អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រឈម​នឹង​គ្រោះរាំងស្ងួត អាមេរិក​​កាត់បន្ថយ​​កូតា​ប្រើប្រាស់​ទឹក នៅ​តាម​​រដ្ឋមួយ​ចំនួនតាម​ទន្លេ​ខូឡូរ៉ាដូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដូវក្តៅ​​ឆ្នាំ២០២២នេះ គ្រោះរាំងស្ងួតមិនមែនធ្វើបាប ត្រឹមតែនៅតាម​ប្រទេសអឺរ៉ុបទេ។ នៅសហរដ្ឋអាមេរិកឯណោះ បញ្ហា​រាំងស្ងួតនេះ កំពុងតែចោទឡើងជាខ្លាំង ជាពិសេសនៅតាម​បណ្តារដ្ឋភាគកណ្តាល នឹងភាគខាងត្បូង ដែលសំបូរទៅដោយ​វាលខ្សាច់។ ទន្លេខូឡូរ៉ាដូ គឺជាប្រភពទឹកដ៏សំខាន់បំផុតនៅតាមរដ្ឋទាំងនោះ។ ក៏ប៉ុន្តែកំពស់ទឹកទន្លេនេះ បានរីងស្ងួតកាន់តែខ្លាំង គួរឲ្យព្រួយបារម្ភបំផុត។​ ប្រឈមនឹងបញ្ហានេះ រដ្ឋាភិបាលសហព័ន្ធអាមេរិក បាន​សម្រេច​កាត់បន្ថយ​កូតានៃការប្រើប្រាស់ទឹក នៅតាមរដ្ឋតាមបណ្តោយ​ទន្លេខូឡូរ៉ាដូ ព្រមទាំងនៅ​ប្រទេសមិចស៊ិកផងដែរ។​

គ្រោងឆ្អឹងទូកចាស់មួយ​ ស្ថិតនៅ​លើដីបែកក្រហែង នៃផ្នែកមួយ​របស់​បឹង Mead ដែលជាអាងស្តុកទឹកមួយដ៏សំខាន់ នៃទន្លេខូឡូរ៉ាដូ។ រូបថតថ្ងៃទី ២២ ឧសភា ២០២២
គ្រោងឆ្អឹងទូកចាស់មួយ​ ស្ថិតនៅ​លើដីបែកក្រហែង នៃផ្នែកមួយ​របស់​បឹង Mead ដែលជាអាងស្តុកទឹកមួយដ៏សំខាន់ នៃទន្លេខូឡូរ៉ាដូ។ រូបថតថ្ងៃទី ២២ ឧសភា ២០២២ AP - John Locher
ផ្សាយពាណិជ្ជកម្ម

អាងទន្លេរីងស្ងួត

ទន្លេខូឡូរ៉ាដូ ជាទន្លេដ៏ធំ ប្រវែង២៣២០គីឡូម៉ែត្រ កំពុងតែ​ប្រឈមនឹងបញ្ហា​​រីងស្ងួតគួរ​ឲ្យ​​បារម្ភបំផុត។ ទន្លេនេះ គឺជា​ប្រភពទឹក​ដ៏សំខាន់ សំរាប់រដ្ឋចំនួន៧ នៅភាគខាងត្បូងឈាងខាងលិចសហរដ្ឋអាមេរិក គឺរដ្ឋខូឡូរ៉ាដូ រដ្ឋវ៉ាយអូមីង រដ្ឋយូតា រដ្ឋណេវ៉ាដា រដ្ឋញូមិចស៊ិកូ រដ្ឋកាលីហ្វ័រញ៉ា រដ្ឋអារីហ្សូណា ព្រមទាំងផ្នែកខាងជើងប្រទេសមិចស៊ិក​ផងដែរ​។​

យោងតាមលោកស្រី Camille Touton នាយិកាការិយាល័យគ្រប់គ្រងធនធានទឹកនិង​ទំនប់ បាន​ឲ្យដឹងថា គ្រោះរាំងស្ងួត​ឆ្នាំនេះ ដែលជាឆ្នាំទី​២៣ហើយ​ កំពុងតែធ្វើឲ្យអាងទន្លេខូឡូរ៉ាដូ ត្រូវរីងស្ងួត មិនងាយ​ស្រោចស្រង់ត្រលប់​មកវិញបាន​ទេ។ បឹងធំៗចំនួន២ ដែលជាអាងស្តុកទឹកដ៏សំខាន់នៅ​តាមដន្លេនេះ គឺបឹង Powell និងបឹង Mead កំពស់ទឹក បាន​ស្រុតចុះជាខ្លាំង មិនធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រ។

ប្រមាណ​ជាង​២០ឆ្នាំកន្លងមកនេះ ភ្លៀងធ្លាក់កាន់តែតិចទៅៗ កម្រិតព្រឹលទឹកកកក៏មានតិចដែរ នៅតំបន់ប្រជុំភ្នំ ដែល​ជា​ប្រភពទឹកទន្លេខូឡូរ៉ាដូនេះ។ ហេតុដូច្នេះហើយ បាន​ជាពីមួយឆ្នាំទៅ​មួយឆ្នាំ កំពស់ទឹកទន្លេខូឡូរ៉ាដូ កាន់តែចុះទាប គួរផ្សំនឹងកត្តាអាកាសធាតុកាន់តែក្តៅខ្លាំង​​ថែមទៀត ដែលធ្វើ​ឲ្យ​តម្រូវការទឹកកាន់តែចាំបាច់។

វិស័យ​កសិកម្ម និង វិស័យផលិត​ថាមពល

មនុស្សយ៉ាងហោច៤០លាននាក់ ដែលរស់នៅរំពឹងនឹងទន្លេខូឡូរ៉ាដូនេះ។ មិនមែនរំពឹងតែទៅលើប្រភពទឹក ដើម្បីយកមកប្រើប្រាស់រាស់ថ្ងៃនោះទេ តែ​ដងទន្លេនេះ គឺជា​ប្រភព​នៃ​ទំនប់វារីអគ្គិសនីជាច្រើនកន្លែងផងដែរ ដែល​ផលិតចរន្តអគ្គិសនីឲ្យមនុស្ស​ប្រើប្រាស់។ ជាងនេះទៀត​ វិស័យកសិកម្ម​ ដីចំការធំៗរាប់ម៉ឺនរាប់សែនហិកតា ក្នុងតាមរដ្ឋក្នុងតំបន់នេះ គឺជា​អ្នក​ប្រើប្រាស់​ទឹកខ្លាំងសំបើមបំផុត។ ដូច្នេះ ការរីងស្ងួតធនធានទឹក​ក្នុងអាងទន្លេនេះ វាគឺជា​វិបត្តិមួយ ដ័ធំណាស់។ ម្ខាងគឺគ្មានទឹកគ្រប់គ្រាន់ សម្រាប់ប្រើ​ប្រាស់តាមផ្ទះ និង​ស្រោចចំការដំណាំ ម្ខាងទៀត ខាងទំនប់វារីអគ្គិសនីវិញ ត្រូវការ​ទប់ទឹកទុក ​ក្នុងកម្រិតកំពស់ណាមួយ ដើម្បី​អាចផលិតចរន្តអគ្គិសនី។

គឺប្រឈមនឹងបញ្ហានេះហើយ បានជា​រដ្ឋាភិបាល​អាមេរិក បាន​ជម្រុញឲ្យ​រដ្ឋទាំងអស់ដែល​មានចំណែក​ប្រើប្រាស់ទឹក​នៅតាមដងទន្លេនេះ ត្រូវនិយាយស្រុះស្រួលគ្នា ឲ្យ​បានមុនថ្ងៃទី​១៦សីហា ដើម្បី​កាត់បន្ថយ​ការប្រើ​ប្រាស់ ឲ្យ​បាន​១៥%​ជាមធ្យម។ តែទីបំផុត ​រដ្ឋទាំងអស់គ្មានការស្រុះស្រួលណាមួយទេ។ ហេតុដូច្នេះហើយ បានជារដ្ឋាភិបាលសហព័ន្ធ បានចូលអន្តរាគមន៍ ដើម្បីដាក់កំហិតឲ្យ​មាន​ការកាត់បន្ថយកូតាប្រើប្រាស់ទឹក។ យោងតាមការដាក់កំហិតនេះ ចាប់ពីឆ្នាំ​២០២៣ទៅ កូតាទឹកសម្រាប់រដ្ឋអារីហ្សូណា នឹងត្រូវកាត់បន្ថយ​ចំនួន ២១% រដ្ឋណេវ៉ាដា កាត់បន្ថយ​ចំនួន៨%  ហើយចំណែក​តំបន់ភាគជើងប្រទេសមិចស៊ិក ដែលទន្លេខូឡូរ៉ូដូ ហូរកាត់ចុងក្រោយ​គេនោះ នឹងត្រូវកាត់បន្ថយ​កូតាប្រើប្រាស់ចំនួន​៧%។

ស្នាមលើជញ្ជាំងថ្ម នៃ​បឹង Powell ដែលបញ្ជាក់ថាកំពស់ទឹកបានស្រុតចុះយ៉ាងខ្លាំង។ បឹង Powell ថ្ងៃទី ៧មិថុនា ២០២២
ស្នាមលើជញ្ជាំងថ្ម នៃ​បឹង Powell ដែលបញ្ជាក់ថាកំពស់ទឹកបានស្រុតចុះយ៉ាងខ្លាំង។ បឹង Powell ថ្ងៃទី ៧មិថុនា ២០២២ AP - Brittany Peterson

រដ្ឋច្រណែនគ្នារឿងកូតាទឹក

អន្តរាគមន៍ ដាក់កំហិត​កាត់បន្ថយ​កូតាប្រើប្រាស់ទឹកទន្លេខូឡូរ៉ាដូ ពីសំណាក់រដ្ឋាភិបាលសហព័ន្ធ បានបង្កើតឲ្យ​មានបញ្ហាតានតឹង ជាការច្រណែនគ្នា​រវាងរដ្ឋនីមួយៗ។ គួរបញ្ជាក់ថា ការបែងចែក​កម្រិត​ប្រើប្រាស់ទឹកទន្លេខូឡូរ៉ាដូនេះ គឺត្រូវបាន​កំណត់ដោយ កិច្ចព្រមព្រៀង Colorado River Compact ចុះនៅឆ្នាំ​១៩២២ ដែល​សហរដ្ឋអាមេរិក បានចុះ​ហត្ថលេខា​ជាមួយ​​ប្រទេស​មិចស៊ិក។ កិច្ចព្រមព្រៀងនេះ បានបង្កើតជាយន្តការ សាមគ្គី​ រវាង​រដ្ឋដែលស្ថិតនៅផ្នែកខាងលើនៃអាងទន្លេ ដែលមានដូចជា រដ្ឋខូឡូរ៉ាដូ យូតា វ៉ាយអូមីង និង​ញូមិកសិក ជាមួយ​នឹង​រដ្ឋស្ថិតនៅផ្នែកខាងក្រោម ដែលមានដូចជា ណេវ៉ាដា កាលីហ្វ័រញ៉ា​ និងអារីហ្សូណា ព្រមទាំង​តំបន់ខាងជើងប្រទេសមិចស៊ិក។ រដ្ឋនៅផ្នែកខាងលើ ត្រូវតែ​បើកទឹកឲ្យ​រដ្ឋនៅខាងក្រោមឲ្យ​បានគ្រប់គ្រាន់ មិនអាចប្រើប្រាស់តែម្នាក់ឯងឡើយ។

តែផ្ទុយទៅវិញ យោងតាមវិធានការដាក់កំហិត ដែល​រដ្ឋសហព័ន្ធបានកំណត់កាលពីថ្ងៃទី​១៦សីហា​ គឺសុទ្ធតែរដ្ឋនៅ​ខាងក្រោមទាំងអស់ ដែលត្រូវកាត់បន្ថយ​កូតា។ ជាក់ស្តែង រដ្ឋអារីហ្សូណា តែម្តង ដែលស្ថិតនៅខាងត្បូងបំផុត មានន័យថានៅខាងក្រោយ​គេបង្អស់ ដែល​បាន​ស្រែកតវ៉ា ថាវាជារឿងអយុត្តិធម៌ ព្រោះរដ្ឋអារីហ្សូណា ត្រូវកាត់បន្ថយ​កូតាច្រើនជាងគេបង្អស់ ដល់ទៅ២១%។ ការិយាល័យគ្រប់គ្រងធនធានទឹក​របស់រដ្ឋអារីហ្សូណា បាន​ចេញលិខិតមួយ លើកឡើងថា វាជារឿងមិនអាចអត់ទ្រាំ និងទទួលយកបានតទៅទៀតនោះទេ ដែលរដ្ឋអារីហ្សូណា តែងតែជាអ្នកទទួលថ្មបាក់តែម្នាក់ឯង ខណៈរដ្ឋផ្សេងៗទៀត ស្ថិតនៅផ្នែកខាងលើដងទន្លេខូឡូរ៉ាដូ​ បែរជាមិនជួយចូលរួមសាមគ្គី ក្នុងការកាត់បន្ថយ​ការប្រើប្រាស់ទឹក។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​អាមេរិក សង្ឃឹមថានឹងអាច​ដោះស្រាយ​បញ្ហាតានតឹង ការច្រណែនគ្នារវាង​រដ្ឋនីមួយនេះ តាមរយៈវិធានការហិរញ្ញវត្ថុមួយចំនួន ដូចជាផែន​ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ចំនួនប្រមាណ៨៣០០លានដុល្ការ​ និងផែនការ​ដើម្បី​ទប់ទល់នឹង​វិបត្តិគ្រោះរាំងស្ងួតនេះ នៅតាមដងទន្លេខូឡូរ៉ូដូ ដែលមានទឹកប្រាក់សរុប ចំនួន​៤ពាន់លានដុល្លារ។ ការិយាល័យគ្រប់គ្រងធនធានទឹក​អាមេរិក ក៏នឹងអាចសងសំណងជំងឺចិត្ត ដល់អ្នកប្រើប្រាស់ទាំងអស់ ដែល​សុខចិត្តលះបង់​មិនប្រើ​ប្រាស់ទឹក ដែលជាកូតារបស់​ខ្លួន​។ ចំណែករដ្ឋអារីហ្សូណា បានចាប់ផ្តើមសងសំណងខូចខាត ដល់​ម្ចាស់ចំការធំៗ ដែលសុខចិត្តមិន​ដាំដុះមួយរយៈ ដើម្បី​កាត់បន្ថយ​តម្រូវការទឹក។

៣០ឆ្នាំខាងមុខនេះ សហរដ្ឋអាមេរិក នឹងជួប​រលកសីតុណ្ហភាពក្តៅខ្លាំង កាន់តែញឹកញាប់

យោងតាមរបាយការណ៍ថ្មី ចេញផ្សាយដោយ​ First Street Foundation កាលពីថ្ងៃចន្ទ ទី​១៥សីហា គឺ រលកសីតុណ្ហភាព​ក្តៅខ្លាំងបំផុត នឹងបោក​បក់កាន់តែញឹកញាប់ ក្នុងរវាង​៣០ឆ្នាំខាងមុខ នៅតំបន់ភាគកណ្តាកសហរដ្ឋអាមេរិក រាប់ចាប់ពីរដ្ឋល្វីស្យ៉ាន នៅខាងភាគខាងត្បូង ឡើងទៅដល់តំបន់​បឹងមីឈីហ្គែន នៅភាគខាងជើង។ យោងតាមរបាយការណ៍នេះ សីតុណ្ហភាព អាចនឹងឡើង ថ្ងៃខ្លះ ដល់ ៥១°c។

បច្ចុប្បន្ននេះ មានស្រុក (County) ចំនួន ប្រមាណតែ​៥០ទេ ពោលគឺមនុស្ស​ប្រមាណ​៨លាននាក់ នៅសហរដ្ឋអាមេរិក ដែល​ប្រឈមនឹងបញ្ហា​សីតុណ្ហភាពក្តៅខ្លាំងនេះ។ ក៏ប៉ុន្តែយោងតាម​ការសន្និដ្ឋានរបស់​របាយការណ៍ថ្មីនេះ គឺ​រលកកំដៅខ្លាំង អាចគ្របដណ្តប់លើស្រុកចំនួន ដល់ទៅ១០០០ ដែលមានប្រជាជនសរុប ប្រមាណ​១០០លាននាក់ ឯណោះ ដែល​នឹងរងគ្រោះដោយ​វិបត្តីសីតុណ្ហភាពក្តៅខ្លាំង។ សម្រាប់អ្នក​ធ្លាប់រស់នៅស៊ាំនឹងសីតុណ្ហភាពក្តៅ នៅតាមរដ្ឋភាគខាងត្បូង វាមិនសូវជាមានបញ្ហាចោទប៉ុន្មានទេ។ តែបញ្ហាប្រឈមគ្រោះថ្នាក់បំផុត គឺប្រជាជនរស់នៅរដ្ឋភាគខាងជើង ដែលរងគ្រោះរហូតដល់ស្លាប់ ដោយការថប់ដង្ហើម។

វិបត្តិ​សីតុណ្ហភាពក្តៅហួតហែង គ្រោះរាំងស្ងួត គ្មានភ្លៀងធ្លាក់ ហាក់កំពុងតែយាយីនៅតាមតំបន់ជាច្រើន នៃភពផែនដីយើង ខណៈនៅតំបន់ខ្លះទៀត ភ្លៀងធ្លាក់ខ្លាំងជ្រុល យ៉ាងគំហុកក្នុងពេលដ៏ខ្លី បង្កជាមហន្តរាយ​ទឹកជំនន់​ បាក់រមៀលដីជាដើម។ ទាំងអស់នេះ វាគឺជាផលវិបាក​កើតឡើង ដោយកត្តាបម្រែបម្រួលអាកាសធាតុ។ ឧស្ម័នកាបូនិក នៅក្នុងស្រទាប់អូហ្សូន គឺជា​រនាំងហ៊ំព័ទ្ធ ធ្វើឲ្យ​ផែនដីយើងឡើងកំដៅសីតុណ្ហភាព​ ហើយធ្វើឲ្យ​ប្រែប្រួលក្រឡាប់ចាក់ ដល់អាកាសធាតុជុំវិញផែនដីទាំងមូលតែម្តង។ បញ្ហាទាំងអស់នេះ នឹងកាន់តែធ្ងន់ធ្ងរខ្លាំងឡើងៗ ដរាបណា​មនុស្ស​យើង មិន​ប្រឹងប្រែងកាត់​បន្ថយ ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ទេនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ