អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាស៊ែបៃហ្សង់ និងអាមេនីផ្ទុះអាវុធដាក់គ្នា​សាជាថ្មី​នៅព្រំដែន ដោយសម្លាប់ទាហាន​អាមេនី ៤៩នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាមេនី និងអាស៊ែបៃហ្សង់ អតីតប្រទេសសហភាពសូវៀត នៅ​តំបន់​កូកាស​បាន​ផ្ទុះអាវុធ ដាក់គ្នា​សាជាថ្មី នៅថ្ងៃ​អង្គារ។ នាយករដ្ឋមន្រ្តី​អាមេនី​បាននិយាយប្រាប់​សមាជិកសភា​ថា ការប្រយុទ្ធទ្រង់ទ្រាយ​ធំ នៅ​ព្រំដែន ជាមួយ អាស៊ែបៃហ្សង់ តាំង​ពី យប់ថ្ងៃ​ចន្ទ​ម្សិលមិញ បានសម្លាប់​ទាហាន​អាមេនី​ស្លាប់ នៅក្នុង​ការប្រយុទ្ធគ្នា​ជាមួយ​កងទ័ព​អាស៊ែបៃហ្សង់។ អាមេនី និង​អាស៊ៃបៃហ្សង់​បាន​ធ្វើ​សង្រ្គាម​បង្ហូរឈាម​ជាមួយគ្នា ២លើក ដោយ​សង្រ្គាម​លើកចុងក្រោយ ផ្ទុះឡើង​នៅ​ឆ្នាំ ២០២០ ដោយ​បាន​សម្លាប់​មនុស្ស​ជាង ៦៥០០នាក់ ហើយ​អាមេនី​បាន​សុខចិត្ត​បាត់បង់​ទឹកដី​មួយចំណែក ទៅ​ឲ្យ​អាស៊ែបៃហ្សង់។ តើ​ការផ្ទុះ​អាវុធ នៅ​ព្រំដែន លើកនេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ អាមេនី និង​អាស៊ែរបៃហ្សង់​ឈានទៅ​ប្រយុទ្ធ ធ្វើសង្រ្គាម​ទ្រង់ទ្រាយ​ធំ​នឹង​គ្នា​​ម្តងទៀត​ដែរឬទេ?

ទង់ជាតិ​អាស៊ែបៃហ្សង់​ដោត​នៅ​លើ​ផ្ទះ​របស់​ប្រជាជន​ក្នុង​តំបន់​ការ៉ាបាក់ ដែល​ទាហាន​អាស៊ែបៃហ្សង់​វាយដណ្តើម​ពីពួកឧទ្ទាម​អាមេនី ដែលគាំទ្រ​ដោយ​រដ្ឋាភិបាល​អាមេនី​នៅក្នុង​សង្រ្គាមប្រយុទ្ធគ្នា​​៤៤​ថ្ងៃ កាលពីខែ វិច្ឆិកា ២០២០
ទង់ជាតិ​អាស៊ែបៃហ្សង់​ដោត​នៅ​លើ​ផ្ទះ​របស់​ប្រជាជន​ក្នុង​តំបន់​ការ៉ាបាក់ ដែល​ទាហាន​អាស៊ែបៃហ្សង់​វាយដណ្តើម​ពីពួកឧទ្ទាម​អាមេនី ដែលគាំទ្រ​ដោយ​រដ្ឋាភិបាល​អាមេនី​នៅក្នុង​សង្រ្គាមប្រយុទ្ធគ្នា​​៤៤​ថ្ងៃ កាលពីខែ វិច្ឆិកា ២០២០ AP
ផ្សាយពាណិជ្ជកម្ម

អាមេនី និងអាស៊ែបៃហ្សង់ បានផ្ទុះអាវុធ​ដាក់គ្នា ដោយភាគី​អាមេនី​អះអាងថា បាន​សម្លាប់​កងទ័ព​របស់ខ្លួន យ៉ាងហោច ៤៩នាក់។ នៅក្រោយ​បញ្ចប់​សង្រ្គាម​កាលពី​ឆ្នាំ ២០២០ ដែលបាន​សម្លាប់មនុស្ស​ជាង ៦៥០០នាក់ អាស៊ែបៃហ្សង់ និង​អាមេនី​កំពុង​បើកការចរចា​សន្តិភាព​ជាមួយគ្នា ក្រោម​ការជួយជំរុញ​របស់​សហភាពអឺរ៉ុប។ មេដឹកនាំ​ប្រទេស​ទាំងពីរ​ទើប​ជួបគ្នា កាលពី​ខែសីហា និង​ធ្លាប់​បាន​សន្យា​ជំរុញ ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​នឹងគ្នា នៅក្នុងជំនួប​កាលពី​ខែ​មេសា​កន្លងទៅ។

អាស៊ែបៃហ្សង់ និង​អាមេនី​ផ្ទុះអាវុធដាក់គ្នា នៅពេលនេះ មិនមែនជា​រឿង​ភ្ញាក់ផ្អើលនោះទេ។ ប្រទេស​ទាំងពីរ​បាន​បញ្ចប់​សង្រ្គាម ​រយៈពេល ៤៤ថ្ងៃ ដែលបាន​សម្លាប់មនុស្ស​ជាង ៦៥០០នាក់ កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០២០ ទៅមែន ប៉ុន្តែ ការផ្ទុះអាវុធ​បាញ់បោះ រប៉េះរប៉ោះ ដាក់គ្នា នៅតាមព្រំដែន​ប្រទេស​ទាំងពីរ កើតមាន​ជាហូរហែ រហូតមក។

នៅខែ សីហា នៅពេល​ថ្នាក់ដឹកនាំ​ប្រទេស​អាមេនី និង​អាស៊ែបៃហ្សង់ កំពុងជួប​ចរចាគ្នា​នៅប្រទេស​ប៊ែលហ្សិក នៅក្រោម​ការសម្របសម្រួល​របស់​ប្រធាន​សហភាពអឺរ៉ុប ក្រសួងការពារ​ជាតិ អាស៊ែបៃហ្សង់​បាននិយាយ​ថា កងទ័ព​អាស៊ែបៃហ្សង់ម្នាក់​ស្លាប់ នៅក្នុងការផ្ទុះអាវុធ​ជាមួយ​ពួកឧទ្ទាមផ្តាច់ទឹកដី​ដែលគាំទ្រ​ដោយ​រដ្ឋាភិបាល​អាមេនី​ នៅ​តំបន់​ការ៉ាបាក់។ នៅ​សប្តាហ៍មុននេះវិញ អាមេនី​បាន​ចោទប្រកាន់​អាស៊ែបៃហ្សង់​ថា បាន​សម្លាប់​ទាហាន​របស់ខ្លួន​ម្នាក់ នៅក្នុងការផ្ទុះអាវុធនៅ​ព្រំដែន។

តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារ​ជាតិ​អាមេនី ការផ្ទុះអាវុធ​លើកនេះ បាន​ចាប់ផ្តើមខ្លាំង នៅ​អាធ្រាត្រ​ថ្ងៃ​ចន្ទ ចូល​ដល់​ថ្ងៃ​អង្គារនេះ ដោយ​ទាហាន​អាស៊ែបៃហ្សង់​បាន​ប្រើ​យន្តហោះដ្រូន គ្មានមនុស្ស​បើក កាំភ្លើងធំ ដើម្បី​វាយប្រហារ​យ៉ាងសន្ធឹក​ទៅលើ​ទីតាំង​កងទ័ព​របស់​អាមេនី នៅ​ទីតាំង ៣កន្លែង នៅព្រំដែន​ប្រទេស​ទាំងពីរ។ តាមរដ្ឋមន្រ្តីការពារ​ជាតិ​អាមេនី កងទ័ព​បាន​ធ្វើការ​វាយបកវិញ ​ទៅនឹងការវាយប្រហារ​បែបញុះញង់​របស់​អាស៊ែបៃហ្សង់។ នាយករដ្ឋមន្រ្តី​អាមេនី​វិញ បាននិយាយ​ប្រាប់​សភា ថា ការប្រយុទ្ធ​គ្នា​នៅព្រំដែន​នៅតែ​បន្តមាន ដោយ​អាមេនី​ខាតបង់​ជីវិត ទាហានយ៉ាងហោច ៤៩នាក់។ អាមេនី​នៅបាន​ចោទប្រកាន់​អាស៊ែបៃហ្សង់​ថា បាន​រំលោភបទឈប់បាញ់ ព្រោះ អាស៊ែបៃហ្សង់​នៅបន្តវាយប្រហារ ចូលទឹកដី​អាមេនី បើទោះបី​បទឈប់បាញ់​បាន​ចូលជាធរមាន​នៅព្រឹកថ្ងៃ​អង្គានេះក្តី។ អាស៊ែបៃហ្សង់វិញ អះអាងថា ខ្លួន​ក៏មាន​ទាហាន​ស្លាប់​នៅក្នុង​ការផ្ទុះអាវុធ នៅព្រឹកនេះដែរ ប៉ុន្តែ ទីក្រុង​Bakou​មិនបាន​បញ្ចេញតួលេខ​ទាហាន​ស្លាប់​របស់ខ្លួន នោះទេ។

អាស៊ែបៃហ្សង់ និង​អាមេនី​ចោទប្រកាន់គ្នា​ទៅវិញទៅមក

អាមេនី​ថា ទាហាន​អាស៊ែបៃហ្សង់​បាន​បើក​វាយប្រហារ​លើ​ទីតាំង​យោធា​របស់​អាមេនី នៅតាមទីក្រុង​ជាប់ព្រំដែន​អាស៊ែបៃហ្សង់ ព្រោះ អាជ្ញាធរ​នៅ​តាម​ក្រុង​អាមេនី ដែលនៅជាប់ព្រំដែន​ជាមួយ​អាស៊ែបៃហ្សង់ បដិសេធ​មិន​ចរចា ទទួល​ស្គាល់​សិទ្ធិ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​អាស៊ែបៃហ្សង់​លើ​តំបន់​ការ៉ាបាក់ ដែល​អាស៊ែបៃហ្សង់​បានវាយឈ្នះ ចូលកាន់កាប់ កាលពីសង្រ្គាម៤៤ថ្ងៃ កាលពី​២ឆ្នាំមុន។

ប៉ុន្តែ តាម​ការបកស្រាយ របស់​អាស៊ែបៃហ្សង់ គឺទាហាន​អាមេនី​ដែល​ចាប់ផ្តើម​វាយប្រហារ​មុន​ទៅលើ​កងទ័ព​អាស៊ៃបៃហ្សង់ ដែលប្រចាំការនៅព្រំដែន។ ក្រសួងការពារ​ជាតិ​អាស៊ែបៃហ្សង់​នៅបាន​ចោទប្រកាន់ រដ្ឋាភិបាល​អាមេនីថា កំពុង​បើកប្រតិបត្តិការ​ធ្វើ​វិទ្ធង្សនា​ទ្រង់ទ្រាយធំ និងកំពុង​ពង្រាយទ័ព សព្វាវុធ ​នៅព្រំដែន រវាង​ប្រទេស​ទាំងពីរ និងនៅក្នុង​តំបន់​ការ៉ាបាក់។

ភាគី​ជម្លោះទាំងពីរ​បាន​លើកហេតុផល​មកចោទគ្នា​រៀងៗខ្លួន។ យ៉ាងណាក៏ដោយ ទោះជា​គេ​មិនដឹងថា តើ​អ្នកណា​ជាអ្នកចាប់ផ្តើមមុន នៅក្នុង​ជម្លោះប្រដាប់អាវុធនេះ ប៉ុន្តែ គេ​នៅតែ​អាច​ដឹងថា ជម្លោះប្រដាប់អាវុធ​រវាង​បដិបក្ខ សត្រូវ​សួរពូជទាំងពីរ​បា្រកដជា​អាចផ្ទុះឡើង​គ្រប់ពេលវេលា ព្រោះថា ភាគី​ទាំងពីរ ហាក់​មិនព្រមចុះចាញ់គ្នា​ទាល់តែសោះ ជាពិសេស អាមេនី​ដែល ត្រូវ​កាត់ទឹកដី​ នៅ​តំបន់​ការ៉ាបាក់ ជាច្រើន​កន្លែង ទៅ​ឲ្យ​អាស៊ែបៃហ្សង់ នៅក្នុង​ការចាញ់សង្រ្គាម​ដ៏អាម៉ាស់មុខ កាលពី​ឆ្នាំ ២០២០។

សូមរំលឹក​ឡើងវិញថា តំបន់​ការ៉ាបាក់ ស្ថិតនៅក្នុងទឹកដី​របស់​អាស៊ែបៃហ្សង់ ហើយ​ក៏ត្រូវបានសហគមន៍អន្តរជាតិ​ទទួលស្គាល់​ថា ជា​ទឹកដី​របស់​អាស៊ែបៃហ្សង់ដែរ ប៉ុន្តែ ក្រុមឧទ្ទាម ដើមកំណើត​អាមេនី ដែលរស់នៅ​ភាគច្រើន​នៅ​តំបន់​ការ៉ាបាក់ បានឆ្លៀត​ឱកាស​ដែល​សហភាពសូវៀត​ដួលរលំ ដើម្បី​ធ្វើ​សង្រ្គាម​ផ្តាច់ទឹកដី ចេញពី​អាស៊ៃបៃហ្សង់ នៅ​ឆ្នាំ ១៩៩១។ អាមេនី​បាន​ចេញមុខ​គាំទ្រ ដោយ​ផ្តល់ជំនួយ​យោធាជួយ​ក្រុមឧទ្ទាម នៅតំបន់​ការ៉ាបាក់ ដើម្បីធ្វើ​សង្រ្គាម​តទល់​កងទ័ព​អាស៊ែបៃហ្សង់។  សង្រ្គាមរ៉ាំរ៉ៃ​ជាច្រើនឆ្នាំ រវាង​អាស៊ែបៃហ្សង់ និង​អាមេនី​បាន​សម្លាប់​មនុស្ស​ជាង ៣ម៉ឺននាក់។ រហូតមក អាមេនី និង​អាស៊ែបៃហ្សង់​ក៏បាន​ប្រទះ ប៉ះទង្គិច​អាវុធគ្នា​ជាហូរហែ និង​បានផ្ទុះសង្រ្គាម​ជាលើកទី២ នៅ​ឆ្នាំ ២០២០ ដែលបាន​សម្លាប់​មនុស្ស​ជាង ៦៥០០នាក់។

ដោយ​ភាគី​ទាំងពីរ​នៅតែ​ចិញ្ចឹមចិត្ត ចង់ដណ្តើម​គ្រប់គ្រង​ទឹកដី​ការ៉ាបាក់រៀងៗខ្លួន​យ៉ាងដូច្នេះ  បទឈប់បាញ់​រវាង​អាស៊ែបៃហ្សង់ និង​អាមេនី​នៅតែផុយស្រួយ ដរាបណាភាគី​ជម្លោះទាំងពី គ្មាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាពនឹងគ្នានោះ។

ការប៉ះទង្គិចអាវុធគ្នា​​អាច​រាលដាល​ឈាន​ទៅ​ជា​សង្រ្គាមធំ​ដូចកាលពី​ឆ្នាំ ២០២០?

គេអាច​បារម្ភដែរថា ការផ្ទុះអាវុធ​ដាក់គ្នា​លើកនេះ នឹង​អាច​រាលដាល ទៅជា​សង្រ្គាម​បង្ហូរឈាម​គ្នា​សាជាថ្មី​រវាង អាសែបៃហ្សង់ និង​អាមេនី។ ការផ្ទុះអាវុធរវាង​អាស៊ែបៃហ្សង់ និង​អាមេនី​កើតឡើង នៅពេលនេះ នៅខណៈពេល​ដែល​រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ត គាំទ្រផ្នែក​យោធា​ដល់​រដ្ឋាភិបាល​អាមេនី កំពុងធ្លាក់ដៃ នៅក្នុង​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន។

ប៉ុន្តែ រុស្ស៊ី តាម​រដ្ឋមន្រ្តីការបរទេស លោក​ឡាវ៉្រូវ វិញ បានចេញ​មក​បញ្ជាក់​នៅ​ថ្ងៃ​អង្គារនេះ ដោយ​បាន​ទាមទារ​ឲ្យ​ភាគី​អាស៊ែបៃហ្សង់ និងអាមេនីគោរព បទឈប់បាញ់ ដែល​រុស្ស៊ី បានផ្ចុងផ្តើម​កាលពី​ឆ្នាំ ២០២០។ សង្រ្គាម​រវាង​អាស៊ែបៃហ្សង់ និង​អាមេនី​បាន​បិទបញ្ចប់​នៅ​ឆ្នាំ ២០២០ ក៏ដោយសារ​មានអន្តរាគមន៍លូកដៃ​របស់​រុស្ស៊ី ដែរ។ រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ត និងមាន​មូលដ្ឋានទ័ព​របស់ខ្លួន នៅ​ប្រទេស​អាមេនី។

ទៅតាមបទឈប់បាញ់​ដែល​រុស្ស៊ី​បានដាក់​កំហិត អាស៊ៃបៃហ្សង់​ត្រូវ​ឈប់​វាយប្រហារ​លើ​អាមេនី។ ជាថ្នូរវិញ អាស៊ែបៃហ្សង់​អាច​គ្រប់គ្រង​ដែនដី​នៅ​ការ៉ាបាក់ ដែល​អាស៊ែបៃហ្សង់​វាយចូលកាន់កាប់បាន នៅក្នុង​សង្រ្គាម ៤៤ថ្ងៃ។ មួយវិញទៀត រុស្ស៊ី​បាន​បញ្ជូន​កងទ័ព​របស់ខ្លួន ២ពាន់​នាក់ ក្នុងនាមជា​កងទ័ព រក្សា​សន្តិភាព ឲ្យទៅប្រចាំការ​បន្ថែម​នៅ អាមេនី។

តាមក្រសួងការបរទេស​រុស្ស៊ី រុស្ស៊ី និង​អាមេនី​បាន​យល់ព្រមព្រៀងគ្នា ដើម្បី​ធានាស្តារ ស្ថិរភាព នៅព្រំដែន​អាមេនី។

ដោយមកពី​វត្តមាន​លូកដៃ​របស់​រុស្ស៊ី គេសង្ឃឹមថា ការផ្ទុះអាវុធ​ដាក់គ្នា​លើកនេះ នឹង​មិន​រាលដាល​ក្លាយ​ទៅជា​សង្រ្គាមធំ​រវាង​អាមេនី និង​អាស៊ៃបៃហ្សង់ នោះបើទោះជា​អាស៊ែបៃហ្សង់​បានទទួល​ការគាំទ្រ​ចេញមុខ​ពីតួកគីសាជាថ្មីក្តី។ ម្យ៉ាង ក្រៅពីរត់រក​រុស្ស៊ី ដែលជាសម្ព័ន្ធមិត្ត រដ្ឋាភិបាល​អាមេនីនៅបាន​អំពាវនាវ​ផងដែរ​រក​ការអន្តរាគមន៍ពី​សហគមន៍អន្តរជាតិ ដើម្បី​ដាក់សម្ពាធ ដាក់ទោសអាស៊ែបៃហ្សង់។

សហគមន៍​អន្តរជាតិ​អំពាវនាវ​ឲ្យភាគីជម្លោះអត់ធ្មត់

ក្រៅពី​តួកគី​និង​រុស្ស៊ី ដែលជា​អ្នកគាំទ្ររៀងៗខ្លួន ​នៅពីក្រោយ ភាគីជម្លោះ អាមេរិក តាមរយៈ រដ្ឋមន្រ្តីការបរទេស លោក​អង់តូនី ប្លីងកិន ​បានអំពាវនាវ​ឲ្យ​ភាគីអាមេនី និង​អាស៊ែបៃហ្សង់​ដោះស្រាយ​ជម្លោះ​តាមរយៈ​ការចរចាផ្លូវទូត។

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដែល​ដើរតួជាអាជ្ញាកណ្តាល នៅក្នុងការចរចាស្វែងរកកិច្ចព្រមព្រៀង​សន្តិភាព​រវាង​អាស៊ែបៃហ្សង់ និង​អាមេនី ក៏បាន​អំពាវនាវ​ឲ្យភាគីទាំងពីរ​អត់ធ្មត់ សង្កត់ចិត្ត ឈប់​ប្រយុទ្ធ​បង្ហូរឈាម​គ្នា​តទៅទៀត។

វិមានប្រធានាធិបតីបារាំង​ឯណេះវិញ បាន​អះអាងថា បារាំង​លើកយកជម្លោះប្រដាប់អាវុធ​នៅព្រំដែន​អាមេនី​និង​អាស៊ែបៃហ្សង់​ទៅពិភាក្សា​ក្នុងកិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែលមាន​បារាំង​ធ្វើ​ជា​ប្រធានផ្លាស់វេន។ តាមវិមានប្រធានាធិបតីបារាំងដដែល លោក​ម៉ាក្រុង​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្រ្តីអាមេនី កាលពីយប់ថ្ងៃ​ចន្ទ។ បារាំង​អះអាង​នឹង​ជួយ​សម្របសម្រួលឲ្យ​ភាគី​ទាំងពីរបិទបញ្ចប់ជម្លោះ តាមរយៈ​ការចរចា ប៉ុន្តែ យ៉ាងណាក៏ដោយ បារាំងដែលសំបូររស់នៅ​ប្រជាជន​ដើមកំណើត អាមេនី ​នៅតែទាមទារ​ឲ្យ​គេ​គោរព​ដែនអធិបតេយ្យភាព​របស់​អាមេនី។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ