អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ព្រះអង្គឆាលស៍​ទី៣ ឡើង​គ្រង​រាជសម្បត្តិ​​ក្នុង​​បរិបទ​​​អប្រជាប្រិយភាព​ ព្រមទាំង​​វិបត្តិ​​សេដ្ឋកិច្ច​-នយោបាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសអង់គ្លេស រួមទាំង​ប្រទេសសមាជិក​នៃសហគមន៍ Commonwealth ទាំងអស់ កំពុងតែកាន់មរណៈទុក្ខ បន្ទាប់ពីការសោយទីវង្គតនៃមហាក្សត្រី អេលីហ្សាបិតទី២ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៨កញ្ញា។ តាមការគ្រោងទុក ក្នុង​កម្មវិធីប្រូតូកូល​ដ៏តឹងតែងបំផុតនោះ នៅ​ថ្ងៃសោរ៍ទី ១០កញ្ញានេះ គេនឹងប្រកាស​ការចូលគ្រងរាជសម្បតិ្តជាផ្លូវការ របស់​ព្រះមហាក្សត្រថ្មី គឺ​ព្រះអង្គ​ឆាលស៍ទី​៣។ ព្រះអង្គ​ឆាលស៍ ដែលមាន​ព្រះជន្ន៧៣ព្រះវស្សា គឺជាបុត្រច្បងរបស់​ព្រះមហាក្សត្រីអេលីហ្សាបិតទី​២។ ការឡើងគ្រងរាជសម្បតិ្តរបស់​ព្រះអង្គឆាលស៍ នាពេលនេះ គឺវាជួនចំពេលដែល​ប្រទេសអង់គ្លេស​ កំពុងស្ថិតនៅ​ក្នុងវិបត្តិ​តានតឹង ទាំងសេដ្ឋកិច្ចនិងនយោបាយ។ ជាងនេះទៀត កន្លងមក ព្រះអង្គ​មានប្រជាប្រិយភាពតិចខ្លាំងណាស់ នៅ​ក្នុងទឹកចិត្ត​របស់ប្រជាពលរដ្ឋអង់គ្លេស។

ព្រះមហាក្សត្រ ឆាលស៍ទី៣ កំពុងចុះព្រះហស្ថលេខា ក្នុងពិធីប្រកាសជាផ្លូវការ នៃការឡើងគ្រងរាជសម្បត្តិ។ វិមាន St James ទីក្រុងឡុងដ៍ ថ្ងៃទី ១០កញ្ញា ២០២២
ព្រះមហាក្សត្រ ឆាលស៍ទី៣ កំពុងចុះព្រះហស្ថលេខា ក្នុងពិធីប្រកាសជាផ្លូវការ នៃការឡើងគ្រងរាជសម្បត្តិ។ វិមាន St James ទីក្រុងឡុងដ៍ ថ្ងៃទី ១០កញ្ញា ២០២២ AP - Victoria Jones
ផ្សាយពាណិជ្ជកម្ម

នៅព្រឹកថ្ងៃសៅរ៍ទី​១០កញ្ញា យោងតាម​កម្មវិធី​របៀបវារៈយ៉ាងលម្អិត ដែលគេបានកំណត់ទុករួចជាស្រេច គឺក្រុមប្រឹក្សារាជសម្បតិ្តអង់គ្លេស​ បានជួបប្រជុំគ្នា​ នៅ​វិមាន Saint James ក្នុងទីក្រុងឡុងដ៍ នៅម៉ោង១០ព្រឹក។ ហើយ​បន្ទាប់​មក ​ នៅម៉ោង១១ព្រឹក គឺលោក David White ដែលមានងារជា​ « Garter Principal King of Arms » បានថ្លែងប្រកាសជាឱឡាឫក ទៅកាន់​មហាជន នៅខាងមុខវិមាន​ Saint James ប្រកាសពីការចូលគ្រងរាជសម្បត្តិរបស់​ព្រះអង្គឆាលស៍ មហាក្សត្ររបស់អង់គ្លេស​និង​បណ្តាប្រទេស Commonwealth​ ទាំងអស់​ ចាប់ពីពេលនេះទៅ។​ បន្ទាប់មកទៀត មន្ត្រីនាំសារនៃព្រះបរមរាជវាំង នឹងជិះរទេះសេះ ទៅកាន់ ទីលាន Trafalgar Square និងទីលាន Royal Exchange កណ្តាលទីក្រុងឡុងដ៍ ដើម្បី​អានសារ ប្រកាស​ជាសាធារណៈ ទៅកាន់ប្រជានុរាស្ត្រអង់គ្លេស អំពី​ការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រថ្មី​។

បន្ទាប់មកទៀត រដ្ឋសភានឹងជួបប្រជុំគ្នា ក្នុងពេលរសៀល ដើម្បី​ប្រកាស​អំពី​ប្តេជ្ញាសន្យាបម្រើប្រទេសជាតិ ក្រោម​ម្លប់រាជបល្ល័ង្គ ដែលគង់ដោយ​ព្រះអង្គឆាលស៍ទី៣។ ហើយ​នៅម៉ោង​៣រសៀល លោកស្រីនាយករដ្ឋមន្ត្រី លីហ្ស ត្រាស់ នឹងដឹកនាំរដ្ឋមន្ត្រីទាំងអស់ ចូល​គាល់​ព្រះមហាក្សត្រ នៅព្រះរាជវាំង Buckingham។

ហើយចាប់ពីថ្ងៃអាទិត្យស្អែកទៅ ព្រះអង្គឆាលស៍ទី៣ នឹងចាប់ផ្តើមធ្វើដំណើរ ទៅកាន់​សភា នៃប្រទេស​បណ្តាតំបន់ទាំង៣ផ្សេងទៀត ដែលជាសមាជិក​នៃព្រះរាជាណាចក្រអង់គ្លេស ដោយចាប់ផ្តើម ពីតំបន់អេកូស បន្ទាប់មកតំបន់អៀរឡង់ខាងជើង ហើយតំបន់Wales ឬ Pays de Galles។ ដោយឡែក​ កម្មវិធីបំពាក់ម្កុដគ្រងរាជបល្ល័ង្គ របស់​ព្រះអង្គឆាលស៍ទី៣ ប្រហែលជាអាចត្រូវរៀបចំ​នៅយូរខែខាងមុខទៀត ទំរាំដល់ពិធីបុណ្យកាន់មរណៈទុក្ខ នៃព្រះសពរបស់ព្រះមហាក្សត្រីអេលីហ្សាបិតទី២ ចប់រួចរាល់អស់​។

លោក David Vines White មន្ត្រីមុខងារ​ Garter Principle King of Arms អានសារតាំង ប្រកាសការឡើងគ្រងរាជជាផ្លូវ របស់​ព្រះមហាក្សត្រឆាលស៍ទី៣។ វិមាន Saint James ថ្ងៃទី​១០កញ្ញា ២០២២
លោក David Vines White មន្ត្រីមុខងារ​ Garter Principle King of Arms អានសារតាំង ប្រកាសការឡើងគ្រងរាជជាផ្លូវ របស់​ព្រះមហាក្សត្រឆាលស៍ទី៣។ វិមាន Saint James ថ្ងៃទី​១០កញ្ញា ២០២២ AP - Daniel Leal

សន្យាបំរើប្រជាជាតិអង់គ្លេស​ និ​ងការពារ​របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ​

នៅក្នុងសុន្ទរកថាលើកទី​១ ថ្លែងទៅកាន់​ប្រជានុរាស្ត្រ កាលពីយប់ប្រ ព្រះអង្គឆាលស៍ទី​៣ បាន​ថ្លែងថា មិនខុសពីមាតាព្រះអង្គ គឺព្រះអង្គ សូមសន្យាបម្រើប្រទេស​អស់មួយជីវិត។ ដោយ​បានរំលឹកអំពីវីរៈភាព និង​ការ​បូជារបស់​ព្រះមាតា ព្រះអង្គឆាលស៍ទី៣ បាន​សន្យាជាឱឡាឫក ថានឹងបម្រើប្រជានុរាស្ត្រទាំងអស់ ដោយភក្តីភាព ដោយ​ការគោរព ព្រមទាំងដោយ​ក្តីស្រលាញ់ មិនថាប្រជានុរាស្ត្រនៅអង់គ្លេស ឬនៅដែនដីផ្សេងៗទៀតចំនុះ​ឲ្យអង់គ្លេស មិនថាអ្នកនោះមានដើមកំណើតមកពីណា ប្រកាន់ជំនឿសាសនាអ្វីនោះទេ។

បន្ទាប់​មក​ទៀត ព្រះអង្គ​បានថ្លែងថា ព្រះអង្គសន្យាការពារ​គោលការណ៍គ្រិះ​ នៃ​របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលសរសរទ្រូង​របបនយោបាយ​អង់គ្លេស​។ ហើយ​ដរាបណាព្រះអង្គនៅមានជីវិត នោះព្រះអង្គសូមសន្យាការពារតម្លៃ ប្រពៃណី វប្បធម៌ ទំនៀមទំលាប់ ព្រមទាំងជំនឿសាសនា​គ្រិស្តអង់គ្លីកានរបស់អង់គ្លេស​។​

ជាចុងក្រោយ បន្ទាប់ពី​បានប្រកាស​ តែងតាំងបុត្ររបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ William ព្រមទាំងព្រះជាយា ជា​ ព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រីតំបន់Wales ព្រះអង្គឆាលស៍ទី៣ បានថ្លែងដោយ​ក្តីក្តុកក្តួ​លបំផុត នូវ​ពាក្យថា​ “អរគុណ អ្នក​​ម្តាយ​ជាទីស្រលាញ់” ។ ពាក្យ​អរគុណ ដ៏សាមញ្ញ ដែល​ព្រះអង្គបាន​ថ្លែងនេះ បាន​បង្ហាញអំពីអារម្មណ៍​ពិតប្រាកដ ដែលបញ្ជាក់ថា ព្រះអង្គស្រលាញ់ និ​ងគោរពព្រះមហាក្សត្រីអេលីហ្សាបិត ខ្លាំងកម្រិតណា។

ប្រជាប្រិយភាពតិច​

ដូចយើងបាន​ដឹងហើយ ថា ព្រះមហាក្សត្រី​អេលីហ្សាបិតទី​២ ដែលបានគ្រងរាជសម្បតិ្តដល់ទៅ​៧០ឆ្នាំនោះ មានប្រជាប្រិយ​ភាព​ ត្រូវប្រជាជន​សឹងតែទូទាំងពិភពលោក គោរព​ស្រលាញ់ខ្លាំងណាស់។ សម្រាប់ប្រជាជនអង់គ្លេសទូទៅ គឺគ្មាននរណាម្នាក់អាចមកប្រៀបស្មើព្រះមហាក្សត្រីអេលីហ្សាបិតទី​២បានទេ។ ជាងនេះទៀត ព្រះអង្គឆាលស៍ទី៣ ដែលមានព្រះជន្ម៧៣ព្រះវស្សានេះ ជាមហាក្សត្រអង់គ្លេស ដែលបានចាប់ផ្តើម​ឡើងគ្រងរាជ ក្នុង​ព្រះជន្មច្រើនជាងគេបង្អស់​។ វ័យចំណាស់នេះ ធ្វើ​ឲ្យ​អ្នកវិភាគខ្លះ លើកឡើងថា តាមពិតទៅ ព្រះអង្គ​គ្រាន់តែមកគ្រងរាជ ​ដោយ​គោរពទៅតាម​លេខរៀងរាជទាយាទ តែប៉ុណ្ណោះ។ ពោលគឺ រជ្ជកាលរបស់ព្រះអង្គឆាលស៍ទី​៣ ជាសម័យអន្តរកាល មុននឹងរាជបល្ល័ង្គនេះ ត្រូវប្រគល់ទៅ​ឲ្យ​ ព្រះ​​អង្គម្ចាស់William ដែលបច្ចុប្បន្នមានព្រះជន្ម ៤០ព្រះ​វស្សា​។

យ៉ាងណាមិញ យោងតាមការស្ទាបស្ទង់មតិ គឺព្រះអង្គម្ចាស់ William មានប្រជាប្រិយភាពខ្ពស់ជាង​ព្រះអង្គឆាលស៍ទី៣ខ្លាំងណាស់។ ព្រះកិត្តិនាម ក៏ដូចជាប្រជាប្រិយភាពរបស់ព្រះអង្គឆាលស៍ទី៣ គឺវាបានប្រលាក់ប្រលូស ជាមួយនឹងរឿងអាស្រូវ ដែលពាក់ព័ន្ធនឹង​ព្រះអង្គម្ចាស់ក្សត្រី Diana ហើយដែលប្រជាជនអង់គ្លេសភាគច្រើន នៅចាំមិនទាន់​ភ្លេច​ទេ។

វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច​

ក្រៅពី​បញ្ហាអប្រជាប្រិយភាពនេះ ព្រះអង្គឆាលស៍ទី​៣ ឡើងគ្រងរាជសម្បត្តិ នៅក្នុងកាលៈទេសៈមួយ ដែល​ប្រទេសអង់គ្លេស កំពុងជួបវិបត្តិ​ធ្ងន់ធ្ងរខ្លាំងណាស់។ ជាបឋមពីបញ្ហាសេដ្ឋកិច្ច​ ក្នុងបរិបទសង្រ្គាមនៅអ៊ុយក្រែន អតិផរណាខ្ពស់​ តម្លៃទំនិញឡើងថ្លៃ គ្មានថាមពលប្រើប្រាស់ជាដើម។ រដ្ឋាភិបាលថ្មី ដឹកនាំដោយ​លោកស្រី លីហ្ស ត្រាស់ ទើបតែចូលកាន់តំណែងមិនទាន់បាន១សប្តាហ៍ផងទេ។ បើទោះបីពេលនេះ ចលនាបាតុកម្ម កូដកម្មតវ៉ានានា ត្រូវបានផ្អាក ដើម្បីកាន់មរណៈទុក្ខមែន តែ​ពេលដែលពិធី​ចប់សព្វគ្រប់ ប្រជាជនអង់គ្លេសនឹងធ្វើបាតុកម្មឡើងវិញមិនខានទេ។

បន្ថែមពីបញ្ហាសេដ្ឋកិច្ចនេះ អង់គ្លេសកំពុងតែពើបប្រទះនឹងបញ្ហានយោបាយ បែកបាក់ឯកភាពជាតិ។ តំបន់អេកូស ឬស្កុតលែន ព្រមទាំងតំបន់អៀរឡើងខាងជើង កំពុងតែ​មានចលនា ទាមទារផ្តាច់ខ្លួនចេញពីព្រះរាជាណាចក្រអង់គ្លេស​។ នៅតំបន់អេកូស ការបោះឆ្នោតប្រជាមតិដើម្បីផ្តាច់ខ្លួន គឺនឹងធ្វើនៅខែតុលា ឆ្នាំក្រោយ​។

មួយវិញទៀតនោះ យោងតាមអ្នកវិភាគ​ខ្លះ គឺសហគមន៍ Commonwealth ដែលមាន៥៦ប្រទេស ដឹកនាំដោយអង់គ្លេសនោះ ក៏អាចប្រហែលជារង្គោះរង្គើរដែរ ដោយ​មានអ្នកខ្លះចង់ចាកចេញ​។ ប្រទេសមួយចំនួន ដែល​ធ្លាប់គោរព​ព្រះមហាក្សត្រី​អេលីហ្សាបិតទី​២ មិនប្រាកដថាគេនឹងបន្តគោរព ចាត់ទុកព្រះអង្គឆាលស៍ទី៣ ជាព្រះមហាក្សត្ររបស់គេ​ទេ​​។​ ដូច្នេះ ព្រះអង្គឆាលស៍ទី៣ មានតួនាទីធំណាស់ អំណេះតទៅ ក្នុងការពង្រឹងសាមគ្គី ឯកភាពជាតិអង់គ្លេស ហើយ​​ប្រមូលពង្រឹង​ឥទ្ធិពលរបស់ចក្រភពអង់គ្លេសឡើងវិញ។ ចង់មិនចង់ វាជាការងារមួយដ៏លំបាក ខណៈព្រះអង្គឆាលស៍ទី៣ខ្លួនឯង​ ពុំសូវមានប្រជាប្រិយភាព គេមិនសូវជាគោរពស្រលាញ់ផងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ