អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភា​អាមេរិក​ផ្តោត​លើ​«​១៨៧នាទី» ដែល​លោក ដូណាល់ ត្រាំ មិនព្រម​ធ្វើ​អ្វីសោះដើម្បី​បញ្ជ្រាស​អំពើហិង្សា

ចុះផ្សាយ​នៅ​ថ្ងៃ៖

សវនាការ​ដេញដោល​ស្តីពីរឿងសម្រុកចូល​វិមានកាពីតូល បានបិទបញ្ចប់ បន្ទាប់ពី​បើក​ធ្វើ​ជាង​៦សប្តាហ៍​រួច​មក​។ ​នៅថ្ងៃ​ព្រហស្បតិ៍ ទី២១កក្កដា គណៈកម្មការសភាអាមេរិក បានផ្តោតលើរយៈពេល១៨៧នាទី ដែលលោក ដូណាល់ ត្រាំ មិនព្រមធ្វើអ្វីសោះ ដើម្បីបញ្ជ្រាសអំពើហិង្សានៅវិមានកាពីតូល។ ជាសវនាការសាធារណៈ និងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ នៅម៉ោងពិសេស ម៉ោងមាស ដើម្បីឲ្យគេបានមើលតាមដានច្រើន។ ទូរទស្សន៍ Fox News ថាមានអ្នកទស្សនាសវនាការនេះរហូតដល់២០លាននាក់។

សភា​អាមេរិក​ផ្តោត​លើ​«​១៨៧នាទី» ដែល​លោក ដូណាល់ ត្រាំ មិនព្រម​ធ្វើ​អ្វីសោះដើម្បី​បញ្ជ្រាស​អំពើហិង្សា​។
សភា​អាមេរិក​ផ្តោត​លើ​«​១៨៧នាទី» ដែល​លោក ដូណាល់ ត្រាំ មិនព្រម​ធ្វើ​អ្វីសោះដើម្បី​បញ្ជ្រាស​អំពើហិង្សា​។ REUTERS - EVELYN HOCKSTEIN
ផ្សាយពាណិជ្ជកម្ម

សភាខុសហ្ក្រេសអាមេរិក បានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីការស៊ើបអង្កេតស៊ីជម្រៅជុំវិញព្រឹត្តិការណ៍ហិង្សាថ្ងៃ៦មករា២០២១ ដែលបាតុកររាប់ពាន់នាក់គាំទ្រលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលវិមានកាពីតូល និងបានបង្កហិង្សារហូតមានស្លាប់មនុស្ស។ គណៈកម្មការនេះ មានសមាជិក៩នាក់គឺ៧នាក់ជាសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យនិង២នាក់មកពីគណបក្សសាធារណរដ្ឋ។លោក Bennie Thomson សមាជិកសភាបក្សប្រជាធិបតេយ្យជាប្រធាន ហើយចំណែកលោកស្រីLiz Cheney សមាជិកសភាបក្សសាធារណរដ្ឋជាអនុប្រធាន។ លោកស្រីម្នាក់នេះ គឺជាអ្នកនយោបាយបក្សសាធារណៈរដ្ឋដ៏កម្រម្នាក់ដែលបានចេញមុខតទល់នឹងលោកដូណាល់ត្រាំនៅក្រោយហេតុការណ៍៦មករា២០២១

គណៈកម្មការពិសេសសភាពអាមេរិក ផ្តោតលើ«រយៈពេល១៨៧នាទី» ដែលលោក ដូណាល់ ត្រាំ មិនព្រមធ្វើអ្វីសោះបញ្ជ្រាសអំពើហិង្សាតើគេមានភស្តុតាងអ្វីខ្លះ?

ភស្តុតាង​សម្រាប់​បញ្ជាក់​​ចំណុច​នេះ គឺចេញពី​សក្ខីកម្ម​របស់​បុគ្គលិក​សេតវិមាន​ប្រធានាធិបតី ដែល​ធ្វើការ​នៅថ្ងៃកើត​ហេតុ​ និងមន្ត្រីការពារ​សន្តិសុខប្រធានាធិបតី​ ព្រ​មទាំង​​អ្នក​ដែល​នៅ​ជិត​ដិត​នឹង​លោក​ ដូណាល់ ត្រាំ​ នៅពេល​នោះ។តួយ៉ាង​មាន លោក​ Matthew Pottinger ជាអតីត​ទី​ប្រឹក្សារងសន្តិសុខ​ជាតិ​ប្រចាំ​សេតវិមាន​ និង​មន្ត្រី​ជាច្រើន​ផ្សេងទៀត។​​

គណៈកម្មការស៊ើបអង្កេតរប​ស់សភាអាមេរិក សម្រាប់​ស៊ើប​អង្កេត​ស៊ីជម្រៅ​ សួរ​ដេញដោល​ និង​​ ទទួល​ភស្តុតាង​ សក្ខីកម្ម​ ជុំវិញ​ព្រឹត្តិការណ៍​ថ្ងៃទី​៦មករា២០២១ គឺ​អ្នក​ខ្លះ​ហៅថា «​គណៈកម្មការ៦មករា»។ ចំណែក​សំណុំ​រឿង​ស៊ើប​អង្កេតសវនាការ​ថ្ងៃ​ចុងក្រោយ​​នេះវិញ គេហៅថា «សំណុំរឿង១៨៧នាទី» គឺ​សំដៅ​ដល់​ចំនួនរយៈ​ពេល​​ដែល​លោក ដូណាល់ ត្រាំ មិនព្រម​ធ្វើ​សកម្មភាព​អ្វីសោះ​ដើម្បី​ហាម​ឃាត់​បាតុករ​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា តែបែរ​ជា​«ចាក់​ប្រេង​សាំង​លើភ្លើងទៅវិញ»។ សម្តី​ចុងក្រោយនេះ​ជា​របស់​សក្សីម្នាក់ គឺលោក Sarah Matthews អតីត​អ្នក​ទទួល​បន្ទុក​រៀបចំ​សន្នីសីទ​នៅ​សេតវិមាន។ បើ​តាម​អតីត​បុគ្គលិក​វិមាន​ប្រធានាធិបតីរូបនេះ នៅ​ថ្ងៃ​កើត​ហេតុ​នោះ លោក​ដូណាល់ ត្រាំ នៅ​ក្នុង​បន្ទប់​ទទួល​ទានអាហារ ហើយ​ដើរតែបន្តិច ដល់​បន្ទប់​សន្នីសីទ​សារព័ត៌មាន។ លោក Sarah Matthews លើកឡើង​ថា គ្រប់គ្នា​នៅពេល​នោះ សង្ឃឹម​ថា​លោក ត្រាំ ធ្វើ​អន្តរាគមន៍​ជាសាធារណ៍ ប្រាប់ឲ្យ​បាតុករ​ឈប់ គឺ​លោក ត្រាំ គ្រាន់តែ ដើរ​ទៅបន្ទប់​សន្នីសីទ​សារព័ត៌មាន ដែល​កាំម៉េរ៉ា​បើក​ចាំស្រេច​ និង​ថ្លែង​តែបន្តិច ក៏​រួច​ហើយ ប៉ុន្តែ លោក​ ត្រាំ​ មិនធ្វើ និង​បណ្តោយ​ឲ្យ​មាន​អំពើហិង្សា រហូត​ដល់​មាន​ស្លាប់មនុស្ស​ផង។

​អ្នក​តំណាងរាស្ត្រ​មួយ​រូបទៀត មកពីបក្ស​សាធារណរដ្ឋ​ លោក​ Adam Kinzinger បាន​ថ្លែងថា លោក ត្រាំ អសកម្ម​ក្នុងការ​បញ្ជ្រាស​ហិង្សា​ នៅថ្ងៃនោះ។ ថ្ងៃនោះ ប្រសិន​បើ​លោក​លើកទូរសព្ទ​តែបន្តិច បញ្ជាប្រាប់ទៅ​មន្ត្រី​រដ្ឋបាល​ក្រោម​បង្គាប់  នគរបាល កម្លាំងប៉ូលីស​ជាតិ ប៉ូលីសក្រុង ឲ្យ​​ជួយ​អន្តរាគមន៍​ គឺ​ស្រេច​ទៅហើយ ប៉ុន្តែ លោក ត្រាំ ជ្រើសរើស​មិន​ធ្វើទេ។ ទន្ទឹម​នឹង​នេះ លោក Bennie Thomson ជាប្រធានគណៈកម្មការស៊ើបអង្កេត ឈឺ​ឆ្លង​ជំងឺ​កូវីដ តែបាន​ចូលរួមសវនាការ​ថ្ងៃព្រហស្បតិ៍​​តាម​វីដេអូ​ ដោយ​លោក​បាន​សង្កត់​ធ្ងន់​ថា​ លោក ដូណាល់ ត្រាំ បាន​រំលោភបំពាន​ចំពោះ​ករណី​កិច្ច​ដែល​លោក​ត្រូវ​ធ្វើ​ក្នុង​នាម​ជា​អគ្គមេបញ្ជាការ។​

លោក Pat Cipollone អតីត​ទី​ប្រឹក្សា​ច្បាប់ប្រចាំ​វិមាន​ប្រធានាធិបតី នាជំនាន់​នោះ បាន​លើកឡើង​ថា ការ​ណ៍​ដែល​លោក ត្រាំ មិនប្រតិកម្ម​ជាវិជ្ជមាន​នៅថ្ងៃកើតហេតុ​នោះ ព្រោះតែ​លោក​អាត្មានិយម​ ហើយ​នៅ​ចង់​ក្រាញ​អំណាច​ មិនព្រម​ទទួល​ស្គាល់​ថាខ្លួន​ចាញ់​ឆ្នោត។​

គណៈកម្មការសភាអាមេរិក ធ្លាប់​បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍ហិង្សាថ្ងៃទី៦មករា២០២១ គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំស្ថាប័នលទ្ធិប្រជាធិបតេយ្យសហរដ្ឋអាមេរិក ហើយមនុស្សម្នាក់ដែលជាមេញុះញង់ ជំរុញឲ្យកើតហេតុការណ៍នេះ គឺលោក ដូណាល់ ត្រាំ។បន្ទាប់ពី​ទទួល​សក្ខីកម្ម​ច្រើន និង​បើក​សវនាការ​សាធារណៈ​ ចំនួន​៨ដង​រួចម​ក អនុប្រធានគណៈកម្មការស៊ើប​អង្កេត​របស់​សភាអាមេរិក និង​ជា សមាជិកសភាបក្សសាធារណរដ្ឋ លោកស្រី Liz Cheney មាន​ប្រសាសន៍​ថា «រនាំង​របាំង បាន​​ត្រូវ​ចាប់ផ្តើម​បំបែក​ហើយ​»។

តើ​ គណៈកម្មការស៊ើបអង្កេតរស់សភាអាមេរិក នឹង​ត្រូវ​ធ្វើ​អ្វីបន្តទៀត​?

បើ​តាម​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​ម្នាក់ គឺលោកស្រី Zoe Lofgren បញ្ជាក់ថា គណៈកម្មការស៊ើបអង្កេតរបស់សភាអាមេរិក ឬ «​គណៈកម្មការ៦មករា» នឹង​ដកឃ្លា​បន្តិច ដើម្បី​រៀបចំ​សរសេរ​របាយការណ៍​បញ្ចប់​របស់ខ្លួន ហើយ​ដែល​អាច​នឹង​បង្ហាញ​ឲ្យដឹង​សេចក្តីសម្រេច​ នៅ​ខែ​កញ្ញា​ខាងមុខ​។

ដូច្នេះ ក្នុង​អំលុង​ពេ​លនេះ គណៈកម្មការស៊ើបអង្កេតរបស់សភាអាមេរិក ក៏​នៅតែ​បន្ត​ទទួល​ជា​បន្ត​ទៀត​ នូវ ឯកសារ​ភស្តុតាង​ផ្សេងៗ និង​សក្ខីកម្ម​ថ្មីៗ​ថែមទៀត ហើយប្រសិន​បើ​ចាំបាច់ គេ​ក៏​នឹង​បើក​សវនាការ​សួរ​ដេញដោល​បន្ថែមទៀត​ដែរ​។ ហើយ​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​របស់​​គណៈកម្មការសភា​ គឺ​អាច​ជា«អនុសាសន៍»ដែល​នឹង​ទំនង​ជា​ស្នើ​សុំ​ឲ្យ​បើកការ​ប្តឹង​ផ្តល់​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អតីតប្រធានាធិបតី ដូណាល់ ត្រាំ។​

ទោះជាយ៉ាង​នេះក្តី ចំពោះ​ការ​បន្ត​នីតិវិធី​ប្តឹង​ផ្តល់​ឡើង​តុលាការប្រឆាំង​លោក ដូណាល់ ត្រាំ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិក លោក Merrick Garland។ រដ្ឋមន្ត្រី​រូបនេះ ធ្លាប់បាន​មាន​ប្រសាសន៍​រួច​មកហើយ កាលពី​ថ្ងៃពុធ ថា​«នៅ​ក្នុង​ប្រទេស​នេះ គ្មាន​បុគ្គល​ណា អង្គុយលើ​ច្បាប់ទេ»​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ