អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាម​អ៊ុយក្រែន៖ បារម្ភ​កាន់តែ​ធំ ក្រោយ​​ការបាញ់​ប្លោង​ផ្ទួនៗ ទៅលើ​ស្ថានីយ៍​នុយក្លេអ៊ែរ ​Zaporijjia

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានីយ៍អគ្គិសនី​​ដើរដោយថាមពល​នុយក្លេអ៊ែរ ហ្សាប៉ូរីចា (Zaporijjia) ស្ថិតនៅ​ភាគខាងត្បូងអ៊ុយក្រែន ដែលជារោងចក្រថាមពល​នុយ​ក្លេអ៊ែរ ដ៏ធំជាងគេបង្អស់នៅអឺរ៉ុបនោះ បានរងនូវ​ការវាយ​ប្រហារ បាញ់​ប្លោង​ផ្ទួនៗគ្នា កាលពីថ្ងៃសុក្រ និង​យប់ថ្ងៃសៅរ៍ម្សិលមិញនេះ។ អ៊ុយក្រែន និងរុស្ស៊ី ចោទគ្នាទៅវិញទៅមក ថាជាអ្នកបាញ់ប្លោងគ្រាប់ ប៉ះពាល់ដល់ស្ថានីយ៍នេះ។ ដោយឡែក ទីភ្នាក់ងារថាមពល​នុយក្លេអ៊ែរអន្តរជាតិ កំពុង​តែ​មានការព្រួយ​បារម្ភកាន់តែខ្លាំងឡើង ទាក់ទិននឹងគ្រោះថ្នាក់​នុយក្លេអ៊ែរនៅស្ថានីយ៍នេះ​ ដែលវាអាចជាហានិភ័យ គំរាម​ទ្វីបអឺរ៉ុប​ទាំងមូល​​តែ​ម្តង​។

ទាហានម្នាក់ ដែលមានទង់ជាតិរុស្ស៊ីនៅលើឯកសណ្ឋាន កំពុងឈរនៅក្បែររបង​ស្ថានីយ៍អគ្គិសនីនុយក្លេអ៊ែរ Zaporijjia / Zaporizhzhia ថ្ងៃទី៤ សីហា ២០២២
ទាហានម្នាក់ ដែលមានទង់ជាតិរុស្ស៊ីនៅលើឯកសណ្ឋាន កំពុងឈរនៅក្បែររបង​ស្ថានីយ៍អគ្គិសនីនុយក្លេអ៊ែរ Zaporijjia / Zaporizhzhia ថ្ងៃទី៤ សីហា ២០២២ REUTERS - ALEXANDER ERMOCHENKO
ផ្សាយពាណិជ្ជកម្ម

ចោទគ្នាទៅវិញទៅមក

ស្ថានីយ៍អគ្គិសនីនុយក្លេអ៊ែរ Zaporijjia / Zaporizhzhia បានរងការ​បាញ់​ប្លោង​កាលពីថ្ងៃសុក្រ។ ស្រាប់តែនៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ​ម្សិលមិញនេះ មានការបាញ់​ប្លោង​មួយទៀត បាន​ធ្លាក់ចំ​ក្បែរស្ថានីយ៍​នេះ​។​ គួរបញ្ជាក់ដែរថា ស្ថានីយ៍ Zaporijjia ស្ថិតនៅក្បែរ​ទីក្រុង Energodar ដែលទីក្រុងនេះ ត្រូវបាន​ធ្លាក់ទៅក្នុងដៃរបស់​កងទ័ពរុស្ស៊ី តាំងតែពីពាក់កណ្តាល​ខែ​មីនាម្លេះ។ ក៏ប៉ុន្តែ យើងមិនមានព័ត៌មានឲ្យច្បាស់ប្រាកដទេ ថាភាគីខាងណាមួយ ដែលជាអ្នកបន្តគ្រប់គ្រងរោងចក្រអគ្គិសនី Zaporijjia នេះ​។

អាជ្ញាធររុស្ស៊ីដែលកាន់កាប់ក្រុង Energodar បានអះអាងថា គឺកងទ័ពអ៊ុយក្រែន ដែលជាអ្នកបានបាញ់ រ៉ូកែតមានផ្ទុកកូនគ្រាប់ ប្រភេទOuragan មួយគ្រាប់ កាលពីយប់ថ្ងៃសៅ​រ៍ ឈានចូលថ្ងៃអាទិត្យ។ គ្រាប់រ៉ូកែតនេះ បានធ្លាក់​នៅចំងាយ​ប្រមាណ​៤០០ម៉ែត្រ ពី​រ៉េអាក់ទ័រមួយ នៃស្ថានីយ៍​នេះ ដែលរ៉េអាក់ទ័រនោះកំពុងដំណើរការធម្មតាទេ។ ប្រភពពីអាជ្ញាធររុស្ស៊ីដដែល អះអាងទៀតថា បំណែកផ្ទុះរបស់គ្រាប់រ៉ូកែត បានធ្វើឲ្យ​ខូចខាតអាគារ​រដ្ឋបាល​នៃស្ថានីយ៍​ និងបាន​ប៉ះពាល់ផ្នែកខ្លះ ដល់ទីតាំងស្តុក​កាកសំណល់នុយក្លេអ៊ែរចាស់ៗ។

ដោយឡែក ប្រភពពីក្រុមហ៊ុនជាតិ​អគ្គិសនី​នុយក្លេអ៊ែរអ៊ុយក្រែន ឈ្មោះ Energoatom បាន​បញ្ជាក់ថា បុគ្គលិកម្នាក់​របស់​ក្រុមហ៊ុន ដែល​ប្រចាំការនៅស្ថានីយ៍នេះ បានរងរបួសធ្ងន់ និង​ត្រូវបាន​បញ្ជូន​ទៅមន្ទីរពេទ្យ​ ដោយសារតែគ្រាប់រ៉ូកែត បាញ់ដោយ​កងទ័ពរុស្ស៊ី កាលពីយប់ថ្ងៃសៅរ៍។ ហើយ​កាលពីថ្ងៃសុក្រវិញ ខាងអាជ្ញាធរអ៊ុយក្រែន បានចោទថា គឺកងទ័ព​រុស្ស៊ី ដែលបានបាញ់​ប្លោងគ្រាប់ចំនួន​៣លើក មកលើស្ថានីយ៍​នុយក្លេអ៊ែរ Zaporijjia។

ខូចប្រព័ន្ធ​រ៉ាដា​ចាប់ធាតុវិទ្យុសកម្ម​

ប្រភពពីក្រុមហ៊ុន​ Energoatom បាន​អះអាង​ថា ប្រព័ន្ធរ៉ាដាចាប់ធាតុវិទ្យុសកម្មចំនួន​៣ ដែលស្ថិតនៅជុំវិញស្ថានីយ៍​ Zaporijjia បានរងការខូចខាត។  ប្រព័ន្ធរ៉ាដាខូចខាត មានន័យថា​​​គេ​​មិន​អាច​​តាម​ដានដឹង អំពី​​កម្រិត​​ធាតុវិទ្យុ​សកម្ម​​នៅក្នុង​​បរិយាកាស ជុំវិញ​ស្ថានីយនេះ​​ ឡើងឬចុះកម្រិតណាទេ ហើយ​ក៏មានន័យថា គេមិនអាចធ្វើអន្តរាគមន៍ឲ្យទាន់ពេលវេលាដែរ ក្នុងករណីមានគ្រោះថ្នាក់​នុយក្លេអ៊ែរ។​

កាលពីថ្ងៃសៅរ៍ ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរ​អន្តរជាតិ AIEA បានចាត់ទុកថា ស្ថានភាព​កាន់តែអាសន្ន និង​បង្កឲ្យ​មានការបារម្ភខ្លាំងណាស់​ ស្តីពីសុវត្ថិភាព​របស់ស្ថានីយ៍​Zaporijjia នេះ។ ផ្អែកតាមទីភ្នាក់ងារនេះ មានរ៉េអាក់ទ័រមួយ នៃស្ថានីយ៍​ត្រូវបាន​បិទ លែងឲ្យដំណើរការហើយ បន្ទាប់ពីមានការវាយ​ប្រហារ​ប្លោងគ្រាប់ កាលពីថ្ងៃសុក្រ។

ការបារម្ភនេះ ក៏ត្រូវបាន​លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ លើកឡើងផងដែរ។ ពីទីក្រុងតូក្យូ លោក​ អង់​តូនីញ៉ូ ហ្គូតទែរស៍ បានអំពាវនាវ ថាត្រូវតែបញ្ឈប់ជាបន្ទាន់ នូវការវាយ​ប្រហារបាញ់​ប្លោងគ្រាប់​ទៅ​លើស្ថានីយ៍​នុយក្លេអែរ។ ការវាយ​ប្រហារដែលលោកចាត់ទុកថា ប្រៀបបីដូចជាអំពើអត្តឃាត សម្លាប់ខ្លួនឯង។ លោក​ក៏បាន​អំពាវនាវបន្ថែមថា ត្រូវតែ​រៀបចំអនុញ្ញាត ឲ្យ​មន្ត្រីជំនាញ​របស់ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរ​អន្តរជាតិ AIEA អាចចូលទៅពិនិត្យស្ថានការណ៍ជាបន្ទាន់ នៅឯស្ថានីយ៍​Zaporijjia។

មហន្តរាយអាចមាន​លើស​ Tchernobyl ១០ដង

ស្ថានីយ៍ Zaporijjia គឺជារោងចក្រអគ្គិសនី ដើរដោយ​ថាមពលនុយក្លេអ៊ែរ ដែល​មានទំហំធំជាងគេបង្អស់ នៅក្នុងអឺរ៉ុបទាំងមូល។ ស្ថានីយ៍នេះ អាចផលិត​អគ្គិសនី​បានចំនួន ៦០០០ម៉េហ្កាវ៉ាត់ ពោលគឺប្រមាណ​២០%នៃតម្រូវការអគ្គិសនីទាំងអស់ របស់អ៊ុយក្រែន។ ស្ថានីយ៍ Zaporijjia មានរ៉េអាក់ទ័រនុយក្លេអ៊ែរ សរុបទាំងអស់​៦ ដែលរ៉េអាក់ទ័រដំបូងគេសង់តាំងតែពីឆ្នាំ​១៩៧៩ នៅពេលអ៊ុយក្រែន​ស្ថិតជាសមាជិកនៃសហភាព​សូវៀតនៅឡើយ​។ ចំណែករ៉េអាក់ទ័រចុងក្រោយ គឺសង់នៅឆ្នាំ​១៩៩៥។

យោងតាមអ្នកជំនាញ ស្ថានីយ៍នុយក្លេអ៊ែរ Zaporijjia ជាស្ថានីយ៍ដែល​គោរពក្រិត្យក្រម​សុវត្ថិភាពខ្ពស់ ជាងស្ថានីយ៍​នុយក្លេអ៊ែរ Tchernobyl ដែលបាន​ផ្ទុះ​កាលពីខែមេសា ឆ្នាំ​១៩៨៦។ គ្រោះថ្នាក់ផ្ទុះ​​នៅ Tchernobyl គឺមាន​រ៉េអាក់ទ័រ​​តែមួយទេ ដែលបានផ្ទុះ តែវាជាគ្រោះមហន្តរាយ​ ដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រ​នៃឧស្សាហកម្ម​អគ្គិសនីនុយក្លេអ៊ែរ។​ ចំណែក​នៅស្ថានីយ៍ Zaporijjia វិញ ​​រ៉េអាក់ទ័រមានដល់ទៅ​៦ ដែលអាចរងគ្រាប់​មីស៊ីលឬគ្រាប់រ៉ូកែត។​ កាលពីខែមីនា លោករដ្ឋមន្ត្រីក្រសួងការ​បរទេសអ៊ុយក្រែន បានលើកឡើងថា ក្នុង​ករណី​មាន​បញ្ហាផ្ទុះនៅ​ស្ថានីយ៍ Zaporijjia គឺមហន្តរាយ​អាចនឹង​ធ្ងន់ធ្ងរ លើសTchernobyl ដល់ទៅ​១០ដងឯណោះ។

ពីទីក្រុងញូយ៉ក កាលពីថ្ងៃទី​១សីហា លោកអង់តូនីញូ ហ្គូតទែរស៍ អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​បង្ហាញ​ការបារម្ភធំណាស់ ទាក់ទិននឹងមហន្តរាយ​នុយក្លេអ៊ែរ ដែលពិភពលោក​យើងកំពុងតែប្រឈម។ ណាសង្គ្រាមនៅអ៊ុយក្រែន ណាបញ្ហា​តានតឹងខ្លាំងរវាងចិននិងអាមេរិក ក្នុងសំណុំរឿងតៃវ៉ាន់។ លោកអង់តូនីញូ ហ្គូតទែរស៍ លើកឡើង មហន្តរាយនុយក្លេអ៊ែរ មកលើមនុស្សជាតិយើង អាចកើតមានឡើងគ្រប់ពេល ដោយ​ការ​យល់ច្រលំគ្នា ឬក៏ការវិនិច្ឆ័យ​ដោយមិនត្រឹមត្រូវណាមួយ​។ កំហុសតែមួយ​ប៉ព្រិចភ្នែកនេះ អាចនឹង​បង្កឲ្យ​មានវិនាសកម្មនុយក្លេអ៊ែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ