អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ស្រី​ប៉េឡូស៊ី​​ទៅតៃវ៉ាន់៖ ចិន​​ផ្ទុះកំហឹង បើក​សមយុទ្ធ​យោធា និង​​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​​​លើ​​​តៃវ៉ាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រីប្រធានសភាសហរដ្ឋអាមេរិក ណាន់ស៊ី ប៉េឡូស៊ី បានធ្វើដំណើរទៅដល់​កោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃអង្គារ ទី២សីហា​។ ជាដំណើរទៅដល់​ដ៏ចម្រូងចម្រាសបំផុត ខណៈចិនចាត់ទុកវាថា គឺជាការបង្ករឿង​ ពីសំណាក់សហរដ្ឋអាមេរិក​ ដែលចេញមុខកាន់តែច្បាស់ ក្នុងការជំរុញឲ្យ​តៃវ៉ាន់​ប្រកាសឯករាជ្យ។ វត្តមាននៅលើកោះតៃវ៉ាន់ របស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ដែល​ជា​ឥស្សរជនកំពូលលំដាប់ទី​៣នៃសហរដ្ឋអាមរិកនាពេលនេះ បានបង្កជាកំហឹងច្រលោតជាខ្លាំងពីសំណាក់រដ្ឋាភិបាលចិន។ ជាប្រតិកម្ម ចិនបាន​ប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅជុំវិញកោះតៃវ៉ាន់ ហើយថែមទាំងបាន​ចេញវិធានការទណ្ឌកម្មពាណិជ្ជកម្ម លើតៃវ៉ាន់ថែមទៀតផង។

លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ដឹកនាំគណៈប្រតិភូអាមេរិក ចូលជួប​លោកស្រី សៃ អ៊ីងវេន ប្រធានាធិបតីតៃវ៉ាន់។ វិមានប្រធានាធិបតីតៃវ៉ាន់ ទីក្រុងតៃប៉ិ ថ្ងៃទី៣សីហា ២០២២
លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ដឹកនាំគណៈប្រតិភូអាមេរិក ចូលជួប​លោកស្រី សៃ អ៊ីងវេន ប្រធានាធិបតីតៃវ៉ាន់។ វិមានប្រធានាធិបតីតៃវ៉ាន់ ទីក្រុងតៃប៉ិ ថ្ងៃទី៣សីហា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

“អ្នកណាដែល​ហ៊ាន​បំពានចិន អ្នកនោះនឹងរង​ការពិន័យ”

តាំងតែពីមានដំណឹងលេចឮ ថាលោកស្រីណាន់ស៊ី ប៉េឡូស៊ី អាចនឹងឆៀងចូលទៅទស្សនកិច្ចនៅកោះតៃវ៉ាន់ ចិនបានប្រកាសគំរាមជាបន្តបន្ទាប់រួចហើយ ថាកុំឲ្យ​អាមេរិកប្រឡែងលេងជាមួយភ្លើងឲ្យសោះ។ ពេលលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ចុះពីយន្តហោះ​ជាន់ដីតៃវ៉ាន់ភ្លាមនៅល្ងាចថ្ងៃអង្គារ រដ្ឋាភិបាលចិនបាន​ប្រកាសថា “អ្នកណាដែល​ហ៊ាន​បំពានចិន អ្នកនោះនឹងរង​ការពិន័យពីចិន”។​

នៅព្រឹកថ្ងៃពុធទី​៣សីហា​ រដ្ឋាភិបាលចិន បានប្រកាស​ហាមឃាត់ ការនាំចូល​ផ្លែក្រូ​ច​ និង​ត្រីរបស់តៃវ៉ាន់។​ អាជ្ញាធរគយចិន លើកហេតុផលថា គេបានរកឃើញដង្កូវមួយប្រភេទនៅក្នុងផ្លែក្រូចតៃវ៉ាន់ ហើយ​ក្រូចនោះក៏សំបូរសារធាតុគីមីទៀត​។ ចំណែកត្រីតៃវ៉ាន់វិញ គេបានរកឃើញ​ នៅលើសំបកវេចខ្ចប់ មានជាប់ដោយ​មេរោគកូរ៉ូណាវីរុស។ យ៉ាងណាក៏ដោយ​ សម្រាប់អ្នកវិភាគ វាច្បាស់ណាស់ ដែលថានេះគ្រាន់តែជាលេស។ ធាតុពិត វាគឺជា​វិធានការទណ្ឌកម្ម​ពាណិជ្ជកម្ម​ ដែលចិន​ដាក់ទៅលើកោះតៃវ៉ាន់ ដោយសារតែហ៊ានទទួលលោកស្រីណាន់ស៊ី ប៉េឡូស៊ី។

ចិន ក៏បាន​ហាមឃាត់ ឈប់នាំខ្សាច់ធម្មជាតិ ចូលទៅតៃវ៉ាន់ដែរ។ តៃវ៉ាន់ត្រូវការខ្សាច់ពីចិនខ្លាំងណាស់ សម្រាប់ប្រើ​ប្រាស់​ក្នុងវិស័យសំណង់ផង និងជាពិសេសគឺប្រើ​ក្នុង​ការផលិតឧបករណ៍​សឺមីកុងឌុកទ័រ ដែលជាធាតុផ្សំអេឡិចត្រូនិកដ៏សំខាន់ ហើយដែល​តៃវ៉ាន់ គឺជាអ្នកផលិត​នាំចេញ​ដ៏​ធំមួយ សម្រាប់ទីផ្សារពិភពលោក។ ទណ្ឌកម្មពាណិជ្ជកម្មរបស់ចិនមកលើតៃវ៉ាន់ គឺមិនមែនជារឿងតូចតាចទេ ព្រោះចិនជាដៃគូពាណិជ្ជកម្មធំលំដាប់ទី១របស់តៃវ៉ាន់។ ទំហំដោះដូរពាណិជ្ជកម្ម​រវាងចិននិងតៃវ៉ាន់ បានរីកធំខ្លាំងដល់ទៅ​២៦% កាលពីឆ្នាំ​២០២១ ដែលមានទឹកប្រាក់សរុបចំនួន ៣២៨ពាន់លានដុល្លារឯណោះ។

សមយុទ្ធយោធាប្រើគ្រាប់ពិត​

ចាប់ពីថ្ងៃព្រហស្បតិ៍ ទី​៤សីហាទៅ កងទ័ពចិន ទាំងផ្លូវអាកាស ទាំងផ្លូវទឹក នឹងបើកការធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅ​ជុំវិញ​កោះតៃវ៉ាន់តែម្តង។ ជាសមយុទ្ធដែល​ចិនបានប្រកាសថា គេនឹងបាញ់គ្រាប់ពិតៗតែម្តង មិនមែន​ធ្វើលេងៗទេ។

លោក Sun Li-Fang អ្នកនាំពាក្យ​ក្រសួង​ការពារជាតិតៃវ៉ាន់ បានបញ្ជាក់ឲ្យដឹងថា ផែនការធ្វើសមយុទ្ធយោធារបស់ចិននេះ គឺមានផ្នែកខ្លះ បានចូលមកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ដែនទឹកតៃវ៉ាន់។ មន្ត្រីតៃវ៉ាន់រូបនេះ បានចាត់ទុក​សកម្មភាពរបស់ចិននេះ ថាជាសកម្មភាព​គ្មានការពិចារណាត្រឹមត្រូវ ដោយ​មានកម្មវត្ថុសំដៅបំពានច្បាប់អន្តរជាតិ​តែម្តង។

ដោយឡែក គម្រោងសមយុទ្ធយោធាចិនចាប់ពីថ្ងៃស្អែកទៅនេះ ក៏បានធ្វើឲ្យជប៉ុនឯណោះ មាន​ការបារម្ភដែរ។ លោក Hirokazu Matsuno អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានអះអាងថា សកម្មភាពសមយុទ្ធយោធា របស់​កងទ័ព​ចិនដែលនឹងផ្តើមធ្វើនៅ​ទី​៤សីហា ក៏មាន​ផ្នែកខ្លះឈាន​ចូល​ទន្ទ្រាន​មកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (ZEE) របស់ជប៉ុន​ដែរ។​ ជាងនេះទៀត វាជាការធ្វើសមយុទ្ធដោយ​ប្រើគ្រាប់ពិត​។

“តៃវ៉ាន់មិនរាថយ ចាញ់សំឡុតចិនទេ!”

នៅក្នុងពេលជួបជាមួយលោកស្រី ណាន់ស៊ី ប៉េឡូស៊ី នៅព្រឹកមិញនេះ លោកស្រី សៃ អ៊ីងវេន ប្រធានាធិបតីតៃវ៉ាន់ បាន​ប្រកាសថា តៃវ៉ាន់នឹងមិនរាថយ ខ្លាចការគំរាមប្រើកម្លាំងយោធា​របស់ចិនជាដាច់ខាត។ ចំណែកលោកស្រី ណាន់ស៊ី ប៉េឡូស៊ីវិញ បានថ្លែងថា លោកស្រីមកតៃវ៉ាន់ គឺមកក្នុងនាមជាមិត្ត និងដើម្បី​សន្តិភាពនៅក្នុងតំបន់​​។​ តែលោក​ស្រីក៏បាន​បន្ថែម​ថា​ វត្តមាន​របស់​លោកស្រីនៅតៃវ៉ាន់ គឺចង់បញ្ជាក់ថា អាមេរិកនឹងមិនបោះបង់ចោលតៃវ៉ាន់ទេ អាមេរិកនឹងគោរពការសន្យា ក្នុងការជួយ​ទំនុកបំរុងកោះតៃវ៉ាន់ ដែលជាដែនដីសេរីភាព និងប្រជាធិបតេយ្យ។​

តែចង់មិនចង់ វត្តមានរបស់​លោកស្រីណាន់ស៊ី ប៉េឡូស៊ី នៅតៃវ៉ាន់នៅពេលនេះ វាបានធ្វើឲ្យ​សំណុំរឿងកោះតៃវ៉ាន់​នេះ ឡើងឆេះក្តៅគគុកតែម្តង។ ប្រទេសក្បែរខាងក្នុងតំបន់ ទាំងជប៉ុន ទាំងកូរ៉េខាងត្បូង មានការព្រួយបារម្ភណាស់ ព្រោះវានឹងជំរុញឲ្យ​មានសកម្មភាពយោធា បង្កអស្ថិរភាព​ក្នុងតំបន់កាន់តែខ្លាំង។ យ៉ាងណាមិញ អ្នកនាំពាក្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង បានអំពាវនាវ ឲ្យគ្រប់ភាគីទាំងអស់ រក្សាការស្ងៀមស្ងាត់ មានការអត់ធ្មត់រៀងៗខ្លួន។

ដូចយើងដឹងហើយ ថា​គោលជំហររបស់​កូរ៉េខាងត្បូង ក៏មិនខុសពីជប៉ុនដែរ គឺ​សំណុំរឿងតៃវ៉ាន់ ត្រូវតែ​ដោះស្រាយ​ដោយការចរចាគ្នាដោយសន្តិវិធី។ ការគំរាមកម្លាំងយោធាទៅវិញទៅមក គឺវានឹងធ្វើ​ឲ្យ​ខូច​សន្តិសុខ និងស្ថិរភាព​តំបន់ទាំងមូល។ បើទោះបី អ្នកវិភាគភាគច្រើនជឿថា វាមានលទ្ធភាព​តិច ដែលអាច​ឈានទៅដល់ការផ្ទុះអាវុធធ្វើសង្គ្រាមក៏ដោយ​ តែអ្វីៗយើងមិនអាចមើលឃើញទេ។ រងើកសង្គ្រាម​អាចនឹងឆាបឆេះភ្លាម ប្រសិនបើមានការប៉ះទង្គិចគ្នា ជាយថាហេតុ រវាងកងទ័ពទាំងសងខាង។

លោកស្រីណាន់ស៊ី ប៉េឡូស៊ី ជាស្ត្រីប្រជាធិបតេយ្យដែល​ស្អប់របបកុម្មនីស្តបំផុត

លោកស្រី ណាន់ស៊ី ប៉េឡូស៊ី មិនមែនជាឥស្សរជននយោបាយជាន់ខ្ពស់របស់អាមេរិក លើកដំបូងគេ ដែល​បានទៅដល់កោះតៃវ៉ាន់នោះទេ។ កាលពីឆ្នាំ១៩៩៧ លោក Newt Gingrich ប្រធានរដ្ឋសភាអាមេរិក​​កាលជំនាន់នោះ ក៏បានធ្វើ​ដំណើរទៅតៃវ៉ាន់ដែរ គ្រាន់តែថាកាលនោះ កាលៈទេសៈ បរិបទ វាមិនដូចគ្នា។ ចិនមិនទាន់មានកម្លាំង ទាំងសេដ្ឋកិច្ច ទាំងយោធា ដើម្បីប្រឆាំងតវ៉ា ឬខឹងច្រលោតអីទេ កាលនោះ។

ទាក់ទិននឹង​ នឹងទស្សនកិច្ចរបស់​លោកស្រីណាន់ស៊ី ប៉េឡូស៊ីនៅតៃវ៉ាន់នៅពេលនេះ គឺវាជានិម្មិតរូបមួយធំណាស់  ក្នុងកាលៈទេសៈ ដែលអាមេរិក​កំពុងតែពង្រឹង​ឥទ្ធិពល​នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រជែងជាមួយការវាតទីរបស់ចិន។ ជាងនេះទៀត ចិនខឹងខ្លាំង ព្រោះថាចិនដឹងថាលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ជាមនុស្សស្អប់របបកុម្មុយនីស្តខ្លាំងកំរិតណា។ លោក​ស្រី​ប៉េឡូស៊ី គឺជាអ្នកនយោបាយ​ប្រជាធិបតេយ្យអាមេរិកតែម្នាក់គត់ ដែលបានទៅ​ទីលានធានអានមេន នៅឆ្នាំ​១៩៩១ ដើម្បី​លើកបដាថ្កោលទោសបក្សកុម្មុយនីស្តចិន នៅថ្ងៃបុណ្យខួប​ការបង្ក្រាបបាតុកម្មដ៏សាហាវ​ នៅទីលានធានអានមេន​។

ចិនចុះខ្សោយសេដ្ឋកិច្ច សង្ស័យគេចង់ឆក់ឱកាស

មូលហេតុមួយទៀត ដែល​ចិនក្តៅស្លឹកត្រចៀក​ គឺថាប្រមាណមួយឆ្នាំចុងក្រោយនេះ គឺមាន​គណៈប្រតិភូ អ្នកនយោបាយ ឥស្សរជនបរទេសទៅទស្សនកិច្ចនៅតៃវ៉ាន់កាន់តែច្រើន មានទាំងអឺរ៉ុប អាមេរិក ជប៉ុនជាដើម។ វាជួនចំពេល ដែលចិនកំពុងតែជួបបញ្ហាផ្ទៃក្នុង បាក់ស្រុតសេដ្ឋកិច្ច ដោយសារតែវិបត្តិកូវីដ១៩។ ដូច្នេះចិនគិតថា គេចង់​ឆក់ឱកាសដែលចិនចុះទន់ខ្សោយ ដើម្បីរុញ​ឲ្យ​តៃវ៉ាន់​ប្រកាសឯករាជ្យ។​

តាំងតែពីអាណត្តិលោកដូណាល់ ត្រាំមក ចិនសង្កេតឃើញថា អាមេរិកចេញមុខកាន់តែច្បាស់ ក្នុងការការពារតៃវ៉ាន់ ចង់ឲ្យតៃវ៉ាន់​ប្រកាសឯករាជ្យជាផ្លូវការ​។​ រីឯមតិសាធារណៈតៃវ៉ាន់វិញ ក៏កាន់តែក្លាហានប្តេជ្ញាចង់បានឯករាជ្យកាន់តែខ្លាំងដែរ ដោយអះអាងថាតៃវ៉ាន់មានអត្តសញ្ញាណជាតិខុសពីចិនឆ្ងាយណាស់ មានរបបដឹកនាំសេរី ប្រជាធិបតេយ្យពេញលេញ មិនមែនកុម្មុយនីស្តបក្សតែមួយដូចចិន។

បើទោះជាមិនគាំទ្រ ក្នុងការដែលលោកស្រីប៉េឡូស៊ី ទៅទស្សនកិច្ចនៅតៃវ៉ាន់មែន តែ​លោក​ចូ បៃដិន ក៏កំពុងតែតាមដាន​ប្រតិកម្មរបស់ចិន យ៉ាងល្អិតល្អន់ដែរ។ វាគឺជាការធ្វើតេស្ត ដើម្បី​មើលកម្លាំងពុះកញ្ជ្រោល​របស់ចិន។ ហេតុដូច្នេះហើយ បានជាអ្នកវិភាគជាច្រើន រំពឹងថា លោកស៊ី ជីនពីង នឹងបញ្ចេញកម្លាំង បង្ហាញសាច់ដុំខ្លះ ដើម្បី​បំផុតគំនិតជាតិនិយម ក្នុងចំណោមប្រជាជនចិន ឲ្យ​ឈរនៅពីក្រោយ​លោកក្នុងការការពារទឹកដី។ បំផុសទឹកចិត្តស្នេហាជាតិ ក៏ជាមធ្យោបាយ​ធ្វើ​ឲ្យ​ប្រជាជន ភ្លេចគិតរឿងការលំបាក​ផ្នែកសេដ្ឋកិច្ច​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ