អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមហ៊ុន​Gazprom សម្រេច​កាត់បន្ថយ​ន្ថែមទៀត នូវ​​​បរិមាណ​ឧស្ម័ន​ ដែល​ផ្គត់ផ្គង់​មកឲ្​យ​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមហ៊ុន Gazprom របស់រុស្ស៊ី បានប្រកាសកាត់បន្ថយបរិមាណ​ឧស្ម័ន ដែលផ្គត់ផ្គង់មកឲ្យអឺរ៉ុប។ នេះគឺជាលើកទី៣​ហើយ ដែលក្រុមហ៊ុនរុស្ស៊ីនេះ បាន​កាត់បន្ថយ​ការផ្គត់ផ្គង់ឧស្ម័ន ធ្វើឲ្យ​ប្រទេសអឺរ៉ុបភ័យ​បារម្ភ ខ្លាចខ្វះឧស្ម័នសម្រាប់ប្រើ​នៅក្នុងរដូវរងារខាងមុខ។ អ៊ុយក្រែន ក៏ដូចជា​ក្រុមប្រទេសសហភាពអឺរ៉ុប បានចាត់ទុក​ការសម្រេចរបស់​ក្រុមហ៊ុន Gazprom ថាឧបករណ៍របស់រុស្ស៊ី ដើម្បីសងសឹកមក​លើអឺរ៉ុប ដែលបាន​​​ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើខ្លួន ទាក់ទិននឹងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។

លោកស្រី​ប្រធានគណកម្មការអឺរ៉ុប Ursula von der Leyen ដឹកនាំសន្និសីទនិយាយអំពីការសន្សំសំចៃឧស្ម័ន​ ដើម្បីប្រឈមនឹង​វិបត្តិថាមពល​។ ទីស្នាក់ការកណ្តាល​គណកម្មការអឺរ៉ុប ក្រុងព្រុចសែល ថ្ងៃទី ២០ កក្កដា ២០២២
លោកស្រី​ប្រធានគណកម្មការអឺរ៉ុប Ursula von der Leyen ដឹកនាំសន្និសីទនិយាយអំពីការសន្សំសំចៃឧស្ម័ន​ ដើម្បីប្រឈមនឹង​វិបត្តិថាមពល​។ ទីស្នាក់ការកណ្តាល​គណកម្មការអឺរ៉ុប ក្រុងព្រុចសែល ថ្ងៃទី ២០ កក្កដា ២០២២ AP - Virginia Mayo
ផ្សាយពាណិជ្ជកម្ម

កាត់បន្ថយ​មកនៅត្រឹម​តែ២០%នៃសមត្ថភាព​បង្ហូរ

បញ្ហាខ្វះថាមពលប្រើប្រាស់ សម្រាប់រដូវរងារខាងមុខនេះ ប្រៀបបីដូចជាកំបិតភ្ជង់បំពង់កអឺរ៉ុបដូច្នេះដែរ។ ដូចយើងបានដឹងកន្លងមកហើយ ថាអឺរ៉ុបរំពឹងទៅលើហ្កាសនាំចូលពីរុស្សី ដល់ទៅ​៤០%ឯណោះ នៃតម្រូវការប្រើប្រាស់រួម​ សរុប​ទាំង​២៧ប្រទេស។​ ​កាលពីល្ងាចថ្ងៃទី២៥កក្កដា​ ក្រុមហ៊ុនGazprom បានប្រកាសជាលើកទី៣ ថាគេនឹងកាត់បន្ថយ​បរិមាណឧស្ម័ន​បន្ថែមទៀត។

ចាប់ពីថ្ងៃពុធ ទី​២៧កក្កដាទៅ គឺGazprom នឹងបង្ហូរឧស្ម័នផ្គត់ផ្គង់ឲ្យអឺរ៉ុប តែក្នុងបរិមាណចំនួន ៣៣លាន​ម៉ែត្រគូបតែប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ពោល​គឺ​មានបរិមាណ ចំនួនតែ​២០%ប៉ុណ្ណោះ នៃសមត្ថភាព​ផ្គង់ផ្គង់ទាំងស្រុង របស់បំពង់បង្ហូរឧស្ម័ន Nord Stream។

លោកប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន ក៏ដូចជាតំណាងរបស់​ក្រុមហ៊ុន Gazprom បាន​លើកឡើងថា មូលហេតុ ដែលគេសម្រេចកាត់បន្ថយ​ការបង្ហូរឧស្ម័នជាលើកទី៣នេះ ថាមកពីក្បាលម៉ាស៊ីនទួរប៊ីនមួយ​ នៃបំពង់បង្ហូរ Nord Stream ដែលគេបញ្ជូនទៅជួសជុលនៅកាណាដា មិនទាន់​បានប្រគល់ឲ្យ​រុស្ស៊ីវិញទេ។ ទាក់ទិននឹងបញ្ហានេះ អាល្លឺម៉ង់ និង​កាណាដា បានស្រុះស្រួលគ្នារកដំណោះស្រាយ បញ្ជូន​គ្រឿងបន្លាស់ទៅឲ្យរុស្ស៊ី បើទោះបីជារុស្ស៊ីជាប់ទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ។ តែយ៉ាងណារហូតមកទល់ពេលនេះ ភាគីរុស្ស៊ីអះអាងថាគេនៅមិនទាន់បានទទួលក្បាលម៉ាស៊ីលទួរបីនទេ ហើយ​បើគ្មានវាគឺ​បំពង់បង្ហូរឧស្ម័ន Nord Stream មិនអាចដំណើរការបានទាំង​ស្រុង​ឡើយ​។

សង្គ្រាមថាមពល​

កាលពីល្ងាចថ្ងៃចន្ទ ទី​២៥កក្កដា​ លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានអំពាវនាវថា អឺរ៉ុបត្រូវតែរកវិធីឆ្លើយតប ពិន័យទៅលើរុស្ស៊ី ដែលមិនគោរពកិច្ចសន្យា ព្រោះថាបញ្ហាក្បាលម៉ាស៊ីនទួរប៊ីនដែលជួសជុលនៅកាណាដានោះ គ្រាន់តែជាលេសតែប៉ុណ្ណោះ។ សម្រាប់​លោក ហ្សេឡេនស្គី វាច្បាស់ណាស់ ដែល​រុស្ស៊ីយកបញ្ហាឧស្ម័ន​នេះ ជាឧបករណ៍​ធ្វើសង្គ្រាម​ ច្របាច់ក​ប្រទេស​សហភាពអឺរ៉ុប។

នៅរសៀល​​​ថ្ងៃអង្គារនេះ ក្រុមប្រទេសសមាជិកអឺរ៉ុប នឹងបើកការប្រជុំបន្ទាន់ ដើម្បីនិយាយគ្នាពីបញ្ហានេះ។ លោក Jozef Sikela រដ្ឋមន្ត្រីក្រសួងថាមពលសាធារណរដ្ឋឆេក ដែលជាប្រធានវិលជុំអឺរ៉ុប វាន​លើកឡើងមុនពេលប្រជុំថា ការប្រកាសកាត់បន្ថយ​ការផ្គត់ផ្គង់ឧស្ម័នរបស់ Gazprom គឺជាភស្តុតាងយ៉ាងច្បាស់មកបញ្ជាក់ថា អឺរ៉ុបត្រូវតែរកវិធីរំដោះខ្លួនចេញពីអន្ទាក់ចំណងរបស់រុស្ស៊ីជាបន្ទាន់។​ អឺរ៉ុបត្រូវតែពង្រឹងឯករាជភាពរបស់ខ្លួន ដោយត្រូវឈប់រំពឹងលើប្រភព​ថាមពល​​បានមកពី​រុស្ស៊ី។

អឺរ៉ុបត្រូវសន្សំសំចៃថាមពល

ក្នុងអំឡុងពេលដែលអឺរ៉ុបអាចរកទិញឧស្ម័ន​ពីអ្នកផ្សេងទៀតបាន គឺអឺរ៉ុបត្រូវតែ​កាត់បន្ថយ​ការប្រើ​ប្រាស់​ថាមពល​ ត្រូវតែសន្សំសំចៃ។ កាលពីសប្តាហ៍មុន គណកម្មការអឺរ៉ុប បានលើកជាសំណើដំណោះស្រាយ ឲ្យ​ប្រទេសសមាជិកទាំងអស់ ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព កាត់បន្ថយការប្រើប្រាស់ឲ្យ​បាន​១៥% រវាង​ពី​ដើមខែសីហាឆ្នាំនេះ​ ដល់ខែមីនា​ឆ្នាំក្រោយ​ ។ ពុំនោះទេ នៅរដូវរងារខាងមុខ អឺរ៉ុបអាចនឹងគ្មានឧស្ម័ន​ប្រើគ្រប់គ្រាន់ទេ ដើម្បីផលិត​ជាចរន្តអគ្គីសនី ព្រមទាំងសម្រាប់ការប្រើប្រាស់តាមផ្ទះ និងតាមរោងចក្រឧស្សាហកម្មនានា។​

គណកម្មការអឺរ៉ុបចង់ដាក់កំហិតថា ​បើ​ “ភាពអាសន្នខ្វះ​ថាមពល​មានកាន់តែខ្លាំង” គឺករណីកិច្ចកាត់បន្ថយការប្រើប្រាស់ឧស្ម័ន​១៥%នេះ នឹងក្លាយជា “កាតព្វកិច្ច” ដែលប្រទេសសមាជិកត្រូវតែគោរព ឲ្យខាងតែបាន​។ វិធានការនេះ គឺដើម្បីបង្ហាញការសាមគ្គីដល់​ប្រទេសមួយចំនួន ដែលរំពឹងខ្លាំងលើ​ឧស្ម័ននាំចូលពីរុស្ស៊ី ជាក់ស្តែង ដូចជា​ប្រទេសអាល្លឺម៉ង់តែម្តង។ ក្នុងនាមអាល្លឺម៉ង់ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចអឺរ៉ុបធំជាងគេ​ បើអាល្លឺម៉ង់​គ្មានឧស្ម័នប្រើ គ្មានចរន្តអគ្គិសនីប្រើ​ នោះសេដ្ឋកិច្ចអឺរ៉ុបទាំងមូល ក៏អាចជួបបញ្ហាដែរ។ តែយ៉ាងណា ស្រីពេជ្រ មានប្រទេសខ្លះ ដូចជាអ៊ីតាលី អេស្ប៉ាញ ក្រិក ប៉ូឡូញ និង​ព័រទុយហ្កាល់ជាដើម គេបានបង្ហាញការមិនគាំទ្រ លើវិធានការដាក់កំហិត​ឲ្យ​កាត់បន្ថយ​បែបនេះទេ។​

មុនពេល​ចាប់ផ្តើមការប្រជុំនៅព្រុចស៊ែល នៅព្រឹកថ្ងៃអង្គារនេះ លោកស្រី Kadri Simson ស្នងការអឺរ៉ុបទទួល​បន្ទុកថាមពល បានលើកឡើងថា ប្រទេសសមាជិកនីមួយៗ មានបញ្ហា​ប្រឈមរៀងៗខ្លួន និង​មិនមានកម្រិតធ្ងន់ធ្ងរដូចគ្នាឡើយ ទាក់ទិននឹងរឿងឧស្ម័ននេះ​។ តែយ៉ាងណាលោកស្រីសង្ឃឹមថា ប្រទេសទាំងអស់នឹងរួមគ្នាសាមគ្គី សម្រេចឲ្យ​បាន​កិច្ចព្រមព្រៀងនយោបាយ​មួយ ដើម្បីដោះស្រាយ​បញ្ហាវិបត្តិថាមពល ដែលកំពុងតែចោទនាពេលនេះ។

អាល្លឺម៉ង់អាចបន្ត​ប្រើរោងចក្រនុយក្លេអ៊ែរផលិត​ថាមពលអគ្គិសនី

ដោយសារតែបញ្ហាប្រឈម ខ្វះ​ឧស្ម័នប្រើនេះ នៅអាល្លឺម៉ង់ មានមតិមួយចំនួនលើកឡើងថា គួរតែ​បន្តឲ្យ​ស្ថានីយ៍​អគ្គិសនី​នុយក្លេអ៊ែរ ដែលនៅមិនទាន់បិទជាស្ថាពរ អាចបន្តផលិតថាមពលអគ្គិសនីជាបណ្តោះអាសន្នសិន។ បច្ចុប្បន្ននេះ នៅមានរោងចក្រផលិតថាមពលអគ្គិសនីនុយក្លេអ៊ែរចំនួន៣ស្ថានីយ៍ ដែលនៅដំណើរការមិនទាន់បិទទេ​។ តាមធម្មតា យោងតាមផែនការ គឺរោងចក្រទាំងនេះ នឹងត្រូវបិទទ្វារឈប់ដំណើរការផលិតអគ្គិសនី នៅដំណាច់ឆ្នាំនេះ។ អាជ្ញាធរថាមពលនុយក្លេអ៊ែរអាល្លឺម៉ង់ នឹងត្រូវ​ធ្វើ​តេស្តពិនិត្យឲ្យ​បានល្អិតល្អន់ ថា​រោងចក្រដែលនៅសល់ទាំង៣នោះ អាចបន្តដំណើរការដល់ពេលណាបាន ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​សុវត្ថិភាព​។

កាលៈទេសៈពេលនេះ តម្លៃថាមពលកាន់តែឡើងថ្លៃ បង្កការលំបាកដល់ជីវភាពប្រជាជន។ គណបក្សនយោបាយ​ធំៗនៅក្នុងរដ្ឋាភិបាលចម្រុះអាល្លឺម៉ង់ បានចាប់ផ្តើមលើកជាគំនិត ថាគួរតែបន្ត​ប្រើអគ្គិសនីនុយក្លេអ៊ែរ បន្តិតទៀតសិនទៅ។ លោក Michael Kruse សមាជិកបក្សស្តាំនិយម FDP បានលើកឡើងថា គួរតែឲ្យរោងចក្រអគ្គិសនីនុយក្លេអ៊ែរ​ទាំង៣ បន្តដំណើរការរហូតដល់ពាក់កណ្តាល​ឆ្នាំ​២០២៤ ព្រោះកំឡុងពេលនេះ ជាកំឡុងពេលដែលអាល្លឺម៉ង់ប្រឈម​ខ្លាំង​នឹងការខ្វះចរន្តអគ្គិសនី។

ដោយឡែក ក្រុម​គណបក្ស​បរិស្ថាននិយម ដែល​កន្លងមក​ជាអ្នកប្រឆាំង​នឹង​ថាមពលនុយក្លេអ៊ែរ ពេលនេះក៏បានបន្ទន់ឥរិយាបថខ្លះដែរ។ លោកស្រី Katrin Goring Eckardt អនុប្រធានសភា មកពី​បក្ស​បរិស្ថាននិយម បាន​លើកឡើងថា ដោយយោងលើស្ថានភាពអាសន្នបច្ចុប្បន្ននេះ ការបន្តប្រើថាមពលអគ្គិសនីនុយក្លេអ៊ែរ​ អាចជាជម្រើសមួយ ព្រោះពុំនោះទេ សេវាកម្មរដ្ឋ សាលារៀន មន្ទីរពេទ្យជាដើម អាចខ្វះចរន្តអគ្គិសនីប្រើ។ លោកស្រីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ មកពីបក្ស​បរិស្ថាននិយម ក៏បាន​អះអាងដែរថា គេនឹងពិចារណាលើជម្រើសទាំងអស់​ ដើម្បី​ប្រឈមនឹងបញ្ហាខ្វះថាមពលអគ្គិសនី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ