អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ផែនការ​ប្រឆាំង​នឹង​វិបត្តិ​អតិផរណា​ របស់​រដ្ឋាភិបាល​បៃដិន ឡើង​ដល់​ព្រឹទ្ធសភា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ជជែក​ពិភាក្សា​តស៊ូ​មតិគ្នា​នៅ​ថ្ងៃអាទិត្យ​ទី​៨កក្កដាទៀត​ ជុំវិញ​សំណើ​ផែនការប្រឆាំងនឹងវិបត្តិអតិផរណា របស់រដ្ឋាភិបាល លោក ចូ បៃដិន។ រសៀល​ថ្ងៃសៅរ៍ លោក Chuck Schumer ប្រធាន​ក្រុម​គណបក្សប្រជាធិបតេយ្យប្រចាំព្រឹទ្ធសភាអាមេរិក បាន​ណែនាំ​បង្ហាញពី​អត្ថបទសំណើ​ច្បាប់ ដោយ​បាន​គូស​បង្ហាញ​ពី​គោលបំណងសំខាន់ៗ​​ មាន​តួយ៉ាង កាត់​បន្ថយ​តម្លៃ​ថ្នាំសង្កូវ​ព្យាបាល​ជំងឺ​សម្រាប់​មនុស្ស​ចាស់​, វិនិយោគដើម្បី​ការពារ​បរិស្ថាន​អាកាសធាតុ​និង​ដើម្បីថាមពល​បៃតង, បង្កើនពន្ធ​ចំពោះ​ក្រុមហ៊ុន​ធំៗ ដើម្បី​យក​ទៅ​ជួយ​ឧបត្ថម្ភ​ផ្នែក​សង្គម​កិច្ច​និង​បរិស្ថាន​ ហើយ​ចូលរួម​ចំណែក​កាត់បន្ថយ​ឱនភាព​សេដ្ឋកិច្ច។​ សំណើ​ច្បាប់​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ចូ បៃដិន (គម្រោង Build Back Better) គឺ​ត្រូវ​រាំង​ស្ទះ ​ប្រមាណ​ជា​មួយ​ឆ្នាំកន្លះ​មក​ហើយ​​។​​ ​​នៅពេល​នេះ​ទៀត ក្រុម​អ្នក​តំណាងរាស្ត្រ​បក្ស​សាធារណៈ​រដ្ឋ​ ក៏​នៅតែ​តាម​ជំទាស់​ មិន​ចង់​ឲ្យ​ច្បាប់​នេះ​ចេញរួច​ដែរ។

Le président américain Joe Biden a déjà pris plusieurs mesures visant à favoriser l'énergie solaire, comme ici lors d'un discours à Arvada, dans le Colorado, le 14 septembre 2021.
Le président américain Joe Biden a déjà pris plusieurs mesures visant à favoriser l'énergie solaire, comme ici lors d'un discours à Arvada, dans le Colorado, le 14 septembre 2021. © Brendan Smialowski / AFP
ផ្សាយពាណិជ្ជកម្ម

សេចក្តីព្រាង​​ច្បាប់របស់​រដ្ឋបាល​លោក ចូ បៃដិន ត្រូវ​គេ​មើលឃើញថា ជាគម្រោង​ការ​​កែទម្រង់​ស្តារស្រោចស្រង់​​សង្គម​ សេដ្ឋកិច្ច ព្រមទាំង​បរិស្ថាន។ អ្នក​ខ្លះ​បាន​ហៅពង្រាង​ច្បាប់នេះ ថា        ផែនការប្រឆាំងនឹង​អតិផរណាទំនិញ ទៀត​ផង ពី​ព្រោះថា វា​មាន​គោល​បំណង​គិតគូរ​ដល់​សេវកម្ម​​ព្យាបាល​ជំងឺ​ និង​ជួយ​ដល់​អ្នក​ក្រមនុស្ស​ចាស់ជរា ដែល​លំបាក​រងគ្រោះ​ក្នុង​បរិបទ​​ទំនិញ​ឡើង​ថ្លៃ​លុយ​ចុះថោក។​

នៅ​សហរដ្ឋអាមេរិក តម្លៃ​សេវា​ព្យាបាល​ជំងឺ​គឺ​ថ្លៃ​ខ្ពស់​ណាស់។  ក្រុម​សមាជិក​បក្ស​ប្រជា​ធិបតេយ ​ក៏​បាន​ទទួល​ស្គាល់​ដែរ ថា​​​សេវាកម្ម​ព្យាបា​ល​ចំពោះ​ជំងឺ​មួយ​ចំនួន​ គឺ​ថ្លៃ​ដ៏​ទៅ​ជាង​១០ដង​ឯងណា បើ​ធៀប​នឹង​ប្រទេស​អ្នក​មានផ្សេងទៀត។ ឧទាហរណ៍​ជាក់​ស្តែង គឺជួន​កាល តម្លៃព្យាបាល​ជំងឺនៅ​អាមេរិក​ ថ្លៃ​ជាង​១០ដង ​បើ​ធៀប​នឹង​ កាណាដា​ ជា​ប្រទេស​អ្នក​មាន​ក្នុង​ទ្វីប​អាមេរិក​ដូចគ្នា។​ ហេតុដូច្នេះហើយ ទើប​លោក Chuck Schumer ប្រធានក្រុមគណបក្សប្រជាធិបតេយ្យប្រចាំព្រឹទ្ធសភាអាមេរិក បាន​លើកឡើងដោយ​ក្តីសង្ឃឹម​​ថា តាមរយៈ​គម្រោង​កែទម្រង់​របស់​រដ្ឋបាល​ ចូ បៃដិន​ គឺ​ ទុក្ខលំបាក​ដែល​កើតចេញពី​ការ​ខ្វះ​ខាត​លុយកាក់​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​ ត្រូវ​កាត់​បន្ថយឲ្យ​ធូរស្រាល​ខ្លះ។

ក្នុងន័យ​​នេះ នៅក្នុង​ច្បាប់​ដែល​មាន​កម្រាស​ជាង​៧០០ទំព័រ គឺ​មាន​មាត្រា​មួយ​ ​ចែងថា​ ក្រុមហ៊ុន​ឱសថ​ ត្រូវ​ចេញ​ថ្លៃ​បង់​សង​ជំនួស​ ដល់​ក្រុមហ៊ុន​ធានារ៉ាប់រង់សុខភាព ប្រសិន​បើ​តម្លៃ​ឡើង​ខ្ពស់​ហួស​ពី​អតិផរណា។ អត្ថបទ​ពង្រាង​ច្បាប់នេះ​ ក៏មាន​ចែង​ថា រដ្ឋមន្ត្រី​សុខាភិបាល​ ត្រូវ​ជជែក​ចរចា​ពី​តម្លៃ​ថ្នាំ​ជាមួយ​នឹង​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​ និង​ក្រុមហ៊ុន​ផលិត​ឱសថ​ ដោយ​ផ្ទាល់។ ​​ច្បាប់នេះ ក៏​មាន​ចែង​ពីចំនួន​ទឹក​​ប្រាក់ ត្រូវ​​ជួយ​ដល់​មនុស្ស​ចាស់​ សម្រាប់​ការ​ព្យាបាល​និង​ទិញ​ថ្នាំ គឺ​ប្រមាណ​ជា ២ ពាន់​ដុល្លារ ក្នុង​មួយ​ឆ្នាំ។​

ជារួម សេចក្តីព្រាង​ច្បាប់​របស់​ក្រុម​លោក ចូ បៃដិន គឺ​មាន​វត្ថុបំណង​ជួយ​ឲ្យពលរដ្ឋអាមេរិក ទទួល​បាន​ការ​ព្យាបាល​ជំងឺឲ្យ​សម​រម្យ​ជាងមុន​​ និង​កាត់​បន្ថយ​វិសមភាពចំពោះ​​លទ្ធភាព​ក្នុងការ​ទទួល​បាន​ការ​ថែទាំ​សុខភាព។​

​ផែនការ​ច្បាប់ថ្មីនេះ គឺ​មា​នចែង​មួយ​ផ្នែក​ធំ ដែល​ផ្តោ​ត​សំខាន់​លើ​វិស័យ​បរិស្ថាន​អាកាសធាតុ​។ រដ្ឋបាល​លោក ចូ បៃដិន ចង់​គិតគូរ​យ៉ាងណាខ្លះ ក្នុងការ​សង្គ្រោះ​បរិស្ថាន​អាកាសធាតុ​?​

គម្រោង​របស់​លោក ចូ បៃដិន គឺ​លើក​សំណើ​ថវិកា ប្រមាណ​ ​៣៦៩ ពាន់​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ​គេ​រំពឹង​ថា​នឹង​ជួយ​ឲ្យ​សហរដ្ឋអាមេរិក​ ចូលរួម​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ប្រមាណ​៤០% នៅឆ្នាំ​២០៣០។

ចំណែក​ទឹកប្រាក់​រាប់ពាន់​​លាន​ដុល្លារ​ទៀត គឺ​សម្រាប់​វិនិយោគ​សាងសង់​កង្ហាល់​ផលិត​ថាមពល ពី​ខ្យល់​សមុទ្រ​, គម្រោង​ផលិត​ផ្ទាំង​សូឡា ទាញ​ថាមពល​ពីព្រះអាទិត្យ ហើយ​និង​គម្រោង​ផលិត​រថយន្ត​ដើរដោយ​ថាម​ពល​អគ្គិសនី​។​

ជាក់​ស្តែង បើ​ច្បាប់​នេះ ត្រូវ​សភាអនុម័តមែននោះ គឺ​ចំពោះទិញ​ឡាន​ដើរ​ដោយ​ចរន្ត​អគ្គិសនី នឹងត្រូវ​​បាន​ទទួល​ប្រាក់​កម្ចី​បន្ថែម​។ ពោលគឺ​អ្នក​ទិញ​​រថយន្តសម្រាប់​ធ្វើ​ដំណើរនិង​សម្រាប់​ការ​ទិញ​ឡាន​ដើរដោយ​អគ្គិសនី​​ នឹង​ទទួល​ប្រាក់​កម្ចី​ ប្រមាណ​ ៧ ៥០០ដុល្លារ ពី​រដ្ឋាភិបាល​​។​ ចំណុច​នេះ ត្រូវក្រុម​អ្នក​នយោបាយ​សាធារណៈ​រដ្ឋរិះគន់ថា រដ្ឋ​ចង់​ឲ្យ​ពលរដ្ឋ​ទិញ​ឡាន​ថោកៗ ត្រឹមតែ​៨ពាន់​ដុល្លារ​ប៉ុណ្ណោះ។​​

​ក្រុមហ៊ុន​ផលិត​រថយន្ត​វិញ អាច​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​ប្រមាណ​ ២ពាន់​លាន​ដុល្លារ ករណី​ដែលក្រុមហ៊ុន​​ចង់​កែសម្រួល​ដំណើរ​ការ​ផលិត​រថយន្ត ពីស៊ីប្រេង​សាំង​ មកជាការ​ផលិត​ឡានដើរដោយ​អគ្គិសនី​ ឬ​​ថាមពល​ស្អាត។​

មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​នឹង​ជួយ​ចេញ​ថ្លៃ​មួយ​ចំនួន រហូត​អាច​ដល់​៣០% សម្រាប់​ការ​ដាក់​ដំឡើង​ផ្ទាំង​សូឡា​ ទាញ​យក​ថាមពល​ពន្លឺ​ព្រះអាទិត្យ នៅ​លើ​ដំបូល​ផ្ទះ​។​

គម្រោង​កែប្រែ​សង្គម​ សេដ្ឋកិច្ច និង​បរិស្ថាន​របស់​សហរដ្ឋអាមេរិកនេះ គឺត្រូវការ​ថវិកា​ច្រើន​ណាស់​ដើម្បី​សម្រេច​ឲ្យ​បាន។

គម្រោង​ទឹកប្រាក់​​ប្រមាណ ១ ៧៥០ ពាន់លានដុល្លារ ហើយក្នុងនោះ ប្រហែល​​ជា ៣៧០ពាន់​លាន​ដុល្លារ សម្រាប់ការ​វិនិយោគ​លើ​វិស័យ​បរិស្ថាន​អាកាសធាតុ​​។​ ដើម្បី​កាត់​បន្ថយ​កម្ចី​សាធារណៈ​ គឺរដ្ឋបាលរបស់​លោក ចូ បៃដិន ​ស្នើយក​ពន្ធ​ពី​អ្នក​មាន​មកជួយ​អ្ន​កក្រ​ គឺបង្កើន​ពន្ធ​ ប្រមាណ​១៥% ចំពោះ​ក្រុម​ហ៊ុន​រកស៊ី​ណា​ដែល​បាន​ចំណេញ​ប្រាក់​លើសពី​១ពាន់​លាន​ដុល្លារ​ឡើងទៅ។​ ទន្ទឹម​នឹង​នេះ ត្រូវកាត់​បន្ថយផល​ប្រយោជន៍​ផ្សេងៗ​ខ្លះ តួយ៉ាង​ក្នុងករណី​​រួច​កាតព្វកិច្ច​ពន្ធ ត្រូវ​គិតគូរ​ពិចារណា​ឡើងវិញ។​

លើសពីនេះទៅទៀត អាជ្ញាធរ​រដ្ឋបាល​ខាង​គ្រប់គ្រង​ពន្ធ នឹង​បន្ថែម​ថវិកា​ចំនួន​៨០ពាន់លាន​ដុល្លារ​បន្ថែម ដើម្បី​​​បំពេញ​កិច្ចការ​ត្រួតពិនិត្យ​ការ​គេចពន្ធ​។ ក្នុងនោះ គេ​នឹង​ជ្រើសរើស​មន្ត្រី​បន្ថែម ៣៧ ០០០នាក់​ បន្ថែមលើបុគ្គលិក ៧៨ ០០០ នាក់ ដែល​មាន​ស្រាប់។​ ការ​បង្កើន​ចំនួន​នេះ គឺត្រូវ​ក្រុម​បក្ស​សាធារណរដ្ឋ​រិះគន់ថា មាន​ចំនួន​ច្រើន​ហួស គឺស្ទើរតែ​ច្រើន​ជាង​កងទ័ព​អង់គ្លេស​ទៅទៀត។​ ក្រុមបក្សសាធារណៈ​រដ្ឋ តាម​ខ្ទា​ស់​ មិនចង់​ឲ្យ​ច្បាប់​នេះ​ចេញទេ។

​ទោះជាម្តេច​ក្តី សម្រាប់ការ​ចេញពី​ព្រឹទ្ធសភា ​ការ​បោះឆ្នោត​សម្រេច​អនុម័ត គឺត្រូវការ​តែ​សំឡេង​៥០ បូក​នឹង​សំឡេង​របស់​អនុប្រធានាធិបតី​ Kamala Harris មួយ​ទៀត គឺ​គ្រប់គ្រាន់ហើយ។ បន្តមក​ទៀត អត្ថបទ​ច្បាប់នេះ​​ ​នឹងត្រូវ​ដាក់ឲ្យ​សភាអ្នក​តំណាងរាស្ត្រ​ ​​ ​ជជែក​ដេញដោលនិង​សម្រេច​បោះឆ្នោត​ នៅ​ដើម​សប្តាហ៍​ថ្មី​ ដែល​លោក ចូ បៃដិន សង្ឃឹមថា​សភា​នឹង​សម្រេច​អនុម័ត​ ដោយ​មិន​ពន្យារ​ពេលតទៅទៀត​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ