អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដើមបូព៌ា​ ៖ លោក​បៃដិន​ប្តេជ្ញា​ធ្វើ​គ្រប់យ៉ាង​មិន​ឱ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋ​អាមេរិកសន្យារឹត​​ចំណង​​ជា​មួយ​អ៊ីស្រាអែល​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត -អាមេរិក​នឹង​មិន​បណ្តោយ​ឱ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ ... នេះ​ជាលទ្ធផល​នៃ​ជំនួប​រវាង​​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន ​ជាមួយ​ប្រមុខ​ដឹកនាំអ៊ីស្រាអែល​ ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច ដ៏​ល្អូនល្អើនពីរ​ថ្ងៃ​​។ នៅ​ថ្ងៃ​សុក្រ​នេះ ​លោក​ប្រធានាធិបតី​អាមេរិកត្រូវ​​បន្ត​ទស្សនកិច្ច​ដោយ​ធ្វើ​ដំណើរ​ទៅ​ដែន​ដី​ប៉ាឡេស្ទីន និង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ​​នេះ​ជាដំណាក់​កាល​ដ៏​សំខាន់​នៃ​​ទស្សនកិច្ច​ តែ​ក៏​ជា​លំហាត់​ដ៏​លំបាក​សម្រាប់​លោក​ចូបៃដិន​ដែរ។

លោក​បៃដិន​ប្តេជ្ញា​ធ្វើ​គ្រប់យ៉ាង​មិន​ឱ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ
លោក​បៃដិន​ប្តេជ្ញា​ធ្វើ​គ្រប់យ៉ាង​មិន​ឱ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ © .
ផ្សាយពាណិជ្ជកម្ម

មុននឹង​ចេញ​ដំណើរ​ទៅ​កាន់​អារ៉ាប៊ីសាអូឌីត លោកប្រធានាធិបតី​អាមេរិក ចូ ​បៃដិន បានឆៀង​ចូល​ទស្សនា​មន្ទីរពេទ្យ​នៅក្រុង​ហ្សេរុយសាឡិម​ខាង​កើត​ ដែល​ជា​ក្រុង​សក្តិសិទ្ធិ​ ស្ថិត​ក្រោម​អាណានិគម​កិច្ច​អ៊ីស្រាអែល ដើម្បី​ប្រកាស​ផ្តល់​ជំនួយ​ដល់​ប្រព័ន្ធ​សុខាភិបាល​មូលដ្ឋានេះ។ លោក​បៃដិន ក៏​​បាន​អញ្ជើញ​ទៅ​​ក្រុង​ស៊ីហ្សកដានី ដែល​ជា​ដែនដី​ប៉ាឡេស្ទីន​ក្រោម​អាណានិគម​អ៊ីស្រាអែលតាំង​ពី​ឆ្នាំ​១៩៦៧​មកដែរ ដើម្បី​ជួបជជែក ​​លោក​ ម៉ះមូដ អាបាស់ ពី​​បញ្ហា​នយោបាយ និង​សេដ្ឋកិច្ច​។

គ្មាន​សន្ទុះ​ថ្មី​សម្រាប់​ការ​ចរចា​អ៊ីស្រាអែល-​ប៉ាឡេស្ទីន

លោក​បៃដិន ប្រកាស​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ប៉ាឡេស្ទីន គម្រោង​ភ្ជាប់​បណ្តាញ​អ៊ីនធ័រនែត4G នៅ​ឆ្នាំ​២០២៣ នៅ​ស៊ីហ្សកដានី និង​នៅ​តំបន់​ហ្កាហ្សា ដែល​ជាប់​ការ​បិទ​ខ្ទប់​អ៊ីស្រាអែល តាំងពី​១៥​ឆ្នាំ​មក។ ប៉ុន្តែ ក្រៅ​អំពី​ទិដ្ឋភាព​សេដ្ឋកិច្ច និង​រំលឹក​អំពី​ការ​គាំទ្រ​របស់​អាមេរិក ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ បង្កើត​រដ្ឋ​ពីរ​រស់​ក្បែរ​គ្នា ​ឱ្យ​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន លោក​បៃដិន មិន​បាន​ផ្តល់​សន្ទុះ​អ្វី​ថ្មី​ដល់​កិច្ចចរចា​សន្តិភាព​នេះ​ទេ។ ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ម្សិលមិញ លោក​ប្រធានាធិបតី​អាមេរិក​ បានត្រឹម​ប្រើ​ពាក្យ​ដដែលៗ​​ថា គាំទ្រ​ដំណោះស្រាយ​បង្កើត​រដ្ឋ​ពីរ- រដ្ឋ​ប៉ាឡេស្ទីនរស់​ឋិតឋេរ​​ក្បែរ​រដ្ឋ​អ៊ីស្រាអែល​​។

​អាមេរិក​គ្មាន​ផែនការ​សន្តិភាព​ណា​ប្រសើរ​ជាង​មក​ស្នើ​ទេ ព្រោះបើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់អាមេរិកម្នាក់​សំណើ​ថ្មី​​នឹង​បង្ក​បង្កើត​ឱ្យ​មា​នក្តីសង្ឃឹម​និង​ការ​រង់ចាំ ដ៏​គួរ​ឱ្យ​ខក​ចិត្តឥត​ប្រយោជន៍ ប៉ុន្តែ​បើ​ភាគី​បក្សដិបក្ស​ទាំងពីរ ព្រមចូល​ចរចា​គ្នា នោះ​អាមេរិក​នឹង​ជួយ​ជ្រោមជ្រែង​ភ្លាម។

បន្ទាប់​ពី​ជួប​ជាមួយ​លោក​បៃដិននៅថ្ងៃនេះ នៅសប្តាហ៍​ក្រោយ​ ប្រធាន​អាជ្ញាធរ​ដែនដីប៉ាឡេស្ទីន នឹង​អញ្ជើញ​មក​ទីក្រុង​ប៉ារីស ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​បារាំង លោក អេម៉ាណុយអែល ម៉ាក្រុង ដែល​ក៏​គ្មាន​ជម្រើស​អ្វី​ផ្សេង​សម្រាប់​ដោះស្រាយ​វិបត្តិ​អ៊ីស្រាអែលនិង​ប៉ាឡេស្ទីន​ដែរ តែ​ត្រៀម​ប្រមូល​ផ្តុំ​សហគមន៍​អន្តរជាតិ ប្រសិន​បើ​ភាគី​ទាំងពីរ​ចង់​ផ្តើម​ការ​ចរចា​ឡើង​វិញ។ ការចរចា​សន្តិភាព​អ៊ីស្រាអែល​ប៉ាឡេស្ទីន បាន​ជាប់​គាំង​ស្តូក​តាំងពី​ឆ្នាំ​២០១៤មក។

​ដៃគូ​ចតុប្រទេស អាមេរិក អ៊ីស្រាអែល អាមីរ៉ាត់អារ៉ាប់រួម ឥណ្ឌា

ផ្ទុយ​ទៅវិញ ក្នុង​ពេល​​ស្នាក់នៅ​អ៊ីស្រាអែល​ ពីរ​ថ្ងៃ ​កន្លង​មក​នេះ លោក ចូ បៃដិន បាន​ជួប​ផ្តោះប្តូរ​សម្តី​ជាមួយ​ប្រមុខ​ដឹកនាំ​​អ៊ីស្រាអែល ដោយ​មាន​ចេញ​សេចក្តី​ប្រកាសជា​ច្រើន និង​យ៉ាង​​​ល្អូន​ល្អើន។

​ លោកបៃដិន បាន​ចូល​រួម​បើក​ជំនួប​កំពូល​ចតុភាគី​ ដោយ​ផ្ទាល់​ជា​មួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នៅទីក្រុង​ហ្សេរុយសាឡិម អម​​ដោយ​វត្តមាន​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម​ និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ ណារិដ្រា ម៉ូឌី តាម​ប្រព័ន្ធ​វីដេអូ។ ​ដៃគូ​ចតុប្រទេស​ដែលគេ​ប្រសិទ្ធិនាម​ថា  I2U2 បាន​ពិចារណា​​​រក​គម្រោង​​ហេដ្ឋារចនា​សម្ព័ន្ធ​រួម។ ក្រោម​ការ​ដឹកនាំ​របស់​​លោកប្រធានាធិបតី​ចូ បៃដិន ដែល​ចង់ទប់​គម្រោង​ស្ថាបនា​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន​ សហរដ្ឋ​អាមេរិក បាន​ដឹក​ដៃ​ អ៊ីស្រាអែល ឥណ្ឌា និង​អេមីរ៉ាត់អារ៉ាប់រួម បាន​ប្រកាស​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៤​ កក្កដា​ ២០២២​ ពីទីក្រុង​ហ្សេរុយសាឡិម បង្កើត​ភាព​ដៃគូ ក្នុង​វិស័យ​កសិកម្ម​និង​ថាមពល។​ អេមីរ៉ាត់អារ៉ាប់រួម​នឹង​ធ្វើ​វិនិយោគ​ចំនួន​២ពាន់​លាន​អឺរ៉ូ ក្នុង​វិស័យ​កសិកម្ម​នៅ​ឥណ្ឌា​ដែល​ជា​អ្នក​ផ្តល់​ដី​ ចំណែក​វិស័យ​ឯកជន​អ៊ីស្រាអែល​និងអាមេរិក នឹង​ទៅ​ចូល​រួម​ដែរ​។ គម្រោង​មួយ​ទៀត នៅ​ឥណ្ឌា​ដែរ ដៅ​លើ​ការ​សាង​សង់​មជ្ឈមណ្ឌល​អគ្គីសនី ​ដើ​រ​ដោយ​ពន្លឺ​ព្រះអាទិត្យសូឡា​ និង​ខ្យល់​ទំហំ​ ៣០០​មេហ្កាវ៉ាត់។ ជាមួយ​លោកនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ឡាពីដ លោក​ប្រធានាធិបតី​អាមេរិក​បាន​អះអាង​សហរដ្ឋ​អាមេរិក​ចង់​បន្ត​ដើរ​តួនាទី​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​តំបន់នេះ ​​ដោយ​​បណ្តោយ​គូប្រជែង​ចិន​រុស្ស៊ី​បាន​ឱកាស​ឡើយ។

អាមេរិកប្តេជ្ញាការពារអ៊ីស្រាអែល និង​មិន​ឱ្យ​អ៊ីរ៉ង់​មាន​អាវុធនុយក្លេអ៊ែរ

បន្ទាប់​មក​ លោក​​បៃដិន បាន​ចុះ​ហត្ថលេខា​ ជាមួយ​​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល យ៉ាអៀរ ឡាពីដ ​លើ​សេចក្តី​ថ្លែងការណ៍​រួម​ ស្តីពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាងអាមេរិក​និង​អ៊ីស្រាអែល។ ជា​ដៃគូ​យុទ្ធសាស្ត្រ​ពិសេស ដែល​មាន​ប្រព័ន្ធ​ការពារ​ជាតិ​ទំនើប​ជាង​គេ​បំផុត​នៅលើ​ពិភពលោក។ បើ​តាម​លោកបៃដិន អាមេរិក​ចង់​រុញ​ច្រាន​អ៊ីស្រាអែល​ឱ្យ​លេច​ធ្លោ​បំផុត​នៅ​តំបន់។

សំណុំ​រឿង​ដ៏​សំខាន់​​បំផុត​មួយ​នៃ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល គឺ​បញ្ហា​នុយក្លេអ៊ែរ​​អ៊ីរ៉ង់។ ជា​មួយ​នឹង​ការ​ប្តេជ្ញា​យ៉ាង​មុះមុត​ការពារ​អ៊ីស្រាអែល​ លោកប្រធានាធិបតី​អាមេរិក​បាន​​ព្រមាន​ថា​វ៉ាស៊ីនតោន ​ត្រៀមនឹងប្រើ​គ្រប់​អំណាច​ដែល​មាន​ដើម្បី​ទប់​ស្កាត់ជា​ដាច់​ខាត​ មិន​ឱ្យ​អ៊ីរ៉ង់មានអាវុធ​នុយក្លេអ៊ែរ។ អាមេរិក​នៅ​តែ​បើក​ទ្វារ​ចំហ ផ្តល់​អាទិភាព​ដល់​ការ​​រក​ដំណោះស្រាយ​តាម​ផ្លូវ​ការទូតជា​និច្ច ដូច្នេះ​​ ​អ៊ីរ៉ង់អាច​​ត្រលប់​មក​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​វិញបាន​ តែ​អាមេរិក​​មិនចេះ​តែ​​អង្គុយរង់ចាំ​ទេ។ នេះ​ជា​ប្រសាសន៍​របស់​លោក​បៃដិន នៅក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​រួម​ក្រោយ​ជំនួ​ប​ជាមួយ​លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​រួច។

សេចក្តីថ្លែងការណ៍​ហ្សេរុយសាឡិម

អ៊ីស្រាអែល​សង្ស័យ​រហូត​មក​ ខ្លាច​អ៊ីរ៉ង់​សំងំ​ផលិត​អាវុធ​នុយក្លេអ៊ែរ ហើយមាន​ជំនឿថា​ដំណោះស្រាយ​ការ​ទូត​មិន​អាច​បញ្ឈប់​ការ​គំរាមកំហែង​របស់​អ៊ីរ៉ង់​បាន​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ៊ីស្រាអែល ចង់​ប្រើ​ដំណោះស្រាយ​ដាច់​ខាត​ រហូត​សុខចិត្ត​លា​ដៃ​រក​​អារ៉ាប៊ីសាអូឌីត​ដែល​ធ្លាប់​ជា​សត្រូវ​នឹង​គ្នា។ ក្នុង​ខណៈ​ដែល​ការ​ចរចា​នុយក្លេអ៊ែរអ៊ីរ៉ង់ជាមួយក្រុម​មហាអំណាច ហាក់​​ត្រូវ​ជាប់​គាំង​ អ៊ីស្រាអែល​ស្រមៃ​ចង់​បាន​ សម្ព័ន្ធ​យោធាតំបន់​មួយ ដែល​ប្រមូល​ផ្តុំ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្តអាមេរិក​ទាំងអស់ នៅដើម​បូព៌ា ដូច​ជា អ៊ីស្រាអែល​ផ្ទាល់​ខ្លួនឯង អេហ្ស៊ីប ហ្សកដានី និង​ក្រុមរាជាណាចក្រ​ក្នុង​តំបន់ឈូង​សមុទ្ទ​ពែក្ស អេមីរ៉ាតអារ៉ាប់រួម ​​បារ៉ែន និង​អារ៉ាប៊ីសាអូឌីត ដែល​លោក​បៃដិន ត្រូវ​ទៅ​បំពេញ​​​ទស្សនកិច្ច​នៅ​​ថ្ងៃ​សុក្រ​ទី​១៥​កក្កដា​២០២២នេះ។

បើ​តាម​សារព័ត៌មាន​អ៊ីស្រាអែល​ សេចក្តី​ថ្លែងការណ៍​ដែល​លោក​ចូបៃដិន និង​លោក ឡាពីដ​បាន​ចុះ​ហត្ថលេខា​ នៅ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​នេះ មាន​ឈ្មោះ​ថា​ “សេចក្តីថ្លែងការណ៍​ហ្សេរុយសាឡិម”។ ជា​សេចក្តី​ថ្លែងការណ៍​ សម្រាប់​ក្រុម​សម្ព័ន្ធមិត្ត​អាមេរិក​នៅក្នុង​តំបន់​ទាំងអស់ ដែល​មាន​ទម្រង់​ជា​​​សម្ព័ន្ធ​យោធា​ មាន​រចនា​សម្ព័ន្ធ​សន្តិសុខ​រួម រវាង​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់​​។ ប៉ុន្តែ​មិនមែន​ជា​សម្ព័ន្ធ​ពេញ​លេញ​ ដូច​ករណី​សម្ព័ន្ធ​អូតង់​ទេ ព្រោះ​ក្នុង​ដំណាក់កាល​នេះ អារ៉ាប៊ីសាអូឌីត ពិត​ជា​មិន​អាចមក​ចង​​សម្ព័ន្ធភាព​អ្វី​ជា​ផ្លូវការ​​ជាមួយ​អ៊ីស្រាអែល​បាន​ទេ​នៅ​ពេល​នេះ។

ត្រឹមអ៊ីស្រាអែល​ប្រកាស​មិន​ប្រឆាំង​នឹង​ការ​ផ្ទេរ​កូនកោះ​ពីរនៅ​សមុទ្ធ​ក្រហម​ទៅ​ឱ្យ​អារ៉ាប៊ីសាអូឌីត ​ហើយ​អារ៉ាប៊ីសាអូឌីត​ប្រកាស​បើក​ព្រំដែន​អាកាស​ឱ្យយន្តហោះ​អ៊ីស្រាអែល​អាច​ឆ្លង​កាត់​បានមុនពេល​លោក​បៃដិន​ទៅ​ដល់ ចាត់​ទុក​ថា​ជា​ដំណឹង​ល្អ ជា​ប្រវត្តិសាស្ត្រ​ស្រេច​ទៅ​ហើយ។ សូម​បញ្ជាក់ថា​​ មក​ទល់​នឹង​ថ្ងៃ​នេះ អារ៉ាប៊ីសាអូឌីត មិន​ដែល​ទទួល​ស្គាល់​អ៊ីស្រាអែល​ជា​រដ្ឋ​ឯករាជ្យ​មួយទេ​ ។

តែ​សេចក្តី​ថ្លែងការណ៍​ហ្សេរុយសាឡិម ពិត​ជា​តំណាង​ឆន្ទៈ​រួម និង​ផលប្រយោជន៍​រួម របស់​ក្រុមប្រទេស​ជា​សម្ព័ន្ធមិត្ត​អាមេរិក នៅក្នុង​តំបន់ ដើម្បី​ប្រឈម​ទប់​ទល់​នឹង​អ៊ីរ៉ង់​ដែល​មាន​នយោបាយ​បង្ក​អស្ថិរភាព​ជា​ប្រាកដ។

​គ្រាន់​តែ​បាន​ឃើញ​សេចក្តី​ថ្លែងការណ៍​នេះ​ភ្លាម​ អ៊ីរ៉ង់​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​មិន​បង្អង់ថា​ កុំ​ឱ្យ​អាមេរិក​និ​ងសម្ព័ន្ធមិត្ត​បង្ក​អស្ថិរភាព​តំបន់ ពុំ​នោះ​ទេ​អ៊ីរ៉ង់​នឹងផ្តល់​ចម្លើយ​អាក្រក់​និង​គួរ​ឱ្យសោកស្តាយតប​វិញហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ