អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង់គ្លេស៖លោកបូរីស ចនសុនចុះ​ពី​កៅអី​ប្រធានបក្ស​អភិរក្សនិយម និង​បន្ត​អង្គុយកៅអីនាយករដ្ឋមន្រ្តី​រហូត​ដល់​មាន​អ្នក​ថ្មី​ជំនួស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​អង់គ្លេស, នាយករដ្ឋមន្រ្តី​ លោក បូរីស ចនសុន បាន​ប្រកាសលាលែងចុះពីតំណែងប្រមុខគណបក្ស​អភិរក្សនិយម ហើយ​បន្ត​កាន់​តំណែងនាយករដ្ឋមន្ត្រី​បណ្តោះ​អាសន្ន​ មួយ​រយៈ​សិន ទម្រាំ​មាន​ការ​បោះឆ្នោត​ជ្រើស​តាំង​ថ្មី​​​។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​​ទៅកាន់ប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ ទី​៧កក្កដា និងដែល​​ធ្វើ​ឡើង​បន្ទាប់ពី​មាន​រឿង​អាស្រូវ​ផ្ទួនៗ  ហើយ សមាជិករដ្ឋាភិបាល​ និង ​រដ្ឋមន្ត្រី កាន់តែ​ច្រើននាក់ ​សុំ​ចុះចេញពីតំណែង​ជាបន្តបន្ទាប់​ នាពេល​៣ថ្ងៃមកនេះ​។ ​

លោក បូរីស ចនសុន បាន​ប្រកាសលាលែងចុះពីតំណែងប្រមុខគណបក្ស​អភិរក្សនិយម ហើយ​បន្ត​កាន់​តំណែងនាយករដ្ឋមន្ត្រី​បណ្តោះ​អាសន្ន​ មួយ​រយៈ​សិន ទម្រាំ​មាន​ការ​បោះឆ្នោត​ជ្រើស​តាំង​ថ្មី​​​។
លោក បូរីស ចនសុន បាន​ប្រកាសលាលែងចុះពីតំណែងប្រមុខគណបក្ស​អភិរក្សនិយម ហើយ​បន្ត​កាន់​តំណែងនាយករដ្ឋមន្ត្រី​បណ្តោះ​អាសន្ន​ មួយ​រយៈ​សិន ទម្រាំ​មាន​ការ​បោះឆ្នោត​ជ្រើស​តាំង​ថ្មី​​​។ AFP - JUSTIN TALLIS
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាសចុះចេញពីតំណែងជាប្រមុខដឹកនាំបក្សកាន់អំណាចមិនមែន​ជារឿង​ភ្ញាក់​ផ្អើលពេក​ទេ។​

​គេដឹង​គ្រប់​គ្នា​ហើយ ថា​ ប្រជាប្រិយភាព​របស់​នាយករដ្ឋមន្ត្រីអង់គ្លេស​រូបនេះ បាន​ចុះ​ស្រុត​ខ្លាំងមែនទែន ហើយ​សំណើ​សុំ​ឲ្យរូប​លោក ​ចុះ​ពី​តំណែង ក៏​មាន​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន រាប់​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ នៅក្នុង​ជួប​បក្ស​កាន់អំណាច​ខ្លួន​ឯង ហើយ​និង ​ក្នុង​រង្វង់​សមាជិកគណៈ​រដ្ឋមន្ត្រី​របស់​លោក​ផង។ រដ្ឋមន្ត្រី​ដែល​សុំ​ចុះ​ពីតំណែង​ជាបន្តបន្ទាប់ បាន​សរសេរ​ផ្តាំផ្ញើ​ផង ​ដាស់​តឿន​ផង និងអង្វរករផង សុំ​ឲ្យ ​លោក​ ចនសុន លាឈប់​ទៅ ចុះ​ពី​តំណែង​ទៅ​​ ដើម្បីប្រយោជន៍​បក្ស​និង​ប្រយោជន៍​ជាតិមាតុភូមិ​។

ស្ថានការណ៍កាន់តែទុំជោរខ្លាំង​ ក្នុង​បីថ្ងៃចុងក្រោយ​នេះ គឺចាប់ពីថ្ងៃអង្គារមក  មានសមាជិករដ្ឋា​ភិបាល ៥៧នាក់ បាន​សុំចុះចេញពីតំណែង​ ព្រមៗគ្នា​ ក្នុងនោះ​ មានរដ្ឋមន្ត្រី ដ៏ទៅ៥នាក់​ ក៏ចុះចេញពីតំណែងបន្តកន្ទុយគ្នាដែរ​ ពីថ្ងៃ​អង្គារ​មក​។ សូម្បីតែ រដ្ឋមន្ត្រីមួយ​ចំនួន ដែលទើបតែតែងតាំងជំនួសតំណែងថ្មីៗ កាលពីថ្ងៃអង្គារសោះ គឺធ្វើការមិនបាន​បីថ្ងៃស្រួល​បួល​ផង ក៏សុំលាលែងពីតំណែងទៅទៀត។

រច​នា ក្នុង​សប្តាហ៍​នេះ មានការ​ស្ទង់​មតិ​ស្តីពី​ចំណាត់​ថ្នាក់​ប្រជាប្រិយ​ភាព​របស់​លោក និង​ឆន្ទៈ​របស់​ពលរដ្ឋ​អង់គ្លេស​ ថា​ចង់​ឲ្យ​លោក​ ចនសុន​នៅ​បន្ត​ឬ​ចុះ​ពីតំណែង។ លទ្ធផល​ គឺ ពលរដ្ឋ​អង់គ្លេស ប្រមាណ ​​៧០% ​ចង់​ឲ្យ​លោក​ចុះចេញពី​តំណែង​។

លោក បូរីស ចនសុន ​ត្រូវពួកអ្នកគាំទ្រការផ្តាច់ខ្លួនពីអឺរ៉ុប ចាត់ទុក​ថា វីរបុរស មួយ​រូប​

​លោក បូរីស ចនសុន ចូល​កាន់អំណាច​នៅរដូវ​ក្តៅ ខែកក្កដា ​ឆ្នាំ​២០១៩ ហើយ​នៅខែមករា ដើមឆ្នាំ​២០២០ លោក​បាន​សម្តេច ​ជោគជ័យ​ ដកខ្លួន​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប ទោះបី​ជាក្នុង​តម្លៃ​ណាក៏ដោយ។ រឿង​នេះ ត្រូវពួក​អ្នក​គាំទ្រ​ការ​ផ្តាច់​ខ្លួន​ពីអឺរ៉ុប ចាត់ទុក​រូបលោក ថា​ជា​វីរបុរស ផង​។​ ក៏ប៉ុន្តែ លោក បូរីស ចនសុន អាយុ៥៨ឆ្នាំ បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ទី១ ដែល​ជួប​រឿង​អប្រជាប្រិយភាព​ខ្លាំងជាងគេ ក្នុង​ប្រវត្តិ​សាស្ត្រ​នយោបាយ​អង់គ្លេស​។

ពោលគឺមានការ​ភូត​កុហក​ច្រើន​នៅក្នុង​ដំណើរ​ការ​ដឹកនាំ​ជាតិ, នាំ​ឲ្យ​មាន​កំហឹង​ប្រជាជន, ការ​ធុញទ្រាន់​ចំពោះ​អ្នក​នយោបាយនិង​អ្នក​តំណាង​រាស្ត្រ ហើយ​បង្ក​ឲ្យ​មាន​ចលនា​ប្រឆាំង​​ច្រើន​នៅក្នុងសង្គម។ មិនតែប៉ុណ្ណោះ ក្រោម​ការ​ដឹកនាំរបស់​លោក គឺ​អង់គ្លេស​បាន​ជួប​នឹងបញ្ហា​​អតិផរណា​ទំនេញ ដល់ទៅ​៩% ដែល​គេ​ពុំ​ធ្លាប់​ជួប​ទេ ពីមុនមក​។​

បញ្ហាខ្លាំង​ជាបន្តបន្ទាប់​ គួរ​ឲ្យ​កត់​សម្គាល់​ គឺចាប់តាំងតែ​ពីពេល​មាន​រឿងអាស្រូវ ផឹក​ស៊ី​ជប់​លៀង​ ​នៅ​ក្នុងនិវេសដ្ឋាន​​នាយករដ្ឋមន្រ្តី ខណៈ​ពេល​ដែល​ នគរអង់គ្លេស និង​ពិភពលោក ​កំពុង​ស្ថិត​ក្នុង​ការ​បិទខ្ទប់​ ដោយ​កូវីដ១៩ កាល​ពី​ឆ្នាំ ២០២១។

ក្រោយមកទៀត​ នៅ​មាន​រឿង​អាស្រូវ​ផ្លូវភេទ​ជា​ច្រើន​នៅ​ក្នុង​សភា  ជាក់ស្តែង មាន​តំណាងរាស្រ្ត​ម្នាក់​ដែល​ជាប់ចោទ​ពី​បទ​ចាប់​រំលោភ​ត្រូវ​នគរបាល​​ចាប់​ខ្លួន រួច​ត្រូវ​​ដោះលែងវិញ។ ​តំណាងរាស្រ្ត​ម្នាក់​ទៀត​បាន​លា​ចុះ​ពី​តំណែង​ក្នុង​ខែ​មេសា ក្រោយ​ពី​បាន​មើលរឿង​​កុនកូន​ជ្រូក ​អាសអាភាស​លើ​ទូរស័ព្ទ​ដៃ​ នៅ​ក្នុងមន្ទីរ​រដ្ឋ​​សភាជាតិ​។

នៅថ្ងៃព្រសហ្បតិ៍ ទី​៧កក្កដា​ ក្រោយការ​ប្រកាសរបស់​លោក ចន សុន ​លាចុះពី​តំណែង​ថ្នាក់ដឹកនាំ​បក្ស​អភិរក្សនិយម ​គឺ​ខាង​បក្ស​កាន់​អំណាច បាន​ធូរ​ទ្រូង​បន្តិច​ ហើយ​នៅ​ខាង​ថ្នាកដឹកនាំ​បក្ស​ប្រឆាំង​ ក៏​បាន​ថ្លែង​សាទរដែរ​។​

តែ​យើង​គួរ​គូ​បញ្ជាក់ថា ពេលនេះ គឺលោក ចនសុន ចុះពីតំណែងប្រមុខបក្សកាន់​អំណាច​ក៏ពិតមែន​ ប៉ុន្តែ លោកគឺ​នៅតែជាប្រមុខដឹកនាំប្រទេស បន្តជាច្រើនសប្តាហ៍ទៀត រហូត​ដល់​មានការ​ជ្រើសរើស​នាយករដ្ឋមន្ត្រីថ្មី​។ 

តើ​​បេក្ខជន​ណាខ្លះ ដែល​សក្តិសម​ដើម្បី​ជំនួស​កៅអី​នាយករដ្ឋមន្ត្រី​អង់គ្លេស​ ?

ចំពោះ​មុខ​តំណែង​​​ប្រមុខរដ្ឋាភិបាលថ្មី បើតាម​កាសែត​បារាំង​ និងទីភ្នាក់​ព័ត៌មាន​បារាំង​ AFP គឺ​គេ​កំពុង​តែ​សម្លឹង​ទៅ​លើ​បេក្ខជន​ ដល់​ទៅ ៨ នាក់​ឯណានោះ។

លោក រីស៊ី សុនាក់ (Rishi Sunak) អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ដែល​ទើប​តែប្រកាស​ចុះ​ចេញពី​តំណែង​កាលពី​ថ្ងៃអង្គារ។ លោក​នេះ ជា​កូន​ចៅ​ឥណ្ឌាភៀសខ្លួន​ទៅអង់គ្លេស និង​ជា​អ្នកនយោបាយ​កាន់​​ឥណ្ឌូទី១ ដែល​បាន​កាន់​តំណែង​រដ្ឋមន្ត្រី​របស់​ប្រទេស​អង់គ្លេស។ លោក​ជាអ្នក​មាន​ទ្រព្យ​ធន​សម្បើម​ណាស់​ និងជាអ្នក​ដែល​គាំទ្រ​ឲ្យ​អង់គ្លេស ផ្តាច់​ចេញពី​អឺរ៉ុប។

អតីតរដ្ឋមន្ត្រីមួយទៀត ដែលទើបតែប្រកាសចុះចេញពីតំណែងកាលពីថ្ងៃអង្គារដែរ គឺរដ្ឋមន្ត្រី​សុខាភិបាល​  លោក សាជីដ ចាវីដ (Sajid Javid) ជា​កូន​ចៅ​ខ្សែស្រឡាយ​ជាតិ​បាគីស្ថាន​ភៀសខ្លួន​។ ធ្លាប់​ជារដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឆ្នាំ​២០២០ និង ជាអ្នកគាំទ្រ​ឲ្យ​ចេញពី​អឺរ៉ុប​ដែរ។​

បេក្ខជនមួយទៀត គឺ​​​រដ្ឋមន្ត្រី​ការជាតិ​ Ben Wallace ដែល​ពេល​នេះ ល្បី​ខ្លាំង​ ក្នុង​បរិបទ ដែល​រុស្ស៊ី​វាយ​លុក​ចូល​អ៊ុយក្រែន។

ចំណែក អតីតី​រដ្ឋមន្ត្រី​ការបរទេស និង​សុខាភិបាល លោក Jeremy Hunt និង​ រដ្ឋមន្ត្រីសុខាភិបាល​​ Nadhim Zahawi ហើយ​និង​លោក Tom Tugendhat ប្រធានគណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​អង់គ្លេស ក៏​ជាបេក្ខជន​ដែល​គេ​កំពុង​សម្លឹង​​ដែរ។

​ក្នុង​ចំណោម​បេក្ខភាព​ពីបក្ស​អភិរក្សនិយម​ទាំង៨នាក់ គឺមាន​បេក្ខភាពស្រី​ពីរនាក់។ នោះ​​ អនុ​រដ្ឋលេខាធិការ ទទួល​បន្ទុកពាណិជ្ជកម្ម​ លោកស្រី​ Penny Mordaunt ​ ជាតួអង្គ​នយោបាយ​ល្បីមួយ ជំរុញ​ឲ្យ​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប។  ហើយម្នាក់ទៀត គឺ​ លោកស្រី Liz Truss ដែល​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​បរទេស។ លោកស្រី​​ធ្លាប់​ធ្វើជាអ្នក​ចរចា​ក្នុង​សំណុំ​រឿង​ចាកចេញពី​អឺរ៉ុប និង បាន​សម្រេច​កិច្ច​ព្រមព្រៀង​ជាច្រើន។ ​ប្រមុខ​ការទូត​អង់គ្លេសរូបនេះ​ ជាមនុស្ស​ស្រីម្នាក់​ ​ដែល​គេ​មើលឃើញ​ថា មាន​ទឹក​មាត់​ប្រៃ និងជា​ចូលចិត្ត​និយាយ​ត្រង់ៗ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ