អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជប៉ុន​កំពុង​​ទទួល​​រងសំពាធ ដោយសារ​តែ​ភាព​តានតឹង​​​រវាងចិន-អាមេរិក ​ក្នុង​​សំណុំរឿង​តៃវ៉ាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រីណាន់ស៊ី ប៉េឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក បានអញ្ជើញទៅដល់​ទីក្រុងតូក្យូហើយ​ នៅព្រឹកថ្ងៃសុក្រនេះ ដែលជាគោលដៅចុងក្រោយ​នៃទស្សនកិច្ច បន្ទាប់ពីលោកស្រី​បានទៅដល់កោះ​​តៃវ៉ាន់ និង​កូរ៉េខាងត្បូង។ ជាដំណើរទស្សនកិច្ច​ ដែលបានបង្កឲ្យ​មាន​ភាពតានតឹងជាខ្លាំង ខណៈដែល​ចិន ​បានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់ នៅជុំវិញកោះតៃវ៉ាន់ ដើម្បី​បង្ហាញពី​​ការ​កើតទុក្ខមិនសុខចិត្ត ចំពោះដំណើរទៅដល់តៃវ៉ាន់ របស់​​លោកស្រី​​ប្រធាន​សភា​អាមេរិក​។ ជប៉ុន​ដែល​ស្ថិត​នៅមិន​ឆ្ងាយ​​ប៉ុន្មាន​​ពី​តៃវ៉ាន់ កំពុងតែ​ទទួល​​រងសំពាធ​នេះ​ជាខ្លាំង បន្ទាប់​ពី​​មីស៊ីល​​បាលីស្ទីក​របស់​ចិន ចំនួន​​យ៉ាង​ហោច​៥គ្រាប់ បានធ្លាក់ចូលទៅក្នុងដែនទឹករបស់ជប៉ុន។

លោកស្រីប្រធានសភាអាមេរិក ណាន់ស៊ី ប៉េឡូស៊ី ពេលជួបជាមួយ​លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន នៅក្រុងតូក្យូ ថ្ងៃទី ៥សីហា ២០២២
លោកស្រីប្រធានសភាអាមេរិក ណាន់ស៊ី ប៉េឡូស៊ី ពេលជួបជាមួយ​លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន នៅក្រុងតូក្យូ ថ្ងៃទី ៥សីហា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

មីស៊ីលចិន​ធ្លាក់ចូលដែនទឹកជប៉ុនជាលើកទី១

ដើម្បីបង្ហាញការតវ៉ាជំទាស់ ឬអាចជាការបញ្ចេញកម្លាំងបង្ហាញសាច់ដុំគំរាមផងក៏ថាបាន គឺ​ចិនបានរៀបចំការធ្វើសមុទ្រ​យោធាទ្រង់ទ្រាយធំមិនធ្លាប់មានទេ ចាប់ពីថ្ងៃព្រហស្បតិ៍ទី​៤សីហា​​ រហូតដល់ថ្ងៃអាទិត្យ​ចុងសប្តាហ៍នេះ។ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការចិន កងទ័ព​ចិនបាន​ប្រើយន្តហោះចម្បាំងប្រមាណជាង​១០០គ្រឿង ព្រមទាំងនាវាចម្បាំង​ ជាង​១០គ្រឿងថែមទៀត។

ផ្អែកតាម​កងទ័ពតៃវ៉ាន់ យ៉ាងហោចណាស់ ចិន​បាន​បាញ់មីស៊ីល​បាលីស្ទិក​ ប្រភេទ Dongfeng ចំនួន​១១គ្រាប់។ ដោយ​ឡែកខាងកងទ័ពជប៉ុនវិញអះអាងថា គេរាប់ឃើញ​៩គ្រាប់ ហើយ​ក្នុងនោះមាន​ប្រហែល៥គ្រាប់ បានហោះរំលងកោះតៃវ៉ាន់ ទៅធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ​ នៃដែនទឹករបស់ជប៉ុន។ ដូចយើងដឹងហើយ ថា​​កោះរបស់ជប៉ុន​ដែលស្ថិតក្នុងប្រជុំកោះអូគីណាវ៉ា គឺស្ថិតនៅចំងាយ​ប្រមាណ​តែ​ជាង​១០០គីឡូម៉ែត្រប៉ុណ្ណោះ ពីតៃវ៉ាន់​។ ហេតុដូច្នេះហើយ បានជាការធ្វើសមយុទ្ធយោធារបស់​ចិននៅតំបន់នេះ កំពុងតែធ្វើ​ឲ្យជប៉ុន​បារម្ភណាស់ អំពីសន្តិសុខជាតិខ្លួន ក៏ដូចជា​សុខសុវត្ថិភាពរបស់ប្រជាជន ​អ្នកនេសាទ និងនាវាដឹកទំនិញផងដែរ​។

សម្រាប់ពេលនេះ ជប៉ុនបានជូនដំណឹងទៅចិនតាមផ្លូវការទូត ដោយ​បានប្រាប់ទៅខាងចិន ថាត្រូវតែ​បញ្ឈប់សកម្មភាព​ធ្វើសមយុទ្ធយោធានេះជាបន្ទាន់។ លោក Nobuo Kishi រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានលើកឡើងថា សមយុទ្ធយោធារបស់ចិននេះ មានលក្ខណៈជា “ការគំរាមសំឡុត” ខ្លាំងណាស់ មកលើសន្តិសុខជាតិជប៉ុន​។ វាជា​លើក​ទី១ហើយ ដែល​មីស៊ីលចិនធ្លាក់ចូល​ដែនទឹកជប៉ុន​។

“ជប៉ុននិងអាមេរិក នឹងរួមគ្នា​ការពារសន្តិភាព ស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់”

នៅក្នុងពេលជួបជាមួយ លោក​ស្រី​ ណាន់ស៊ី ប៉េឡូស៊ី ​ នៅព្រឹកថ្ងៃសុក្រទី​៥សីហា​ លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋ​មន្ត្រី​ជប៉ុន បាន​ថ្លែងថា “សកម្មភាពសមយុទ្ធយោធារបស់ចិន បាញ់មីស៊ីលចូលដែនទឹកជប៉ុននេះ គឺជាបញ្ហា​ធ្ងន់ធ្ងរ មិនអាចប្រហែសបានទេ ព្រោះវាប៉ះពាល់ដល់សុវត្ថិភាពរបស់​ប្រជាជនជប៉ុន”។ ទន្ទឹមគ្នានេះ លោកបាន​ប្រកាសថា “ទោះយ៉ាងណាក៏ដោយ ជប៉ុននិងអាមេរិក នឹងរួមគ្នាសហការ យ៉ាងពេញដៃ ដើម្បី​រក្សាការពារ​សន្តិភាព ស្ថិរភាព​នៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ ច្រកនេះជាច្រកដែលមានចរាចរណ៍នាវាដឹកទំនិញ ដ៏មមាញឹកបំផុត”។

គួរកត់សំគាល់ថា ជាផ្លូវការ លោក Hirokazu Matsuo អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បាន​បញ្ជាក់ថា “ជប៉ុនគ្មាន​តួនាទីអ្វី​ទៅ​ធ្វើអត្ថាធិប្បាយ បញ្ចេញយោបល់ រឿងទស្សនកិច្ចរបស់​​លោកស្រីណាន់ស៊ី ប៉េឡូស៊ី នៅតៃវ៉ាន់នោះទេ”។ ក៏ប៉ុន្តែ យោងតាម​ប្រភពការទូតជប៉ុនផ្សេងទៀត ដោយសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ប្រសិនបើគេ បាន​សួរយោបល់រដ្ឋាភិបាលជប៉ុន ម្លេះ​ជប៉ុននឹង​ឆ្លើយថា ការទៅទស្សនកិច្ច​នៅតៃវ៉ាន់ របស់​លោកស្រីប្រធាន​សភា​អាមេរិក គឺវាមិនមែនជារឿងគួរធ្វើទេ។

បើតាមសំដី​នេះ មានន័យថា ប្រហែលជាភាគីអាមេរិក មិនបានជូនដំណឹងឬសួរយោបល់​ទៅខាងភាគី​ជប៉ុនទេ។ ហើយជប៉ុនមិនគាំទ្រប៉ុន្មានទេ ដែល​លោកស្រី​ប្រធានសភាអាមេរិក​ទៅទស្សនកិច្ចនៅតៃវ៉ាន់ ព្រោះជប៉ុនដឹងថាវានឹងដុតកំហឹងរបស់ចិន។ តែធ្វើម្តេចបើអង្ករក្លាយជាបាយទៅហើយ ជប៉ុនមានតែខំញញឹមរាក់ទាក់លោកស្រីណាន់ស៊ី ប៉េឡូស៊ី យ៉ាងទើសទាល់បំផុតនាពេលនេះ។

“ចិនគ្មានសិទ្ធិអ្វី មករារាំងមិនឲ្យគេ មានទំនាក់ទំនងជាមួយតៃវ៉ាន់​ឡើយ!”

យោងតាមអ្នករាយ​ការណ៍ព័ត៌មានបារាំង ប្រចាំនៅតូក្យូ បរិយាកាសអួរអាប់ ក៏មានខ្លាំងដែរក្នុងចំណោម​សមាជិកគណៈប្រតិភូអាមេរិក ដែលអមដំណើរលោកស្រីណាន់ស៊ី ប៉េឡូស៊ី។ វាបង្ហាញ​ពីការ​មានខ្លួនទើសទាល់ដែរ ពីសំណាក់ភាគីអាមេរិក​ ព្រោះថាបញ្ហាផ្ទុះផុសផុលឡើង ដោយសារតែខ្លួន។ តែយ៉ាងណា លោកស្រីណាន់ស៊ី ប៉េឡូស៊ី បាន​ប្រកាសនៅតូក្យូថា “អាមេរិក​គ្មានបំណងធ្វើ​ឲ្យ​ប្រែប្រួល ដល់​​លក្ខន្តិកៈស្ថិរភាព​ក្នុងសំណុំរឿងតៃវ៉ាន់ទេ តែចិនក៏គ្មានសិទ្ធិអ្វី​ មក​បិទខ្ទប់ដាក់រនាំងព័ទ្ធតៃវ៉ាន់ មិនឲ្យគេឯងផ្សេងទៀត ចូលទៅ​មានទំនាក់ទំនង​ជាមួយតៃវ៉ាននោះឡើយ”។

ជប៉ុនទទួលសំពាធ ដោយសារជម្លោះរវាងចិន និងអាមេរិក

នៅទីក្រុងភ្នំពេញឯនេះ ក្នុងឱកាស​ជំនួបកំពូលអាស៊ាន លោក​វ៉ាង យី ប្រមុខការទូតចិន បាន​លុបចោល​កិច្ចប្រជុំទ្វេភាគី ជាមួយលោក​រដ្ឋមន្ត្រីការបរទេសជប៉ុន។ បញ្ហានេះវាកំពុងតែធ្វើឲ្យ​ជប៉ុនរងសំពាធខ្លាំងណាស់ ព្រោះថាជប៉ុនជាសម្ព័ន្ធមិត្តរបស់អាមេរិក។ ក្នុងសំណុំរឿងតៃវ៉ាន់ ដែល​ចិន និង​អាមេរិក តែងតែសង្គ្រឺតធ្មេញដាក់គ្នាទៅវិញទៅមកនេះ វាប្រៀបបីដូចជា​ថ្មដ៏ដ៏មាន​ទំងន់ ដាក់​បន្ទុកទៅលើជប៉ុន។ កន្លងមកជប៉ុន ព្យាយាមអត់ធ្មត់ ហើយខិតខំ​ភ្ជាប់ទំនាក់ទំនងជាមួយចិនខ្លាំងណាស់ ទាក់ទិននឹងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។

ចង់មិនចង់ ជប៉ុនជាសម្ព័ន្ធមិត្តរបស់អាមេរិក ហើយជប៉ុន​មានភូមិសាស្ត្រក្បែរតៃវ៉ាន់ បើផ្ទុះសង្គ្រាម មានបញ្ហាទៅ គឺជប៉ុនក៏មិនអាចគេចផុតដែរ។ យ៉ាងណាមិញ​ សមយុទ្ធយោធារបស់​ចិនក្នុងពេលនេះ មិនមែនចិនគំរាមតែតៃវ៉ាន់នោះទេ តែចិនចង់​គំរាមគ្រប់គ្នាទាំងអស់ ដែលមានចំណែក​ពាក់ព័ន្ធក្នុងរឿងតៃវ៉ាន់​ រាប់ទាំងអាមេរិក និងជប៉ុនផងដែរ​។ មីស៊ីលបាលីស្ទីកចិន​ ធ្លាក់ចូលដែលទឹកជប៉ុនកាលពីថ្ងៃម្សិលមិញ វាមិនមែនជារឿងចៃដន្យទេ!

ដោយឡែក ផ្អែកតាមលោក John Kirby អ្នកនាំពាក្យសេតវិមានអាមេរិក កងទ័ពជើងទឹក​អាមេរិក ដែលប្រចាំការ​នៅក្នុងតំបន់ប៉ាស៊ីហ្វិក បានសម្រេចផ្អាក មិនបាញ់សាកល្បងមីស៊ីលអន្តរទ្វីបទេ ដោយ​មិនចង់​ធ្វើ​ឲ្យស្ថានការណ៍ កាន់តែតានតឹង។ តែនាវាចម្បាំងអាមេរិក និងបន្តក្រវែលនៅក្បែរតៃវ៉ាន់ ដើម្បីតាមដានស្ថានការណ៍។

លោក Tetsuo Kotani សាស្ត្រាចារ្យ​ជំនាញផ្នែកសន្តិសុខ ​នៅសកលវិទ្យាល័យ​ Meikai បាន​លើកឡើងថា ក្នុងករណី​ផ្ទុះសង្គ្រាម ជប៉ុន​មិនអាចគេចផុត ពីរងមីស៊ីលរបស់ចិននោះឡើយ។ នៅកោះអូគីណាវ៉ា របស់ជប៉ុន ក៏មាន​មូលដ្ឋានទ័ពអាមេរិកថែមទៀត។ បច្ចុប្បន្ន​មានទាហានអាមេរិកឈរជើង​នៅទីនោះ យ៉ាងហោច​​៥៥០០០នាក់។ ដូច្នេះ វាជាចំណងជាមួយអាមេរិក​ ដែលជប៉ុនមិនអាចស្រាយបានទេ។ លោក Tetsuo Kotani អះអាងទៀតថា ភាពតាន​តឹងកាន់តែកើនខ្លាំងបែបនេះ គឺសកម្មភាព​​យោធា​របស់ចិននៅជុំវិញតៃវ៉ាន់ នឹងកាន់តែមានញឹកញាប់ ហើយ​កាន់តែធំ ទៅថ្ងៃខាងមុខទៀត។ ដូច្នេះ សន្តិសុខជប៉ុន សុវត្ថិភាពនាវាដឹកទំនិញជាដើម នឹងប្រាកដជាជួបការលំបាក​។

ជប៉ុននឹង​ពង្រឹងវិស័យកងទ័ពដើម្បីការពារខ្លួន ក្នុងករណីផ្ទុះសង្គ្រាម​

ជានិច្ចជាកាល ពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយ ជប៉ុនតែប្រកាន់ជំហរ ជើងមួយ​ជាន់ទូកពីរ មិនចង់ចេញមុខខ្លាំង បោះពួយ​ហក់ចូលក្នុងរង្វង់ដៃអាមេរិកទេ។ តែកាលៈទេសៈកាន់តែតានតឹង ចិន​កំរើកកាន់តែខ្លាំង ដែលអាចធ្វើ​ឲ្យជប៉ុននឹងលែងមានជម្រើស តទៅទៀត។ ទំនោរប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជប៉ុនកំពុងតែឈានទៅពង្រឹងវិស័យ​កងទ័ព តាមរយៈការធ្វើ​កំណែទម្រង់រដ្ឋធម្មនុញ្ញសន្តិនិយមរបស់ខ្លួន។ បើតាមការវិភាគ រដ្ឋាភិបាលជប៉ុន កំពុងតែស្ទឺស្ទាក់ ក្នុងការ​ដំឡើងថវិកាចំណាយ​លើ​វិស័យកងទ័ព មួយទ្វេជាពីរឲ្យឡើងដល់ ២%នៃចំណូលដុលក្នុងស្រុករបស់​ជប៉ុន។​

តែយ៉ាងណាក៏ដោយ ក្នុងសំណុំរឿងចូលខ្លួន​ប្រឡូក​ក្នុងរឿងតៃវ៉ាន់ ដែល​មានអាមេរិក និងចិនមេជម្លោះ គឺវាជារឿងមួយពិបាកថ្លឹងថ្លែងខ្លាំងណាស់ សម្រាប់រដ្ឋាភិបាលជប៉ុន​។ យោងតាម​ការវិភាគរបស់​លោក Paul Nadeau នៅក្នុងទស្សនាវត្តី Tokyo Review គឺក្នុងចំណោម​​មតិសាធារណៈជប៉ុន មានចំនួនភាគច្រើន​គាំទ្រ ឲ្យ​ជប៉ុនជួយតៃវ៉ាន់​។ ក៏ប៉ុន្តែ មានការខ្វែងគំនិតខ្លាំអ​ ទាក់ទិននឹង​មធ្យោបាយជួយ ថាជួយដោយរបៀបណា ក្នុងរូបភាពបែបណា។

ការសម្រេចឈានជើងចូលធ្វើសង្គ្រាម​ជាក់ស្តែងណាមួយ​ ដើម្បីជួយតៃវ៉ាន់ អាចប្រហែលជាមិនមាន​ការគាំទ្រច្រើនទេ ពីប្រជាជនជប៉ុន​ ល្គឹកណា​តែថាជប៉ុនខ្លួនឯង ត្រូវរង​ការវាយប្រហាពី​ចិនដែរ។ អនុស្សាវរីយ៍អតីតកាលដ៏ជូរចត់ ដែលជប៉ុនរង​គ្រាប់បែកបរមាណូ២គ្រាប់ នៅដក់ជាប់ក្នុងមនសិកាជប៉ុននៅឡើយទេ ហេតុដូច្នេះហើយការចូលរួមធ្វើ​សង្គ្រាម​ គឺប្រជាជនប្រឆាំងដាច់ខាត។ តែយ៉ាងណា ដំណើរវិវឌ្ឍន៍នៃសំណុំ​រឿងដ៏តានតឹងនេះ មិនមែនជប៉ុនម្នាក់ឯង​ជាអ្នកកំណត់​ទេ។ កាលៈទេសៈអាចនឹងរុញច្រាន ឲ្យជប៉ុនធ្វើទាំង​បង្ខំ​ក៏ថា​បានដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ