អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បញ្ហា​វិបត្តិ​១០០​ជំពូក រងចាំ​​​លោកស្រី​លីហ្ស ត្រាស្ស នាយករដ្ឋ​​មន្ត្រី​ថ្មី​​អង់គ្លេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក បូរីស ចនសុន បានសម្រេច​លាឈប់​ពីមុខតំណែង នាយករដ្ឋមន្ត្រីអង់គ្លេស ដោយសារតែរឿងអាស្រូវផ្ទួនៗគ្នា ទាក់ទិននឹងការរៀបចំកម្មវិធីជប់លៀងសប្បាយ​ក្អាកក្អាយ ក្នុងខណៈពេល​ដែល​ប្រជាជនទូទាំងប្រទេស ត្រូវជាប់បំរាមរាំងខ្ទប់ទាំងស្រុង ដោយសារតែកូវីដ១៩។ ចន្ទទី​៥កញ្ញា គណបក្សអភិរក្សនិយមបានបោះឆ្នោតជ្រើសរើស លោកស្រី​ លីហ្ស ត្រាស្ស ឲ្យ​មកធ្វើជានាយករដ្ឋមន្ត្រីថ្មី ​មកជំនួស​លោក​បូរីស ចនសុន។ វិបត្តិសេដ្ឋកិច្ច ទំនិញឡើងថ្លៃ អតិផរណា កំពុងតែ​រងចាំ​រដ្ឋាភិបាល​ថ្មី​ឲ្យដោះស្រាយ​។​

លោកស្រី លីហ្ស ត្រាស្ស នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស ដែលបន្តមុខតំណែង ក្រោយ​លោក​បូរីស ចនសុន លាឈប់។
លោកស្រី លីហ្ស ត្រាស្ស នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស ដែលបន្តមុខតំណែង ក្រោយ​លោក​បូរីស ចនសុន លាឈប់។ AP - Kirsty Wigglesworth
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោតនេះ មិនមែនជាការបោះឆ្នោតថ្នាក់ជាតិ ប្រជាជនអង់គ្លេស​ទូទាំងប្រទេស ទៅបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីទេ។ វាគឺជាការបោះឆ្នោត​ក្នុងបក្សអភិរក្សនិយម ព្រោះថាបក្សនេះមានសំឡេងភាគច្រើននៅក្នុងសភាស្រាប់ហើយ ហើយ​ក្នុងករណី​នាយករដ្ឋមន្ត្រីលាឈប់ពីតំណែង មុនចប់អាណត្តិបែបនេះ គឺ​បក្សនេះ​មានសិទ្ធិ​សម្រេចជ្រើសនាយករដ្ឋមន្ត្រីថ្មី​។

សមាជិក​គណបក្ស​អភិរក្សនិយម ចំនួន​ប្រមាណ​២សែន​នាក់ បានបោះឆ្នោតបញ្ចេញ​មតិ។​ អស់​រយៈពេល​១៥ថ្ងៃ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ បានសម្រេចជ្រើស និងជម្រុះបេក្ខជន ឲ្យ​នៅសល់ផ្តាច់ព្រាត់ តែ២នាក់ទេ។ លទ្ធផល​កាលពីថ្ងៃទី​២០កក្កដា បង្ហាញ​ឲ្យឃើញថាបេក្ខជនទាំង២នោះ គឺ​លោកស្រី លីហ្ស ត្រាស្ស និង​លោក រីឈី ស៊ូណាក់​។ ចំណែក​ការបោះឆ្នោតផ្តាច់ព្រាត់ គឺបានចាប់ផ្តើមធ្វើ រវាង​ពីថ្ងៃទី​១សីហា ដល់ថ្ងៃទី ២កញ្ញា​ តាមរយៈការបោះឆ្នោត​តាមបណ្តាញអ៊ីនធ័រនិត និង​តាមការផ្ញើសំបុត្រ។

ទាក់ទិននឹងការបោះឆ្នោត​ជ្រើសរើសនាយករដ្ឋមន្ត្រីមកជំនួស​ តែនៅ​ក្នុង​ផ្ទៃក្នុងបក្សនេះ ត្រូវបាន​អ្នកវិភាគខ្លះ បានរិះគន់ដែរ ថាវាមានចំណុចអវិជ្ជមានច្រើនណាស់។ ក្នុងចំណោម​សមាជិកបក្ស ដែល​​មានសិទ្ធិបោះឆ្នោត គឺភាគច្រើនសុទ្ធតែជាមនុស្សប្រុស ស្បែកស អាយុចាប់ពី៥០ឆ្នាំឡើងទៅ។ ជារួម គឺភាគច្រើនលើសលុប សុទ្ធតែជា​អ្នក​ភរិក្សនិយម ស្តាំនិយម។ ពោលគឺសំឡេងឆ្នោតដែលស្តែងមក វាមិនឆ្លើយតបទៅនឹងតថៈភាពជាក់ស្តែង​នៃ​​សង្គមអង់គ្លេសទេ ដែលវា​មាន​ភាពចម្រុះ មានប្រុសមានស្រី មាន​ក្មេងមានចាស់ ហើយជាពិសេសនោះ គឺមាន​សហគមន៍​ជាតិ​សាសន៍ជនជាតិច្រើន។

សមាជិក​បក្សអភិរក្សនិយម​ ចង់បាន​តែនាយករដ្ឋមន្ត្រីស្តាំនិយមខ្លាំង

រវាងបេក្ខជនទាំង២ គឺលោកស្រី លីហ្ស ត្រាស្ស និងលោក រីឈី ស៊ូណាក់ គឺថាវាខុសគ្នាស្រលះតែម្តង។ ម្នាក់ប្រុស ម្នាក់ស្រី ម្នាក់ដើមកំណើតបរទេស ម្នាក់ទៀតគឺអង់គ្លេស។ លោករីឈី ស៊ូណាក់​ជាអ្នក​បច្ចេកទេស ចំណែកលោក​ស្រី​លីហ្ស ត្រាស្ស គឺជាអ្នកនយោបាយ​។​

លោក រីឈី ស៊ូណាក់ អាយុ៤២ឆ្នាំ មានឪពុកម្តាយដើមកំណើតឥណ្ឌា។ បន្ទាប់ពីបាន​រកប្រាក់ចំណូល បានយ៉ាងសន្ធឹកសន្ធាប់ក្នុងវិស័យផ្នែកធនាគារ​ និង​ហិរញ្ញវត្ថុ​ លោក​រីឈី ស៊ូណាក់ បានហក់ចូល វិស័យ​នយោបាយ កាលពីឆ្នាំ​២០១៥ ជាប់ឆ្នោតជា​សមាជិកសភា។ មានបទពិសោធន៍​នយោបាយ​តិចតួចមែន តែលោកត្រូវបាន​លោក​បូរីស ចនសុន ជ្រើសរើស​ឲ្យ​ធ្វើ​ជារដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ កាលពីដើមឆ្នាំ២០២០​។ តែទីបំផុត លោក រីឈី ស៊ូណាក់ បានសម្រេចជ្រើសរើសដើរចេញពីរដ្ឋាភិបាល កាលពីខែកក្កដា​ ហើយបាន​​ប្រមូលផ្តុំមនុស្ស ដើម្បីបណ្តេញ​លោក​បូរីស ចនសុន ឲ្យ​លាឈប់។ សម្រាប់អ្នកនយោបាយ​ក្នុងបក្ស​អភិរក្សនិយមខ្លះ គេសំឡឹងឃើញថា លោក រីឈី​ ស៊ូណាក់ ជាមនុស្ស​ក្បត់ ដល់ត្រើយសើយគូទ ឬជាមនុស្សឱកាសនិយម មិនគួរ​ឲ្យទុកចិត្ត​ជាដើម។​

ដោយឡែក លោកស្រី លីហ្ស ត្រាស្ស បច្ចុប្បន្ន​អាយុ​៤៧ឆ្នាំ ត្រូវគេចាត់ទុកថាជាមនុស្សដែលមានបទពិសោធន៍​​នយោបាយ ចាស់ទុំជាង​លោក​រីឈី ស៊ូណាក់។ លោកស្រី លីហ្ស ត្រាស្ស បានជាប់ឆ្នោត​ជា​សមាជិកសភាម្នាក់ របស់គណបក្ស​អភិរក្សនិយម នៅឆ្នាំ​២០១០​ មុននឹងបាន​កាន់ក្រសួង​ផ្សេងៗគ្នាជាបន្ត​បន្ទាប់ ដូចជាក្រសួង​អប់រំ បរិស្ថាន យុត្តិធម៌ និង​ រតនាគារជាតិជាដើ​ម មុននឹងឡើងមកកាន់ក្រសួងការបរទេសចុងក្រោយ​បង្អស់​។​

លោកស្រីលីហ្ស ត្រាស្ស ពីមុនជាអ្នក​សេរី​ប្រជាធិបតេយ្យ​ កណ្តាលនិយម តែបច្ចុប្ប​ន្ននេះ ទំនោរនយោបាយ​របស់​គាត់​ ត្រូវបាន​គេមើលឃើញថា​ បានផ្អៀងខ្លាំងទៅ​ស្តាំនិយម។ អ្នកវិភាគ ក៏មើលឃើញដែរ ថាលោកស្រីជាអ្នក​ស្មោះហើយ​គាំទ្រ​លោក​បូរីស ចនសុន ដល់ទីបំផុត ហើយ​នឹង​មកបន្ត​អនុវត្ត​គោលនយោបាយដឹកនាំ របស់លោក​បូរីស ចន​សុន​ តទៅទៀត។ ចំណុចមួយដ៏សំខាន់ ដែលលោកស្រីបាន​សន្យា គឺ​នឹងកាត់បន្ថយ​ពន្ធ ដើម្បីជួយ​ជីវភាពរបស់ប្រជាពលរដ្ឋអង់គ្លេស។​ ក្នុងចំណោមសមាជិកបក្ស គេនៅគាំទ្រ​លោកបូរីស ចនសុនច្រើនណាស់ ហើយ​អ្នកបោះឆ្នោតទាំងនោះ ក៏ជាអ្នកគាំទ្រឲ្យកាត់បន្ថយពន្ធទៀត។ ម្លោះហើយ ជ័យជំនះ​របស់​លោកស្រី លីហ្ស ត្រាស្ស គឺថាវាមិនមែនជារឿងលំបាកប៉ុន្មា​នទេ។

បញ្ហា១០០ជំពូកកំពុងរងចាំ

លទ្ធផលស្ថាពរបានប្រកាស គឺ​លោកស្រី លីហ្ស ត្រាស្ស ដែលនឹងមកធ្វើជានាយករដ្ឋមន្ត្រីថ្មី។ នៅថ្ងៃស្អែក លោកស្រី នឹងចូលគាល់ ព្រះមហាក្សត្រីអេលីហ្សបែត ទី២ ហើយ​នឹងចាប់​ផ្តើមរៀបចំបង្កើតរដ្ឋាភិបាលថ្មី។ ​លោកស្រី​នាយករដ្ឋមន្ត្រីថ្មី ​មានសំណុំរឿងលំបាក​ៗ ដែលត្រូវដោះស្រាយ​ច្រើនណាស់។ បញ្ហាធំបំផុត គឺអតិផរណា នៅអង់គ្លេស ដែលបច្ចុប្បន្ន មានចំនួន​១០% ហើយបើតាមការព្យាករណ៍ របស់ធនាគារ Goldman Sachs នៅឆ្នាំក្រោយ អាចនឹងឡើងដល់២២%ផង។ វិបត្តិសេដ្ឋកិច្ច ទំនិញឡើងថ្លៃគ្រប់មុខ ជាពិសេស គឺទំនិញវត្ថុធាតុដើមថាមពលតែម្តង ដែលមានដូចជា​ ប្រេងឥន្ធនៈ និង ឧស្ម័ន។

យោងតាមការិយាល័យគ្រប់គ្រងទីផ្សារចរន្តអគ្គិសនី និង​ឧស្ម័ន គឺនៅខែ​តុលាខាងមុខ តម្លៃអគ្គិសនីនិងថាមពល សម្រាប់ប្រជាពលរដ្ឋទូទៅ នឹងឡើងពី ១៩៧១ ដល់ទៅ ៣៥៤៩ លីវ្រស្តែរលីង ជាមធ្យម ក្នុងមួយឆ្នាំ។ ហើយ​នៅឆ្នាំ​២០២៣ អាចនឹងឡើងដល់ទៅ​ ៦០០០លីវ្រស្តែរលីងឯណោះ។ ក្នុងកម្រិតនេះ គឺ២៥%នៃប្រជាជនអង់គ្លេស ដែលនឹងមិនអាចមានលទ្ធភាពបង់​ថ្លៃថាមពលបានទេ។ ក្រៅពីនេះ នៅមាន​សាលារៀន មន្ទីរពេទ្យ និងសហគ្រាសធុនតូចជាដើម ដែលនឹងលំបាកខ្លាំង។​ ប៉ុន្មានខែមកនេះ បុគ្គលិកច្រើនវិស័យណាស់​នៅអង់គ្លេស ដែលបានធ្វើបាតុកម្ម តវ៉ាទូទាំងប្រទេស។

ក្រៅពីសន្យា​ថានឹងកាត់បន្ថយពន្ធ លោកស្រីលីហ្ស ត្រាស្ស បាន​អះអាងថា លោកស្រីនឹងធ្វើគ្រប់យ៉ាង ដើម្បីជួយជីវភាពប្រជាពលរដ្ឋអង់គ្លេស។ តែរហូតមកទល់ពេលនេះ លោកស្រី មិនទាន់បាន​ពន្យល់លម្អិតទេ ថាជួយដោយរបៀបណា ហើយ​បានប្រាក់ពីណាមកជួយ បើរដ្ឋកាត់បន្ថយ​ពន្ធទៅទៀត។

យ៉ាងណាក៏ដោយ យោងតាមស្ថិតិ YouGov គឺ៥២%​នៃ​ប្រជាជន​អង់គ្លេស​ គិតថាលោកស្រី លីហ្ស ត្រាស្ស នឹងគឺជានាយករដ្ឋមន្ត្រីដែល​មិនល្អ ព្រោះលោកស្រីមានទំនោរសេរីនិយម រឹងរូស និងស្តាំនិយមខ្លាំងណាស់។ នៅការបោះឆ្នោតសភាអាណត្តិថ្មី ខែមករាឆ្នាំ​២០២៥ គណបក្សពលករទំនងជាអាចឈានមក​ដណ្តើមសំឡេងភាគច្រើនក្នុងសភាវិញ ប្រសិនបើ​រដ្ឋាភិបាលរបស់​លោកស្រី​ លីហ្ស ត្រាស្ស គ្មានលទ្ធភាព​ដោះស្រាយបញ្ហាវិបតិ្ត១០០ជំពូកនាពេលនេះទេនោះ។ ហើយថាមិនត្រូវ អាចនឹងមានវិបត្តិរំលាយសភាចោល បោះឆ្នោតមុនអាណត្តិផង ព្រោះថាចលនាតវ៉ាពីគ្រប់មជ្ឈដ្ឋានប្រឆាំងនឹងការដឹកនាំរបស់​បក្សអភិរក្សនិយម គឺមាន​សន្ទុះកាន់តែខ្លាំងឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ