោះគ្មានទីកន្លែងដែលរំលូតដោយសុវត្ថិភាព ឬក៏អាចប្រឈមនឹងទោស ត្រូវគេពិន័យជាប្រាក់ ឬអាចជាប់គុកផង ក៏ថាបាន បើគេតាមទាន់។​

បើតាមការប៉ាន់ស្មាន រដ្ឋចំនួន​២៦ ក្នុងចំណោម៥៣រដ្ឋ គឺអាចនឹងកែប្រែច្បាប់ រិតបន្តឹងការរំលូតកូន ឬអាចហាមឃាត់ទាំងស្រុងតែម្តង ទោះក្នុងករណីណាក៏ដោយ។ រដ្ឋទាំងនេោះ ភាគច្រើនជារដ្ឋ​អភិរក្សនិយមខ្លាំង ដូចជា តិចសាស់ ល្វីសយ៉ាន មីស៊ូរី និងអូក្លាហូម៉ាជាដើម។ បច្ចុប្បន្ននេះ យ៉ាងហោចណាស់ មាន​ករណីរំលូតកូន ចំនួន ៣សែនករណី ក្នុងមួយឆ្នាំ នៅតាមរដ្ឋទាំងអស់នេះ។ ដូច្នេះសួរថា បើហាមឃាត់មិន​ឲ្យស្ត្រីរំលូតកូន តើ​ករណីទាំង​៣សែនករណីក្នុងមួយឆ្នាំ នៅតាមរដ្ឋទាំងនោះ នឹងទៅជាយ៉ាងណា? បើ​ច្បាប់រារាំង គឺស្ត្រីអាចនឹងស្វែងរកសេវាក្រៅច្បាប់ បានន័យរំលូតកូនដោយលួចលាក់។​

ការរំលូតកូន ដែលមិនធ្វើទៅតាមក្បួនច្បាប់ពេទ្យត្រឹមត្រូវ គឺគ្រោះថ្នាក់ខ្លាំងណាស់ អាចស្លាប់។​ ស្ត្រីដែលរំលូតកូន គឺជាទូទៅ មិនចេះតែចង់​តាមតែចិត្តនឹកឃើញនោះទេ។ វាអាចជាករណី ពពោះដោយ​រំលោភសេពសន្ទវៈជាដើម។ ស្ត្រីខ្លះគ្មានជំរើស ព្រោះជីវភាពក្រីក្រខ្លាំង មានកូនក្នុងបន្ទុកច្រើនរួចហើយ ជាដើម។

រដ្ឋដែនជំរក សម្រាប់ស្ត្រីដែលចង់រំលូតកូន​

រដ្ឋមួយចំនួន ដែលមានទំនោរ « រីកចម្រើននិយម » ដូចជារដ្ឋញូយ៉ក រដ្ឋកាលីហ្វ័រញ៉ា រដ្ឋវ៉ាស៊ីនតោន និងរដ្ឋ​មាសាជូសេតជាដើម អភិបាលរដ្ឋទាំងនេះបានប្រកាសថា គឺនឹងត្រៀមកម្លាំងពេទ្យនិងហេដ្ឋរចនាសម្ព័ន្ធ ដើម្បីទទួលស្ត្រីអាមេរិកទាំងអស់ ដែលចង់មករំលូតកូន នៅក្នុងរដ្ឋគេ។ នៅតាមរដ្ឋទាំងនេះ ទាំង​អ្នកនយោបាយ​បក្សប្រជាធិបតេយ្យ ទាំងសកម្មជនសិទ្ធិស្ត្រី និង​ក្រុមគ្រូពេទ្យ​​ផង បានរួមគ្នាប្រកាសថានឹងរួមគ្នា ធ្វើឲ្យ​រដ្ឋគេក្លាយជាទីដែនជម្រកសម្រាប់ស្ត្រី ដែលចង់មក​រំលូតកូនដោយសុវត្ថិភាព។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា អូរ៉េហ្កុន និង វ៉ាស៊ីនតោន តាមប្រកាសថានឹងរួម​គ្នាបញ្ចេញកញ្ចប់ប្រាក់ចំនួន ១៥២លានដុល្លារ ដើម្បី​ជួយ​ដល់សេវាកម្មរំលូតកូន។​ លោកស្រី Kathy Hochul អភិបាលរដ្ឋញូយ៉កអះអាងថា លោកស្រីនឹងចំណាយ​ ៣៥លានដុល្លារបន្ថែមទៀត ក្នុងវិស័យនេះ

តែយ៉ាងណា សម្រាប់ស្ត្រីក្រីក្រ វ័យក្មេងជាដើម គឺមិនអាចចំណាយ​ប្រាក់​ធ្វើដំណើរ ឆ្លងពីរដ្ឋមួយទៅ​រដ្ឋមួយ ដើម្បីរំលូតកូន​បាន​ទេ។ ដូច្នេះបន្ទុកលំបាកនឹងធ្លាក់ទៅលើពួកគេ ទៅថ្ងៃខាងមុខ ដែលត្រូវតែបង្ខំចិត្តពពោះ សម្រាល និងចិញ្ចឹមកូន នៅក្នុងលក្ខខណ្ឌ​ជីវភាពលំបាក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ