អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាវាស្រាវជ្រាវ​របស់​ចិន ​ចូលចត​នៅ​កំពង់ផែស្រីលង្កា ឯឥណ្ឌានិង​អាមេរិក ​បារម្ភ​ថាជា​នាវាឈ្លបយកការណ៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃអង្គារ៍ ទី១៦សីហា នាវាស្រាវជ្រាវ​របស់​ចិន ​ចូលចត​នៅ​កំពង់ផែស្រីលង្កា ដែល​ជា​កំពង់​ផែ​អន្តរជាតិ​ទឹក​ជ្រៅដ៏​ចម្រូង​ចម្រាស ដោយសារ  ស្រីលង្កា​ បាន​ជួល​ឲ្យ​ ចិន ​រយៈ​៩៩ឆ្នាំ​ ព្រោះតែ​​គ្មាន​លុយ​សង​បំណុល។ នាវាស្រាវជ្រាវរបស់ចិន គ្រោង​នឹង​បន្តសំណាក់​​ចុះថត​នៅកំពង់​ផែស្រីលង្ការនេះ​ រហូត​ដល់​ថ្ងៃទី​២២កក្កដា​។ ជា​អំលុង​ពេល​​ដែល​ ឥណ្ឌា និង​អាមេរិក ព្រួយ​​បារម្ភ​ថា នាវា​នេះ ​ជា​នាវាឈ្លបយកការណ៍។​

ទូច​ចិន​នៅ​ស្រីលង្កា​ មក​កន្លែង​កំពង់ផែដោយ​ផ្ទាល់ នៅថ្ងៃទី១៦សីហា។
ទូច​ចិន​នៅ​ស្រីលង្កា​ មក​កន្លែង​កំពង់ផែដោយ​ផ្ទាល់ នៅថ្ងៃទី១៦សីហា។ AFP - ISHARA S. KODIKARA
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វី​ បានជា​ ឥណ្ឌា មិន​ពេញចិត្ត​?

ឥណ្ឌា មិន​ពេញចិត្ត ពីព្រោះតែ​ ឥណ្ឌា ​ដែល​ជា​សម្ព័ន្ធ​មិត្ត​មួយ​ធំ​របស់​បច្ចិមលោក បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ពីឥទ្ធិពល​កាន់តែ​ធំៗឡើង​របស់មហាយក្ស​ ​ចិន ទៅលើ​ស្រីលង្កា ហើយ​ឥណ្ឌា​សង្ស័យ​ថា​ នាវា​ស្រាវជ្រាវ​របស់​ចិន​នោះ គឺ​ចូល​ទៅ​ឈ្លប​យកការណ៍​ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​បញ្ហា​សុវត្ថិភាព​ក្នុង​តំបន់ ឬ​ប៉ះពាល់​ផលប្រយោជន៍​ឥណ្ឌានិងសម្ព័ន្ធ​មិត្ត។​

ជាក់ស្តែងទៅ នាវាស្រាវជ្រាវរបស់ចិន ឈ្មោះថា យ័ន វ៉ាង ៥  (Yuan Wang 5) បានធ្វើ​ដំណើរ​​ចាកចេញពី​កំពង់​ផែ​ចិន សាងយីន (Jiangyin) ​​ថ្ងៃទី​១៣កក្កដា ហើយបើតាម​គម្រោង​ ត្រូវ​ចុះ​ថត​នៅ​កំពង់​ផែន​ស្រីលង្កា តាំងតែ​ពីថ្ងៃទី១១សីហា សប្តាហ៍​មុនម្ល៉េះ ប៉ុន្តែ ត្រូវ​ពន្យារពេល ព្រោះ​តែ​ ឥណ្ឌា​ មិន​សប្បាយ​ចិត្ត និង​ជំទាស់​ ហើយ ​ឥណ្ឌា​ ក៏​ប្រទាំង​ប្រទើស​ផ្នែក​ផ្លូវ​ទូត​ខ្លះ​ផង​ជាមួយ​ ចិន​​ គ្រាន់តែ​ករណី​នាវា​នេះ​។

ជុំវិញ​ក្តី​មន្ទិល​របស់ ​ឥណ្ឌា ដែលសង្ស័យថា នាវាចិន​ឈ្លបយកការណ៍ គឺ​ អ្នក​ទទួល​ខុស​ត្រូវ​កំពង់​ផែ​ស្រីលង្កា បាន​ប្រកាស​ប្រាប់អ្នក​សារព័ត៌មាន​ថា នាវាស្រាវជ្រាវ​របស់​ចិន នៅក្នុង​អំលុង​ពេល​ចុះថត​នៅ​កំពង់​ផែស្រីលង្កា រហូត​ដល់​ថ្ងៃទី​២២សីហា​ គឺ​នឹង​មិន​ធ្វើ​សកម្មស្រាវជ្រាវ​អ្វីទេ។ អ្នក​ទទួល​ខុស​ត្រូវ​កំពង់​ផែ​ស្រីលង្កា ក៏បាន​គូសបញ្ជាក់​ចំណុច​នេះ ប្រាប់​ទៅភាគី​ ឥណ្ឌា ចិនខ្លួន​ឯង និងសហរដ្ឋអាមេរិក រួច​ហើយ។ ក៏​ប៉ុន្តែ ទោះ​ជាម្តេច​ក្តី ​ក្តីមន្ទិល​សង្ស័យ​នៅតែមាន​។ ក្តីសង្ស័យ​និងក្តីព្រួយ​ដើរ​ទន្ទឹម​នេះ ព្រោះ​តែ ទូរទស្សន៍​ឥណ្ឌា CNN-News18 បាន​ផ្សាយ​ដំណឹង​ដែរថា នាវា​ស្រាវជ្រាវ​ចិន​ យ័ន វ៉ាង ៥  (Yuan Wang 5) មាន​មុខនាទី​ច្រើនយ៉ាង គឺឈ្លប​យកការណ៍, ត្រូវ​​ប្រើ​ដើម្បី​តាមដានផ្កាយ​រណប​និងលំហ​​, ហើយ​ក៏អាច​ប្រើ​សម្រាប់​បាញ់​មីស៊ីល​បាឡេស្ទិក​ឆ្លង​ទ្វីប ​ទៀត​ផង។

ក្តីសង្ស័យ​ និងក្តីព្រួយ​បារម្ភ របស់​ ឥណ្ឌា គឺ​ច្បាស់​ជាមាន​ហេតុផល។

ស្រីលង្កា ដែល​ជំពាក់​លុយ​ចិន​ច្រើន​សន្ធឹក​សន្ទាប់ ក៏​ព្រោះតែ​ការ​កសាង​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ។​ កំពង់​ផែអន្តរជាតិ​ទឹក​ជ្រៅ​ Hambantota គឺកាលពីឆ្នាំ២០១៧ ​ត្រូវរដ្ឋាភិបាល​ស្រីលង្កា​ សម្រេច​ជួល​រយៈ​ពេល​វែង រហូត​ដល់​ ៩៩ ឆ្នាំ ទៅឲ្យ​ចិន ជា​ម្ចាស់​បំណុល​។ នៅក្នុង​ពេល​ ស្រីលង្កា ធ្វើ​ច្បាប់​ជួល​កំពង់​ផែ​នេះទៅឲ្យ​ចិន គឺត្រូវ​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី និង​ព្រះសង្ឃ​ច្រើន​នាក់​និងអង្គ បាន​ធ្វើ​បាតុកម្ម​តវ៉ា​សម្បើមណាស់ ប្រឆាំង​នឹងការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាលស្រីលង្កា។ ប៉ុន្តែ ថ្នាក់ដឹកនាំ​ស្រីលង្កា គ្មាន​ជម្រើស​អ្វីផ្សេង ក្រៅ​ពី​ធ្វើ​សម្បទាន​រយៈ​ជិត​១សតវត្សរ៍​ នូវ​កំពង់​ផែ​អន្តរជាតិ​ដ៏​សំខាន់​មួយ​របស់ខ្លួន ទៅ​ឲ្យ​ចិន ព្រោះ​គ្មាន​លុយ​សងបំណុល​ចិន និង​សងថ្លៃ​សាង​សង​។

តាំង​ពី​ចុង​ឆ្នាំ២០២១មកម្ល៉េះ ស្រីលង្កា ជួប​បញ្ហា​សេដ្ឋកិច្ច-សង្គម​​-នយោបាយ។​ ស្រី​លង្កា​ដែល មាន​ប្រជាជន​២២លាន​នាក់ បាន​ជួបបញ្ហា​ខ្វះស្បៀង ខ្វះ​ប្រេង​សាំង និង​ថ្នាំ​សង្កូវ ដែល​វិបត្តិ​ដែល​ដរ​ចេញពី​បញ្ហា​ហិរញ្ញវត្ថុ ហើយ​បំណុល​សាធរណៈ​ រដ្ឋ​ជំពាក់​លុយ​ប្រទេស​ច្រើន​ទៅៗ គ្មាន​លទ្ធភាព​សង។

ត្រឹម​ពាក់កណ្តាល​ខែ​មេសា​កន្លងទៅ ស្រីលង្កា ជំពាក់​បំណុល​បរទេស៥១ពាន់​លាន​ដុល្លារ។ ស្រីលង្កា ក៏​ខំប្រឹងប្រែង​ដើរចរចា​​ខ្ចីបុល​ពី​អង្គការ​រូបិយ​វត្ថុអន្តរជាតិទៀតផង។​ ក្នុងបរិបទ​នេះ កាលពីពេល​ថ្មីៗ​នេះ​ ចិន​ មិនត្រឹម​តែ​មើល​នឹង​ភ្នែកទេ ស្រីលង្កា​មិនទាន់ទាំង​បាន​សង​ចិន​ផង តែចិន​ថែមទាំង​ផ្តល់​លុយ​ឲ្យ​ស្រីលង្កា​ទៀត គឺ​ចំនួន​ ១ពាន់​លាន​ដុល្លារ​ទៀត សម្រាប់ឲ្យ​ស្រីលង្កាស​ង​បំណុល​ប្រទេស​ផ្សេង​ទៀត ហើយ​និង​ផ្តល់​ ១,៥ពាន់​លាន​ដុល្លារ​ទៀត សម្រាប់​ទិញ​សម្ភារៈបរិក្ខារ​និងស្បៀង​។​

ហេតុ​ដូច្នេះ​ហើយ ​ពេល​ដែល​ នាវា​ដំបូង​របស់​ចិន មក​កាន់​កំពង់​ផែ គឺបង្ក​ឲ្យ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លះ ពី​អ្នក​ស្រុកស្រីលង្កាខ្លួន​​ និង​មតិសាធារណៈ​អន្តរជាតិ។

ឥណ្ឌា ​ធ្វើ​អ្វី​​ដើម្បី​ទប់ទល់​ប្រឈម​នឹង​ឥទ្ធិពលចិន​?​

ថ្ងៃអង្គារ៍ទី១៦សីហា ទន្ទឹម​នឹង​ការ​មកដល់​នៃ​នាវា​ស្រាវជ្រាវ​ចិន​នៅ​ស្រីលង្កា ឥណ្ឌា​ក៏បាន​ប្រគល់​ផ្តល់​ឲ្យ​ស្រីលង្កា នូវ​យន្តហោះ​មួយ​គ្រឿង ម៉ាក​ Dornier 228 ដែល​មាន​សមត្ថភាព​ប្រមើលមើល​សភាព​ការ​ណ៍​ផ្លូវ​សមុទ្រ​។​ យន្តហោះ​នេះ បំពាក់​ដោយ​គ្រឿង​ឧបករណ៍​ទំនើប​ៗជឿនលឿន ដែល​អនុញ្ញាត​ឲ្យ​ឃ្លាំមើល និង​វាយ​លុក​ចំពោះ​សញ្ញា​អេឡិចត្រូនិច​ផង។

ក្នុង​ថ្ងៃជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​ស្រីលង្កា លោក Manusha Nanayakkara​ បាន​ថ្លែង​អំណរ​គុណ​ដល់​​ឥណ្ឌា​និង​​ចិន ដែល​ប្រទេស​ទាំងពីរ ​សុទ្ធតែ​បាន​ជួយ​ជ្រោម​ជ្រែង​ ស្រីលង្កា ក្នុង​ស្ថានភាព​លំបាក ពិសេស​ក្នុង​អំលុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រ​ក់បំផុត​ មិន​ធ្លាប់​ជួប​ដូច​សព្វថ្ងៃ​​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ