អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក ដូណាល់ ត្រាំ ត្រូវ​រដ្ឋអាជ្ញា​នៃ​រដ្ឋញូវយ៉ក​ ហៅ​ទៅ​សាកសួរ ជុំវិញ​សំណុំរឿង​គេចពន្ធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃពុធ​ អតីត​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវរដ្ឋ​អាជ្ញារដ្ឋ​ញូវយ៉ក កោះហៅ​ទៅសាកសួរ នៅតុលាការ​ក្រុង​ញូវយ៉ក​ ដោយ​សង្ស័យ​ពីបទ​​លួច​គេចពន្ធ​។ ក្នុងអង្គ​សវនាការ ​រយៈ​ពេល​ប្រមាណ​ ៦ ម៉ោង ​មហាសេដ្ឋី ដូណាល់ ត្រាំ បាន​រក្សា​សិទ្ធិ​នៅ​ស្ងៀមស្ងាត់​ មិន​ឆ្លើយតប​អ្វីទាំងអស់​។ អង្គសវនាការនៅ​រដ្ឋ​ញូវយ៉ក់​​នេះ គឺធ្វើ​ឡើង​តែពីរថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ នគរបាល​សហព័ន្ធ​ បាន​ចុះ​ឆែកឆេរ​នៅ​គេហរដ្ឋ​របស់​លោក ត្រាំ នៅ​ផ្លរីដា (Florida)។

លោក ដូណាល់ ត្រាំ នៅថ្ងៃទី​១០កក្កដា នៅ​មុខ​តុលាការ​រដ្ឋ​ញូវយ៉ក។
លោក ដូណាល់ ត្រាំ នៅថ្ងៃទី​១០កក្កដា នៅ​មុខ​តុលាការ​រដ្ឋ​ញូវយ៉ក។ AP - Julia Nikhinson
ផ្សាយពាណិជ្ជកម្ម

​​សំណុំ​រឿងប៉ូលិស​FBI ចូលឆែកឆេរ  និងសំណុំរឿង​គេចពន្ធ​ ដាច់ដោយឡែកគ្នា។​

-បើ​និយាយ​ពី​ផ្លូវ​ច្បាប់ សំណុំរឿង​ពីរនេះ គ្មាន​អ្វីពាក់ព័ន្ធគ្នាទេ គឺជារឿង​ដាច់​ដោយឡែក​សុទ្ធសាធ។ ការ​ឆែកឆេរ​កាលពី​ពីរថ្ងៃមុន នៅគេហដ្ឋាន​ភូមិគ្រឹះ ​របស់លោក ត្រាំ​ នៅ​ ​ Mar-a-Lago ក្នុង​រដ្ឋ​ផ្លរីដា ជា​សំណុំ​រឿង​របស់​នគរបាល​សហព័ន្ធ FBI ដែល​ពាក់​ព័ន្ធ​នឹង​ឯកសារសម្ងាត់​​ជាតិ ជាច្រើន​កេស។ ​ប៉ូលិសសហព័ន្ធ​​សង្ស័យថា​លោក ត្រាំ​ យក​ទៅ​ជាមួយ​រូបលោក ក្រោយ​ចាក​​ចេញពី​វិមាន​ប្រធានាធិបតី នៅពេល​​​ចប់​អាណត្តិ។ ​​លោក ត្រាំ និង​បក្សពួក បាន​រិះគន់​ប៉ូលិស និង​ចោទ​ប្រកាន់​ បង្ក​ឲ្យកើត​​ក្តី​មិន​ទុក​ចិត្ត​ទៅលើ​​នគរបាល​ ដែល​ចុះទៅ​​ឆែកឆេរនោះ​។ លោក ត្រាំ​ ​លើកឡើងថា ខ្លាចក្រែង ​ប៉ូលិស​ដាក់​ឯកសារ​បន្លំ​នៅ​បាត​ហិប ឬកន្លែង​ណាមួយ​ ​​ដើម្បី​ទម្លាក់​កំហុស​មកលើរូប​​លោក​។ សម្រាប់​លោកត្រាំ, ចំណុច​នេះជាការណ៍​មួយ​គួរ​ឲ្យ​បារម្ភ​និង​ទុកចិត្ត​បាន​ចំពោះ​នគរបាល​សហព័ន្ធ។ ចំណុច​នេះ ក៏​គ្មាន​ដែល​មាន​អតីត​ប្រធានាធិបតី​អាមេរិក​រូបណាមួយ ព្រួយ​​ឬសង្ស័យ​ពី​ប្រព័ន្ធ​យុត្តិធម៌​របស់ប្រទេស​ខ្លួន​បែបនេះ​ទេ។​ ពាក់ព័ន្ធ​ករណី​រឿង​នេះ បើ​តាម​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង​AFP សូម្បីតែ​ក្រសួង​យុត្តិធម៌​អាមេរិក និង​ ប៉ូលីស​សហព័ន្ធ​FBI ក៏​មិនទាន់​បង្ហើប​ឲ្យ​ដឹង​ច្បាស់ ថាម្តេច​​នៅឡើយទេ។​

ចំណែក​សំណុំ​រឿង​ទៅ​ឆ្លើយ​បំភ្លឺ​នៅតុលាការ​ញូវយ៉ក ពីថ្ងៃពុធ ជា​សំណុំ​រឿង​ស៊ីវិល ទាក់​ទង​នឹង​ការ​គេច​ពន្ធ​​ និងការ​រកស៊ីនៅក្រុម​ហ៊ុន​ផ្ទាល់​ខ្លួន​របស់​ក្រុម​គ្រួសារ​របស់​លោក។ តុលាការ​រដ្ឋ​ញូវយ៉ក បាន​បើកនីតីវិធី​​ស៊ើប​​អង្កេត​រឿង​នេះ បន្ទាប់ពី​មាន​សក្ខីកម្ម​របស់​សាក្សី​ជាច្រើន​នាក់​ ក្នុងនោះ​ក៏មាន​អតីត​មេធាវី របស់​លោក ត្រាំ​ មួយ​ផង ដែល​អះអាង​ថា លោក ត្រាំ​ និង​ក្រុមហ៊ុន​គាត់ បាន​ធ្វើ​ឯកសារ​ក្រដាសស្នាមក្លេង​​បន្លំ​ ដើម្បី​អាច​កេង​ចំណេញ​ក្នុងការ​ខ្ចីប្រាក់, និង​ចំណេញពី​​ការ​គេច​វេះ​មិនបង់ពន្ធ ហើយ​និង​អាច​ចំណេញថែមទៀត​ ​ពី​ក្រុម​ហ៊ុន​ធានារ៉ាប់​រង ជាដើម។​

ចំពោះ​ករណីនេះ កូនៗពីរនាក់​របស់​លោក ត្រាំ មាន Ivanka និង Donald Jr គឺ​ត្រូវ​ភ្នាក់ងារ​​របស់​អយ្យការ​រដ្ឋញូវ​យ៉ក បាន​ហៅ​ទៅ​សាកសួរ​រួច​ហើយ​ កាលពី​ចុង​ខែកក្កដា ​និង​ដើម​ខែ​សីហា​នេះ។​ ​​តាម​ពិត​ទៅ លោក ​ដូណាល់ ​ត្រាំ ក៏​ត្រូវ​ចូល​ឆ្លើយ​បំភ្លឺ ក្នុង​ខែ​កក្កដា​ដែរ ប៉ុន្តែ​ដោយសារតែ​ភរិយាទី១​របស់​លោក បាន​​ទទួល​អនិច្ចកម្ម ទើប​​សនាវការ​ត្រូវ​​ពន្យារពេល និងទើបតែ​ធ្វើ​ឡើង​ពីថ្ងៃទី​១០សីហា​​។​

​ក្នុង​អង្គសវនាការ​ លោក ដូណាល់ ត្រាំ ​​​​រក្សា​ភាព​ស្ងាត់​ស្ងៀម។ ផ្ទុយ​ទៅវិញ នៅ​ក្រៅ​តុលាការវិញ​ ​លោកបែរជា​បាន​សម្តី​​ខ្លាំង​ណាស់។​ ​

លោក ដូណាល់ ត្រាំ បានសម្រេច​រក្សាសិទ្ធិមិនឆ្លើយ ពីព្រោះ​លោក​​សំអាងផ្អែក​ទៅ​លើវិសោធនកម្ម លើកទី៥ នៃរដ្ឋធម្មនុញ្ញអាមេរិក​ ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋអាមេរិកគ្រប់រូប​ អាច​​រក្សា​សិទ្ធនៅ​ស្ងៀមស្ងាត់​ មិន​ឆ្លើយតប ឬមិន​និយាយ​ថ្លែងអ្វី​ ដែល​អាចនាំឲ្យ​គេ​ចាប់​ពិរុទ្ធ​ប្រឆាំង​នឹង​ខ្លួន​ឯង​​ ឬ​ក៏ មិន​ថ្លែងសក្ខីកម្ម​ដាក់​បន្ទុក​លើ​​ខ្លួន​ឯង​។

ផ្ទុយទៅវិញ​ នៅពេល​ចេញ​ក្រៅ​តុលាការ​ លោក ដូណាល់ ត្រាំ បាន​និយាយ​ថ្លែង​នៅក្នុង​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន ដោយ​បាន​រិះគន់​ រដ្ឋអាជ្ញា​នៃរដ្ឋ​ញូវយ៉ក ថា​មាន​កន្លែងធ្វើ​ការ​ល្អអស្ចារ្យ​ មាន​លក្ខខណ្ឌ​​ការងារ​ក៏ប្រសើរ តែបែរជា​​មិន​ខំប្រឹង​ប្រែង​ធ្វើការ​ឲ្យ​ល្អ និង​បែរជា​បណ្តោ​យ​ឲ្យ​ មនុស្សនៅ​ញូវយ៉ក បង្កបញ្ហា​​និង​មាន​ឃាតកម្ម​សម្លាប់គ្នា​យ៉ាង​​ច្រើន​។ ​មិនតែប៉ុណ្ណោះ រដ្ឋអាជ្ញានៃរដ្ឋញូវយ៉ក បង្ខាត​ពេលវេលា​ក្នុងការ​ស៊ើប​អង្កេត​ករណី​របស់​លោក យ៉ាងឥតអំពើ ទៅវិញ។ នេះបើតាម​លោក ត្រាំ។​

តាំងតែជាច្រើន​ខែ​មកហើយ និង​តាំង​ពី​ថ្ងៃ​អង្គារ៍មកទៀត មួយថ្ងៃមុន​ចូល​សវនាការ លោក ដូណាល់ ត្រាំ ​បាន​រិះគន់​រដ្ឋអាជ្ញានៃរដ្ឋ​ញូវយ៉ក់ថា​ជាមនុស្ស​រើសអើង​ប្រកាន់​ពូជសាសន៍​ និង​ថា នៅ​ក្នុង​រដ្ឋបាល​ដឹកនាំ​ដោយ​ ចូ បៃឌិន ខាង​បក្ស​ប្រជាធិបតេយ្យ គឺ​ គ្រួសារ​ និង​រូប​លោក ត្រាំ ផ្ទាល់ ក្លាយ​ជា​ផ្ទាំង​ស៊ើប​ ដែលត្រូវ​គេធ្វើ​ទុក្ខ​បុកម្នេញ និង​​វាយប្រហារ​ពី​គ្រប់​ជ្រុង​គ្រប់​ទិសទី​។

​​​គួរ​ជ្រាបថា ប្រមាណ​ជា​ជាង​៣ឆ្នាំមកហើយ​ ដែល​សំណុំ​រឿងសង្ស័យ​​គេច​ពន្ធ​របស់​លោក ​ដូណាល់ ត្រាំ បាន​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ តែ​ រដ្ឋអាជ្ញា​នៃ​រដ្ឋញូវ​យ៉ក អ្នក​ស្រី Letitia James បញ្ជាក់​ថា អយ្យការតុលាការ​ញូវយ៉ក ​​នឹង​ត្រូវ​ស៊ើប​អង្កេត​ជាបន្តទៀត ព្រោះថា ប្រទេស​អាមេរិក គ្មានជនណាអង្គុយ​​នៅ​ពីលើច្បាប់​ទេ​។ អ្នក​ស្រី​រដ្ឋអាជ្ញាអាមេរិក​ស្បែក​ខ្មៅ​រូបនេះ បានបញ្ជាក់​ក្នុង​សេចក្តី​​ថ្លែងការណ៍​ខ្លី​មួយថា «នឹង​បន្ត​នីតិវិធីតទៅទៀត តាម​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ»។ 

សំណុំ​រឿង​នៅ​រដ្ឋ​ញូវយក​នេះ ជា​រឿង​រដ្ឋប្បវេណី ដែល ​​រដ្ឋអាជ្ញា អាច​ត្រឹម​មា​នសិទ្ធ​ស៊ើប​អង្កេត​បន្ត និង​ស្នើ​ទាមទារឲ្យ​បង់​ពិន័យ​​ជាទឹកប្រាក់ បើ​សិន​ជា​ តុលាការ​រដ្ឋ​ញូវយ៉ក រក​ឃើញថា​លោក ត្រាំ ​និង​ក្រុមហ៊ុន​របស់​គាត់​បាន​ប្រព្រឹត្ត​ខុ​ស លួច​គេចពន្ធ​ មែននោះ។ ទោះ​ជាម្តេច​ក្តី អង្គហេតុ​ហេតុនេះ ក៏​អាចជា​កម្មវត្ថុមួយ​ ​និ​ង​នាំឲ្យ​ រដ្ឋអាជ្ញា បើ​ក​ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ​ បាន​ដែរ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ