អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និសីទ​មហាសមុទ្រ បិទ​បញ្ចប់​ទៅ​ជាមួយ​នឹង​ក្តីសង្ឃឹម ក្នុង​ការ​ការពារ​​ប្រព័ន្ធជីវចម្រុះ​សមុទ្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទអន្តរជាតិ​​ស្តីពីមហាសមុទ្រ ដែលត្រូវបាន​រៀបចំឡើងនៅទីក្រុងលីសបូន ប្រទេសព័រទុយហ្កាល់ បានបិទបញ្ចប់ទៅកាលពីថ្ងៃសុក្រ ទី១កក្កដា។  មហាសមុទ្រដែលមានតួនាទីសំខាន់បំផុត ដល់អាយុជីវិតរបស់​មនុស្សជាតិយើង ហើយ​បច្ចុប្បន្ននេះមហាសមុទ្រ កំពុងតែមានសុខភាពទ្រុឌទ្រោម ខូចគុណភាព មិនអាច​បំពេញ​តួនាទីដ៏សំខាន់របស់ខ្លួនបាន​។ ឆ្លងកាត់ការជជែកពិភាក្សាគ្នា រវាងតំណាងរដ្ឋាភិបាល​ជាង​១៩០​ប្រទេស និង​ក្រុមអ្នកជំនាញ​ អស់រយៈពេល​៥ថ្ងៃមក​នេះ គេឃើញថា មានក្តីសង្ឃឹមច្រើន នៅក្នុុង​ការ​ឈានទៅកំណត់​វិធានការ ដើម្បីការពារ និង​ស្រោចស្រង់ ប្រព័ន្ធជីវចម្រុះនៃមហាសមុទ្រ។

លោក Peter Thomson ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិ ទទួល​បន្ទុក​កិច្ចការសមុទ្រ កំពុងថ្លែងទៅកាន់អង្គសន្និសីទនៅទីក្រុងលីសបូន ថ្ងៃទី ១កក្កដា ២០២២
លោក Peter Thomson ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិ ទទួល​បន្ទុក​កិច្ចការសមុទ្រ កំពុងថ្លែងទៅកាន់អង្គសន្និសីទនៅទីក្រុងលីសបូន ថ្ងៃទី ១កក្កដា ២០២២ AP - Armando Franca
ផ្សាយពាណិជ្ជកម្ម

ទឹកដល់ច្រមុះ

មនុស្សយើងកន្លងមក អាងតែថាមើលមិនឃើញនៅក្នុងទឹក និងនៅបាតសមុទ្រ គឺមិនសូវចាប់អារម្មណ៍ មិនសូវខ្វល់ទេអំពីសុខភាពសមុទ្រ។ កាកសំណល់គ្រប់មុខ ទាំងសារធាតុពុល ទាំងសំរាម​ប្លាស្ទិក ចោលទៅក្នុង​សមុទ្រ ទាំង​ដែលការពិត​ គឺមនុស្សយើងខ្លួនឯង រស់រំពឹង​នឹង​ចំណី​អាហារ ប្រូតេអ៊ីនបានមកពីក្នុងសមុទ្រ។ សមុទ្រមិនត្រឹមតែជាអ្នក​ស្រូបយកឧស្ម័នកាបូនិ​កប៉ុណ្ណោះ​ទេ សមុទ្រ​គឺជាអ្នក​បញ្ចេញ​នូវ​ឧស្ម័ន​អុកស៊ីសែនបរិសុទ្ធ ឲ្យ​មនុស្សយើងអាចដកដង្ហើមរស់បាន​។

សន្និសីទអន្តរជាតិស្តីពីសមុទ្រ មិនសូវដែលមានទេ។ សន្និសីទនៅទីក្រុង​លីសបូន ដែល​បានបើក​ទ្វារ​ពេញ​មួយសប្តាហ៍​​កន្លងមកនេះ គឺជាលើកទី ២ប៉ុណ្ណោះ បន្ទាប់ពីលើកទី១ធ្វើនៅញូយ៉ក ឆ្នាំ​២០១៧​។ ចំនុចមួយទៀត ដែលបង្ហាញថាពិភពលោកយើង មិនសូវខ្វល់ពី​មហាសមុទ្រ គឺ​គម្រោង​អង្គការសហប្រជាជាតិ កំណត់​កម្មវត្ថុ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពនៃមហាសមុទ្រ គឺជាគំរោង ដែល​​បាន​ទទួល​ថវិកា​វិភាគទាន តិច​ជាង​គេ​បំផុត ក្នុង​ចំណោម​​គម្រោង​​ធំៗ​ទាំង​​១៧ ពី​នេះ​ដល់​ឆ្នាំ​​២០៣០​។​

តែ​យ៉ាងណា សន្និសីទ​​រយៈពេល​៥ថ្ងៃមកនេះ បានបង្ហាញថាប្រទេសទាំងអស់ ចាប់ផ្តើមយល់​ពីសារៈ​សំខាន់​នៃ​មហាសមុទ្រ ហើយ​ជាពិសេសនេះ គឺ​បន្ទាប់ពីឃើញនូវហានិភ័យទាំងឡាយ​នៅ​ចំពោះមុខ​។​ ទឹក​សមុទ្រ​ឡើងកំដៅ ឡើងកំពស់ និង​​ឡើងកម្រិតជាតិអាស៊ីត។ កាកសំណល់ប្លាស្ទិកបន្ថប់ដង្ហើមសមុទ្រ ធនធាន​ត្រី​និង​ប្រព័ន្ធជីវចម្រុះនានាក្នុងសមុទ្រ កំពុងតែបាត់បងតុល្យភាព។ កត្តាទាំងអស់នេះ គឺវាបាននឹងកំពុងតែជះផល​វិបាក មកលើ​ជីវិត ជីវភាព សុខភាព​របស់​មនុស្ស​យើង ជាពិសេសនៅតាម​ប្រទេសក្រីក្រ។

លោក Olivier Poivre d’Arvor អគ្គរដ្ឋទូតសុច្ឆន្ទៈរបស់បារាំង ទទួល​បន្ទុក​កិច្ចការតំបន់ប៉ូល​និងធនធាន​សមុទ្រ បាន​លើកឡើងថា ឆ្លងកាត់​សន្និសីទរយៈពេល​៥ថ្ងៃ នៅ​ក្រុងលីសបូន​នេះ គឺថាជារួម​​ ប្រទេសទាំងអស់ និង​អ្នកជំនាញ​​មានការ​ឯកភាពគ្នា ទាក់ទិននឹង​សារៈសំខាន់ ក៏ដូចជាភាពបន្ទាន់ ដែលត្រូវតែ​ការពារ​មហាសមុទ្រ​របស់​​យើង​។​

សេចក្តីថ្លែងការណ៍​រួមជាឯកច្ឆ័ន្ទ

សន្និសីទនៅទីក្រុងលីសបូន បានបិទបញ្ចប់ ជាមួយ​នឹង​សេចក្តីថ្លែងការណ៍​រួមជាឯកច្ឆ័ន្ទ របស់​ប្រទេស​ទាំង​១៩៣​ប្រទេស ​នៃ​អង្គការសហប្រជាជាតិ ដែលបានទទួលស្គាល់ថា ត្រូវតែ​រួមគ្នាប្រឹងប្រែង ប្រកប​ដោយ​​ភាព​ក្លាហាន ដើម្បីការពារអភិរក្សមហាសមុទ្រ។ ថ្វីត្បិតតែការប្រកាសនេះ វាគ្មាន​កម្លាំង​ចាប់បង្ខំ​ផ្លូវ​ច្បាប់មែន តែយ៉ាងណា វាបង្ហាញ​ពី​ការឆ្វេងយល់ និង​បំណង​ក្នុងការដោះស្រាយបញ្ហា ទាក់ទិននឹង​សុខភាព​មហាសមុទ្រ​នេះ។​

លោក Peter Thomson ប្រេសិត​ពិសេស​នៃ​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​កិច្ចការសមុទ្រ បាន​លើកឡើងថា ការបាត់បង់​នូវប្រព័ន្ធជីវចម្រុះ ការចុះទ្រុឌទ្រោមនៃសុខភាពសមុទ្រ ព្រមទាំង​កម្រិត​អាសន្នធំឡើងៗ ទាក់ទិននឹង​​វិបត្តិអាកាសធាតុនេះ គឺមានមានចំនុចរួមតែមួយ​។ ចំនុចរួមនោះ គឺ​ទង្វើរបស់​មនុស្ស​លោក​យើង។​ គឺវាមកពីមនុស្ស​យើង ដែល​ងុបងុល ជាមួយ​​នឹងការប្រើ​ប្រេង​ឥន្ធនៈ ប្រើហ្កាស និង​​កាកសំណល់ប្លាស្ទិក​ជាដើម។ ដូច្នេះ គឺទម្លាប់របស់មនុស្សយើង ដែលត្រូវតែផ្លាស់ប្តូរ ដើម្បីស្រោចស្រង់ ការពារសមុទ្រ ហើយ​ស្រោចស្រង់អាយុជីវិតរបស់់មនុស្សជាតិខ្លួន​ឯង។​

​សង្គ្រោះ​​ប្រព័ន្ធជីវចម្រុះ​ទាំងក្នុងទឹក និងលើគោក

តាមរយៈសន្និសីទ​នៅលីសបូន គឺក្រុម​ប្រទេសទាំងអស់ បានកំណត់​នូវ​ដំណាក់កាល​ជជែក​គ្នា មួយ​ជំហាន​ម្តងៗ ឆ្ពោះទៅ​សម្រេចកម្មវត្ថុរួម​​។ នៅខែសីហាខាងមុខនេះ នៅទីក្រុងញូយ៉ក គឺគេ​នឹង​ពិភាក្សាគ្នា ឈានទៅអនុម័ត​សន្ធិសញ្ញាការពារ​​ប្រព័ន្ធ​ជីវចម្រុះ​នាយសមុទ្រ ពោល​គឺ​ដែន​សមុទ្រ​ ​ដែល​នៅ​ឆ្ងាយ​​ក្រៅ​​តំបន់​​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​​​ប្រទេស​នីមួយៗ។ បន្ទាប់មកទៀត គឺនៅមាន​សន្និសីទ​COP27 ស្តីពីអាកាសធាតុ នៅខែវិច្ឆិកា ហើយ​COP15 ស្តីពី​ប្រព័ន្ធជីវចម្រុះ​នៅ​ម៉ុងរ៉េអាល់ នៅខែធ្នូ។

សន្ទុះវិជ្ជមាន​នៅក្នុងសន្និសីទ​ក្រុងលីសបូន​​៥ថ្ងៃមកនេះ បាន​បង្ហាញពី​ក្តីសង្ឃឹម​ច្រើនណាស់។ ក្តីសង្ឃឹម​ដ៏ធំបំផុតនោះ គឺ​ការ​ឈានទៅ​សម្រេចបាន នូវ​សន្ធិសញ្ញាអន្តរជាតិ គ្រប់គ្រង​កាកសំណល់ប្លាស្ទិកនៅទូទាំងពិភពលោក ព្រមទាំងការសន្យាបង្កើត តំបន់​អភិរក្ស​ទាំងផ្ទៃសមុទ្រនិងនៅលើដី ឲ្យ​បាន៣០% នៃផ្ទៃផែនដី​ទាំងមូល​។​ បញ្ហានេសាទ​​ជ្រុល​ហួសហេតុ ក៏ត្រូវបានគេលើក​មកជជែកគ្នាដែរ បន្ទាប់ពីអង្គការពាណិជកម្មពិភពលោក បាន​​សម្រេច​​ហាមឃាត់​ការផ្តល់​ប្រាក់​វិនិយោគក្នុងវិស័យនេះ​។​

បង្កើត​ក្របខណ្ឌច្បាប់អន្តរជាតិ​​ដើម្បី​ការពារបាតសមុទ្រ

បច្ចុប្បន្ននេះ មានក្របខណ្ឌច្បាប់អន្តរជាតិតែមួយគត់ ដែលគ្រប់គ្រង​ដែននាយសមុទ្រអន្តរជាតិ ផុត​ពី​តំបន់សេដ្ឋកិច្ចផ្តាច់មុខ។ គឺសន្ធិសញ្ញា ​Montego Bay ចុះនៅឆ្នាំ​១៩៨២ តែ​សន្ធិសញ្ញានេះ កំណត់​ពាក់ព័ន្ធតែ​ការគ្រប់គ្រង តែ​លើ​ផ្ទៃទឹកសមុទ្រតែប៉ុណ្ណោះ ដោយ​មិន​បាន​និយាយអ្វីទាំងអស់ ​អំពី​បាទសមុទ្រ។ ហេតុដូច្នេះហើយ បាន​ជា​អង្គការសហប្រជាជាតិ កំពុងតែប្រឹងប្រែង សម្រេចឲ្យ​បាននូវក្របខណ្ឌច្បាប់អន្តរជាតិថ្មីមួយ ដើម្បីគ្រប់គ្រង​ចាត់ចែង​ការពារ​បាតសមុទ្រ នៃដែននាយសមុទ្រ។

បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែរីកចម្រើន ធ្វើឲ្យ​គេ​អាចចូលទៅរុករក​ធនធានរ៉ែនៅបាតសមុទ្រ បាន​​កាន់តែ​ងាយ។ ជាងនេះទៀត តម្រូវការរបស់មនុស្ស​មានកាន់តែខ្លាំង ព្រោះត្រូវការ​រ៉ែកម្រៗជាច្រើន យកម​កផលិត​ថ្មទូរស័ព្ទ ថ្មរថយន្តអគ្គិសនី​ជាដើម​។ រ៉ែកូបាល់ត៍ រ៉ែស្ពាន់ និង​ម៉ង់​កាណែ ជាដើម កំពុង​ទាក់ទាញក្រុម​ហ៊ុនឧស្សាហកម្មរ៉ែធំៗ។ ជាក់ស្តែង អាជ្ញាធរអន្តរជាតិទទួលបន្ទុកបាតសមុទ្រ បានទទួលការពាក្យ​ស្នើសុំអាជ្ញាបណ្ណចំនួន៤ហើយ ដើម្បីរុករករ៉ែនៅបាតសមុទ្រ នៃដែនទឹកអន្តរជាតិ។

បើ​គ្មាន​ក្របខណ្ឌច្បាប់អន្តរជាតិគ្រប់គ្រងឲ្យ​ទាន់ពេលវេលាទេ គឺ​បាតសមុទ្រអាចនឹងខ្ទេចខ្ទីដោយ​សារសកម្មភាពរុករករ៉ែទាំងនេោះ ទៅថ្ងៃមុខ។ លោក​ប្រធានាធិបតីកោះប៉ាឡាអូស បាន​អំពាវនាវមុនគេ នៅក្នុង​សន្និសីទក្រុងលីសបូន ថាត្រូវតែប្រញាប់រៀបចំក្របខណ្ខច្បាប់ ការពារបាតសមុទ្រពីការរុករករ៉ែដោយ​គ្មានការទទួលខុសត្រូវ ឲ្យ​បាន​។ តែយ៉ាងណា មន្ត្រីជំនាញ​មួយចំនួន​ បានបង្ហាញ​ការ​បារម្ភថា ប្រទេសជាច្រើននៅស្ងាត់ស្ងៀម ទាក់ទិននឹងបញ្ហានេះ ព្រោះផលចំណេញហិរញ្ញវត្ថុ​ បានមកពីធនធានរ៉ែបាតសមុទ្រ អាចមានទំហំធំ ដែល​តម្រូវឲ្យ​គេត្រូវគិតគូរ។ អ្នក​ជំនាញ​​​ទទួល​​ស្គាល់ថា ក្នុង​បញ្ហា​រុករកធនធានរ៉ែបាតសមុទ្រនេះ គឺ​អាចនឹងលំបាក​បន្តិចក្នុងការនិយាយចរចាគ្នា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ