អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មរណភាពរបស់​លោក​មីខាអ៊ីល ហ្កូបាឆូវ ប្រមុខ​ដឹកនាំ​ចុងក្រោយ​របស់​សហភាពសូវៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​មីខាងអ៊ីល ហ្កូបាឆូវ មេដឹកនាំ​ចុងក្រោយ​របស់​សហភាពសូវៀត​បាន​ទទួលមរណភាព កាលពី​យប់​ថ្ងៃអង្គារ​ទី ៣០​សីហា ក្នុង​ជន្មាយុ ៩១ឆ្នាំ។ នេះបើតាម​ការប្រកាស​របស់​មន្ទីរពេទ្យរដ្ឋ ដកស្រង់សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី។ ជា​ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ ១៩៩០ លោក​ហ្កូបាឆូវ​ត្រូវ​បាន​គេទទួល​ស្គាល់​ថា អ្នកចូលរួម​ចំណែក​សំខាន់​ក្នុង​ការជួយ​បិទបញ្ចប់​សង្រ្គាមត្រជាក់ នៅ​ក្នុង​អំឡុង​ពេល​ដែល​ភាពតានតឹង​រវាង​អាមេរិក និងសហភាពសូវៀត​កំពុង​កើនឡើងដល់​កម្រិតកំពូល។ គឺ​នៅ​ក្រោម​ការដឹកនាំ​របស់​លោក​ហ្កូបាឆូវ​នេះ​ដែរ ដែល​សហភាពសូវៀត​បាន​ដួលរលំ បាត់រូប​នៅ​ឆ្នាំ ១៩៩១។ នៅក្រោយ​មរណភាព​របស់​លោក​ហ្កូបាឆូវ មេដឹកនាំ​នៅក្នុង​ពិភពលោក ​បង្ហាញ​សារ​សោកស្តាយ និង​នឹកដឹង​គុណ​អតីត​មេដឹកនាំ​សូវៀត​ម្នាក់​ដែលបានធ្វើនយោបាយ​ជំរុញ​សន្តិភាព នៅក្នុងពិភពលោក។

អតីតមេដឹកនាំសហភាពសូវៀត លោក​ហ្កូបាឆូវ (ឆ្វេង) និង​លោក​ប្រធានាធិបតី​ពូទីន នៅ​ឆ្នាំ ២០០៤​
អតីតមេដឹកនាំសហភាពសូវៀត លោក​ហ្កូបាឆូវ (ឆ្វេង) និង​លោក​ប្រធានាធិបតី​ពូទីន នៅ​ឆ្នាំ ២០០៤​ AP - Carsten Rehder
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​មន្ទីរពេទ្យក្នុងក្រុង​ម៉ូស្គូ ប្រកាស​ពីមរណភាព​របស់​លោក​មីខាអ៊ីល ហ្កូបាឆូវ កាលពីថ្ងៃ​អង្គារ ទី ៣០ សីហា មេដឹកនាំ​នៅក្នុងពិភពលោក​បាន​សំដែងការសោកស្តាយ​ចំពោះការបាត់បង់​អតីតមេដឹកនាំ​រុស្ស៊ី​ម្នាក់ដែល​គេ​ចាត់ទុក​ជា​បុគ្គលសំខាន់​ដែលចូលរួមជួយ​បិទបញ្ចប់​សង្រ្គាមត្រជាក់​កាលពី ជាង ៣០ឆ្នាំមុន។ វីរភាពរបស់​អតីតមេដឹកនាំចុងក្រោយ​របស់​សហភាពសូវៀត​ដែលមេដឹកនាំ​លោកខាងលិច​ចាត់ទុកជា​បិតាសន្តិភាព​ត្រូវ​បាន​រំលេច​ច្រើន នៅក្នុងខណៈដែល​រុស្ស៊ី​របស់​ប្រធានាធិបតី​​ពូទីន​កំពុងធ្វើ​សង្រ្គាម​នៅអ៊ុយក្រែន​អស់៦ខែមកនេះ។

សម្រាប់​ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន មេដឹកនាំ​ចុងក្រោយ​របស់​សហភាពសូវៀត លោក​ហ្កូបាឆូវ គឺជា​មេដឹកនាំដ៏កម្រម្នាក់ ដែលមាន​ក្តីស្រមៃ និងសេចក្តីក្លាហាន ហ៊ាន​ប្រថុយ​បាត់មុខតំណែង ដើម្បី​ឈាន​ទៅសម្រេច​ក្តីស្រមៃ​របស់​ខ្លួន។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​អង់តូញ៉ូ ហ្គុយទែរក៍​បាន​សរសេរ​សារទ្វីតថា ពិភពលោក​បាន​បាត់បង់មេដឹកនាំ​ដ៏សំខាន់​ម្នាក់ ដែល​បានខ្នះខ្នែង​ជំរុញ ពហុភាគីនិយម និង​ការពារ​សន្តិភាព ដោយ​មិនចេះនឿយហត់។ សម្រាប់​ប្រធានាធិបតី​បារាំង លោក​មីខាងអ៊ីល ហ្កូបាឆូវ គឺជា​បិតាសន្តិភាព ដែល​បានបើកផ្លូវសេរីភាព​សម្រាប់​ពលរដ្ឋរុស្ស៊ី។

ពី​ខាង​អាល្លឺម៉ង់ ប្រតិកម្ម​មាន​ច្រើន​ជាងគេ តាំង​ពី​ប្រធានាធិបតី នាយករដ្ឋមន្រ្តី និង​អតីតនាយរដ្ឋមន្រ្តី ​លោកស្រី អង់ហ្កេឡា មេរកិល។ ប្រធានាធិបតី​អាល្លឺម៉ង់ លោក Frank Walter បាន​ថ្លែងអំណរគុណ​លោក​ហ្កូបាឆូវ ដែលបានចូលរួមចំណែក​ឲ្យមានការបង្រួបបង្រួម អាល្លឺម៉ង់ និង​សេចក្តីក្លាហាន​របស់លោកសម្រាប់​ការបើកចំហ​លទ្ធិប្រជាធិបតេយ្យនៅរុស្ស៊ី និង​ការកសាង​ស្ពាន​រវាង​លោកខាងលិច និង​លោកខាងកើត។ យ៉ាងណាក៏ដោយ ក្តីស្រមៃ​របស់​ហ្កូបាឆូវ​ត្រូវ​បាន​បំផ្លិចបំផ្លាញ ទៅវិញ​ដោយសារ​សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី នៅ​ប្រទេស​អ៊ុយក្រែន។ នេះបើតាម​ប្រធានាធិបតី​អាល្លឺម៉ង់។​ នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ លោក​អូឡាហ្វ ស្ហុល៍វិញ វាយតម្លៃថា លោក​បិតា​ប្រជាធិបតេយ្យរុស្ស៊ី​ស្លាប់​នៅក្នុង​ពេលវេលា​មួយ ដែល​លទ្ធិប្រជាធិបតេយ្យ​កំពុងចុះសាបសូន្យ​នៅ​រុស្ស៊ី និង​នៅពេលវេលា​មួយ​ដែល ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​កំពុង​ជីករណ្តៅ ពង្រីកគម្លាតកាន់តែធំ​នៅ​អឺរ៉ុប ជាមួយ​ការចូលធ្វើ​សង្រ្គាម ឈ្លានពាន អ៊ុយក្រែន ដែលជា​ប្រទេស​ជិតខាង។

ពីទីក្រុង​ប៉េកាំង អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស បាននិយាយដឹងគុណ​មេដឹកនាំ​ចុងក្រោយ​របស់​សហភាពសូវៀត ដែល​បានចូលរួមចំណែក​ក្នុងការខិតចូលគ្នា​រវាង​ប្រទេស​កុម្មុយនិស្តទាំងពីរ ចិន សហភាពសូវៀត បន្ទាប់ពី​ផ្តាច់ទំនាក់ទំនង​នឹង​គ្នា អស់ ៣ទសវត្សរ៍។

មេដឹកនាំ​ប្រទេស​លោកខាងលិច សំដែងការសោកស្តាយ ​មេដឹកនាំ​រុស្ស៊ី

លោក​ហ្កោបាឆូវ បាន​ទទួល​ការគោរព កោតសរសើរ​ពី​មេដឹកនាំ​របស់ប្រទេស​លោកខាងលិច ព្រោះ​លោក​បាន​ដើរតួ​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​សតវត្សរ៍​ទី ២០។ ឡើងកាន់អំណាច​នៅ​ឆ្នាំ ១៩៨៥ ក្នុងនាមជា​លេខាបក្សកុម្មុយនិស្ត លោក​មីខាអ៊ីល ហ្កូបាឆូវ បាន​ធ្វើ​នយោបាយ​ខុសប្លែក​ពីមេដឹកនាំ​សហភាពសូវៀតមុន ដោយផ្តោតសំខាន់​ទៅលើ​សេដ្ឋកិច្ច​ជាជាង ការប្រកួតប្រជែង​សព្វាវុធ ដែល​ជាបន្ទុកចំណាយដ៏ធ្ងន់ធ្ងរ​សម្រាប់​សហភាពសូវៀត។

លោក​ជា​មេដឹកនាំ​សហភាពសូវៀត លើកដំបូង ដែល​បើកចំហយល់ព្រម​ឲ្យមានការចរចា​ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​ជាមួយ​ប្លុកលោកសេរី ដែលមាន​អាមេរិក និង​អង់គ្លេស។ ជាអ្នកនយោបាយ​ដែលមាន​និន្នាការសន្តិភាពនិយម លោក​ហ្កូបាឆូវ ​ចុះ​ហត្ថលេខា ជាមួយ​អាមេរិក នៅ​ឆ្នាំ ១៩៨៧ ​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការកាត់បន្ថយ​អាវុធនុយ​ក្លេអ៊ែរ​ចម្ងាយមធ្យម។ ដោយ​ចូលរួម​ជួយបិទបញ្ចប់​សង្រ្គាម​ត្រជាក់ ដោយគ្មានការបង្ហូរឈាម មួយតំណក់​ក្នុង​កាលៈទេសៈ ដែល​ភាពតានតឹង​រវាង​សូវៀត និង​អាមេរិក​បាន​ឡើង​ដល់​កម្រិតកំពូល លោក​ហ្កូបាឆូវ​បាន​ទទួល​រង្វាន់​ណូបែលសន្តិភាព​នៅឆ្នាំ ១៩៩០។

ស្នាដៃ​ផ្សេងទៀត​របស់​លោក​ហ្កូបាឆូវ ដែលគេ​នៅតែ​កោតសរសើរ និង​នឹកដឹងគុណ នោះ គឺនៅក្រោម​ការដឹកនាំ​របស់​លោក សហភាពសូវៀតបាន​ប្រកាស​បិទបញ្ចប់​សង្រ្គាម​ នៅអាហ្វហ្កានីស្ថាន។ លោក​ហ្កូបាឆូវ តំណាង​ឲ្យអ្នកនយោបាយសូវៀត​ដែលបាន​បើកផ្លូវ​ឲ្យ​មានការបង្ខិត​ចូលជិត គ្នារវាង​ប្រទេស​លោកខាងលិច និងប្រទេស​លោកខាងកើត ដោយ​បាន​បណ្តោយ​ឲ្យ​ជញ្ជាំងប៊ែរឡាំងដួលរលំ​និង​ឈាន​ទៅដល់​ការបង្រួបបង្រួម​ប្រទេស​អាល្លឺម៉ង់ឡើងវិញ នៅ​ឆ្នាំ ១៩៨៩។

លោក​ហ្កូបាឆូវ ជាបុគ្គលសំអប់​នៅក្នុងក្រសែភ្នែកប្រជាជនរុស្ស៊ី

នៅក្នុង​សម័យដឹកនាំ​សហភាពសូវៀត ពី​ឆ្នាំ ១៩៨៥ ដល់​ឆ្នាំ ១៩៩១ លោក​ហ្កូបាឆូវ​បាន​ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ បើកទូលាយ​សិទ្ធិ​សេរីភាពបញ្ចេញមតិ ដោះលែង​អ្នកទោសនយោបាយ ដែលនេះជារឿង​មិនធ្លាប់មាន​ទេ នៅសហភាពសូវៀត។ លោក​ហ្កូបាឆូវ​បាន​ប្រកាស​បិទបញ្ចប់​នយោបាយ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ក្នុង​ប្លុក​សូវៀត ហើយ​​បើក​សិទ្ធិសេរីភាព​ឲ្យ​បណ្តា​ប្រទេស​​​នៅ​អឺរ៉ុប​ខាងកើត​អាច​ជ្រើសរើស​ផ្លូវ​ដើរ​ដោយ​ខ្លួនឯង។លោក​ហ្កូបាឆូវបានទទួលការគោរព​កោតសរសើរ នៅបរទេស ប៉ុន្តែ នៅ​ក្នុងស្រុក ជាមួយ​ការដួលរលំ សហភាពសូវៀត លោក​ហ្កូបាឆូវ នៅតែ​រង​ការរិះគន់ ចោទប្រកាន់​ថា ជាដើមហេតុនៃ​ការធ្លាក់ចុះខ្សោយ​ចក្រភពមួយ ដូចជា​សហភាពសូវៀត។ នយោបាយ​បើក​ចំហ​របស់​លោក​ហ្កូបាឆូវ ដូចជា​ការធ្វើ​កំណែទម្រង់ ប៉េរេ ស្ត្រយកា (Perestroika) និង​ហ្ក្លាស្នូស្ត (Glasnost) មិន​ត្រឹមតែ​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​របបកុម្មុយនិស្ត នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត​ប៉ុណ្ណោះទេ សូម្បីតែ​នៅ​ក្នុង​សហភាព​សូវៀត​ខ្លួន​ឯង​ក៏​ត្រូវ​រង្គោះរង្គើ​ផងដែរ ដោយ​បណ្តា​រដ្ឋ​ជាសមាជិក​ចាប់ផ្តើម​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​សហព័ន្ធ រួច​ហើយ​ក៏​បាន​នាំគ្នា​ប្រកាស​ផ្តាច់ខ្លួន​​​ជា​ប្រទេស​ឯករាជ្យ​ម្តងមួយៗ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​នៅ​ជុំវិញ​សមុទ្រ​បាល់ទិក គឺ​លីទុយអានី អេស្តូនី និង​ឡេតូនី។

នៅពេល​ចូលកាន់តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី នៅ​ឆ្នាំ ២០០០ លោក​វ្លាឌីមៀ​ពូទីន​ផ្ទាល់​ធ្លាប់​ចាត់ទុក​ការដួលរលំ​សហភាពសូវៀត​ជា​គ្រោះមហន្តរាយ​ភូមិសាស្រ្ត​នយោបាយ​ដ៏ធំមួយសម្រាប់សតវត្សរ៍ទី ២០។ ដូចលោក​ពូទីន អ្នកនយោបាយ​រុស្ស៊ី​នៅតែ​បន្ទោស​លោក​ហ្កោបាឆូវ ថា​បាន​ធ្វើនយោបាយ ចាញ់ប្រៀបអាមេរិក។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ AFP​លោក​ហ្កូបាឆូវ​ធ្លាប់និយាយ​ទទួលស្គាល់ថា លោក​សោកស្តាយ និង​បាន​ប្រព្រឹត្តកំហុស​ដ៏ធំមួយ។

មួយវិញទៀត ក្រៅតែ​គុំខឹង ដោយសារ​ធ្វើ​ឲ្យ​សហភាពសូវៀត​ដួលរលំ ប្រជាជន​រុស្ស៊ី ជាច្រើន នៅតែមិន​សប្បាយចិត្ត​នឹង​លោក​ហ្កូបាឆូវ ព្រោះថា នៅពេល​គេ​និយាយពី​សម័យ​ដឹកនាំ​របស់​លោក​ហ្កូបាឆូវ គេ​នៅតែ​នឹកចាំមិន​ភ្លេច​ពី​គ្រោះទុរភិក្ស អត់អាហារ និងការវឹកវរ អសន្តិសុខ ក្នុង​ប្រទេស ដោយសារ​តែ​វិបត្តិសេដ្ឋកិច្ច ដែល​បណ្តាលមកពី​កំណែទម្រង់ របស់​លោក។ នៅ​ក្រោម​ការដឹកនាំ​របស់​លោក​ហ្កូបាឆូវ គេ​នៅ​ចាំមិន​ភ្លេច​ផងដែរ ពី​ការបង្រ្កាបបង្ហូរឈាម​របស់ទាហាន​សូវៀត នៅ​លីទុយអានី និង​នៅ​តំបន់​ឆេឆេនីជាដើម។

នៅក្រោយ​ ចុះចេញពី​មុខតំណែង ប្រមុខ​ដឹកនាំ​សហភាពសូវៀត នៅ​ឆ្នាំ ១៩៩១ លោក​ហ្កូបាឆូវ​ធ្លាប់​បាន​ព្យាយាម​ត្រលប់មក​ចូល​ឆាកនយោបាយ​វិញ ដោយ​បាន​ឈរឈ្មោះ​ជាបេក្ខជនប្រធានាធិបតី​រុស្ស៊ី នៅ​ឆ្នាំ ១៩៩៦ ប៉ុន្តែ លោក​បាន​ទទួលសំឡេង​ឆ្នោត តែ ០,៥%ប៉ុណ្ណោះ ដែលនេះ​គឺរឿងដ៏អាម៉ាស់មុខ​បំផុត សម្រាប់មេដឹកនាំ​ចុងក្រោយ​របស់សហភាពសូវៀត។

សង្រ្គាមអ៊ុយក្រែន៖ លោក​ហ្កូបាឆូវ​គ្មានយោបល់

នៅក្រោយ​បរាជ័យដ៏អាម៉ាស់មុខ ក្នុងការបោះឆ្នោត ប្រធានាធិបតី រុស្ស៊ី នៅ​ឆ្នាំ ១៩៩៦ លោក​ហ្កូបាឆូវ បាន​ដកខ្លួន​ចេញពី​ពិភពនយោបាយ ដោយ​បាន​ផ្តោតសំខាន់​ទៅលើ​វិស័យ​សង្គម មនុស្សធម៌វិញ។

នៅ​ថ្ងៃទី ២៦ កុម្ភៈ ពោល​នៅ​ពីរថ្ងៃក្រោយ​រុស្ស៊ី​ចូលធ្វើ​សង្រ្គាម​នៅអ៊ុយក្រែន មូលនិធិ​របស់​លោក​ធ្លាប់​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បាន​អំពាវនាវ​សុំ​ឲ្យ​បញ្ឈប់​ការស្អប់គ្នា​នៅ អ៊ុយក្រែន និង​ការចរចា​បន្ទាន់ ដើម្បី​សន្តិភាព។ ប៉ុន្តែ ក្រៅពីនោះ គេមិនឃើញមាន​ប្រតិកម្ម​អ្វីផ្សេង​របស់​លោកហ្កូបាឆូវ​ទៅនឹង​សង្រ្គាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅអ៊ុយក្រែននោះទេ។ កាសែត​ក្នុងស្រុក​រុស្ស៊ី​បាន​ចុះផ្សាយ​ពី​បញ្ហា​សុខភាព របស់​លោក​ហ្កូបាឆូវ ដែល​ចូលសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​ជាញឹញយដង​ តាំង​ពី​វិបត្តិកូវីដ។

ធ្លាប់រិះគន់​លោក​ពូទីន នៅ​ឆ្នាំ ២០១១ លោក​ហ្កូបាឆូវ ដែល​នឹកសោកស្តាយ និង​ធ្លាប់​ប៉ុនប៉ង​ស្តារ​សហភាពសូវៀត ឡើងវិញ បានផ្លាស់ប្តូរជំហរ​វិញ នៅក្រោយ លោកពូទីន​ប្រកាស​កាត់យក​ទឹកដីគ្រីមេ​មកធ្វើ​ជា​ដែនដី​របស់​រុស្ស៊ី នៅ​ឆ្នាំ ២០១៤។ បន្ទាប់ពីនោះ លោក​ហ្កូបាឆូវ បាន​ចេញមុខ​រិះគន់​ប្រទេស​លោកខាងលិច និង​បាន​ព្រមាន​ជាញឹកញាប់ ពីការផ្ទុះឡើង​វិញ នៃ​សង្រ្គាមត្រជាក់។

នៅ​ឆ្នាំ ២០១៩ លោកបានបរិហា​រិះគន់​ការសម្រេច​ចិត្ត​របស់​អាមេរិក​ដែលបាន​ដកខ្លួន​ចេញពីសន្ធិសញ្ញា កាត់បន្ថយ​អាវុធនុយក្លេអ៊ែរ​ដែលមាន​លោកជាអ្នកចុះហត្ថលេខា​ជាមួយ​ប្រធានាធិបតីអាមេរិក លោក​រ៉ូណាល់ រីហ្គែន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ