អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ីលី៖រដ្ឋធម្មនុញ្ញថ្មីមានភាពចម្រូងចម្រាស តែចាំបាច់ដើម្បីដកប្រទេសចេញពីសម័យផ្តាច់ការទាំងស្រុង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី៤ កញ្ញា ប្រទេស​ស៊ីលី​រៀបចំ​បោះឆ្នោត​ប្រជាជាតិ​ស្តីពី​រដ្ឋធម្មនុញ្ញ​ថ្មី។ អ្នក​បោះឆ្នោត​ប្រមាណ​ជា ១៥លាននាក់​ត្រូវ​ចូល​រួម​បោះឆ្នោត​ទទួល​យក ឬ​មិន​ទទួល​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បាន​រៀបចំ​តាក់តែង​ដោយ​សមាជិក​សភា។ គួរ​រម្លឹក​ថា​សព្វថ្ងៃ ប្រទេស​អាមេរិកឡាទីន​មួយ​នេះ​កំពុង​បន្ត​ប្រើ​រដ្ឋធម្មនុញ្ញ​សល់​ពី​សម័យ​ដឹកនាំ​ផ្តាច់ការ​យោធា​របស់​លោក​ពីណូស្ហេ​ចន្លោះ​ឆ្នាំ ១៩៧៣ និង ១៩៩០។ ដូច្នេះ​បើ​ពលរដ្ឋ​បោះឆ្នោត​ទទួល​យក​រដ្ឋធម្មនុញ្ញ​ថ្មី ទំព័រ​សករាជ​ថ្មី​ស្រឡាង​នឹង​ចូល​ទៅ​បិទ​ទំព័រ​សករាជ​ចាស់​ទាំង​ស្រុង​ដែល​សល់​ពី​សម័យ​ពីណូស្ហេ។

នៅ​ថ្ងៃ​អាទិត្យ ទី៤ កញ្ញា ប្រទេស​ឈីលី​រៀបចំ​បោះឆ្នោត​ប្រជាជាតិ​ស្តីពី​រដ្ឋធម្មនុញ្ញ​ថ្មី។ អ្នក​បោះឆ្នោត​ប្រមាណ​ជា ១៥លាននាក់​ត្រូវ​ចូល​រួម​បោះឆ្នោត​ទទួល​យក ឬ​មិន​ទទួល​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បាន​រៀបចំ​តាក់តែង​ដោយ​សមាជិក​សភា។
នៅ​ថ្ងៃ​អាទិត្យ ទី៤ កញ្ញា ប្រទេស​ឈីលី​រៀបចំ​បោះឆ្នោត​ប្រជាជាតិ​ស្តីពី​រដ្ឋធម្មនុញ្ញ​ថ្មី។ អ្នក​បោះឆ្នោត​ប្រមាណ​ជា ១៥លាននាក់​ត្រូវ​ចូល​រួម​បោះឆ្នោត​ទទួល​យក ឬ​មិន​ទទួល​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បាន​រៀបចំ​តាក់តែង​ដោយ​សមាជិក​សភា។ REUTERS - PABLO SANHUEZA
ផ្សាយពាណិជ្ជកម្ម

ជាង ៣០ឆ្នាំ​កន្លង​មក​ដែល​ប្រទេស​ស៊ីលី​បាន​រួច​ផុត​ពី​ក្រញាំ​ដឹកនាំ​ផ្តាច់ការ​យោធា​របស់​ឧត្តមសេនីយ​ពីណូស្ហេ​រយៈពេល ១៦ឆ្នាំ​ពី​ឆ្នាំ ១៩៧៣ ដល់​ឆ្នាំ ១៩៩០។ តែ​នេះ​មិនមែន​មាន​ន័យ​ថា រដ្ឋាភិបាល​ក្រោយ​លោក​ពីណូស្ហេ​បាន​រក្សា​ទុក​ទាំង​ស្រុង​នូវ​រដ្ឋធម្មនុញ្ញ​សល់​ពី​សម័យ​ពីណូស្ហេ​នោះ​ទេ។ ក្នុង​រយៈពេល ៣០ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ដឹកនាំ​ជា​បន្ត​បន្ទាប់​បាន​ធ្វើ​វិសោតនកម្ម​រដ្ឋធម្មនុញ​លើ​មាត្រា​មួយ​ចំនួន​ដើម្បី​តម្រូវ​នឹង​សភាពការណ៍​របស់​ប្រទេស​ជាតិ។ គួរ​រម្លឹក​ថា គិត​តាំង​ពី​ក្រោយ​របប​ផ្តាច់ការ​ពីណូស្ហេ ប្រទេស​ស៊ីលី​មាន​ប្រធានាធិបតី​ថ្មី​ចេញ​ពី​ការ​បោះឆ្នោត​ចំនួន ៧រូប។ ប្រធានាធិបតី​សព្វថ្ងៃ​មាន​ឈ្មោះ ហ្កាប្រ៊ីយែល បូរិក​ដែល​ទើប​ចូល​កាន់​តំណែង​ក្នុង​ខែ​មីនា ឆ្នាំ ២០២២ និង​ទើប​មាន​អាយុ ៣៦ឆ្នាំ។

ក៏​ប៉ុន្តែ គំនិត​ផ្តួចផ្តើម​ឲ្យ​មាន​រដ្ឋធម្មនុញ​ថ្មី​បាន​ចាប់​ផ្តើម​នៅ​ក្រោយ​មហាបាតុកម្ម​នៅ​ទូទាំង​ប្រទេស​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៩ ដែល​ជា​ឆ្នាំ​នៃ​ការ​ចាប់​ផ្តើម​ផ្ទុះ​វិបត្តិ​កូវីដ១៩។ កាលណោះ ក្រុម​បាតុករ​បាន​ប្រឆាំង​នឹង​រដ្ឋធម្មនុញ​ឆ្នាំ ១៩៨០ សល់​ពី​សម័យ​ផ្តាច់ការ​ពីណូស្ហេ​ដែល​គេ​យល់​ថា គ្មាន​យុត្តិធម៌​នៅ​ក្នុង​សង្គម។ ផ្តើម​ចេញ​ពី​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ដែល​ស្តែង​ចេញ​ពី​រដ្ឋធម្មនុញ​ឆ្នាំ ១៩៨០ និង​ភាព​អយុត្តិធម៌​កើត​ឡើង​ដោយ​វិបត្តិ​កូវីដ១៩ ក្រុម​អ្នកតំណាងរាស្រ្ត​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី។ តែ​មុន​នឹង​តាក់តែង​ថ្មី រដ្ឋាភិបាល​បាន​រៀបចំ​ការ​បោះឆ្នោត​ប្រជាមតិ​មួយ​ក្នុង​ឆ្នាំ ២០២០ ដើម្បី​សួរ​យោបល់​ពី​ប្រជាជន។

កាល​ណោះ មាន​ពលរដ្ឋ​ស៊ីលី​ជិត ៨០% បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​មាន​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​ដើម្បី​ជំនួស​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៨០។ ឥឡូវ​នេះ រដ្ឋធម្មនុញ្ញ​ថ្មី​បាន​រៀបចំ​រួចរាល់ ហើយ​រដ្ឋាភិបាល​បាន​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ម្តង​ទៀត​ក្នុង​ថ្ងៃ​អាទិត្យ ទី៤ កញ្ញា​នេះ​ដើម្បី​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ទទួល​យក ឬ​មិន​ទទួល​យក។

ចុះ​បើ​ប្រជាជន​បោះឆ្នោត​មិន​ទទួល​យក​រដ្ឋធម្មនុញ្ញ​ថ្មី?

មាន​លទ្ធផល​ចំនួន​ពីរ​នៅ​ការ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​រដ្ឋធម្មនុញ្ញថ្មី​ពេល​នេះ ឬ​មួយ​ប្រជាជន​បោះឆ្នោត​ទទួល​យក ឬ​មួយ​ក៏​ច្រានចោល។ នៅ​ក្នុង​ករណី​ដែល​ប្រជាជន​បោះឆ្នោត​ទទួល​យក​រដ្ឋធម្មនុញ្ញ​ថ្មី ទំព័រ​សរាកជ​ថ្មី​របស់​ប្រទេស​ស៊ីលី​នឹង​បើក​ចាប់​ពី​ថ្ងៃទី៥ កញ្ញា ព្រោះ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៨០ សល់​ពី​សម័យ​ដឹកនាំ​ផ្តាច់ការ​របស់​លោក​ពីណូស្ហេ​នឹង​ត្រូវ​កប់​ចោល​ទាំង​ស្រុង។ ក្នុង​ករណី​នេះ និង​ជា​មួយ​រដ្ឋធម្មនុញ្ញ​ថ្មី ប្រធានាធិបតី​លោក​ហ្កាប្រ៊ីយែល បូរិក​អាច​ផ្តើម​ធ្វើ​កំណែទម្រង់​ប្រទេស​នៅ​ក្នុង​វិស័យ​អាទិភាព​មួយ​ចំនួន​ដោយ​មិន​ពិបាក។ តែ​ការ​ដាក់​ឲ្យ​អនុវត្តន៍​នូវ​រដ្ឋធម្មនុញ្ញ​ថ្មី​ប្រហែល​ត្រូវ​ការ​ពេល ព្រោះ​រដ្ឋាភិបាល​ត្រូវ​ជជែក ពិភាក្សា​ជាមួយ​គ្រប់​គណបក្សដៃគូ​ដើម្បី​រៀបចំ​ឲ្យ​មាន​ស្ពាន​អន្តរកាល​មួយ​ក្នុង​ការ​ប្តូរ​ពី​រដ្ឋធម្មនុញ្ញ​ចាស់​ទៅ​រដ្ឋធម្មនុញ្ញ​ថ្មី។

ផ្ទុយ​ទៅ​វិញ បើ​ប្រជាជន​បែរ​ជា​បោះឆ្នោត​មិន​ទទួល​យក​រដ្ឋធម្មនុញ្ញ​ថ្មី ប្រទេស​ស៊ីលី​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​បន្ត​រក្សា​ទុក​រដ្ឋធម្មនុញ្ញ​សព្វថ្ងៃ​ដែល​បាន​បង្កើត​ឡើង​កាល​ពី​ជាង ៤០ឆ្នាំ​មុន​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ គម្រោង​កំណែទម្រង់​នានា ដូច​យ៉ាង​ក្នុង​វិស័យ​ពន្ធ សុខភាព ឬ​ការ​ចូលនិវត្តន៍​ដែល​ប្រធានាធិបតី​លោក​បូរិក​ចង់​ធ្វើ​នឹង​ជួប​ការ​លំបាក​ខ្លាំង។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី គំនិត និង​នីតិវិធី​ក្នុង​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​នឹង​មិន​បិទ​បញ្ចប់​នៅ​ត្រឹម​នេះ​ទេ ព្រោះ​លោក​បូរិក​បាន​ប្រកាស​រួច​ហើយ​ថា បើ​ប្រជាជន​ច្រានចោល​រដ្ឋធម្មនុញ្ញ​ថ្មី​ពេល​នេះ លោក​នឹង​ផ្តើម​ឲ្យ​មាន​នីតិវិធី​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ទៀត។

ការ​លើក​ឡើង​ដូច​នេះ​ដោយ​លោក​បូរិក​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា មាន​កុងសង់ស៊ុស​នៅ​ក្នុង​ចំណោម​ប្រជាជន​ស៊ីលី​ដែល​ចង់​កប់​ចោល​ទាំង​ស្រុង​នូវ​រដ្ឋធម្មនុញ​សល់​ពី​របប​ផ្តាច់ការ។ កុងសង់ស៊ុស​នៅ​ក្នុង​ចំណោម​ប្រជាជន​ស៊ីលី​ដែល​លោក​បូរិក​ចង់​និយាយ គឺ​លទ្ធផល​នៃ​បោះឆ្នោត​ប្រជាមតិ​ក្នុង​ឆ្នាំ ២០២០ ដែល​មាន​ប្រជាជន​ជិត ៨០% បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​មាន​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​ដើម្បី​ជំនួស​រដ្ឋធម្មនុញ្ញ​ចាស់។ តែ​បញ្ហា​នៅ​ត្រង់​ថា អ្នក​ដែល​សម្រេច​ឲ្យ​មាន ឬ​មិន​ឲ្យ​មាន​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី គឺ​សភា ពោល​មិនមែន​ប្រធានាធិបតី​ទេ។

រដ្ឋធម្មនុញ្ញ​ថ្មី​កំពុង​ពុះចែក​សង្គម​ស៊ីលី?

សម្រាប់​សហគមន៍​អន្តរជាតិ រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ប្រទេស​ស៊ីលី​មាន​ការ​កែប្រែ​ថ្មី​ច្រើន និង​មាន​ភាព​ជឿនលឿន។ តែ​នៅ​ក្នុង​ប្រទេស​ស៊ីលី រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ពិបាក​ទទួល​បាន​ការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ និង​បែរ​ជា​កំពុង​ពុះ​ចែក​សង្គម​ស៊ីលី​ទៀត​ផង។ ពិត​ណាស់​ក្នុង​ខែ​តុលា ឆ្នាំ ២០២០ មាន​ប្រជាជន​ស៊ីលី​ដល់​ទៅ​ជិត ៨០% បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​មាន​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី។ តែ​ដល់​ពេល​ហៅ​ឲ្យ​បោះឆ្នោត​ទទួល​យក ឬ​មិន​ទទួល​យក​រដ្ឋធម្មនុញ​ថ្មី បែរ​ជា​គេ​កំពុង​បារម្ភ​ខ្លាច​តែ​ប្រជាជន​មិន​បោះឆ្នោត​ទទួល​យក​ទៅ​វិញ។ តាម​លទ្ធផល​ស្ទង់​មតិ​ចុង​ក្រោយ រដ្ឋធម្មនុញ្ញ​ថ្មី​អាច​នឹង​ត្រូវ​ប្រជាជន​ស៊ីលី​បោះឆ្នោត​ច្រានចោល។

គេ​បាន​សង្កេត​ឃើញ​ថា ខ្លឹមសារ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ថ្មី​បាន​ធ្វើ​ឲ្យ​ប្រជាជន​មួយ​ចំនួន​រារែក​មិន​បោះឆ្នោត​ទទួល​យក។ គួរ​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៨០ ក្នុង​សម័យ​ផ្តាច់ការ​លោក​ពីណូស្ហេ​មាន​លក្ខណៈ​សេរីនិយម​ដែល​បាន​អនុញ្ញាត​ឲ្យ​ស៊ីលី​ស្គាល់​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ។ តែ​ចំណុច​អវត្តមាន​របស់​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៨០ មួយ​នេះ គឺ​វិសភាព​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សង្គម។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ថ្មី ក្រុម​អ្នកតំណាងរាស្រ្ត​បាន​រៀបចំ និង​ធានា​ឲ្យ​មាន​សមភាព​នៅ​ក្នុង​សង្គម។ ក្រៅ​ពី​នេះ រដ្ឋធម្មនុញ្ញ​ថ្មី​បាន​ចែង​ពី​ការ​ទទួល​ស្គាល់​រដ្ឋ​ពហុជាតិ ឬ​ពហុតំបន់ រួម​ទាំង​ការ​ទទួល​ស្គាល់​ប្រជាជន​ម្ចាស់ស្រុក ឬ​ប្រជាជនដើម​ដែល​មាន​ប្រមាណ​ជា ១២,៨% នៃ​ប្រជាជន​ស៊ីលី។

ការ​ទទួល​ស្គាល់​ប្រជាជន​ម្ចាស់ស្រុក ឬ​ប្រជាជនដើម​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ស៊ីលី​ក្នុង​តំបន់​ខ្លះ​ពិបាក ឬ​មិន​អាច​ទទួល​យក​បាន។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​នៅ​ពេល​ដែល​រដ្ឋធម្មនុញ្ញ​ថ្មី​ត្រូវ​បាន​ប្រជាជន​បោះឆ្នោត​ច្រានចោល គឺ​ការ​ផ្ទុះ​បាតុកម្ម​ជា​ថ្មី ពិសេស​បាតុកម្ម​ពី​ក្រុម​យុវជន​សិស្ស និស្សិត​ដែល​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​រដ្ឋធម្មនុញ្ញ​ថ្មី​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ