អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការសិក្សាថ្មី​មួយ​បង្ហាញ​ថា តំបន់​អាកទិក ឡើង​កម្តៅ​ជិត​​៤ដង​លើស​តំបន់​ផ្សេងៗទៀត នៃ​​ភព​​ផែនដី

ចុះផ្សាយ​នៅ​ថ្ងៃ៖

តំបន់អាកទិក ឬហៅថា​តំបន់ប៉ូលខាងជើង មានសីតុណ្ហភាពឡើងក្តៅខ្លាំង លើសតំបន់ផ្សេងៗទៀត​នៃភពផែនដីយើង ដល់ទៅជិត​៤ដងឯណោះ ក្នុងរវាង​៤០ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ ដែល​ត្រូវបាន​ធ្វើឡើង ដោយ​ក្រុម​អ្នកជំនាញ​វិទ្យាសាស្ត្រ នៅប្រទេសន័រវេស និង​ហ្វាំងឡង់។ សីតុណ្ហភាពក្តៅខ្លាំង ដែលធ្វើឲ្យ​ផ្ទាំងទឹកកកនៅតំបន់អាកទិក រលាយ​កាន់តែឆាប់​រហ័ស ហើយធ្វើឲ្យទឺកសមុទ្រឡើងកំពស់។

ពន្លឺភ្លើង​របស់ទូកអ្នកស្រាវជ្រាវ នៅជិត​ផ្ទាំងទឹកកក iceberg មួយដ៏ធំ ដែលទើបតែបានបាក់របេះ អណ្តែតចូលសមុទ្រ ស្ថិតនៅ​ភាគ​ខាងកើត កោះ​​Groenland ថ្ងៃទី១៥ សីហា ២០១៩
ពន្លឺភ្លើង​របស់ទូកអ្នកស្រាវជ្រាវ នៅជិត​ផ្ទាំងទឹកកក iceberg មួយដ៏ធំ ដែលទើបតែបានបាក់របេះ អណ្តែតចូលសមុទ្រ ស្ថិតនៅ​ភាគ​ខាងកើត កោះ​​Groenland ថ្ងៃទី១៥ សីហា ២០១៩ AP - Felipe Dana
ផ្សាយពាណិជ្ជកម្ម

ការសិក្សាស្រាវជ្រាវថ្មីនេះ ត្រូវបាន​ធ្វើឡើងដោយ​ក្រុមអ្នកជំនាញ​វិទ្យាសាស្ត្រ​ផ្នែក​បរិស្ថាន និង​ អាកាសធាតុ មានទីតាំងនៅ​ន័រវែស និង​ហ្វាំងឡង់។ ការសន្និដ្ឋាន​នៃការសិក្សានេះ ត្រូវបាន​ចុះផ្សាយ​ក្នុងទស្សនាវត្តី Earth & Environment ។

ក្រុមអ្នកជំនាញបាន​ធ្វើការវិភាគ ទៅ​លើបណ្តុះទិន្នន័យចំនួន​៤ ដែលជាទិន្នន័យ​ស្តីពីកម្រិតសីតុណ្ហភាព នៅតំបន់ប៉ូល​ ហើយផ្តល់​ឲ្យ​ដោយប្រព័ន្ធផ្កាយរណប គិតចាប់តាំងពី​១៩៧៩មក។ ឆ្នាំ​១៩៧៩ គឺជាឆ្នាំដែល​ប្រព័ន្ធផ្កាយ​រណបអាច​ចាប់ផ្តើម ស្រង់​​ប្រមូលទិន្នន័យ​ផ្តល់​មកឲ្យ​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ។ ជាការសន្និដ្ឋាន គឺសីតុណ្ហភាពនៅតំបន់ប៉ូលខាងជើង ឬតំបន់អាកទិកនេះ បានកើនកម្តៅចំនួន ០,៧៥°c ជាមធ្យម ក្នុងរយៈពេលរៀងរាល់១០ឆ្នាំ។ ពោលគឺមានន័យថា សីតុណ្ហភាពតំបន់​អាកទិក បាន​កើនលើសតំបន់ផ្សេងៗទៀតនៃផែនដី ដល់ទៅជិត​៤ដងឯងណោះ។

តែយ៉ាងណា ការសិក្សានេះបាន​រំលេចឲ្យឃើញផងដែរ អំពីការកើនឡើងសីតុណ្ហភាព​ មិនដូចគ្នា រវាងផ្នែក​ផ្សេងៗនៅ​ក្នុងតំបន់ប៉ូលខាងជើងនេះ។ ជាក់ស្តែង ផ្នែកខាង​អឺរ៉ាស៊ីនៃមហាសមុទ្រទឹកកកអាទិក ដែល​រាប់​ចាប់ពី ប្រជុំកោះន័រវែស Svalbard រហូតដល់ ប្រជុំកោះរុស្ស៊ី Nouvelle-Zemble គឺថាសីតុណ្ហភាព​ បានកើនឡើងក្តៅ ​ដល់ទៅ​ ជាមធ្យម ១,២៥​°c ក្នុងរយៈ១០ឆ្នាំ។ ពោលគឺកើនក្តៅ លើសតំបន់ផ្សេងៗទៀតនៃភពផែនដីយើង ដល់ទៅ​៧ដងឯណោះ​​។

លើសពីតួលេខសន្និដ្ឋាន​ឆ្នាំ​២០១៩ របស់អង្គការសហប្រជាជាតិ

កាលពីឆ្នាំ​២០១៩ ក្រុមអ្នកជំនាញ​បរិស្ថាន-អាកាសធាតុ នៃអង្គការសហប្រជាជាតិ បាន​សន្និដ្ឋានថា តំបន់​អាកទិក​បាន​ទទួលរង នូ​វការកើនកម្តៅសីតុណ្ហភាព លើសតំបន់ផ្សេងៗទៀតនៃផែនដី​ ជាមធ្យមចំនួន​ជាង​​២ដង។ ការសន្និដ្ឋាន​នេះ គឺជាការសន្និដ្ឋានគោល ដែលគ្រប់​គ្នាធ្លាប់យកជាផ្លូវការ​ និងទន្ទិញតៗគ្នារៀងរហូតមក។

លោក Antti Lipponen អ្នកស្រាវជ្រាវម្នាក់ នៅវិទ្យាស្ថានជាតិ​ហ្វាំងឡង់ផ្នែក​ឧតុនិយមវិទ្យា និងដែលជាសមាជិកម្នាក់ ចូលរួម​សរសេររបាយ​ការណ៍​សិក្សា​ថ្មីនេះ បានទទួលស្គាល់ថា លោក​ក៏មានការចម្លែកក្នុងចិត្តដែរ នៅ​ពេលបាន​​ឃើញ​ទិន្នន័យសន្និដ្ឋានថ្មី ខ្ពស់ជាង​ការសន្និដ្ឋាន​មុនរបស់អង្គការសហប្រជាជាតិ​។ អ្នកជំនាញរូបនេះ បាន​លើកឡើងថា ហេតុផល​មួយដែល​មកពន្យល់អំពីភាពខុសគ្នានៃលទ្ធផលសន្និដ្ឋាន គឺវាអាចមកពី គំរូនៃ​ការវិភាគសន្និដ្ឋាន​ដែលគេបានប្រើពីពេល​មុននោះ គឺវាបាន​ហួសសម័យ ឬអាចថាមានការខ្វះចន្លោះច្រើន។ ធម្មតា គំរូនៃការធ្វើវិភាគបែបវិទ្យាសាស្ត្រ​​ គឺគេស្រាវជ្រាវបន្ត ហើយ​មានការវិវឌ្ឍន៍ទំនើបរហូត អមជាមួយនឹងការរីកចម្រើន​ នៃឧបករណ៍វិទ្យាសាស្ត្រ ព្រមទាំងភាព​ទៀងទាត់ប្រត្យក្ស នៃទិន្នន័យដែលគេប្រមូលបាន។

បន្ថែមពីនេះ លទ្ធផល​នៃ​ការសន្និដ្ឋានវិទ្យាសាស្ត្រ​​ អាចមានភាពខុសគ្នា​បន្តិចបន្តួច ដោយ​​វាអាស្រ័យទៅនឹង កំឡុងរយៈពេល ព្រមទាំង​ទំហំវិសាលភាពភូមិសាស្ត្រ ដែល​គេជ្រើសរើស ច្បិចយក​មក​ដើម្បីធ្វើការសិក្សាវិភាគ​។ ជាក់ស្តែង ការសិក្សា​​ដែលគេផ្តោត ក្នុងកំឡុងពេល​១០ឆ្នាំ​ និង២០ឆ្នាំ លទ្ធផលវិភាគ​ជាមធ្យម គឺវាអាចមិនដូចគ្នាទេ។​ ហើយការសិក្សា​វិភាគ ទៅលើដែនភូមិសាស្ត្រ​ ទំហំតូចធំខុសគ្នា ក៏អាចធ្វើឲ្យ​ប្រែប្រួលទិន្នន័យសន្និដ្ឋានដែរ។

យ៉ាងណាក៏ដោយ ទោះវាមានកម្រិតខ្ពស់ទាបជាងគ្នា រវាងការសន្និដ្ឋាន​មុនរបស់​ក្រុមអ្នកជំនាញ​អង្គការសហប្រជាជាតិ និង​ការសិក្សថ្មីនេះ តែការសន្និដ្ឋាន​ទាំង២នេះ បានបញ្ជាក់ថា សីតុណ្ហភាព​នៅតំបន់ប៉ូលខាងជើងពិតជាជាឡើងក្តៅខ្លាំង លឿន​លើសតំបន់ផ្សេងៗទៀតនៃផែនដី​យើង។

« Amplification Arctique »

យោងតាមការពន្យល់ពីអ្នកជំនាញឧតុនិយមវិទ្យា ធម្មតាផ្ទាំងទឹកកក ដែលមានពណ៌ស​ក្បុះនោះ បង្កើតឲ្យមានចំណាំងផ្លាតកាំរស្មីព្រះអាទិត្យ ពោលគឺ​មិនស្រូបកម្តៅចូលទាំងអស់ទេ។ ក៏ប៉ុន្តែ​ នៅពេលដែលផ្ទាំងទឹកកកទាំងនោះរលាយ​ក្លាយជាទឹកនៅក្នុងសមុទ្រ គឺ​ទឹក​ស្រូបកម្តៅខ្លាំង​ពីព្រះអាទិត្យ​ ហើយធ្វើឲ្យ​សីតុណ្ហភាពទឹកឡើងក្តៅផង បញ្ចេញជាចំហាយ​ពីលើក្តៅថែមទៀត។

បាតុភូតធម្មជាតិ​នេះ អ្នកវិទ្យាសាស្ត្រគេហៅថា « Amplification Arctique » ពោលគឺជាបាតុភូត ដែល​រុញច្រានជះឥទ្ធិពល​ទៅវិញទៅមក ផ្ទាំងទឹកកករលាយជាទឹក ទឹកសមុទ្រកាន់តែក្តៅ ទឹកសមុទ្រកាន់តែក្តៅ ធ្វើឲ្យផ្ទាំងទឹកកនៅពីលើវានោះ កាន់តែឆាប់រលាយ​ វិលជុំបែបនេះខ្លាំងឡើងៗ។ អញ្ចឹងហើយបានជា​សីតុណ្ហភាពនៅតំបន់ប៉ូលខាងជើងនេះ វាឡើងក្តៅលឿនរហ័សជាងតំបន់ផ្សេងៗទៀត។

ឡើងកំពស់ទឹកសមុទ្រ

គួរបញ្ជាក់​ថា ផ្ទាំងទឹកកកនៅតំបន់ប៉ូល​ អាចត្រូវបានចែកចេញជា​៣ប្រភេទ។ ប្រភេទទីមួយ ភាសាបារាំងហៅថា Calotte glacière ពោលគឺជា​ផ្ទាំងទឹកកក​ទំហំធំ ផ្ទៃ​ក្រឡារាប់ពាន់ រាប់ម៉ឺនគីឡូម៉ែត្រការ៉េ ហើយដែលវាស្ថិតនៅលើដីឬថ្ម ដែលជាទម្រ​ទ្វីប​នៃ​ស្រទាប់របស់ផែនដី​។ ដោយឡែក ​ផ្ទាំងទឹកកក​២ប្រភេទទៀត គឺ​ជាផ្ទាំងទឹកកកអណ្តែតនៅលើទឹកសមុទ្រ។ ទី១ ផ្ទាំង​ទឹកកក​ Iceberg ដែលវាជាបំណែកទឹកកធំៗ បែកប្រេះចេញ​ពី​ Calotte glacière ហើយរសាត់អណ្តែតក្នុងសមុទ្រ។ ចំណែក​ផ្ទាំងទឹកកកទី​៣ គឺ​គេហៅថា Banquise ពោលគឺវាជា​កម្រាលព្រឹលទឹកកក ដែលបាន​​កករឹង ក្រាលលាតសន្ធឹង​​លើ​ផ្ទៃ​ទឹក​សមុទ្រ។

ផ្ទាំងទឹកកកទាំង៣ប្រភេទនេះ រលាយដូចគ្នានៅពេល​សីតុណ្ហភាពកាន់តែ​ក្តៅខ្លាំង។ ក៏ប៉ុន្តែ Iceberg និង Banquise ដែលនៅ​ក្នុងទឹកសមុទ្រ​ស្រាប់ ទោះរលាយ​ក៏វាមិនធ្វើឲ្យទឹកឡើង​កំពស់​​​ទេ​។ ដោយឡែក​​​ផ្ទាំងទឹកកក​Calotte glacière បើរលាយ​ទៅ នឹង​ធ្វើឲ្យទឹកសមុទ្រឡើងកំពស់ ព្រោះទឹកហូរពីទ្វីប បន្ថែមចូលសមុទ្រ។

បើគិតពីឆ្នាំ​១៩០០មក យោងតាមក្រុមជំនាញនៃអង្គការសហប្រជាជាតិ គឺទឹកសមុទ្រ​បាន​ឡើងកំពស់ប្រមាណ​ប្រមាណ​​​២០សង់ទីម៉ែត្រ។ ហើយបើតាមការព្យាការណ៍ ការកើនឡើងកំពស់ទឹកសមុទ្រនេះ អាចនឹងមាន​គុណមួយជា៣ ធ្វើឲ្យ​កើនដល់ចន្លោះពី ៤០ ទៅ ៨៥សង់ទីម៉ែត្រ ពីនេះដល់ចុងសតវត្សទី​២១។ អ្នកជំនាញ​កំពុងតែបារម្ភថា Calotte glacière នឹងកាន់តែរលាយយ៉ាងរហ័ស។

លទ្ធផល​នៃ​សកម្មភាព​របស់​មនុស្ស​

ទំហំ Calotte glacière ទាំងមូល​នៅតំបន់ Groenland បើរលាយអស់ទៅ នោះនឹងធ្វើ​ឲ្យ​ទឹកសមុទ្រជុំវិញផែនដីយើង អាចឡើងកំពស់ដល់ទៅ​៦ម៉ែត្រឯណោះ។ វាលទឹកកក​ Banquise រលាយកាន់តែច្រើន ​ធ្វើឲ្យសត្វ​មួយចំនួនដែលរស់រំពឹង ដើររកចំណីពីលើវានោះ នឹងជួបការលំបាក អាចស្លាប់ផុតពូជ ជាក់ស្តែង ដូចជាសត្វ​ខ្លាឃ្មុំទឹកកជាដើម។ សមុទ្រឡើងកំពស់ ដែនដីកោះនិងឆ្នេរកាន់តែលេច បង្កការលំបាក​ដល់អាយុជីវិតមនុស្ស​។ ទឹកសមុទ្រឡើងកម្តៅ ធ្វើឲ្យស្លាប់ប្រព័ន្ធជីវចម្រុះក្នុងសមុទ្រ។

ការរលាយ​ផ្ទាំងទឹកកក កាន់តែរហ័ស បណ្តាលមកពី​សីតុណ្ហភាពក្តៅទៅៗនេះ គឺវាជាផលវិបាក​ដោយផ្ទាល់ បណ្តាល​​មកពីឧស្ម័នផ្ទះកញ្ចក់ នៅជុំវិញផែនដី ដែលកាន់តែក្រាសទៅៗ។ ជារួម វាគឺជាលទ្ធផលនៃសកម្មភាពមនុស្ស ដែល​បញ្ចេញឧស្ម័នកាបូនិកកាន់តែច្រើន នៅក្នុងបរិយាកាស។ ផែនដីឡើងកម្តៅ ធ្វើឲ្យ​ប្រែប្រួលក្រឡាប់ចាក់ដល់កត្តាអាកាសធាតុ ធ្វើឲ្យ​គ្រោះធម្មជាតិ មានកាន់តែញឹកញាប់ និងកាន់តែកាចសាហាវ។ ជាក់ស្តែងទឹកជំនន់ ខ្យល់ព្យុះ ឬរលកកម្តៅក្តៅខ្លាំងយ៉ាងចំលែក ព្រមទាំងគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរជាដើម។ ជាក់ស្តែង​ អំឡុងពេលនេះ គ្រោះរាំងស្ងួត សីតុណ្ហភាពក្តៅខ្លាំង​ បាន​បង្ក​ឲ្យមាន​ភ្លើងឆេះព្រៃ​ច្រើនកន្លែងបំផុត មិនធ្លាប់មានទេនៅបារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ