អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែន​៖ យ៉ាងហោច​ណាស់​ផ្នូរ​ចំនួន​​៤៥០ ត្រូវគេ​ប្រទះ​ឃើញ​នៅ​ជាយ​ក្រុង​អ៊ីហ្សយូម

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពីការប្រទះឃើញ នូវរណ្តៅកប់សពរួម និងសាកសពមនុស្សស្លាប់រាយប៉ាយ នៅ​ក្រុងប៊ូឆា ក្បែររដ្ឋធានីកៀវ កាលពីខែ​មេសា នៅពេលនេះ​អាជ្ញាធរអ៊ុយក្រែន ទើបតែបានប្រទះឃើញ​ផ្នូរសាកសព ចំនួន​យ៉ាង​ហោច​​៤៥០ទៀត នៅ​ក្នុ​ងព្រៃមួយកន្លែងក្បែរក្រុងអ៊ីហ្សយូម។ ក្រុងអ៊ីស្សយូម ដែល​ទើបតែត្រូវបាន​កងទ័ពអ៊ុយក្រែន​ រំដោះបានមកវិញ ពី​ដៃកងទ័ពរុស្ស៊ី កាលពីដើមសប្តាហ៍នេះ។ ភាគីអ៊ុយក្រែន បាន​លើកឡើងថា ផ្នូរសាកសពជាច្រើនរយនាក់ នៅ​ក្រុងអ៊ីហ្សយូមនេះ គឺជា​សក្ខីកម្ម​បញ្ជាក់ពីអំពើសាហាវព្រៃផ្សៃ ការកាប់សម្លាប់ របស់​កងទ័ពរុស្ស៊ី ហើយ​រុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

ឈើឆ្កាងមានលេខសំគាល់ពីលើ ដែលគេដោតនៅលើផ្នូរនីមួយៗ ក្នុង​ព្រៃមួយកន្លែងជាយក្រុងអ៊ីហ្សយូម។ រួបថត​ថ្ងៃទី ១៥ កញ្ញា ២០២២
ឈើឆ្កាងមានលេខសំគាល់ពីលើ ដែលគេដោតនៅលើផ្នូរនីមួយៗ ក្នុង​ព្រៃមួយកន្លែងជាយក្រុងអ៊ីហ្សយូម។ រួបថត​ថ្ងៃទី ១៥ កញ្ញា ២០២២ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

ប្រមាណ៤៥០ផ្នូរ

រូបភាពរណ្តៅសពរួម ព្រមទាំងសាកសពស្លាប់រាយប៉ាយនៅ ក្រុងប៊ូឆា ដែលគេបានប្រទះឃើញកាលពី​ខែ​មេសា​ នៅអន្ទងជាប់វិញ្ញាណ និងកែវភ្នែក​របស់យើងមិនទាន់ទៅណាឆ្ងាយទេ។ តែពេលនេះ ដំណឹងសោកនាកដកម្មមួយទៀត បាន​មកដល់ គឺការ​ប្រទះឃើញ​រណ្តៅ​កប់សព ច្រើនរយនាក់ នៅក្នុង​ដីព្រៃមួយកន្លែង ជាយទី​ក្រុងអ៊ីហ្សយូម។

ទីក្រុងអ៊ីហ្សយូមនេះ ដែលធ្លាប់​មានប្រជាជនរស់នៅប្រមាណ៥ម៉ឺននាក់ ទើបតែត្រូវបាន​កងទ័ពអ៊ុយក្រែនរំដោះបាន​ ២-៣ ថ្ងៃមុននេះ។ ទីក្រុងនេះ ​បានធ្លាក់ទៅ​ក្នុងដៃរបស់​កងទ័ពរុស្ស៊ី​ តាំងតែងពី​ខែមីនាម្លេះ ព្រោះជាក្រុងយុទ្ធសាស្ត្រ ច្រកផ្លូវថ្នល់ឆ្លងកាត់ ដើម្បី​ដឹកជញ្ជូន​ស្បៀង និងគ្រឿងសព្វាវុធផ្សេងៗ របស់​កងទ័ពរុស្ស៊ី។

កងទ័ពអ៊ុយក្រែន ទើបតែបានចូលទៅដល់ទីក្រុងនេះ ហើយកាលពីថ្ងៃពុធ លោក​ហ្សេឡេនស្គី ក៏បាន​ទៅដល់ទីនោះដែរ។ យប់​ថ្ងៃព្រហស្បតិ៍ទី​១៥កញ្ញា នៅក្នុងសារវីដេអូប្រចាំថ្ងៃ លោក​ប្រធានាធិបតីហ្សេឡេនស្គី បាន​លើកឡើងថា កងទ័ពអ៊ុយក្រែន ទើបប្រទះឃើញផ្នូរសពជាច្រើនរយ​ នៅក្រុងអ៊ីហ្សយូម។ លោកបានប្រកាសថា នៅថ្ងៃសុក្រនេះ ក្រុមអ្នកកាសែតអ៊ុយក្រែន និង​បរទេស នឹងធ្វើដំណើរទៅ​ក្រុងអ៊ីហ្សយូម ដើម្បីពិនិត្យ​មើលទីតាំងផ្នូរសពទាំងនោះ។

ព្រឹកថ្ងៃសុក្រ លោក Mikhaïlo  Podoliak ទីប្រឹក្សាពិសេស របស់លោក​ប្រធានាធិបតីអ៊ុយក្រែន បាន​បញ្ជាក់ថា ផ្នូរសព​មានចំនួន​ប្រមាណ៤៥០ នៅក្នុងដីព្រៃមួយកន្លែង ជាយក្រុងអ៊ីហ្សយូម។ នៅក្នុងសារលើទំព័រ Twitter លោកបានសរសេរ​បន្ថែម​ថា អស់រយៈ​ពេល​ជាច្រើន​ខែ​មកហើយ ដែលប្រជាជនក្រុងអ៊ីហ្សយូម បានរងនូវ​ អំពើហិង្សាសាហាវយង់ឃ្នង ការធ្វើទារុញកម្ម ការសម្លាប់រង្គាល បង្កឡើងដោយ​ដោយចោរឈ្លានពាន​រុស្ស៊ី​។

រណ្តៅមួយ មានទាហានអ៊ុយក្រែន​១៧នាក់​

ផ្អែក​តាម​លោក Sergueiï Botvinov នាយ​នគរបាលម្នាក់នៅក្រុងអ៊ីហ្សយូម ​បាន​ប្រាប់បណ្តាញទូរទស្សន៍ Sky News សាកសពខ្លះ ស្លាប់ដោយ​ត្រូវគ្រាប់កាំភ្លើង និង​មួយចំនួនទៀត ស្លាប់ដោយ​ការទំលាក់គ្រាប់បែក គ្រាប់មីនផ្ទុះ និង​ការបាញ់​ប្លោងមីស៊ីលជាដើម។ យ៉ាងណាមិញ កាលពីថ្ងៃទី​១២កញ្ញា អ្នកកាសែតAFP ដែលបានចូលទៅដល់​ក្រុងអ៊ីហ្សយូមដំបូងបង្អស់ ក្រោយ​កងទ័ពអ៊ុយក្រែនរំដោះបាន បាន​ឲ្យ​ដឹងថាទីក្រុងនេះ ត្រូវខ្ទេចខ្ទាំខ្លាំងណាស់ ដោយ​សារការវាយប្រយុទ្ធគ្នា។ អាគារ​ ផ្ទះសំបែង ត្រូវបាក់បែងសឹងទាំងស្រុង តាមផ្លូវរថក្រោះ​ រថពាសដែក ឆេះខ្លោចរប៉ាត់រប៉ាយ​។

ដោយឡែក បើតាមសំដីរបស់​លោក Oleg Kotenko មន្ត្រីរដ្ឋាភិបាល​អ៊ុយក្រែនទទួលបន្ទុក ស្រាវជ្រាវរុករក​ជនរងគ្រោះ​ដោយសង្គ្រាម បាន​ឆ្លើយប្រាប់អ្នកយកព័ត៌មានបារាំង AFP នៅព្រឹកថ្ងៃសុក្រនេះថា រណ្តៅ​កប់សពទាំងនេះ ត្រូវបាន​រកឃើញ បន្ទាប់ពី​មានវីដេអូមួយត្រូវគេបង្ហោះតាមបណ្តាញសង្គម។ លោកម្នាក់នេះអះអាងថា នៅលើផ្នូរគឺមានលេខសំគាល់ ហើយ​លោកបានឃើញលេខ ៤៤៣។ លោកអះអាងថា ទៀតថា មានរណ្តៅ​មួយ ដែលមានដោតឈើឆ្កាង មានសរសេរអក្សរថា “ទាហានអ៊ុយក្រែន១៧នាក់”។ ដូច្នេះវាអាចមានន័យថា រណ្តៅផ្សេងៗទៀត គឺអាចមានសាកសពលើសពី១ ហើយ​ក៏អាចមានទីតាំងកប់​សពរៀបនេះ នៅកន្លែងផ្សេងទៀតដែរ​ក្បែរក្រុងអ៊ីហ្សយូមនេះ។

លោក Oleg Kotenko បញ្ជាក់ថា ផ្នូរខ្លះមានសរសេរឈ្មោះសំគាល់ ឯផ្នូរខ្លះទៀតអត់មានសរសេរអ្វីសំគាល់ទេ ដែល​អាចមានន័យថា ជាសាកសពដែលគេប្រមូល​នៅតាម​ផ្លូវជាដើម។​ លោក​បានលើកឡើងទៀតថា​ ក្នុងរយៈពេល​ច្រើនខែដែលក្រុងអ៊ីហ្សយូមស្ថិតក្នុងដៃកងទ័ពរុស្ស៊ី គឺ​ប្រជាជនខ្លះ អាចស្លាប់ដោយ​ដាច់ពោះ គ្មានអ្វីហូប ព្រោះទីនេះត្រូវកាត់​ផ្តាច់ទាំងស្រុងតែម្តង គ្មាននរណាចូលមកដល់ ដឹកស្បៀងចេញចូលបានទេ។

​លោកស្រី Elizabeth Throssell អ្នកនាំពាក្យឧត្តមស្នងការសិទ្ធិមនុស្ស ​នៃអង្គការសហប្រជាជាតិ បានបញ្ជាក់ថា​ក្រុម​ការងារ​ពិសេសមួយ នឹងត្រូវបញ្ជូនទៅពិនិត្យ​ដល់ទីតាំងរណ្តៅកប់សពទាំងនោះ ក្នុងពេលដ៏ឆាប់បំផុត។​ លោកស្រី​អះអាងថា ក្នុងករណីបែបនេះ វាជារឿងចំបាច់នឹងបន្ទាន់​បំផុត ដែលត្រូវតែពិនិត្យ ថាតើសាកសពណាខ្លះ ជាប្រជាជនស៊ីវីល ណាខ្លះជាទាហាន ហើយស្លាប់ដោយ​សារមូលហេតុអ្វីខ្លះ ដោយការប្រយុទ្ធគ្នា ដោយការ​បាញ់សម្លាប់​ចោល ឬដោយមូលហេតុធម្មជាតិ ដូចជាគ្មានស្បៀងអាហារ ឬមានជំងឺដង្កាត់ជាដើម។ ព័ត៌មានទាំងអស់នេះ ចាំបាច់ណាស់ដើម្បីចងក្រងជាសំណុំឯកសារ ឈានទៅស្វែងរកយុត្តិធម៌ទៅថ្ងៃអនាគត។​

លោកស្រី វ៉ុនឌែរ ឡេយែន៖ ពូទីនត្រូវតែទទួលទោស !

លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន ប្រធានគណៈកម្មការអឺរ៉ុប បាន​ទៅទស្សនកិច្ចជាលើកទី​៣ នៅទីក្រុងកៀវ កាលពីថ្ងៃព្រហស្បតិ៍។ លោកស្រី បាន​ផ្តល់បទសម្ភាសន៍ ឲ្យបណ្តាញទូរទស្សន៍អាល្លឺម៉ង់ Bild ដោយ​លោកស្រីបាន​អះអាងថា រុស្ស៊ីត្រូវតែ​ចាញ់សង្គ្រាមនេះ ហើយ​លោកពូទីន ត្រូវតែ​ទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន​។ លោកស្រីគាំទ្រ និងចង់ឃើញ​លោកពូទីន ត្រូវប្រព័ន្ធយុត្តិធម៌អន្តរជាតិ យកទៅ​​កាត់ទោស។

បន្ថែមពីនេះ ក្នុងពេល​ជួប​ជាមួយ​លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី លោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយែន ​បានថ្លែងកោតសរសើរ ចំពោះភាពក្លាហាន និងវីរៈភាព​ របស់កងទ័ពអ៊ុយក្រែន។ ក្នុងនាម​ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីបានសន្យាថា សហភាពអឺរ៉ុបនឹងបន្តជួយទំនុកបំរុងអ៊ុយក្រែន ទោះយូរប៉ុណ្ណាក៏ដោយ ព្រោះអ៊ុយក្រែនគឺជាមិត្តរបស់អឺរ៉ុបជារៀងដរាប។

លោក​ប្រធានាធិបតី​ហ្សេឡេនស្គីវិញ បានថ្លែងថា បច្ចុប្បន្ននេះអ៊ុយក្រែនត្រូវការថវិកា​ ចំនួន៥ពាន់​​លានដុល្លារ សម្រាប់ចំណាយក្នុងមួយខែ ព្រោះថាសេដ្ឋកិច្ចអ៊ុយក្រែនជួបបញ្ហាលំបាកខ្លាំងណាស់ ដោយសារសង្គ្រាម។ ហើយ​អ្វីដែលអ៊ុយក្រែនចង់បានទៅថ្ងៃអនាគត​ គឺចង់ចូលរួមនៅក្នុងទីផ្សាររួម​របស់អឺរ៉ុប ដើម្បីអាចចរាចរណ៍ទំនិញដោយសេរី​។ លោកអះអាងថា អ៊ុយក្រែនអាចផ្គត់ផ្គង់ចរន្តអគ្គិសនីឲ្យ​បណ្តាប្រទេសអឺរ៉ុបថែមទៀត។

អាមេរិក​បន្ថែមកញ្ចប់ថវិកា៦០០លានដុល្លារ

ទាក់ទិននឹងការជួយ​អ៊ុយក្រែន ដើម្បីយកឈ្នះ​រុស្ស៊ីនេះ រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​បញ្ជាក់ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញថា អាល្លឺម៉ង់ នឹងប្រគល់​រថពាសដែកមួយចំនួន ទៅឲ្យ​កងទ័ពអ៊ុយក្រែន។ ចំណែក​ រដ្ឋាភិបាល​​អាមេរិកវិញ ទើបតែបានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែរ ថានឹង​​ផ្តល់កញ្ចប់ថវិកាថ្មីមួយទៀត ចំនួន​៦០០លានដុល្លារ ទៅឲ្យអ៊ុយក្រែន​។ សេតវិមានអាមេរិក បញ្ជាក់ថា​កញ្ចប់ថវិកានេះ នឹងយកទៅចំណាយ ក្នុងវិស័យបណ្តុះបណ្តាលទាហាន ព្រមទាំងទិញសម្ភារៈប្រើប្រាស់ខ្លះ សម្រាប់កងទ័ពអ៊ុយក្រែន តែមិនបានលំអិតឲ្យច្បាស់ទេ ថាក្នុងថវិកានេះ មាន​រាប់ទាំងជំនួយ​ជាគ្រឿងសព្វាវុធឬអត់។

ដោយឡែក លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីវិញ បានអះអាងថា ប្រសិនបើអាមេរិក ហ៊ានតែប្រគល់ គ្រាប់មីស៊ីលរត់បានចំងាយឆ្ងាយ ​ទៅឲ្យអ៊ុយក្រែន នោះរុស្ស៊ីប្រាកដជា​នឹង​មិននៅស្ងៀមឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ